ជនជាតិចិនម្នាក់ស្លាប់ ក្រោយពីលោតចេញពីអគារធ្វើចត្តាឡីស័កនៅក្នុងខេត្តព្រះសីហនុ

ហេង រស្មី
2021.03.10
ជនជាតិចិនម្នាក់ស្លាប់ ក្រោយពីលោតចេញពីអគារធ្វើចត្តាឡីស័កនៅក្នុងខេត្តព្រះសីហនុ ជនជាតិ​ចិន​ពីរ​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​កាល​ពី​ថ្ងៃ​ទី​ ១០​មីនា​ ក្រោយ​ពី​បាន​យក​ថ្នាំ​ញៀន​ឱ្យ​ជនជាតិ​ចិន​ផ្សេង​ទៀត​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​។
រូប៖​ គេហទំព័រ​អគ្គស្នងការ​នគរ​បាល​ជាតិ

ជនជាតិ​ចិន​ម្នាក់​បាន​លោត​ពី​លើ​អគារ​ចត្តាឡីស័ក​នៃ​សណ្ឋាគារ​មួយ​កន្លែង​ក្នុង​ខេត្ត​ព្រះសីហនុ​បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ នៅ​កន្លែង​កើត​ហេតុ។​

ស្នងការ​នគរ​បាល​ខេត្ត​ព្រះសីហនុ​លោក​ ជួន ណារិន ប្រាប់​វិទ្យុ​ក្នុង​ស្រុក​ថា ជន​រង​គ្រោះ​បាន​ធ្វើ​អត្តឃាត​ដោយ​លោត​ពី​លើ​អគារ​សណ្ឋាគារ​ដោយ​ខ្លួន​ឯង ហើយ​សមត្ថកិច្ច​បាន​ធ្វើ​កោសល្យ​វិច័យ​រក​ឃើញ​ថា ជន​រង​គ្រោះ​ពិត​ជា​ស្លាប់​ដោយ​សារ​ការ​ធ្វើ​អត្តឃាត​​មែន។

ករណី​ជនជាតិ​ចិន​ស្លាប់​នៅ​កន្លែង​ធ្វើ​ចត្តាឡីស័ក​នេះ​បាន​កើត​មាន​ឡើង​ជា​លើក​ទី២ ហើយ បន្ទាប់​ពី​បាន​កើត​ឡើង​លើក​ទី១ កាល​ពី​ថ្ងៃ​ទី៤ មីនា ដែល​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​មណ្ឌល​ព្យាបាល​កូវីដ១៩ នៅ​ព្រែកព្នៅ ទីក្រុង​ភ្នំពេញ។

ក្រសួង​សុខាភិបាល​ប្រកាស​ថា បុរស​ជនជាតិ​ចិន​រូប​នោះ​ស្លាប់​ដោយ​សារ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ជ្រុល​ពេក។ តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី មិន​មាន​របាយការណ៍​ឯក​រាជ្យ​ណា​មួយ ដែល​បង្ហាញ​ពី​លទ្ធផល​ស៊ើប​អង្កេត​ទៅ​លើ​សព​ជន​រង​គ្រោះ​នោះ​ទេ។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ជនជាតិ​ចិន​ដែល​បាន​ស្លាប់​នោះ​បាន​មក​ដល់​ក្រុង​ព្រះ​សីហនុ កាល​ពី​ថ្ងៃ​ទី២៥ ខែតុលា ឆ្នាំ២០១៩ ហើយ​បាន​មក​សម្រាក​ព្យាបាល​នៅ​ក្នុង​មណ្ឌល​ព្យាបាល​កូវីដ១៩ នៅ​ព្រែកព្នៅ កាល​ពី​ថ្ងៃ​ទី១ មីនា បន្ទាប់​ពី​បាន​ធ្វើតេស្ត​ឃើញ​មាន​ជំងឺ​កូវីដ១៩។

ទាក់​ទិន​នឹង​រឿង​ជនជាតិ​ចិន​នេះ​​ដែរ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន ៣នាក់ និង​ជនជាតិ​វៀតណាម​ម្នាក់​ ក្រោយ​ពី​ពួក​គេ​ប៉ុនប៉ង​យក​ម្ហូប​អាហារ​ឱ្យ​ជនជាតិ​ចិន ដែល​កំពុង​ស្នាក់​នៅ​កន្លែង​ធ្វើ​ចត្តាឡីស័ក ហើយ​បាន​បង្កប់​ថ្នាំ​ញៀន​នៅ​ក្នុង​​នោះ។​

គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ផ្សាយ​ថា សមត្ថកិច្ច​ដក​ហូត​បាន​យក​ម្សៅ​ថ្លា​ពណ៌​ស​ចំនួន ៨កញ្ចប់ ថ្នាំ​ញៀន​ប្រភេទ​មេតំហ្វេតាមីន (Methamphetamine) ចំនួន ៥គ្រាប់ ដែល​ពួក​គេ​បាន​ដាក់​នៅ​ក្នុង​កញ្ចប់​មី យក​ទៅ​ឱ្យ​អ្នក​ជំងឺ​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក។ សមត្ថកិច្ច​នឹង​បញ្ជូន​ជន​សង្ស័យ​ទាំង ៤នាក់​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី១១ មីនា​នេះ ដើម្បី​បន្ត​នីតិវិធី​តាម​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។