ក្រសួងអប់រំយុវជននិងកីឡាលើកឡើងថា កុមាររស់នៅខេត្តជាប់ព្រំដែនថៃបោះបង់ការសិក្សាខ្ពស់ជាងនៅតំបន់ផ្សេង ដោយសារឪពុកម្ដាយរបស់ពួកគេធ្វើទៅស្វែងរកការងារធ្វើនៅប្រទេសថៃច្រើន។ ក្រសួងបានដាក់ចេញគោលនយោបាយថ្មីមួយដើម្បីកាត់បន្ថយការបោះបង់ការរបស់កុមារនៅតាមខេត្តទាំងនោះ។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលធ្វើការងារផ្នែកអប់រំ លើកឡើងថា គោលនយោបាយនេះនឹងមិនបានជោគជ័យទេ ប្រសិនបើរដ្ឋាភិបាលឯកបក្សនៅតែមិនអាចបង្កើនការងារនៅក្នុងស្រុកដែលមានប្រាក់ខែសមរម្យដែលរស់នៅបាននោះ។
រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង្ស ជួនណារ៉ុន សំដែងការព្រួយបារម្ភបញ្ហាកុមារដែលរស់នៅខេត្តជាប់ព្រំដែនប្រទេសថៃដូចជាខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តឧត្ដរមានជ័យជាដើម មានការបោះបង់ការសិក្សាកាន់តែច្រើន។ លោកអះអាងក្នុងសិក្ខាសាលាមួយនៅសណ្ឋាគារកាំបូឌីយ៉ាណាកាលពីថ្ងៃទី១៣ កុម្ភៈថា ខេត្តទាំងនេះមានអត្រាកុមារបោះបង់ចោលការសិក្សារហូតដល់ទៅ២៣ភាគរយ ដែលមានចំនួនច្រើនជាងខេត្តផ្សេងៗដែលអត្រាថ្នាក់ជាតិកម្រិតមធ្យមសិក្សាមានចន្លោះពី១៨ ទៅ ១៩ភាគរយនោះ។ លោកបន្តថា បញ្ហាទាំងនេះបណ្ដាលមកពីជីវភាពគ្រួសាររបស់ពួកគេក្រីក្រ ដែលឪពុកម្ដាយទៅស្វែងរកការងារធ្វើនៅប្រទេសថៃ។ លោកបន្ត ដើម្បីដោះស្រាយបញ្ហានេះ ដោយក្រសួងបានបណ្ដុះបណ្ដាលគ្រូសម្រាប់ប្រឹក្សាអាជីពនៅតាមវិទ្យាល័យនីមួយៗដើម្បីយោបល់អាជីពដល់កុមារ ដូចជាផ្ដល់ប្រឹក្សាចំពោះកុមារដែលចង់រៀនតាមមុខវិជ្ជាផ្សេងៗ ក៏ដូចជាការជួយដោះស្រាយបញ្ហានៅផ្ទះរបស់ពួកគេដែរ ជាពិសេសជួយផ្ដល់ប្រឹក្សាចំពោះសិស្សដែលឪពុកម្ដាយធ្វើចំណាកស្រុក ដោយផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយដល់សិស្សដែលសម្រេចបោះបង់ការសិក្សាដើម្បីទៅធ្វើការនៅថៃ៖ «ដូច្នេះការមានគ្រូផ្ដល់ប្រឹក្សាអាជីពជួយឱ្យសិស្សសម្រេចបានត្រឹមត្រូវ ដោយពន្យល់ហេតុផលថា បើសិនជាគាត់បន្តរៀនសូត្រនៅក្នុងប្រទេសគឺគាត់អាចទទួលបានវិជ្ជាជីវៈខ្ពស់ ហើយអាចរកការងារធ្វើបាននៅក្នុងស្រុកថែមទៀតផង ចំណាកស្រុកប្រថុយប្រថានគឺជាប្រធានបទមួយដែលយើងធ្លាប់ពិភាក្សាគ្នារួចហើយ នៅក្នុងការធ្វើអរក្ខកម្មនេះគឺជៀសវាង ដែលជាប្រធានបទមួយនៅក្នុងការអប់រំក្រៅប្រពន្ធ»។
