សង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរខេត្តព្រះវិហារ ចាត់វិធានការទប់ស្កាត់សកម្មភាពជនជាតិចិនឆ្លងដែនខុសច្បាប់ពីប្រទេសឡាវចូលមកកម្ពុជា និងពីកម្ពុជាចេញទៅឡាវក្នុងភូមិសាស្ត្រឃុំកំពង់ស្រឡៅ១ និងឃុំកំពង់ស្រឡៅ២ ស្រុកឆែបឱ្យមានប្រសិទ្ធភាព។
ការជំរុញនេះ បន្ទាប់ពីអ្នកភូមិរាយការណ៍ថា សកម្មភាព ជនជាតិចិនលួចឆ្លងដែនខុសច្បាប់តាមទន្លេមេគង្គពីប្រទេសឡាវ ចូលមកកម្ពុជានិងពីកម្ពុជាទៅឡាវ កំពុងកើតមានយ៉ាងខ្លាំង ប៉ុន្តែការបង្ក្រាបរបស់អាជ្ញាធរមូលដ្ឋានហាក់មានតិចតួច។
ពលរដ្ឋមួយចំនួន នៅឃុំកំពង់ស្រឡៅ១និងឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារអះអាងថា សកម្មភាពរត់ពន្ធជនជាតិចិនឆ្លងដែនខុសច្បាប់ពីប្រទេសឡាវចូលមកកម្ពុជានិងពីកម្ពុជាទៅឡាវ ឆ្លងទន្លេមេគង្គ កំពុងកើតមានទាំងយប់ទាំងថ្ងៃ បើទោះបីជាមានកម្លាំងចម្រុះរបស់រដ្ឋាភិបាលជាច្រើន ដាក់ពង្រាយដើម្បីចាំទប់ស្កាត់នៅទីនោះក្តី។
សកម្មភាពជនជាតិចិន ជិះទូកឆ្លងទន្លេមេគង្គពីឡាវមកកម្ពុជាដោយខុសច្បាប់
បុរសអ្នកភូមិកំពង់ស្រឡៅ២ម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ ដោយបារម្ភពីសុវត្ថិភាព ឱ្យដឹងថាស្ទើរតែរាល់ថ្ងៃមានជនជាតិចិន ជិះទូកឆ្លងទន្លេមេគង្គពីប្រទេសឡាវ ចូលមកកម្ពុជាដោយខុសច្បាប់។ លោកថា បន្ទាប់ពីជនជាតិចិនទាំងនោះបានឆ្លងទូកពីប្រទេសឡាវ ចូលដល់ទឹកដីកម្ពុជារួចហើយ គឺមានឡានទំនើបៗមកដឹកចេញទៅកន្លែងផ្សេងភ្លាម។
បុរសអ្នកឃុំកំពង់ស្រឡៅ២៖ «ខ្ញុំឃើញនិងមុខ គឺចិនឆ្លងទូកមកគេឱ្យស្នាក់នៅនិងមាត់ទន្លេអង្គុយរង់ចាំនៅពេលឡានមកដល់ទើបដឹកចេញទៅ។ ជួនកាលឡានដឹកយកទៅទុកនៅកន្លែងកាស៊ីណូចិននៅទឹកជ្រោះព្រះនិមិត្តសិន រង់ចាំដល់ពេលយប់ទើបដឹកចេញទៅភ្នំពេញ។ កាលណោះខ្ញុំជិះម៉ូតូជួបចិនឡើងពីទន្លេទើបតែឆ្លងពីឡាវមក។ អ្វីដែលខ្ញុំឃើញចំនួនតិចទេ តែបើប្រជាពលរដ្ឋឃើញគឺច្រើន។ អ្នកភូមិទីនេះគេឃើញស្ទើរគ្រប់គ្នាហើយក៏គេដឹងច្រើនគ្នាដែរ ។ ជួនកាលឃើញគេយកឡានទៅដឹកម្នាក់ពីរនាក់ ជួនកាលពេញ១ឡានក៏មាន។ ខ្ញុំមិនចង់ហ៊ាននិយាយទេខ្លាចដឹងដល់គេ គេរករឿងខ្ញុំ ប៉ុន្តែពលរដ្ឋដឹងគ្រប់តែគ្នា»។
ច្រកព្រំដែនផ្លូវទឹកច្រើនកន្លែងទៀតដែលជនជាតិចិនឆ្លងចូលខុសច្បាប់
