កត្តានេះបានជំរុញឲ្យប្រទេសសមាជិកអាស៊ានមួយចំនួន ដូចជាថៃ កម្ពុជា ឡាវ ភូមា ឬ មីយ៉ាន់ម៉ា បានក្លាយជាប្រទេសផ្គត់ផ្គង់ឈើយ៉ាងសំខាន់ សម្រាប់ទីផ្សារឈើប្រណិតរបស់ចិន ហើយភាគច្រើន ចិនធ្វើអាជីវកម្មឈើប្រណិតដោយខុសច្បាប់។
ប្រទេសភាគច្រើននៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បានចាត់ទុកថាជាមូលដ្ឋានផ្គត់ផ្គង់ឈើទៅឲ្យប្រទេសចិន ។ ហើយប្រទេសសមាជិកអាស៊ានមួយចំនួន បាននាំចេញឈើដោយខុសច្បាប់ទៅប្រទេសចិន ដើម្បីបំពេញ តម្រូវការខ្ពស់របស់ប្រទេសនេះ ដែលកើនឡើងរៀងរាល់ឆ្នាំ។
ទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន ដែលហៅកាត់ថា អ៊ីអាយអេ (EIA) ចេញផ្សាយរបាយការណ៍នៅខែវិច្ឆិកា ឆ្នាំ២០១២ អំពីមហិច្ឆតាធ្វើឲ្យវិនាសកម្មអាជីវកម្មឈើប្រណិតខុសច្បាប់របស់ប្រទេសចិន បានបង្ហាញថា ប្រទេសចិន ជាប្រទេសដែលនាំចូលឈើខុសច្បាប់ច្រើនជាងគេនៅលើពិភពលោក ដែលបានចំណាយទឹកប្រាក់ប្រមាណ ៤ពាន់លានដុល្លារក្នុងមួយឆ្នាំ។
ការកើនឡើងនាំចូលឈើខុសច្បាប់ គឺដោយសារតែសេដ្ឋកិច្ចចិន កំពុងរីកលូតលាសខ្លាំង ដែលជំរុញឲ្យតម្រូវឈើខុសប្រណិតសម្រាប់សាងសង់។ ម៉្យាងវិញទៀត ប្រទេសចិន ពេញនិយមយកឈើប្រណិតទៅធ្វើជាគ្រឿងសង្ហារិមផ្សេងៗ ក្នុងនោះមានសាឡុង ធ្វើពីឈើប្រណិតដែលមានតម្លៃរាប់ពាន់ដុល្លារ ហើយឈើប្រណិតទាំងអស់នាំចូលដោយខុសច្បាប់ពីប្រទេសកម្ពុជា ថៃ និងប្រទេសឡាវ។
ទាក់ទងនឹងបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា បានចេញសារាចរមួយដើម្បីបញ្ឈប់ការប្រើប្រាស់ឈើក្នុងប្រទេស និងការនាំចេញឈើប្រណិត។ លោកបញ្ជាក់ទៀតថា ដើម្បីអនុវត្តសារាចរនេះ គឺត្រូវមានយន្តការព្រមព្រៀងគ្នារវាងអ្នកបញ្ចាទិញឈើពីប្រទេសផ្សេងផងដែរ។
លោក ហ៊ុន សែន៖ «ហើយត្រូវទាក់ទងប្រទេសដែលសម្រាប់តែចរាចរណ៍ឈើគ្រញូងទៅកាន់ គឺសុំឲ្យប្រទេសនោះឈប់ទទួលទិញតែម្ដង។ វាទាល់តែមានវិធីហ្នឹង បើមិនអ៊ីចឹងវានៅតែមកទៀត។ ការកែច្នៃគ្រឿងគ្រញូង គឺត្រូវបានបញ្ចប់។ … ព្រោះកន្លងទៅយើងចេះតែថា សម្រួលស្អីហ្នឹង ចេះតែឆ្លងកាត់មក ហើយឆ្លងកាត់មកយើងចេះតែទៅទៀត។ កាប់របស់គេផងៗ។ អ៊ីចឹងបានជាខ្ញុំបានចុះហត្ថលេខាលើសារាចរពីម្សិលមិញ ហើយសារាចរហ្នឹងយើងត្រូវអនុវត្តទាំងអស់គ្នា។ បើមិនអ៊ីចឹងទេ នៅតែមានអ្នកប្រើប្រាស់ នៅតែមានអ្នកផ្គត់ផ្គង់»។