លោក ហង្ស ជួនណារ៉ុន បន្តថា ការបណ្ដុះប្រឹក្សាអាជីពនេះគឺជាអាទិភាពមួយទៅក្នុងកម្មវិធីបណ្ដុះបណ្ដាលគ្រូ ហើយលោកក៏ជំរុញឱ្យនាយកដ្ឋានបណ្ដុះបណ្ដាលគ្រូយកបញ្ហានេះទៅពិភាក្សា ដោយស្នើសុំទៅតាមអនុវិទ្យាល័យ និងវិទ្យាល័យនៅខេត្តដែលមានចំណាកស្រុកខ្ពស់នេះបង្កើតឱ្យមានបន្ទប់ពិគ្រោះយោបល់ដោយមានគ្រូដែលឆ្លងកាត់ការបណ្ដុះបណ្ដាលសម្រាប់ផ្ដល់ប្រឹក្សា។លោកអះអាងទៀតថា កម្មវិធីនេះក៏អាចជួយកាត់បន្ថយសិស្សស្រីបោះបង់ការសិក្សាបានដែរច្រើនដែរ៖ «សរុបមកវិញគឺយើងឃើញថា ការបណ្ដុះបណ្ដាលគ្រូនេះគឺជាឆ្អឹងខ្នងនៃប្រព័ន្ធអប់រំ ទាំងក្នុងការដោះស្រាយបញ្ហាចំណាកស្រុកទាំងដោះស្រាយបញ្ហាពង្រឹងវិស័យអប់រំ។ដូច្នេះហើយនៅក្នុងអាណត្តិនេះ គឺការពង្រឹងការបណ្ដុះបណ្ដាលគ្រូនៅវិទ្យាស្ថានជាតិអប់រំ នៅសាលាគរុកោសល្យ វិក្រិតការខេត្តក៏ដូចជានៅមជ្ឈមណ្ឌលគរុកោសល្យគឺអាទិភាពមួយដ៏ខ្ពស់»។
អង្គការសង្គមស៊ីវិលថា កម្មវិធីក្រសួងអប់រំនឹងគ្មានប្រសិទ្ធភាពនៅឡើយទេ។ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី លើកឡើងថា កម្មវិធីនេះ នឹងបង្កើនខ្ទង់ចំណាយថវិការដ្ឋកាន់តែច្រើន ដោយមិនអាចដោះស្រាយបញ្ហានេះបានទេ ព្រោះកុមារបោះបង់ការសិក្សាដោយសារជីវភាពក្រីក្រ ដែលបណ្ដាលមកពីបញ្ហាគ្មានការងារធ្វើ និងគ្មានដីដាំដុះ ដែលធ្វើឱ្យសិស្សត្រូវឈប់រៀនដើម្បីទៅជួយរកប្រាក់ដោះស្រាយជីវភាពគ្រួសាររបស់ពួកគេ។ មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា ដើម្បីដោះស្រាយបញ្ហានេះ លុះត្រារដ្ឋាភិបាលឯកបក្សសព្វថ្ងៃបង្កើនការងារក្នុងស្រុកឱ្យបានច្រើន ហើយមានប្រាក់ខែសមរម្យ និងជួយរកទីផ្សារលក់កសិផលរបស់កសិករនៅតាមព្រំដែនឱ្យមានតម្លៃខ្ពស់ជាងបច្ចុប្បន្ន៖ «បើសិនជារដ្ឋាភិបាលជួយក៏អាចជួយចំណែកតូចមួយមិនអាចទ្រទ្រង់ជីវភាពពួកគាត់បានដដែល។ កត្តាជីវភាពរបស់ពួកគាត់មិនអាចជួយជំរុញដោយអារម្មណ៍ល្អនោះទេ ព្រោះអីយើងឃើញហើយទោះបីកម្មកររោងចក្រនៅភ្នំពេញក៏ត្រូវបិទទ្វារជាច្រើនរោងចក្រអត់មានការងារធ្វើដែរ ចុះទម្រាំប្អូនៗដែលកំពុងវ័យសិក្សាដូច្នេះត្រូវតែគាត់ធ្វើចំណាកស្រុកទៅរកទីកន្លែងសុវត្ថិភាពជាពិសេសប្អូនៗដែលជួបប្រទះបញ្ហាទំនាស់ដីធ្លី នេះជាការណ៍មួយដែលពួកគាត់ត្រូវបោះបង់ការសិក្សា»។
