សង្គមស៊ីវិលនិងអ្នកនយោបាយបក្សប្រឆាំង បានជំរុញឱ្យសមត្ថកិច្ចរដ្ឋាភិបាល បើកការត្រួតពិនិត្យអាគាររបស់ក្រុមហ៊ុនចិនមួយកន្លែង នៅក្បែរទន្លេមេគង្គនៃរមណីយដ្ឋានទឹកជ្រោះព្រះនិមិត្ត ជាប់ព្រំដែនកម្ពុជា-ឡាវ ក្នុងឃុំកំពង់ស្រឡៅពីរស្រុកឆែប ខេត្តព្រះវិហារ។
ការជំរុញនេះ ធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ថា កន្លែងក្រុមហ៊ុនចិននោះ គឺមានដឹកជញ្ជូនជនជាតិចិនប្លែកៗចូលទៅក្នុងអាគាររួចហើយហាមឃាត់យ៉ាងតឹងរ៉ឹង មិនឱ្យដើរចេញក្រៅ ព្រមទាំងព្យាយាមហាមឃាត់ពលរដ្ឋខ្មែរ មិនឱ្យចូលទៅក្បែរកន្លែងរបស់ពួកគេផង។
«មានឡានដឹកជញ្ជូនជនជាតិចិនមក»
ប្រជាពលរដ្ឋខ្លះ នៅឃុំកំពង់ស្រឡៅពីរ នៃស្រុកឆែប ខេត្តព្រះវិហារ កំពុងសង្កេតឃើញថា ក្រុមហ៊ុនចិនមួយដែលមានអាគារសង់នៅក្បែរទឹកជ្រោះព្រះនិមិត្តនៃដងទន្លេមេគង្គ ជាប់ព្រំដែនកម្ពុជា-ឡាវ កំពុងមានសកម្មភាពខុសប្រក្រតី។
បុរសអ្នកភូមិកំពង់ស្រឡៅពីរម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ ដោយបារម្ភពីសុវត្ថិភាពឱ្យដឹងថា ជាញឹកញាប់គាត់តែងឃើញរថយន្តទំនើបៗ ដឹកជញ្ជូនជនជាតិចិនប្លែកមុខជាច្រើនចូលទៅក្នុងអាគារ របស់ក្រុមហ៊ុនចិនមួយនេះ។ លោកថាជនជាតិចិន ដែលគេយកចូលទៅក្នុងអាគារហើយ គឺមានការយាមកាមយ៉ាងតឹងរ៉ឹង មិនឱ្យចេញមកក្រៅវិញទេ។ ជាញឹកញាប់ក្រុមហ៊ុនចិន ក៏ព្យាយាមបិទច្រកមិនចង់ឱ្យប្រជាពលរដ្ឋខ្មែរ ចេញចូលទៅលេងកំសាន្តនៅតំបន់ទឹកជ្រោះព្រះនិមិត្តដែរ។
បុរសអ្នកភូមិកំពង់ស្រឡៅ២៖ «មានឡានដឹកជញ្ជូនជនជាតិចិនមក មានចេញមានចូល។ ខ្ញុំឃើញការដឹកជញ្ជូនហ្នឹងញឹកញាប់ដែរ ជួនកាល២-៣ថ្ងៃឃើញម្ដង ជួនកាលក៏ឃើញរាល់ថ្ងៃ។ ជនជាតិចិននៅក្នុងអាគារនោះតាមប៉ានស្មានអាចច្រើន តែគេមិនឱ្យចេញទេ គឺគេឱ្យសម្ងំតែក្នុងបន្ទប់អាគារ។ ខ្ញុំព្រួយបារម្ភខ្លាចថា ចិនអាចធ្វើសកម្មភាពអ្វីខុសច្បាប់នៅទីនោះ ។ បើអាជ្ញាធរចូលទៅពិនិត្យក៏ល្អដែរ ដើម្បីសុវត្ថិភាព ពីព្រោះជួនកាលជនជាតិចិនទាំងនោះបង្កបញ្ហាអ្វីមួយក៏យើងមិនបានដឹង។ខ្ញុំឃើញកន្លែងចិននោះ មានសន្តិសុខនៅយាមប្រចាំការ មិនមែនប៉ូលិសទេ ហើយសន្តិសុខទាំងនោះ មិនមែនជាអ្នកភូមិនេះឡើយ មិនដឹងជាគេយកមកពីណា ពីព្រោះខ្ញុំមិនដែលស្គាល់ក្រុមសន្តិសុខទាំងនោះទេ»។
អ្នកភូមិឱ្យដឹងថា អាគាររបស់ក្រុមហ៊ុនចិន នៅក្បែរតំបន់ទឹកជ្រោះព្រះនិមិត្តនោះ គឺជាកាស៊ីណូអនឡាញ។
ការព្រួយបារម្ភរបស់ពលរដ្ឋខ្មែរនៅទីនោះ កើតឡើងបន្ទាប់ពីក្រុមឧក្រិដ្ឋជនបានរត់ពន្ធគ្រឿងញៀនជាច្រើនឆ្លងកាត់តំបន់នោះ ហើយក៏មានជនជាតិចិនជាច្រើនបានលួចឆ្លងដែនពីប្រទេសឡាវ ចូលមកកម្ពុជាដោយខុសច្បាប់ដែរ។
វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយរឿងនេះ ពីអ្នកនាំពាក្យសាលាខេត្តព្រះវិហារ លោក ណុប វុធ្ធី និងពីស្នងការនគរបាលខេត្តព្រះវិហារ លោក សួស សុខដារ៉ា បាននៅឡើយនៅថ្ងៃទី១៩ ខែកុម្ភៈ។