ទោះជាលោកនាយករដ្ឋមន្ត្រីអះអាងដូច្នេះ អ្នកវិភាគសង្គមវិញយល់ថា កត្តាជំរុញសំខាន់នាំឲ្យមានការកាប់ឈើដោយខុសច្បាប់ គឺទីផ្សារធំរបស់ចិន បញ្ហាច្បាប់ដែលអនុវត្តន៍នៅក្នុងប្រទេសដែលមានឈើប្រណិតនៅទន់ខ្សោយ រួមទាំងតម្លៃឈើប្រណិតមានតម្លៃខ្ពស់ជាដើម។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានស្វាគមន៍ចំពោះ ការចេញចរាចររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែលោករំលឹកថា ការហាមប្រាមរយៈកាលកន្លងមក គឺហាក់ដូចជាមិនមានប្រសិទ្ធភាពឡើយ។ លោកបញ្ជាក់ថា ភាពមិនមានប្រសិទ្ធភាពអាចបណ្ដាលមកពីកត្តាជាច្រើន ដូចជាច្បាប់ ឆន្ទៈអនុវត្តន៍ប្រឆាំងទៅនឹងការកាប់ឈើខុសច្បាប់ និងការនាំចេញជាដើម។
លោក អ៊ូ វីរៈ៖ «តាមជាក់ស្ដែង យើងចង់ដឹងមានប្រសិទ្ធភាព ឬមិនមានប្រសិទ្ធភាព ឈើវាស្រួល វាអត់ចេះដើរទៅណាខ្លួនឯងទេ។ អ៊ីចឹងនៅពេលដែលមានព្រៃឈើច្រើន ក្លាយទៅជាប្រទេសដែលអត់សូវមាន ដែលបាត់បង់ព្រៃឈើ បានន័យថា មានអ្នកកាប់។ ដល់អ៊ីចឹង សំណួរសួរថា ហេតុអ្វីបានរដ្ឋាភិបាលអត់មានវិធានការការពារព្រៃប្រកបដោយប្រសិទ្ធភាព? ចម្លើយវាអាចទាក់ទងរឿងឆន្ទៈ ឬមួយសមត្ថភាព ប៉ុន្តែស្ថានភាពនៅប្រទេសកម្ពុជា ខ្ញុំមើលទៅមានទាំងពីរ គឺទាក់ទងរឿងឆន្ទៈផង និងរឿងសមត្ថភាពផង»។
លោកបញ្ជាក់ទៀតថា ភាពខ្វះខាតសមត្ថភាពក្នុងការទប់ស្កាត់ការកាប់ឈើខុសច្បាប់ គឺងាយស្រួលក្នុងការដោះស្រាយតាមរយៈជំនួយបច្ចេកទេសរបស់ស្ថាប័ន ឬអង្គការក្រៅរដ្ឋាភិបាលនានា។ ប៉ុន្តែបញ្ហាប្រឈមធ្ងន់ធ្ងរនោះ គឺភាពខ្វះខាតឆន្ទៈ ដែលបានក្លាយជាហានិភ័យយ៉ាងអាក្រក់មួយដល់ព្រៃឈើនៅកម្ពុជា។
ក្រៅពីកត្តានេះ កត្តាទាក់ទាញពីអ្នកបញ្ជាទិញឈើប្រណិតវិញ គឺការឲ្យតម្លៃខ្ពស់របស់ប្រទេសចិន។
លោក អ៊ូ វីរៈ មានប្រសាសន៍បន្ថែមថា តម្លៃឈើនៅប្រទេសកម្ពុជា មានតម្លៃទាបជាប្រទេសជិតខាង និងប្រទេសចិន ដែលធ្វើមានការចរាចរឈើប្រណិតទៅប្រទេសជិតខាង ឬផ្គត់ផ្គង់ផ្ទាល់ដល់ប្រទេសចិន។
លោក អ៊ូ វីរៈ៖ «កម្ពុជារកស៊ីគ្រញូងច្រើន តែរត់ពន្ធទៅប្រទេសវៀតណាម និងទៅប្រទេសចិន ហើយបើយើងមើលមែនទែន គឺគ្រញូងនៅប្រទេសវៀតណាម គឺថ្លៃជាងប្រទេសកម្ពុជា ១ជា៥។ គ្រញូងនៅប្រទេសចិន គឺថ្លៃជាងប្រទេសកម្ពុជា ១ជា១០។ ដោយសារអ៊ីចឹងហើយ បានជាអ្នករកស៊ីគ្រញូងចេះតែនាំឈើទៅប្រទេសចិន»។
