មេដឹកនាំរបបក្រុងភ្នំពេញ លោកហ៊ុន សែន ប្រកាសសន្យាថា នឹងបន្តបំណងប្រាថ្នារបស់ស្ថាបនិកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាវេជ្ជបណ្ឌិត បេអាត រិច្ឆនើរ(Beat Richner) ក្នុងការជួយសង្គ្រោះកុមារ កម្ពុជាតទៅមុខទៀត ទោះបីជាលោកទទួលមរណភាពក្តី។ រីឯអ្នកវិភាគយល់ថា វាគឺជាតួនាទីរបស់ រដ្ឋាភិបាលស្រាប់ ក្នុងការជួយកុមារ និងប្រជាពលរដ្ឋរបស់ខ្លួន ហើយការសន្យានៅពេលនេះ ហាក់ដូចជា ការកេងចំណេញនយោបាយ។
លោក ហ៊ុន សែន ដែលទើបឡើងបន្តកាន់អំណាចទាំងចម្រូងចម្រាស បានផ្ញើលិខិតមួយច្បាប់ទៅប្រធានាធិបតីប្រទេសស្វីស ដើម្បីចូលរួមរំលែងទុក្ខដ៏ក្រៀមក្រំបំផុតចំពោះមរណភាពរបស់វេជ្ជបណ្ឌិត បេអាត រិច្ឆនើរ។
ក្នុងលិខិតរំលែកទុក្ខនោះ លោក ហ៊ុន សែន លើកឡើងថា ស្មារតី និងសមិទ្ធិផលដ៏ថ្លៃថ្លារបស់សព លោកវេជ្ជបណ្ឌិតនឹងស្ថិតក្នុងបេះដូងជាតិខ្មែរជានិច្ច។ លោកប្តេជ្ញាថា នឹងបន្តបំណងប្រាថ្នារបស់លោក បេអាត រិច្ឆនើរ ក្នុងការជួយកុមារកម្ពុជា នៅក្នុងបណ្តាឆ្នាំខាងមុខទៀត។ លោកបន្តថា មរណភាពរបស់លោកវេជ្ជបណ្ឌិត គឺជាការបាត់បង់ជនដ៏មហិមារមួយរូប ដែលប្តូរផ្តាច់មិនគិតពីខ្លួនឯងក្នុងការជួយសង្គ្រោះកុមារ និងស្ត្រីកម្ពុជារាប់លាននាក់ ចាប់តាំងពីឆ្នាំ១៩៩២។
លោកវេជ្ជបណ្ឌិត បេអាត រិច្ឆនើរ បានទទួលមរណភាពក្នុងជន្មាយុ ៧១ឆ្នាំ នៅម៉ោងជាង ២ព្រឹក ថ្ងៃទី៩ ខែកញ្ញា នៅប្រទេសស្វីស បន្ទាប់ពីបានធ្លាក់ខ្លួនឈឺរយៈពេលជាយូរមក។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ លើកឡើងថា ការប្រកាសសន្យាជួយមន្ទីរពេទ្យគន្ធបុប្ផា ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរកំពុងរំជួលចិត្ត និងសោកសង្រេងស្តាយស្រណោះស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផានេះ គឺហាក់ដូចជាការទាក់ទាញប្រជាប្រិយភាពនយោបាយមួយ។ កញ្ញា បន្តថា លោក ហ៊ុន សែន មិនគួរប្រើពាក្យសន្យាបន្តបំណងប្រាថ្នារបស់លោកវេជ្ជបណ្ឌិត បេអាត រិច្ឆនើរ នោះទេ ព្រោះវាគឺជាតួនាទីរបស់រដ្ឋាភិបាលស្រេចទៅហើយ ក្នុងការជួយមន្ទីរពេទ្យគន្ធបុប្ផា និងជួយពង្រឹងវិស័យសុខាភិបាលនៅកម្ពុជាដើម្បីសង្គ្រោះប្រជាពលរដ្ឋរបស់ខ្លួន៖ «នៅពេលដែលនាយករដ្ឋមន្ត្រីបង្ហាញជំហរថា បំពេញបំណង វាហាក់ដូចជាធ្វើឲ្យសាធារណជនចាប់អារម្មរណ៍វិញ ប៉ុន្តែខ្ញុំមិនមើលអ៊ីចឹងទេ។ ខ្ញុំមើលឃើញថា មិនមែនទៅបំពេញបំណងលោកវេជ្ជបណ្ឌិតទេ ប៉ុន្តែគឺជាអ្វីដែលរដ្ឋាភិបាលត្រូវតែធ្វើ ព្រោះថា ជីវិតប្រជាពលរដ្ឋខ្មែរជាច្រើន ត្រូវការមន្ទីរពេទ្យមួយនេះ ហើយភ្ជាប់ជាមួយការសន្យានោះ គឺរដ្ឋាភិបាល គួរតែពន្យល់ឲ្យច្បាស់អំពីចំណុច ដែលជួយមន្ទីរពេទ្យនោះ »។
ទាក់ទងករណីនេះ តំណាងមន្ទីពេទ្យគន្ធបុប្ផាមួយរូប បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត បេអាត រិច្ឆនើរ ក្នុងមន្ទីរពេទ្យគន្ធបុប្ផានៅទីក្រុងភ្នំពេញថា មន្ទីរពេទ្យគន្ធបុប្ផានៅតែបន្តដំណើការទៅមុខជានិច្ច ហើយនឹងខិតខំអភិវឌ្ឍឲ្យរីកចម្រើន ទាំងបច្ចេកវិទ្យា និងសមត្ថភាពគ្រួពេទ្យ។ ការលើកឡើងនេះ ដោយលោកមើលឃើញថា ប្រជាជន និងរដ្ឋាភិបាលប្រទេសស្វីស នៅតែបន្តផ្តល់ជំនួយដល់មូលនិធិគន្ធបុប្ផាដដែល ទោះបីជាលោក បេអាត រិច្ឆនើរ បានទទួលមរណភាពទៅហើយក្តី៖ «យើងនៅតែមានមូលនិធិគន្ធបុប្ផាស្វីសនៅតែប្រឹងប្រែងជួយយើង ហើយយើងនឹងខំប្រឹងប្រែងអភិវឌ្ឍខ្លួន »។
មន្ទីរពេទ្យគន្ធបុប្ផានៅភ្នំពេញ និងនៅខេត្តសៀមរាប បានបើកឲ្យសារធារណជន ចូលគោរពវិញ្ញាណក្ខន្ធរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកញ្ញា។ មន្ទីរពេទ្យគន្ធបុប្ផាក៏គ្រោងនឹងរៀបចំពិធីបុណ្យ ៧ថ្ងៃដែរ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា។ ប្រជាពលរដ្ឋខ្មែរ អង្គការសង្គមស៊ីវិល និងមន្ត្រីរាជការ បានចូលទៅគោរពវិញ្ញាណក្ខន្ធក្នុងមន្ទីរពេទ្យគន្ធបុប្ផាជាបន្តបន្ទាប់ ដើម្បីបង្ហាញពីទឹកចិត្តសោកស្តាយ និងការគោរពដឹងគុណ។
ប្រជាពលរដ្ឋខ្មែរ បានប្រសិទ្ធិនាមជូនលោកវេជ្ជបណ្ឌិត បេអាត រិច្ឆនើរ ថា ជាគួ្រពេទ្យទេវតា ជាវីរៈបុរសបេះដូងមនុស្សធម៌ ដែលបានពលីកម្លាំងកាយ ចិត្ត និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនផង ព្រមទាំងរិះរកគ្រប់មធ្យោបាយដើររកជំនួយគ្រប់ទិសទី ដើម្បីជួយសង្គ្រោះជីវិត កុមារ និងស្ត្រីកម្ពុជា រាប់លាននាក់ ជាង ២៥ឆ្នាំមកហើយ តាមរយៈមន្ទីរពេទ្យគន្ធបុប្ផា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