អ្នកភូមិឱ្យដឹងទៀតថា បច្ចុប្បន្ននេះ មានច្រកព្រំដែនផ្លូវទឹកជាច្រើនកន្លែង ដែលជនជាតិចិនតែងលួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ដូចជាច្រកតំបន់ទឹកធ្លាក់ព្រះនិមិត្ត នៅភូមិកំពង់សាមី ត្រង់តំបន់ចុងភូមិ និងដើមភូមិ នៅភូមិកំពង់ជ្រៃ ត្រង់ម្តុំចន្លោះពីភូមិកំពង់ជ្រៃនិងភូមិកំពង់ព្រះឥន្ទ្រ នៅភូមិកំពង់ក្រសាំងមានច្រកចំនួន២ និងនៅភូមិកំពង់ពោធិ នាតំបន់ព្រៃជាប់ច្រមុះភ្នំជាដើម។
អ្នកភូមិ រិះគន់ថា នៅតាមច្រកព្រំដែនទាំងនោះ គឺសុទ្ធតែមានកម្លាំងចម្រុះរបស់រដ្ឋាភិបាល ដាក់ពង្រាយដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់និងទប់ស្កាត់សកម្មភាពរត់ពន្ធគ្រឿងញៀនឆ្លងដែន ក៏ប៉ុន្តែហេតុអ្វីបានជាជនជាតិចិននៅតែអាចលួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជានិងឆ្លងទៅឡាវបាន?។
វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយជុំវិញការលើកឡើងរបស់ពលរដ្ឋនេះពីអ្នកនាំពាក្យសាលាខេត្តព្រះវិហារ លោក ណុប វុធ្ធី និងពីស្នងការនគរបាលខេត្តព្រះវិហារ លោក សួស សុខដារ៉ា បាននៅឡើយ នៅថ្ងៃទី២៧ ខែកុម្ភៈ។
អត្ថបទដែលទាក់ទង៖
ប៉ុន្តែតាមរបាយការណ៍កិច្ចប្រជុំប្រចាំខែរបស់រដ្ឋបាលស្រុកឆែប កាលពីថ្ងៃទី២១ ខែកុម្ភៈ អភិបាលស្រុកស្តីទី លោក អ៊ុំ សុភឿន បានទទួលយកការរាយការណ៍របស់ពលរដ្ឋដែលថា មានជនជាតិចិនតែងលួចឆ្លងដែនខុសច្បាប់ពីឡាវ ចូលមកកម្ពុជា និងពីកម្ពុជាទៅឡាវ កំពុងកើតមានទាំងយប់ទាំងថ្ងៃនេះ។ លោក អ៊ុំ សុភឿន ជំរុញឱ្យកម្លាំងចម្រុះដែលដាក់ពង្រាយនៅតាមច្រកព្រំដែន ត្រូវរឹតបន្តឹងលើការអនុវត្តច្បាប់ថែមទៀត ដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍ឆ្លងដែនខុសច្បាប់ឱ្យមានប្រសិទ្ធភាព។
របាយការណ៍នៃកិច្ចប្រជុំស្ដីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសនៅតាមព្រំដែនកម្ពុជា-ឡាវ របស់សាលាខេត្តព្រះវិហារ កាលពីខែវិច្ឆិកាឆ្នាំ២០២៤ ក៏ធ្លាប់បញ្ជាក់ដែរថា គិតត្រឹមខែតុលាឆ្នាំ២០២៤ សមត្ថកិច្ចខេត្តព្រះវិហារ បានឃាត់ខ្លួនជនជាតិចិនឆ្លងដែនខុសច្បាប់ចំនួន៥៦នាក់ និងបង្ក្រាបបទល្មើសគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យចំនួន ២១នាក់ ព្រមទាំងដកហូតបានគ្រឿងញៀនជាច្រើនប្រភេទទម្ងន់ជាង ៦៤៨គីឡូក្រាមផង។
អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បង្ហាញការព្រួយបារម្ភខ្លាំងចំពោះបញ្ហានេះ។ លោក អ៊ុំ សំអាន យល់ថា បញ្ហាជនជាតិចិនឆ្លងដែនខុសច្បាប់ពីប្រទេសឡាវ ចូលមកកម្ពុជា នៅតែកើតមាន គឺដោយសារតែមានមន្ត្រីរដ្ឋាភិបាលខ្លះជាប់ពាក់ព័ន្ធ រួមនិងអំពើពុករលួយទទួលសំណូកជាដើម។
