សង្គមស៊ីវិលជំរុញឱ្យចាត់ការមន្ត្រីខិលខូចតាមព្រំដែនដែលឃុបឃិតនាំចូលទំនិញខូចគុណភាព និងជ្រូកពីវៀតណាម
2019.03.14
មន្ត្រីសង្គមស៊ីវិលជំរុញឱ្យរបបក្រុងភ្នំពេញពិនិត្យ ពីប្រសិទ្ធភាពការងារមន្ត្រីពាក់ព័ន្ធតាមព្រំដែនកម្ពុជា-វៀតណាម និងត្រូវអនុវត្តច្បាប់ដល់មន្ត្រីខិលខូចណា ដែលឃុបឃិតឱ្យនាំទំនិញខូចគុណភាពចូលមកកម្ពុជា។
ការលើកឡើងបែបនេះស្របពេលដែល ចំណីអាហារមានសារធាតុគីមី និងជ្រួកដែលសង្ស័យថាមានជំងឺ នៅតែនាំចូលមកកម្ពុជា បើទោះបីជាក្រសួងកសិកម្មបានប្រកាសឱ្យបិទការនាំចូលទាំងស្រុងក្ដី។ មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា ទំនិញខូចគុណភាព និងចំណីអាហារផ្ទុកសារធាតុគីមីភាគច្រើន នាំចូលដល់កណ្ដាលប្រទេស ឬរាជធានីភ្នំពេញ ទើបសមត្ថកិច្ចបង្ក្រាប កម្រឃើញមន្ត្រីជំនាញអនុវត្តច្បាប់នៅតាមព្រំដែន។
កាលពីថ្ងៃទី១៣ មីនា នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងតំណាងអយ្យការរាជធានីភ្នំពេញ បានបង្ក្រាបបង្គាផ្ទុកសារធាតុគីមីចំនួន ៣រថយន្ត និងគ្រឿងសមុទ្រផ្សេងទៀត សរុបជិត ៨តោន។ បង្គាទាំងនោះគេចាក់សារធាតុម្យ៉ាងខាប់ដូចចាហួយចូលក្បាលបង្គា។ លើសពីនេះ សមត្ថកិច្ចឃាត់ខ្លួន អ្នកបើករថយន្ត ៣នាក់ ដើម្បីស្វែងរកម្ចាស់ឱ្យមកទទួលខុសត្រូវតាមច្បាប់។ នេះបើយោងតាមហ្វេសប៊ុក (Facebook) របស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង សង្កេតឃើញថា មន្ត្រីពាក់ព័ន្ធតាមព្រំដែន មិនខ្លាចថ្នាក់លើ និងអាជ្ញាធរជាតិនោះទេ ព្រោះ ការដាក់ទណ្ឌកម្មច្បាប់ និងវិន័យរដ្ឋបាលនៅមានភាពធូររលុងច្រើន។ បញ្ហានេះជាឫសគល់ នាំឱ្យប៉ះពាល់សុខភាព សេដ្ឋកិច្ច និងអាយុជីវិតពលរដ្ឋ។ លោកបញ្ជាក់ថា អាជ្ញាធរជាតិបានប្រកាសឱ្យបិទការនាំចូលជ្រូករស់ពីវៀតណាម តែគ្មានវិធានការច្បាប់ចំពោះមន្ត្រីណា ដែលប្រព្រឹត្តអំពើពុករលួយ លោកមិនសង្ឃឹមថា នឹងអាចទប់ស្កាត់ជ្រូកមានជំងឺ និងទំនិញខូចគុណភាពបានគ្រប់ជ្រុងជ្រោយនោះទេ៖ អ្វីដែលសំខាន់បើថ្នាក់លើចង់ឱ្យអនុវត្តបានត្រឹមត្រូវ ការបិទហ្នឹង ដើម្បីធានាដល់សុខភាព សុខុមាលភាព របស់ពលរដ្ឋនិងសង្គមពិតប្រាកដ ត្រូវតែច្រកណាដែលនៅតែមានការនាំចេញជ្រូក គឺមន្ត្រីហ្នឹងដកចោលទៅ។ អាហ្នឹងបានទៅរួច បើអត់ធ្វើអ៊ីចឹងទេ គាត់គ្មានខ្លាចទេ គាត់នៅតែធ្វើទៀត។ អាហ្នឹងហើយ នៅតែជាជំងឺមួយ នៅក្នុងរដ្ឋបាលរបស់យើងរាល់ថ្ងៃនេះ»។
