ពលរដ្ឋ​​ត្រៀម​ជម្លៀស​ចេញ​ពី​​តំបន់​​ព្រំដែន​​ថៃ

ដោយ ម៉ម មុនីរតន៍
2013-04-14
Share
ព្រំដែន​ខ្មែរ ថៃ ៣០៥ ១២-តុលា-២០១១៖ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ច្រក​របៀង​តំបន់​ជប់​គគីរ ក្នុង​ខេត្ត​ឧត្ដរមានជ័យ នាំ​គ្នា​ចូល​ទៅ​ក្នុង​ព្រំដែន​ថៃ ដើម្បី​ទិញ​ទំនិញ និង​វិល​ត្រឡប់​មក​ក្នុង​ទឹក​ដី​ខ្មែរ​វិញ។
RFA/Hang Savyouth

មន្ត្រី​អាជ្ញាធរ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ ពលរដ្ឋ​ខ្មែរ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ជម្លៀស​ចេញ ឬ​រៀបចំ​ទីតាំង​សុវត្ថិភាព ដូច​ជា​ត្រង់សេ និង​គោលដៅ​សុវត្ថិភាព ប្រសិន​ជា​អាច​មាន​ករណី​ផ្ទុះ​អាវុធ​កើត​ឡើង​ដោយ​ចៃដន្យ ក្នុង​រយៈពេល​នៃ​ការ​បកស្រាយ​ឡើង​វិញ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ អាយ.ស៊ី.ជេ (ICJ) ស្ដីពី​បញ្ហា​ប្រាសាទ​ព្រះវិហារ នោះ។

ចំណែក​ភាគី​ថៃ វិញ ត្រូវ​គេ​ទម្លាយ​ឲ្យ​ដឹង​ថា ពលរដ្ឋ​ថៃ ក្នុង​ខេត្ត​ស៊ីសាកេត ជាប់​ព្រំដែន​ប្រាសាទ​ព្រះវិហារ ក៏​ត្រូវ​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ដែរ ដើម្បី​ការពារ​សុវត្ថិភាព​ចំពោះ​ការ​ប៉ះ​ទង្គិច​ណា​មួយ​ដែល​អាច​កើត​មាន​ឡើង​ដោយ​ពុំ​បាន​ព្រាង​ទុក​នោះ។

ក្នុង​រយៈពេល​រង់ចាំ​លទ្ធផល​ការ​បកស្រាយ​ឡើង​វិញ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ ទៅ​តាម​សំណើ​របស់​កម្ពុជា នោះ ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា និង​ថៃ ដែល​រស់នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន ក៏​ត្រូវ​រដ្ឋាភិបាល​បាន​ត្រៀម​ការពារ​សុវត្ថិភាព​រួច​ជា​ស្រេច ក្នុង​ការ​បញ្ចៀស​ពី​បញ្ហា​នៃ​ការ​ផ្ទុះ​អាវុធ​កើត​ឡើង។

មេ​ឃុំ​គោកមន នៃ​ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ លោក អួន វី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១៤ មេសា ថា ស្ថានភាព​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ នៅ​ពេល​នេះ​ពុំ​មាន​អ្វី​ប្រែប្រួល​ទេ។ លោក​បន្ត​ថា បើ​ទោះ​ជា​ស្ថានការណ៍​មាន​ភាព​ស្ងប់ស្ងាត់​ក្ដី ក៏ប៉ុន្តែ​ពលរដ្ឋ​នៅ​តាម​ជាយដែន ត្រូវ​បាន​ជូន​ដំណឹង​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​ត្រូវ​ត្រៀម​លក្ខណៈ​សង្គ្រោះ និង​ជម្លៀស​ចេញ ក្នុង​ហេតុ​ការណ៍​ផ្ទុះ​អាវុធ​កើត​ឡើង​ដោយ​ចៃដន្យ​ណា​មួយ៖ «លោក​អភិបាល​ស្រុក លោក​ជម្រាប​ពី​ថ្ងៃ​ប្រជុំ​នោះ លោក​ជម្រាប​ពី​ព្រឹត្តិការណ៍​ព្រំដែន ហើយ​និង​ឲ្យ​បណ្ដា​គ្រប់​ឃុំ ក្នុង​ស្រុក​បន្ទាយអំពិល នោះ ជម្រាប​ដល់​ប្រជាពលរដ្ឋ។ ទី​មួយ យើង​ត្រៀម​លក្ខណៈ​ប្រុង​ប្រយ័ត្ន​ត្រង់សេ យើង​ជីក​ត្រង់សេ​ណាស់។ ជីក​ត្រង់សេ ដើម្បី​ថា​ក្រែង​លោ ថា​ថៃ វា​បាញ់​ផ្លោង​មក​អ៊ីចឹង​ទៅ យើង​រត់​លូន​អត់​ទាន់​អ៊ីចឹង​ទៅ ហើយ​យើង​ក្រាប​បណ្ដោះ​អាសន្ន​សិន។ ហើយ​អើ​កន្លែង​ចាត់​ចែង​ដើម្បី​ជម្លៀស​ប្រជាពលរដ្ឋ​យើង ប្រសិន​បើ​មាន​ហេតុ​កើត​ឡើង​នោះ យើង​បាន​រៀប​រួច​អស់​ហើយ»

