សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ឃាត់​ខ្លួន​វៀតណាម​ដែល​គ្មាន​លិខិត​ស្រប​ច្បាប់​១១នាក់

0:00 / 0:00

សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​ជនជាតិ​វៀតណាម ចំនួន ១១​នាក់ ដែល​ចូល​មក​រស់​នៅ​ខេត្ត​នេះ​ដោយ​ពុំ​មាន​លិខិត​ស្នាម​ស្រប​ច្បាប់​ត្រឹមត្រូវ។

យុទ្ធនាការ​នេះ​ទទួល​បាន​ការ​សាទរ​ពី​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​ទេសចរណ៍​មួយ​នេះ ហើយ​ពួកគេ​បាន​ស្នើ​ដល់​សមត្ថកិច្ច​ត្រូវ​អនុវត្ត​ការងារ​នេះ​ជា​ប្រចាំ។

ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ ទទួល​ការងារ​អន្តោប្រវេសន៍ លោក ហ៊ុន សុរិទ្ធី នៅ​ថ្ងៃ​សុក្រ ទី​៣ ខែ​កក្កដា បាន​ដឹកនាំ​កម្លាំង​ចុះ​ត្រួត​ពិនិត្យ​ជនជាតិ​វៀតណាម ត្រង់​ចំណុច​អ៊ូ​វៀតណាម ស្ថិត​ក្នុង​ក្រុម​៣១ ភូមិ​៣ សង្កាត់​៣ និង​នៅ​ក្រុម​៤ ភូមិ​២ សង្កាត់​២ ក្រុង​ព្រះសីហនុ ដែល​ចូល​មក​រស់​នៅ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា។ លោក​ថា យុទ្ធនាការ​នេះ កម្លាំង​នគរបាល​បាន​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម ចំនួន ១១​នាក់ រស់​នៅ​ក្នុង​ខេត្ត​នេះ ដែល​សមត្ថកិច្ច​រក​ឃើញ​គ្មាន​លិខិត​ស្នាម​ស្នាក់នៅ​ស្រប​ច្បាប់។ ក្នុង​នោះ​មាន​ស្ត្រី ២​នាក់។ លោក​បញ្ជាក់​ថា ជនជាតិ​វៀតណាម ទាំង ១១​នាក់​នោះ នឹង​ត្រូវ​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើ​លិខិត​ស្នាម​រួច​រាល់។

លោក ហ៊ុន សុរិទ្ធី បន្ត​ថា យុទ្ធនាការ​នេះ នឹង​បន្ត​អនុវត្ត​ជា​ប្រចាំ​នា​ថ្ងៃ​អនាគត។ ចំណាត់​ការ​នេះ​ទទួល​បាន​ការ​សាទរ​ពី​ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល មួយ​ចំនួន​ក្នុង​ខេត្ត​នេះ។

មន្ត្រី​អង្កេត​អង្គការ​លីកាដូ (Licadho) ខេត្ត​ព្រះសីហនុ លោក ឃុន សាវឿន ក៏​បាន​ស្នើ​ដល់​សមត្ថកិច្ច​ត្រូវ​ចុះ​អនុវត្ត ឬ​ត្រួត​ពិនិត្យ​ការងារ​អន្តោប្រវេសន៍​នេះ​ជា​ប្រចាំ និង​ត្រូវ​អនុវត្ត​អោយ​ស្រប​តាម​ច្បាប់​អន្តោប្រវេសន៍។ ជាង​នេះ​ក៏​ស្នើ​អោយ​អនុវត្ត​ដោយ​ស្មើ​ភាព ដោយ​មិន​ត្រូវ​អោយ​មាន​អ្នក​រត់​ការ​ដោះលែង​ជនជាតិ​វៀតណាម ដែល​គ្មាន​លិខិត​ស្នាម​ស្រប​ច្បាប់​នោះ​ទេ៖ «ត្រង់​ចំណុច​នេះ​ខ្ញុំ​គិត​ថា បើ​សិន​សមត្ថកិច្ច​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​នេះ គឺ​ត្រូវ​អនុវត្ត​ឲ្យ​សមស្រប​តាម​លក្ខខណ្ឌ​នៃ​ច្បាប់ ទោះ​បី​មាន​ការ​អន្តរាគមន៍​បែប​ណា​ក៏ដោយ។ ​ត្រង់​ចំណុច​នេះ សម្រាប់​ជនជាតិ​វៀតណាម ដែល​ចូល​មក​រស់​នៅ​ខុស​ច្បាប់​ហើយ អាច​បន្ត​រស់​នៅ​កម្ពុជា ដោយ​មាន​កិច្ច​អន្តរាគមន៍​ទៀត​នោះ វា​ជា​រឿង​មិន​ប្រក្រតី​មួយ។ ដូច្នេះ​សមត្ថកិច្ច​ត្រូវ​អនុវត្ត​ឲ្យ​បាន​ទាំង​អស់​គ្នា ទៅ​លើ​ជនជាតិ​វៀតណាម ដែល​ចូល​មក​រស់​នៅ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា»។