លោក អ៊ុំ សំអាន ព្រមានថាប្រសិនបើរដ្ឋាភិបាល មិនបង្ក្រាបសកម្មភាពជនជាតិចិនលួចឆ្លងដែនខុសច្បាប់ឱ្យមានប្រសិទ្ធភាពទេ គឺកម្ពុជានៅតែប្រឈមជាមួយបញ្ហាជាច្រើន។
លោក អ៊ុំ សំអាន៖«បើបទល្មើសរត់ពន្ធជនជាតិចិនឆ្លងដែនខុសច្បាប់នៅតែកើតមាននៅតាមព្រំដែន គឺវានឹងមានបទល្មើសពាក់ព័ន្ធនិងការបង្ខាំងមនុស្សឱ្យឆបោកតាមប្រព័ន្ធអនឡាញ ការចាប់ជំរិតមនុស្សទារប្រាក់ ហើយនិងការជួញដូរគ្រឿងញៀន។ល។ បញ្ហាទាំងអស់នេះគឺប៉ះពាល់ដល់មុខមាត់របស់រដ្ឋាភិបាលកម្ពុជាទៅដល់ភ្ញៀវទេសចរដែលគេចង់មកលេងនៅស្រុកខ្មែរ បែរជាគេមិនហ៊ានមកលេងនិងប៉ះពាល់ការវិនិយោគ ព្រមទាំងប៉ះពាល់ដល់សេដ្ឋកិច្ចជាដើម»។
ស្រដៀងគ្នានេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ក៏ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវតែបង្ក្រាបចំពោះករណីជនជាតិចិនឆ្លងដែនខុសច្បាប់នេះ ។ លោកថា កន្លងទៅរដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជាយ៉ាងច្រើនឱ្យសមត្ថកិច្ចនៅតាមព្រំដែនត្រូវអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ក្នុងការទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់ និងបទល្មើសផ្សេងៗ។
លោក អំ សំអាត បញ្ជាក់ថា បើសិនជាដូចពលរដ្ឋអះអាងថា មានជនជាតិចិនលួចឆ្លងដែនខុសច្បាប់ ហើយសមត្ថកិច្ចមូលដ្ឋានបែរជាមិនបង្ក្រាបមែន វាគឺជាការខុសច្បាប់។
លោក អំ សំអាត៖«ចំពោះអាជ្ញាធរមូលដ្ឋាន បើសិនជាមានជនជាតិចិនឆ្លងដែនខុសច្បាប់ ដូចអ្នកភូមិអះអាងមែន បើទោះបីជាមិនហ៊ានចាប់ ក៏គួររាយការណ៍ទៅថ្នាក់ជាតិ ថ្នាក់លើឱ្យចាត់វិធានការលើបញ្ហានោះ។ បើមិនរាយការណ៍អ្វីទាំងអស់មានន័យថា ស្មើនិងខ្លួនឯងចូលរួមចំណែកធ្វើឱ្យបញ្ហាទាំងអស់នោះកើតឡើង»។
បច្ចុប្បន្ននេះជនជាតិចិនដែលឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា មានចំនួនកាន់តែច្រើនឡើងៗ។ ជនជាតិចិនទាំងនោះ បានចូលមកធ្វើសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ ជួញដូរគ្រឿងញៀន ជួញដូរមនុស្ស លាងលុយកខ្វក់ បង្កការវាយតប់និងបាញ់បោះសេរីនៅតាមទីសាធារណៈជាដើម។
កាលពីថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២៤ សមត្ថកិច្ចកម្ពុជាធ្លាប់បានចាប់ខ្លួនជនជាតិចិនចំនួន២៤០នាក់ ដែលពាក់ព័ន្ធនិងការឆបោកតាមប្រព័ន្ធអនឡាញ បញ្ជូនត្រឡប់ទៅប្រទេសចិនវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។