មេ​ឃុំ​ស្រអែម ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ លោក មូល ម៉ាប់ ឲ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ ពុំ​មាន​បទ​បញ្ជា​ណា​មួយ​ដើម្បី​ឲ្យ​ពលរដ្ឋ​ត្រៀម​ជម្លៀស​ចេញ ឬ​រៀបចំ​រក​ទីតាំង​សុវត្ថិភាព​នៅ​ឡើយ​ទេ។ ប៉ុន្តែ លោក​អះអាង​ថា យ៉ាង​ណា​ក៏​ដោយ ពលរដ្ឋ​ខ្លួន​ឯង​ត្រៀម​រួច​ជា​ស្រេច ប្រសិន​បើ​មាន​គោលការណ៍​ដើម្បី​ជម្លៀស​ចេញ​នោះ៖ «យើង​អត់​ទាន់​មាន​អើ​ខាង​ស្រុក​ខេត្ត​អី គាត់​ផ្ដល់​ព័ត៌មាន​ទេ។ ប៉ុន្តែ ការ​ប្រុង​ប្រយ័ត្ន​ចេះ​តែ​ប្រុង​ប្រយ័ត្ន​អ៊ីចឹង។ ប៉ុន្តែ​បើ​ត្រៀម​អី​ដូច​មិន​ទាន់​មាន​បទ​បញ្ជា​ទេ»

កាល​ពី​ថ្ងៃ​ទី១១ មេសា ក្នុង​ពិធី​សម្ពោធ​វត្ត​មួយ​ក្នុង​ខេត្ត​ព្រៃវែង លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ និង​យោធា បន្ត​ភាព​ស្ងប់ស្ងាត់​ក្នុង​រយៈពេល​នៃ​ការ​បកស្រាយ​ឡើង​វិញ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ ចាប់​ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី១៩ មេសា ស្ដីពី​ជម្លោះ​ប្រាសាទ​ព្រះវិហារ។

ចំណែក​កាសែត​ឌឹ ណេសិន (The Nation) របស់​ថៃ ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៣ មេសា ថា ពលរដ្ឋ​របស់​ខ្លួន​នៅ​ជាយ​ដែន​ជាប់​ខេត្ត​ព្រះវិហារ បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជម្លៀស​ចេញ ដោយ​បារម្ភ​ពី​សុវត្ថិភាព​មិន​ល្អ​កើត​ឡើង បន្ទាប់​ពី​ពួក​គេ​ឃើញ​មាន​ការ​ចល័ត​ទ័ព និង​សព្វាវុធ​នៅ​តាម​ព្រំដែន។

ដោយ​ឡែក ស្ថានការណ៍​ក្នុង​ខេត្ត​កោះកុង ត្រូវ​បាន​ស្នងការ​ខេត្ត លោក សំ ឃីសវៀន អះអាង​ថា ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​នេះ ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​នៅ​តែ​បន្ត​ចេញ​ចូល និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ជា​ធម្មតា ក៏ប៉ុន្តែ​យោធា​កម្ពុជា នៅ​តែ​បន្ត​ត្រៀម​ការពារ​អធិបតីភាព​របស់​ខ្លួន​រួច​ជា​ស្រេច ដូច​ពេល​កន្លង​ទៅ៖ «ជា​ទូទៅ ដូច​ជា​មិន​ទាន់​មាន​អី​ប្រែប្រួល​ទេ ការ​ចេញ​ចូល​របស់​បង​ប្អូន គឺ​ថ្ងៃ​នេះ​នៅ​តែ​មាន​ការ​ចេញ​ចូល​ជា​ធម្មតា»

ជុំវិញ​ជម្លោះ​នៅ​តាម​ព្រំដែន​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី១៦ កុម្ភៈ លោក ចន បើកហ្គេស (John Burgess) អ្នក​ស្រាវជ្រាវ និង​ជា​អ្នក​និពន្ធ​សៀវភៅ​ជនជាតិ​អាមេរិកាំង គិត​ថា រដ្ឋាភិបាល​ទីក្រុង​បាងកក គួរ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ទាមទារ និង​ការ​កាន់​កាប់​ប្រាសាទ​ព្រះវិហារ ក្រោយ​ពី​មាន​សេចក្ដី​សម្រេច​ភ្លាមៗ​របស់​អាយ.ស៊ី.ជេ កាល​ពី​ឆ្នាំ​១៩៦២។ លោក​បន្ត​ថា គេ​ពុំ​គួរ​ជំទាស់​ចំពោះ​សេចក្ដី​សម្រេច​របស់​អាយ.ស៊ី.ជេ នៅ​ពេល​នេះ​នោះ​ទេ។