កាលពីថ្ងៃពុធ ទី១៣ ខែមីនា នោះដែរ សមត្ថកិច្ចជំនាញ និង ក្រុមចល័តផលិតកម្ម និងបសុព្យាបាល ខេត្តស្វាយរៀង បានឃាត់រថយន្ត មួយគ្រឿង ដឹកជ្រូក១៨ក្បាល ឆ្លងពីប្រទេសវៀតណាម ចូលមកទឹកដីកម្ពុជា តាមច្រករបៀងព្រំដែនខ្សែដែកក្នុងឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។ ការចុះបង្ក្រាបនេះ អ្នកដឹកជ្រូកបានបង្ហើបប្រាប់ថា ពួកគេបានបង់លុយឱ្យនគរបាល និងទាហានតាមព្រំដែន ទើបអាចនាំចូលជ្រូករស់មកកម្ពុជាបាន។
ចំណែកនៅឯខេត្តត្បូងឃ្មុំ ថ្មីៗនេះមន្ត្រីជំនាញនៃក្រសួងកសិកម្មបានស្ទាក់ឃាត់រថយន្តមួយគ្រឿង ដឹកជ្រូក ១០៤ ក្បាលនាំចូលពីវៀតណាមមកកម្ពុជា ក្នុងឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
អាស៊ីសេរីបានទាក់ទង អ្នកនាំពាក្យក្រសួង កសិកម្ម លោក ស្រី វុឌ្ឍី ដើម្បីសុំការបំភ្លឺជុំវិញការលើកឡើងនេះ តែទូរស័ព្ទហៅចូលគ្មានអ្នកទទួលនៅថ្ងៃទី១៤ មីនា។
ចំណែកអ្នកនាំពាក្យក្រសួងសុខាភិបាល លោក ឱ វណ្ណឌីន និងអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក៏មិនអាចទាក់ទងបានដែរ ព្រោះទូរស័ព្ទហៅចូលគ្មានអ្នកទទួលនៅថ្ងៃដដែលនេះ។
តែយ៉ាងណា លោក ផៃ ស៊ីផាន បានអះអាងប្រាប់អាស៊ីសេរីកាលពីថ្ងៃទី៧ ខែមីនា ថា ក្រសួងកសិកម្ម និងក្រសួងសុខាភិបាលកំពុងចាត់វិធានការរឿងនេះ ដោយតាមដានស្ថានភាពជំងឺផ្ដាសាយជ្រូក ដែលអាចកើតមានឡើងនៅតំបន់ណាជាយថាហេតុ។ លោកបញ្ជាក់ថា ក្រសួងកសិកម្មកំពុងបង្ហាញសមត្ថភាពទប់ស្កាត់ ការនាំជ្រូកមានជំងឺពីប្រទេសវៀតណាម ហើយអាជ្ញាធរជំនាញបានផ្សព្វផ្សាយឱ្យពលរដ្ឋប្រុងប្រយ័ត្នក្នុងការបរិភោគសាច់ជ្រូកផងដែរ៖ «យើងទទួលបានព័ត៌មានអ្វីដែលមិនប្រក្រតី យើងតែងតែចាត់វិធានការ ជាពិសេសក្រសួងកសិកម្មដើរតួនាទីយ៉ាងសំខាន់រឿងហ្នឹង រួមទាំងក្រសួងសុខាភិបាលចាត់ចែង ការតាមដានជំងឺអ្វីដែលកើតឡើងតំបន់នេះ។ នេះជាយន្តការជាក់ស្ដែងរបស់ក្រសួងសុខាភិបាល»។
មន្ត្រីសង្គមស៊ីវិលផ្ដល់ទស្សនៈថា អំពើពុករលួយរឿងនាំទំនិញខូចគុណភាព និងជ្រូកពីវៀតណាម អាជ្ញាធរជាតិ និងថ្នាក់ដឹកនាំរដ្ឋ ត្រូវរកគន្លឹះដោះស្រាយ និងលុបបំបាត់ការសូកប៉ាន់ជាថ្នូរគ្រប់គ្រងតាមប៉ុស្តិ៍ព្រំដែន ខណៈដែលពួកគេទទួលព័ត៌មានថា មន្ត្រីពាក់ព័ន្ធតាមព្រំដែនភាគច្រើន បានសូកប៉ាន់ថ្នាក់លើរបស់ខ្លួនជាច្រើនពាន់ដុល្លារ បំណងកាន់កាប់ការងារតាមព្រំដែន ឬហៅថា កន្លែងខ្លាញ់៕