ជនជាតិចាម​​ថា​ ការ​ឃុំ​ខ្លួន​លោក​ អះម៉ាត់ យ៉ះយ៉ា​ គឺ​ជា​រឿង​អយុត្តិធម៌

ដោយ ទីន ហ្សាការីយ៉ា
2019.08.13
អះម៉ាត់ យ៉ះយ៉ា​ ៦២២ អតីត​រដ្ឋលេខាធិការ​ក្រ​សួង​សង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា និយាយ​ជាមួយ​អ្នក​កាសែត​ក្រោយ​ពេល​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA

តុលាការ​របប​ក្រុង​ភ្នំពេញ​បាន​សម្រេច​ផ្ដន្ទាទោស អះម៉ាត់ យ៉ះយ៉ា​ អតីត​រដ្ឋលេខាធិការ​ ក្រសួង​​សង្គម​កិច្ច​​រយៈ​ពេល​ ១៥​ឆ្នាំ និង​បញ្ជូន​ទៅ​ខ្លួន​ភ្លាមៗ នៅ​ពន្ធនាគារ​ព្រៃស​ក្រោយ​សវនាការ​បាន​បញ្ចប់​​នៅ​ថ្ងៃ​ទី១៣ សីហា​ ​ពាក់ព័ន្ធ​ករណី​ជួញ​ដូរ​មនុស្ស​ជាង ៣០០នាក់​ទៅ​ប្រទេស​​​អារ៉ាប់។

ជនជាតិ​ចាម​​បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ក្រុង​ភ្នំពេញ​បែប​នេះ​ថា ជា​​រឿង​​អយុត្តិធម៌​ និង​​​មិន​​អាច​​ទទួល​​យក​​បាន​​ចំពោះ​ករណី​លោក​ អះម៉ាត់ យ៉ះយ៉ា​ និង​​ក្មួយ​ប្រុស​លោក​នោះ​ឡើយ។

ក្នុង​បន្ទប់​សវនាការ​នៅ​ថ្ងៃ​ទី១៣​ ខែ​សីហា អនុ​ប្រធាន​តុលាការ ​​លោក​ កូយ សៅ​ ​ក្រុង​​ភ្នំពេញ ​បាន​​សម្រេច​​ផ្ដន្ទាទោស​​លោក​ អះម៉ាត់​ យ៉ះយ៉ា​ និង​ក្មួយ​​ប្រុស​​របស់​​ឈ្មោះ​ អ៊ីស្មាអែល ពិនឧស្មាន ឱ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ រយៈពេល​ ១៥​ឆ្នាំ​ និង​​ពិន័យ​ជា​ប្រាក់​រួម​គ្នា​ចំនួន​ ២០០​លាន​រៀល​ ប្រមាណ​​​ ៥ម៉ឺនដុល្លា​ ទៅ​ឲ្យ​ជន​រងគ្រោះ​ពីរ​នាក់​ បន្ទាប់​ពី​តុលាការ​រក​ឃើញ​ថា​ អ្នក​ទាំង​ពីរ​ជាប់​ពាក់​ព័ន្ធ​​ករណី​​ជួញ​ដូរ​​មនុស្ស​​ទៅ​​ប្រទេស​​អារ៉ាប់។

ជនជាតិ​ចាម​ម្នាក់​ឈ្មោះ​ សុខ ក្រី ដែល​បាន​ចូល​រួម​ក្នុង​សវនាការ​នៅ​ថ្ងៃ​ទី១៣ សីហា​ ប្រាប់​​អាស៊ី​​សេរី​​ថា  តុលាការ​​មិន​​បាន​​បង្ហាញ​​ភស្តុតាង​​ណា​មួយ​​រឹងមាំ​មក​ដាក់​បន្ទុក​ទៅ​លើ​ជន​សង្ស័យ​ទាំង​ពីរ​​នោះ​​ទេ។ ​លោក​បាន​ថ្លែង​ការ​ពារ​ថា​ លោក អះម៉ាត់ យ៉ះយ៉ា​ គឺ​ជា​មនុស្ស​ស្អាតស្អំ​ និង​​មិន​​ជាប់​​ពាក់ព័ន្ធ​​នឹង​​ករណី​​ជួញ​​ដូរ​​មនុស្ស​​ទេ៖ «លោក​ អះម៉ាត់ យ៉ះយ៉ា​ មិន​មែន​សម្រាប់​ខ្លួន​ខ្ញុំ​ទេ​​ គឺ​សម្រាប់​​​ជនជាតិ​ចាម​នៅ​ទូទាំង​ប្រទេស​ទាំងអស់​ គឺ​ចាត់​ទុក​គាត់​ជា​មនុស្ស​ល្អ​ដោយសារ​អី? ដោយសារ​គាត់​ជា​មនុស្ស​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​គំនិត​ផ្ដួចផ្ដើម​ដល់​កូន​ខ្មែរ​អ្នក​​កាន់​សាសនា​ឥស្លាម​ទាំង​អស់​បាន​រៀន​សូត្រ​ខាង​ចំណេះ​ដឹង​ទូទៅ ហើយ​សរុប​កូន​សិស្ស​ដែល​គាត់​ជួយ​ហ្នឹង​បាន​ជាង​ ១.០០០​នាក់​ហើយ គឺ​ឲ្យ​បណ្ដុះបណ្ដាល​ឱ្យ​ចប់​មាន​ការងារ​ធ្វើ​ល្អ​ អ្នក​ខ្លះ​​បាន​​ធ្វើ​ជាឯកឧត្តម​អី​ច្រើន​ណាស់​តាម​រយៈ​គាត់​ហ្នឹង»

លោក អ៊ីស្មាអែល ពិនឧស្ម័ន ត្រូវ​ជា​ក្មួយ​បង្កើត​លោក អះម៉ាត់ យ៉ះយ៉ា ត្រូវ​​កម្លាំង​​នគរបាល នៃ​​នាយកដ្ឋាន​​ប្រឆាំង​​ការ​​ជួញ​ដូរ​​មនុស្ស និង​​ការពារ​​អនីតិជន ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី៩ ខែ​កុម្ភៈ ឆ្នាំ២០១៨ សង្ស័យ​​ថា ជាប់​ពាក់ព័ន្ធ​ករណី​នាំ​ពលករ​ទៅ​ធ្វើ​ការ​ខុស​ច្បាប់ នៅ​ប្រទេស ​អារ៉ាប់ប៊ី សាអូឌីត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។