បញ្ជាក់អំពីបញ្ហានេះ របាយការណ៍របស់ទីភ្នាក់ងារស៊ើបអង្កេតបរិស្ថានដដែលបានបង្ហាញថា ប្រទេសឡាវ ជាទីកន្លែងដែលមានឈើប្រណិតដ៏កម្រ ដែលមានតម្លៃរហូតដល់ ១៨.០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រគីប ដែលមានតម្លៃខ្ពស់ជាងប្រទេសសមាជិកអាស៊ានដទៃទៀត។
ការចង់បានឈើប្រណិតរបស់ប្រទេសចិននេះ កំពុងរុញច្រើនឲ្យមានការធ្វើអាជីវកម្មឈើខុសច្បាប់ ជាពិសេសនៅអាស៊ី ហើយបញ្ហានេះបានបង្កឲ្យមានជម្លោះរវាងប្រជាជន សកម្មជនការពារព្រៃឈើផងដែរ។ ហើយការនាំចូលឈើប្រណិតនៅប្រទេសចិន បានជំរុញឲ្យការនាំចេញផលិតផលពីឈើរបស់ចិន កើនឡើងខ្ពស់ រួមមានគ្រឿងសង្ហារិម សម្ភារៈប្រើប្រាស់ និងផលិតផលធ្វើពីក្រដាសជាដើម ដែលតាមការប៉ាន់ មានតម្លៃប្រមាណ ៣៤ពាន់លានដុល្លារអាមេរិកនៅទសវត្សរ៍ចុងក្រោយនេះ។
របាយការណ៍របស់ទីភ្នាក់ងារស៊ើបអង្កេតបរិស្ថានបានបង្ហាញថា ការទទួលបានធនធានហិរញ្ញវត្ថុច្រើនពីការលក់ឈើខុសច្បាប់ បានបង្កជាជម្លោះប្រដាប់អាវុធនានានៅប្រទេសមួយចំនួន ក្នុងនោះមានប្រទេសសមាជិកអាស៊ានដែរ ដូចជាប្រទេសកម្ពុជា និងភូមា ឬមីយ៉ាន់ម៉ា ជាដើម។ ហើយអំពើហិង្សា និងឃាតកម្ម តែងតែជាប់ទាក់ទងនឹងការជួញដូរឈើខុសច្បាប់រវាងសកម្មជនការពារព្រៃឈើនៅតាមមូលដ្ឋាន និងអ្នកសារព័ត៌មានជាដើម។
ប្រទេសចិនបាននាំចូលឈើខុសច្បាប់មានចំនួនជាង ១៣លានម៉ែត្រគីប ស្មើនឹងទឹកប្រាក់ ១.៦០០លានដុល្លារអាមេរិកនៅឆ្នាំ២០០០។ ប៉ុន្តែចំនួននេះបានកើនឡើងរហូតដល់ ៤២លានម៉ែត្រគីប ស្មើនឹងជាង ៨ពាន់លានដុល្លារនៅឆ្នាំ២០១១ ក្នុងនោះបាននាំចូលឈើដោយខុសច្បាប់យ៉ាងហោចណាស់ជាង ១៨លានម៉ែត្រគីប ស្មើនឹងទឹកប្រាក់ជិត ៤ពាន់លានដុល្លារអាមេរិក។ ហើយប្រទេសដែលនាំចេញឈើប្រណិតខុសច្បាប់វិញ ភាគច្រើនមកពីអាស៊ី និងអាហ្វ្រិក បាត់បង់ថវិកាប្រមាណ ១៥ពាន់លានដុល្លារ តាមរយៈការបង្កើតចំណូល និងពន្ធដារ។ ក្នុងនោះដែរ មានប្រទេសសមាជិកអាស៊ាន៥ បានរាយការណ៍ថា បាននាំចេញឈើដោយខុសច្បាប់ទៅបរទេស រួមមានប្រទេសថៃ វៀតណាម ឡាវ ភូមា ឬមីយ៉ាន់ម៉ា និងប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
