រដ្ឋាភិបាលកម្ពុជាកំពុងប្រឹងប្រែងទាក់ទាញអ្នកទេសចរបរទេសពិសេសគឺជនជាតិចិន ឱ្យបានកាន់តែច្រើនសម្រាប់ស្វែងរកចំណូលថវិកាជាតិ។
ក៏ប៉ុន្តែកំណើនភ្ញៀវទេសចរបរទេសដែលមកកម្ពុជា មិនបានឆ្លើយតបនិងកិច្ចខិតខំប្រឹងប្រែងទាក់ទាញនេះឡើយ ដោយសារភ្ញៀវទេសចរ ព្រួយបារម្ភអំពីសុវត្ថិភាព។
កម្ពុជាគួរតែពង្រឹងវិធានការការពារសន្តិសុខ សុវត្ថិភាពឱ្យមានប្រសិទ្ធភាពដើម្បីផ្ដល់ភាពកក់ក្ដៅដល់សង្គម និងអ្នកទេសចរបានល្អសិន ទើបអាចទាក់ទាញភ្ញៀវទេសចរចិននិងបរទេស ឱ្យចូលមកកំសាន្តចំនួនបានប្រសើរឡើងវិញ។ នេះបើតាមយល់ឃើញរបស់អ្នកវិភាគសង្គមនិងនយោបាយ។
អ្នកជំនាញប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការសិក្សាស្រាវជ្រាវ លោក សេក សុជាតិ យល់ថា បច្ចុប្បន្ននេះ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនក៏ដូចជាប្រទេសដទៃទៀត ឱ្យមកលេងកម្ពុជាបានច្រើន ចាំបាច់កម្ពុជាត្រូវពង្រឹងសន្តិសុខនិងសុវត្ថិភាពសម្រាប់ជនបរទេស។
លោក សេក សុជាតិ៖ «យើងដឹងហើយថា បញ្ហាភ្ញៀវទេសចរ បើទោះបីជាមិនយកថ្លៃទិដ្ឋាការក៏គាត់មិនហ៊ានមកដែរ ពីព្រោះកម្ពុជាធ្លាប់មានការបំពុលអំពីបញ្ហាអំពើចាប់ជំរិតតាមអនឡាញ ហើយការលេងល្បែងស៊ីសងគឺគគ្រឹកគគ្រេងពេក។ ដូច្នេះក្នុងដំណាក់កាលនេះ ខ្ញុំយល់ថា អ្វីដែលកម្ពុជាគួរធ្វើ គឺពង្រឹងសន្តិសុខនិងលំហបរិយាកាសនៃការធ្វើដំណើររបស់ទេសចរបរទេសនៅកម្ពុជា ឱ្យមានសុវត្ថិភាពទាំងផ្លូវកាយនិងផ្លូវចិត្តជាដើម ទើបជាយុទ្ធសាស្ត្រល្អ»។
អ្នកវិភាគខ្លះទៀតថា កម្ពុជានៅមានសមត្ថភាពទន់ខ្សោយក្នុងការគ្រប់គ្រងក្រុមឧក្រិដ្ឋជនចិន ដែលអាចនឹងជ្រៀតចូលតាមរយៈអ្នកទេសចរ ធ្វើឱ្យកម្ពុជាខូចកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ ព្រមទាំងធ្វើឱ្យសង្គមប្រឈមនិងបញ្ហា អសន្តិសុខ ភាពភ័យខ្លាចជាច្រើន ជាហេតុធ្វើឱ្យអ្នកទេសចរមិនសូវហ៊ានមកលេង។
ស្រដៀងគ្នានេះដែរ អ្នកសិក្សាកិច្ចការសង្គម និងនយោបាយ លោក ប៉ោ មករា យល់ថាកម្ពុជាគួរតែរឹតបន្តឹងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ព្រមទាំងបំបាត់អំពើពុករលួយផង នោះពិតជាអាចទប់ស្កាត់ក្រុមឧក្រិដ្ឋជនចិនដែលចូលមកបើកល្បែងស៊ីសង ប្រព្រឹត្តអំពើចាប់ជំរិតមនុស្សទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត ការជួញដូរមនុស្ស ការលាងលុយក្រខ្វក់ និងអំពើជួញដូរគ្រឿងញៀន យ៉ាងមានប្រសិទ្ធភាព ទើបអាចទទួលបានអ្នកទេសចរ អ្នកជំនួញចិនល្អៗមកជំនួសវិញ។