ចំណែក កសិកររស់នៅជាប់ព្រំដែនខេត្តឧត្ដរមានជ័យឯណោះវិញ គឺអ្នកស្រី សួន ស៊ីនឿន ថ្លែងប្រាប់អាស៊ីសេរីឱ្យដឹងថា កូនរបស់អ្នកស្រីចំនួន ៣នាក់ បានឈប់រៀនត្រឹមថ្នាក់ទី៦ និងថ្នាក់ទី៩ទាំងអាយុក្រោម២០ឆ្នាំ ហើយនាំគ្នាទៅធ្វើការងារនៅប្រទេសថៃ ដើម្បីជួយរកប្រាក់ទាល់ក្នុងគ្រួសារ។ អ្នកស្រីបន្តថា កូនរបស់ខ្លួនមិនចង់ឈប់រៀននោះទេ ប៉ុន្តែដោយសារធ្វើការងារនៅក្នុងស្រុកបានប្រាក់ខែតិច មិនគ្រប់សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ទើបពួកគេចាកចេញពីផ្ទះបែកឪពុកម្ដាយទាំងវ័យក្មេងដូច្នេះ។ បន្ថែមពីនេះសព្វថ្ងៃអ្នកស្រីនៅមើលចៅៗចំនួន២នាក់នៅផ្ទះជាមួយស្វាមី ដោយពុំដឹងអនាគតរបស់ពួកគេទៅជាយ៉ាងណានោះទេ។ អ្នកស្រីថា សព្វថ្ងៃមានតែកម្លាំងចិត្តនិងការទូន្មានប្រៀនប្រដៅកូននិងចៅៗឱ្យធ្វើជាមនុស្សល្អ ប៉ុន្តែមិនមានទ្រព្យសម្បត្តិចែកឱ្យពួកគេនោះឡើយ៖ «បើមានប្រាក់ខែសមរម្យមិនឱ្យកូនទៅឆ្ងាយទេ អ្នកណាចង់បែកពីកូននោះ គេអ្នកមានទ្រព្យសម្បត្តិគេមិនឱ្យកូនគេធ្វើចំណាកស្រុកនោះទេ ប៉ុន្តែខ្ញុំខ្វះខាតចេះតែឱ្យកូនទៅថៃ នៅក្នុងចិត្តខ្ញុំចង់ឱ្យកូនរៀនបានខ្ពស់ដូចគេឯងណាស់ តែគ្រាន់ថាយើងអត់មានអីឱ្យកូនរៀន គ្រាន់តែកូនពៅម្នាក់រៀនចប់ថ្នាក់ទី៩គឺឈប់តែម្ដង ដោយសារអត់មានលុយឱ្យកូនរៀនតទៀត ហើយសូម្បីតែកូនទៅថៃប៉ុណ្ណឹងហើយក៏យើងមិនអាចដោះស្រាយបាន ណាមួយចំណាយការហូបចុកគ្រប់យ៉ាង ខ្ញុំរត់មិនរួចទេ»។
របាយការណ៍ក្រសួងមហាផ្ទៃឱ្យដឹងថា ក្នុងឆ្នាំ២០១៨ ពលរដ្ឋខ្មែរចំនួន ១៨ប្រទេស មានថៃ កូរ៉េ ខាងត្បូង និងចិនជាដើម ដែលអាជ្ញាធរប្រទេសទាំងនោះចាប់បញ្ជូនត្រឡប់មកកម្ពុជា ដោយសារស្នាក់នៅ និងធ្វើការខុសច្បាប់ មានចំនួនជាង ៣ម៉ឺន ១ពាន់នាក់ (៣១.៦០៩) ក្នុងនោះពលករស្រីមានជាង ១ម៉ឺននាក់ (១០.៨២៨) ហើយកុមារមានជិត ៣ពាន់នាក់ (២,៩១៤) ក្នុងនោះប្រទេសថៃ ចាប់បញ្ជូនមកច្រើនជាងគេមានជាង ៣ម៉ឺននាក់ (៣០.៦៣៦)។
របាយការណ៍ក្រសួងការងារឱ្យដឹងថា សព្វថ្ងៃមានពលករធ្វើការងារនៅប្រទេសថៃជាង ១លាននាក់។ លោក ហង់ ជូនណារ៉ុន ឱ្យដឹងថា ក្នុងនោះពលករដែលនៅខេត្តជាប់ព្រំដែនថៃច្រើនជាងគេ។ អ្នកស្រី អ៊ុក ឆាយវី យល់ថាការធ្វើចំណាកស្រុកនឹងកាន់តែច្រើនឡើង ប្រសិនបើស្ថានការណ៍នយោបាយនៅកម្ពុជាអួអាប់ដូចសព្វថ្ងៃ ស្របពេលដែលសហគមន៍អឺរ៉ុបបានដកការអនុគ្រោះពន្ធ EBA នាំចូលទំនិញពីកម្ពុជា ហើយធ្វើឱ្យកម្មកររោងចក្រជាច្រើនប្រឈមអត់ការងារធ្វើដោយសាររោងចក្របិទ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