ប៉ុន្តែយោងតាមរបាយការណ៍នៃកិច្ចប្រជុំស្ដីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសនៅតាមព្រំដែនកម្ពុជា-ឡាវ របស់សាលាខេត្តព្រះវិហារ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ឱ្យដឹងថា គិតត្រឹមខែតុលាឆ្នាំ២០២៤ សមត្ថកិច្ចខេត្តព្រះវិហារ ធ្លាប់ឃាត់ខ្លួនជនជាតិចិនឆ្លងដែនខុសច្បាប់ចំនួន៥៦នាក់ ព្រមទាំងបង្ក្រាបបទល្មើសគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យចំនួន២១នាក់ និងដកហូតបានគ្រឿងញៀនជាច្រើនប្រភេទទម្ងន់ជាង ៦៤៨គីឡូក្រាមផង។
សមត្ថកិច្ច «ត្រូវបើកការស៊ើបអង្កេត»
ជុំវិញការសង្ស័យរបស់ពលរដ្ឋទៅលើកន្លែងរបស់ចិននេះ អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានជំរុញឱ្យក្រសួងមហាផ្ទៃនិងសមត្ថកិច្ចខេត្តព្រះវិហារ ត្រូវបើកការស៊ើបអង្កេតនិងចូលទៅត្រួតពិនិត្យឱ្យបានច្បាស់លាស់។ លោកថា សមត្ថកិច្ចគួរតែចូលទៅពិនិត្យនៅកន្លែងចិននោះថា តើមានបទល្មើសនៃការហូរចូលជនជាតិចិនខុសច្បាប់ អំពើជួញដូរគ្រឿងញៀននិងបទល្មើសផ្សេងៗទៀតដែរឬទេ?។
លោក អ៊ុំ សំអាន៖ «ប្រសិនបើសមត្ថកិច្ចរកឃើញថា ទីនោះមានបទល្មើសគឺត្រូវតែបង្ក្រាបឱ្យទាន់ពេលវេលា ដើម្បីកុំឱ្យប៉ះពាល់ទៅដល់មុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ ហើយក៏អាចប៉ះពាល់ដល់អ្នកវិនិយោគទុនសុចរិត ដែលគេចង់មកវិនិយោគនៅកម្ពុជាពិតប្រាកដ និងប៉ះពាល់ដល់ភ្ញៀវទេសចរ ដែលគេចង់មកលេងនៅកម្ពុជា ជាដើម»។
ស្រដៀងគ្នានេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ(LICADHO) លោក អំ សំអាត ក៏ជំរុញឱ្យសមត្ថកិច្ចកម្ពុជាបើកការស៊ើបអង្កេតនិងចូលទៅត្រួតពិនិត្យដែរ។ លោកថាប្រសិនបើសមត្ថកិច្ចកម្ពុជា រកឃើញថាក្រុមហ៊ុនចិន ដែលនៅក្បែរទឹកជ្រោះព្រះនិមិត្តជាប់ដងទន្លេមេគង្គនៃព្រំដែនកម្ពុជា-ឡាវនោះ មានបទល្មើស គឺត្រូវតែចាត់វិធានការផ្លូវច្បាប់ឱ្យបានជាដាច់ខាត។
លោក អំ សំអាត៖ «ពីព្រោះនៅកម្ពុជា កំពុងមានការរិះគន់ច្រើន ពាក់ព័ន្ធនិងរឿងឆបោកតាមប្រព័ន្ធអនឡាញ និងបទល្មើសផ្សេងៗទៀតដែលបង្កើតឡើងរវាងជនបរទេសជាមួយបរទេសដូចគ្នា ប៉ុន្តែនៅក្នុងទឹកដីកម្ពុជា។ ដូច្នេះចំណុចនេះគឺទាមទារឱ្យសមត្ថកិច្ចឬក៏អាជ្ញាធរត្រូវពង្រឹងការអនុវត្តន៍ច្បាប់ឱ្យបានហ្មឺងម៉ាត់»។
កម្ពុជាបច្ចុប្បន្ន កំពុងទទួលរងការរិះគន់ជាច្រើនពីអន្តរជាតិ ជុំវិញអំពើឆបោកតាមប្រព័ន្ធអនឡាញ ឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀន អំពើជួញដូរមនុស្ស ព្រមទាំងការលាងលុយកខ្វក់ ដែលបង្កឡើងដោយជនជាតិចិន។
ក្នុងរយៈពេល៦ខែ កាលពីដើមឆ្នាំ២០២៤ អាជ្ញាធរកម្ពុជាធ្លាប់ចាប់បញ្ជូនជនជាតិចិនចំនួនជាង១២០០នាក់ ដែលជាប់ពាក់ព័ន្ធនិងអំពើឆបោកតាមប្រព័ន្ធអនឡាញក្នុងប្រទេសកម្ពុជា ឱ្យវិលត្រឡប់ទៅប្រទេសចិនវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។