លោក ប៉ោ មករា៖ «បើសិនជាកម្ពុជារឹតបន្តឹងខ្ញុំគិតថា ជាសញ្ញាល្អមួយដែរ សម្រាប់ការចម្រាញ់យកជនជាតិចិន ដែលគេវិនិយោគទុនធំៗល្អៗមកធ្វើការនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព។ វាជាការគួរឱ្យរឹតបន្តឹងដែរ ពាក់ព័ន្ធនិងការត្រួតពិនិត្យនិងការបំពេញបែបបទចូលមកកាន់ប្រទេសកម្ពុជា ត្រូវតែធ្វើឱ្យមានប្រសិទ្ធភាពដោយកុំឱ្យមានអំពើពុករលួយ ហើយកុំឱ្យស្មុគស្មាញក្នុងនីតិវិធីនៃការបំពេញឯកសារសម្រាប់អ្នកទេសចរនិងអ្នកចូលមករកស៊ីនៅកម្ពុជា»។
កាលពីឆ្នាំ២០២៣ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិ សរុប៥លាន៤៥ម៉ឺននាក់។ ក្នុងចំណោមនោះភ្ញៀវទេសចរចិន មានចំនួនជាង ៥៤ម៉ឺននាក់។
ចំនួនភ្ញៀវទេសចរចិន ដែលមកលេងកម្ពុជាបច្ចុប្បន្ននេះ គឺធ្លាក់ចុះខ្លាំង បើប្រៀបធៀបទៅនិងមុនពេលជំងឺកូវីដ-១៩ដោយធ្លាប់តែកើនឡើងរហូតដល់២លាន ២សែននាក់។
វិទ្យុអាស៊ីសេរី មិនអាចសុំការអធិប្បាយជុំវិញរឿងនេះ ពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា បាននៅឡើយ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។
ក៏ប៉ុន្តែនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ធ្លាប់បានបញ្ចេញប្រតិកម្ម នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) កាលពីថ្ងៃទី១៩ ខែកុម្ភៈ ថា ដោយសារតែបរទេសខ្លះផ្សព្វផ្សាយអាក្រក់ពីកម្ពុជា ធ្វើឱ្យភ្ញៀវទេសចរបរទេស ជាពិសេសគឺជនជាតិចិនមានការភ័យខ្លាចមិនហ៊ានមកទស្សនាកម្ពុជា។
លោក ហ៊ុន ម៉ាណែត៖ «ជាពិសេសប្រជាពលរដ្ឋចិន មានការព្រួយបារម្ភមួយចំនួនរឿងសន្តិសុខនៅកម្ពុជា ដោយសារឃើញប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួនផ្សព្វផ្សាយអត់គ្រប់ជ្រុងជ្រោយ។ កន្លងទៅក៏មានវីដេអូខ្លះផលិតចេញមកបំភ័យ តើនេះវាមានយុត្តិធម៌សម្រាប់យើងដែរឬទេ?។ សូមកាសែតបរទេសដែលនៅទីនេះ មកចាប់យកព័ត៌មានទៅផ្សព្វផ្សាយថែមទៀត ដើម្បីឱ្យបរទេសនៅកម្ពុជា និងនៅខាងក្រៅបានយល់ច្បាស់ផង។ ឱ្យឃើញច្បាស់ទៅថា រឿងខ្លះ វាកើតពីការប្រឌិតវាមិនមែនការពិត ឱ្យគេយល់ផងទៅ»។
របាយការណ៍របស់ក្រសួងមហាផ្ទៃ ឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២៣ បទល្មើសឧក្រិដ្ឋបានកើតឡើងចំនួនជាង៦រយ (៦០៥) ករណី ហើយសមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួនជាង ១ពាន់(១.០៦៥)នាក់។
ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន គឺមានចំនួនជាង ៧ពាន់ (៧០៦២) ករណី ដោយសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួនជាង ១ម៉ឺន៧ពាន់ (១៧.៣៦៣) នាក់ ដែលក្នុងចំណោមនោះមានជនបរទេសចំនួនជាង ៤រយ (៤៤១)នាក់ មកពី១៥សញ្ជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
