សមត្ថកិច្ច​ចាប់​ជនជាតិ​ចិន​ ៩​នាក់ ​នៅ​ក្នុង​ខេត្ត​តាកែវ​ និង​ខេត្ត​កោះកុង

ដោយ៖ ហេង រស្មី
2021.03.12
សមត្ថកិច្ច​ចាប់​ជនជាតិ​ចិន​ ៩​នាក់ ​នៅ​ក្នុង​ខេត្ត​តាកែវ​ និង​ខេត្ត​កោះកុង ជនជាតិ​ចិន​ចំនួន​ ៥​នាក់​ត្រូវ​សមត្ថកិច្ច​ខេត្ត​តាកែវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​​ ១២​ មីនា​ កន្លង​ទៅ​នេះ​ក្រោយ​ពី​លួច​ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម។
រូប៖ SRD​ ព័ត៌មាន​ខេត្ត​តាកែវ

សមត្ថកិច្ច​ឃាត់​ខ្លួន​ជនជាតិ​ចិន​ចំនួន​ ៩​នាក់​នៅ​ក្នុង​សំណុំ​រឿង​ និង​តំបន់ពីរ​ផ្សេង​គ្នា គឺ​នៅ​ក្នុង​ខេត្ត​កោះ​កុង​​ និង​នៅ​ក្នុង​ខេត្ត​តាកែវ​ នៅ​ថ្ងៃ​ទី១២​ មីនា​។

សមត្ថកិច្ច​ខេត្ត​តាកែវ​ នៅ​ថ្ងៃ​ទី​​១២​ មីនា​ បាន​ឃាត់​ខ្លួន​ជនជាតិ​ចិន​ ៥នាក់​បាន​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ពី​ប្រទេស​វៀតណាម​ចូល​មក​ប្រទេស​កម្ពុជា​ ចំ​ពេល​ដែល​កម្ពុជា​កំពុង​រឹត​បណ្ដឹង​ការ​ធ្វើ​ដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​។

សមត្ថកិច្ច​មិន​ទាន់​ដឹង​ថា​ ជនជាតិ​ចិន​ទាំង​ ៥​នាក់​នោះ​ឆ្លង​ចូល​ប្រទេស​កម្ពុជា​ ក្នុង​គោល​បំណង​អ្វី​នោះ​ទេ​ ដោយ​សារ​តែ​តាម​ច្បាប់​របស់​ក្រសួង​សុខាភិបាល​ ត្រូវ​ឱ្យ​អាជ្ញាធរ​ដាក់​ពួក​គេ​ឱ្យ​ធ្វើ​ចត្តាឡី​ស័ក​ ចំនួន​១៤​ថ្ងៃ​សិន​ ទើប​សមត្ថកិច្ច​សាក​សួរ​តាម​ក្រោយ។​

ទាក់​ទិន​ទៅ​នឹង​រឿង​ជនជាតិ​ចិន​នេះ​ផង​ដែរ​ សមត្ថកិច្ច​ខេត្ត​កោះកុង​ ក៏បាន​ឃាត់​ខ្លួន​ជនជាតិ​ចិន​ចំនួន​ ​៤នាក់​ផ្សេង​ទៀត និង​ជនជាតិ​ខ្មែរ ​​២​នាក់​ ក្រោយ​ពី​សង្ស័យ​ថា​ ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រត់​ពន្ធ​ទំនិញ​ឆ្លង​ដែន​ខុស​ច្បាប់។​

សមត្ថកិច្ច​បាន​រក​ឃើញ​ថា​ ជនជាតិ​ចិន​ទាំង ​៤នាក់​​នេះ ​នាំ​យក​ទូរស័ព្ទ​ទំនើប​ ម៉ាក អាយហ្វូន ៦​ (iphone 6) ​​ចំនួន ​​២៧០គ្រឿង​ ខ្សែ​សាក​ថ្ម​ទូរស័ព្ទ​ ជិត ​២០០ ​(១៧៥)​ និង​ប្រដាប់​សាក​ថ្ម​​ទូរស័ព្ទ​ចំនួន​ ៤ដុំ​។​

លោក​ថា ​​សមត្ថកិច្ច​នៅ​មិន​ទាន់​ចោទ​ប្រកាន់​ក្រុមជនជាតិ​ចិន​ទាំង​នោះ​ពី​បទ​អ្វី​​ទេ​ ដោយ​សារ​តែ​ពួក​គេ​​កំពុង​អនុវត្ត​វិធានការ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា ​ដើម្បី​តាម​ដាន​សុខភាព​ជា​មុន​សិន។​

សមត្ថកិច្ច​កាល​ពី​ថ្ងៃ​ទី​​១១​ មីនា​​កន្លង​ទៅ​នេះ​ ក៏បាន​ចាប់​ខ្លួន​ជនជាតិ​ចិន​ចំនួន ៦នាក់ ដែល​​ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ផង ក្រោយ​ពីពួក​គេចូល​មក​ប្រទេស​កម្ពុជា​ ​កាត់​​ព្រំដែន​ប្រទេស​វៀតណាម (Vietnam) តាម​ច្រក​ជ័យ​ជោគ​ ជាប់​នឹង​ខេត្ត​តាកែវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។