មន្ត្រី​នគរបាល​ខេត្ត​ព្រះសីហនុ ស្នើ​មិន​បង្ហាញ​អត្តសញ្ញាណ​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា សកម្មភាព​ចុះ​ឆែកឆេរ ឬ​ត្រួត​ពិនិត្យ​រដ្ឋបាល​ទៅ​លើ​ជន​អន្តោប្រវេសន៍​នា​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ ក៏​មាន​អ្នក​រត់​ការ ឬ​មន្ត្រី​មាន​តួនាទី​ក្នុង​ស្ថាប័ន​នគរបាល​ខេត្ត​នេះ រត់ការ ឬ​ក៏​ស្នើ​អោយ​ដោះលែង​ជនអន្តោប្រវេសន៍​មួយ​ចំនួន​មិន​អោយ​បញ្ជូន​ទៅ​ភ្នំពេញ ថែម​ទៀត​។ លោក​បន្ត​ថា ក្នុង​ចំណោម​ជនជាតិ​វៀតណាម ទាំង ១១​នាក់ ដែល​ឃាត់​ខ្លួន​នៅ​ក្នុង​យុទ្ធនាការ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​៣ ខែ​កក្កដា គឺ​ឃើញ​មាន​ឈ្មោះ​ជនជាតិ​វៀតណាម​តែ ៩​នាក់​ទេ មាន​ឈ្មោះ​បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន​​ក្រសួង​មហាផ្ទៃ។ ប៉ុន្តែ​ជនជាតិ​វៀតណាម ពីរ​នាក់ គឺ​ស្រី​ម្នាក់ និង​ប្រុស​ម្នាក់ ត្រូវ​ថ្នាក់ដឹកនាំ​ដោះលែង​វិញ ព្រោះ​​អាច​ដោយសារ​មាន​កិច្ចអន្តរាគមន៍ ឬ​អាច​ពួកគេ​មាន​លិខិត​ស្នាម​ស្រប​ច្បាប់​ជាដើម។

ត្រង់​ចំណុច​នេះ លោក​ ឃុន សាវឿន មន្ត្រី​អង្កេត​អង្គការ​លីកាដូ សង្កត់​ធ្ងន់​ថា សមត្ថកិច្ច​គួរ​អនុវត្ត​ការងារ​ទៅ​លើ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​នៅ​កម្ពុជា ឲ្យ​បាន​ត្រឹមត្រូវ និង​ជៀស​ឲ្យ​ផុត​ពី​អំពើ​ពុករលួយ ឬ​បក្សពួក​និយម​៖ «បើ​សិន​ជា​សមត្ថកិច្ច​ចុះ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ទៅ​លើ​ជនជាតិ​វៀតណាម ចូល​មក​រស់​នៅ​ខុស​ច្បាប់​​ក្នុង​ខេត្ត​ព្រះសីហនុ ហើយ​សមត្ថកិច្ច​បែរ​ជា​ទុក​ចន្លោះ​ខ្លះ ឬ​ក៏​អនុវត្ត​គ្រាន់​​តែ​ឲ្យ​មាន​រំញោច គឺ​ខ្ញុំ​ជា​សង្គម​ស៊ីវិល​មិន​គាំទ្រ​ទេ ហើយ​បើ​សមត្ថកិច្ច​អនុវត្ត​ការងារ​អន្តោប្រវេសន៍​នេះ ត្រូវ​អនុវត្ត​ឲ្យ​បាន​ជា​ប្រចាំ និង​ស្មើ​មុខ​គ្នា​ទៅ​លើ​គ្រប់​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ទាំង​នោះ។ កុំ​ឲ្យ​មាន​វប្បធម៌​មាន​អ្នក​អន្តរាគមន៍​ថា អ្នក​នេះ ឬ​អ្នក​នោះ​ជា​សាច់ញាតិ​ខ្ញុំ​ទេ ឬ​ក៏​ខ្ញុំ​មាន​លុយ​ផ្ដល់​ជូន​ចំនួន​ប៉ុណ្ណេះ ឬ​ប៉ុណ្ណោះ ហើយ​ស្នើ​កុំ​ឲ្យ​មាន​ឈ្មោះ​ខ្ញុំ​បញ្ជូន​ទៅ​ក្រសួង​មហាផ្ទៃ នៅ​ភ្នំពេញ ជា​ដើម​នោះ គឺ​ខ្ញុំ​មិន​គាំទ្រ​ត្រង់​ចំណុច​នេះ»

ទោះ​យ៉ាង​ណា លោក ហ៊ុន សុរិទ្ធី ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ បាន​សង្កត់​ធ្ងន់​ថា រាល់​ជនបរទេស​ដែល​ចូល​មក​រស់​នៅ ឬ​ធ្វើ​ការងារ​ខុស​ច្បាប់ និង​គ្មាន​លិខិត​ស្នាម​ត្រឹមត្រូវ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ មាន​វិធានការ​បន្ត​ទៀត។

កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក សុខ ផល បាន​រំលឹក​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឱ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​គ្រប់គ្រង​ឱ្យ​បាន​នូវ​ការ​ចេញ​ចូល និង​ស្នាក់​អាស្រ័យ​របស់​ជនបរទេស​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

គិត​ត្រឹម ៨​ខែ​ចុង​ឆ្នាំ​២០១៤ មាន​ជនអន្តោប្រវេសន៍​ដែល​គ្មាន​លិខិត​ស្នាម​ជិត ២​ពាន់​នាក់ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម ១.៥០០​នាក់ ត្រូវ​បាន​បណ្ដេញ​ពី​កម្ពុជា។ នៅ​ដើម​ឆ្នាំ​២០១៥​នេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បណ្ដេញ​ចេញ​ជនបរទេស​ខុសច្បាប់​ជាង ១​ពាន់​នាក់​បន្ថែម​ទៀត ក្នុង​នោះ​ស្ទើរ ១០០​ភាគរយ ជា​ជនជាតិ​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។