លោក ចន បើកហ្គេស ពន្យល់​ថា ប្រាសាទ​ព្រះវិហារ គឺ​ជា​របស់​កម្ពុជា ហើយ​គេ​ហាក់​ពុំ​ឃើញ​មាន​ឯកសារ​ណា​មួយ​ដែល​មាន​និយាយ​អំពី​តំបន់ ៤,៦ ដូច​ភាគី​ថៃ បាន​លើក​ឡើង​នោះ​ឡើយ។ លោក​បន្ត​ថា ស្ថិត​ក្រោម​ហេតុផល​នេះ​ហើយ ដែល​ជម្លោះ​នៅ​តាម​ព្រំដែន​នៅ​តែ​បន្ត​អូស​បន្លាយ៖ «អស់​រយៈពេល​ជាច្រើន​ឆ្នាំ ថៃ មិន​ដែល​ជំទាស់​នឹង​ផែនទី​នេះ​ទេ។ ការ​ពិត ថៃ ទទួល​ស្គាល់​ផែនទី​ដែល​បង្ហាញ​ថា​ប្រាសាទ​ព្រះវិហារ ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា។ នៅ​ឆ្នាំ​១៩៦២ តុលាការ​យុត្តិធម៌​អន្តរជាតិ​អាយ.ស៊ី.ជេ បាន​សម្រេច​រឿង​ក្ដី​ប្រាសាទ​ព្រះវិហារ ហើយ​ប្រទេស​ថៃ បាន​ទទួល​ស្គាល់​ថា ប្រាសាទ​មិន​មែន​ស្ថិត​នៅ​ក្នុង​ទឹកដី​ថៃ នោះ​ទេ។ ដូច្នេះ វា​ហួស​អាជ្ញា​អាយុកាល​ក្នុង​ការ​សើរើ​រឿង​ក្ដី​នេះ​ហើយ»

ក្រុម​អ្នក​វិភាគ​បញ្ហា​សង្គម មើល​ឃើញ​ថា កម្ពុជា នឹង​មាន​ប្រៀប​លើ​គូរ​ជម្លោះ​របស់​ខ្លួន គឺ​ប្រទេស​ថៃ ចំពោះ​ការ​បកស្រាយ​ឡើង​វិញ​ពី​សាល​ដីកា​ឆ្នាំ​១៩៦២ ស្ដីពី​ប្រាសាទ​ព្រះវិហារ ជា​របស់​កម្ពុជា នេះ។

រដ្ឋមន្ត្រី​ការ​បរទេស​ថៃ អំពាវនាវ​សុំ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ដែល​កំពុង​បន្ត​តាម​ដាន​ការ​បកស្រាយ​ឡើង​វិញ​ស្ដីពី​ជម្លោះ​ប្រាសាទ​ព្រះវិហារ ជាមួយ​កម្ពុជា កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​តតាំង​តាម​ផ្លូវ​ច្បាប់​នៅ​ទីក្រុង​ឡាអេ នោះ។

កាសែត​បាងកក​ប៉ុស្តិ៍ របស់​ថៃ ចុះ​ផ្សាយ​ថ្ងៃ​ទី១៤ មេសា ដោយ​ស្រង់​សម្ដី​របស់​លោក ស៊ូរ៉ាពង់ តូវីចុកចាយគុល (Surapong Towichukchaikul) រដ្ឋមន្ត្រី​ការ​បរទេស​ថៃ ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ថា ប្រជាពលរដ្ឋ​ថៃ គ្រប់​រូប កុំ​មាន​ការ​ព្រួយ​បារម្ភ​ណា​មួយ​ចំពោះ​សេចក្ដី​សម្រេច​របស់​អាយ.ស៊ី.ជេ នោះ​ឡើយ។ រដ្ឋមន្ត្រី​ការ​បរទេស​រូប​នេះ អំពាវនាវ​សុំ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន ត្រូវ​បន្ត​ការ​អត់ធ្មត់ និង​គោរព​តាម​សេចក្ដី​សម្រេច​របស់​តុលាការ​អន្តរជាតិ​មួយ​នេះ។

លោក ស៊ូរ៉ាពង់ បន្ត​ថា រដ្ឋាភិបាល​ទីក្រុង​បាងកក របស់​លោកស្រី យីង ឡាក់ មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​តាម​ផ្លូវ​ច្បាប់ ក្នុង​ការ​តតាំង​ដោយ​ផ្ទាល់​មាត់​ប្រឆាំង​នឹង​ដៃគូ​របស់​ខ្លួន គឺ​កម្ពុជា ហើយ​រាល់​ខ្លឹមសារ​នៅ​ក្នុង​សវនាការ​នេះ នឹង​ត្រូវ​គេ​ផ្សព្វផ្សាយ​ជា​សាធារណៈ និង​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន វិទ្យុ ទូរទស្សន៍ និង​កាសែត ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល