ប្រជាពល​រដ្ឋ​ខ្មែរ​កំពុង​ភ័យ​ខ្លាច​អំ​ពី​ឥទ្ធិពល​ចិន​នៅ​កម្ពុជា

0:00 / 0:00

អ្នក​វិភាគ​នយោបាយសង្គម​ ​និង​អ្នក​វិភាគ​ឯក​រាជ្យបាន​​​លើក​ឡើង​ថា កម្ពុជា​កំពុង​ទទួល​ឥទ្ធិពល​ចិន​​​​ ហើយបញ្ហានេះ​​បាន​ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​ខ្មែរ​​ភ័យ​ខ្លាច​ ​ដោយសារមានព័ត៌មាននៃ​ការ​បង្កើត​មូល​ដ្ឋានទ័ព​ចិន​ ​​​និង​លំ​ហូរ​ចូល​ជន​ជាតិចិន​ដ៏​ច្រើន​ ​ព្រម​ទាំងការ​​​បំណុលបរិស្ថាន​​ និង​​ការ​វិនិយោគ​​ទុន​របស់​ចិន​ខ្វះ​តម្លាភាព។ ប៉ុន្តែ​មន្រ្តី​រដ្ឋាភិបាល​​ច្រាន​ចោល​ការ​លើក​ឡើង​នេះ​ ​ដោយ​បកស្រាយថា ​​គឺ​មូលដ្ឋាន​ទ័ពរបស់​មហា​អំណាច​លោក​ខាង​លិច​ នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ និង​តំបន់​អាស៊ី​អាគ្នេយ៍ឯណោះទៅ​វិញទេ ដែលគួរ​ឱ្យ​ភ័យខ្លាច។

អ្នកវិភាគ​នយោបាយ​បណ្ឌិត​ ឡៅ ម៉ុងហៃ មាន​ប្រ​សាសន៍​ថា​ ​វត្ត​មានរបស់​ជន​ជាតិ​ចិនកាន់​តែ​ច្រើនទៅៗ​​ នឹង​ធ្វើ​ឲ្យ​មាន​ភាព​ចលាចល។ លោកថា​ ​​ការបើកដៃ ​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុនចិន​​រក​ស៊ី​នៅក្នុង​​ប្រទេស​កម្ពុជា​​ គឺ​ជា​គ្រោះ​ថ្នាក់ធំបំ​ផុត​សម្រាប់​​អនា​គត​ប្រជាពល​រដ្ឋ​ខ្មែរ​ ពី​ព្រោះ​ចិន​អាចនឹង​​ត្រួតត្រាកម្លាំង​សេដ្ឋ​កិច្ច​កម្ពុជា​។

បណ្ឌិត​ ឡៅ ម៉ុងហៃ បន្តថា ​ក្រុមហ៊ុន​ចិន​ទាំង​តូច​ទាំង​ធំ​កាន់តែ​រីក​ធំ​ទៅៗ ហើយ​​​​ពួកគេ​នឹង​គ្រប់​គ្រង​ធនធាន​ធម្មជាតិរបស់​ខ្មែរ​ ​ព្រម​ទាំង​​តំបន់​សមុទ្រ​ដែល​មាន​ភោគ​ទ្រព្យ​ល្អ ត្រូវ​បាន​អ្នក​វិនិយោគ​ចិន​យក​ទៅត្រួត​ត្រា​​ជា​បណ្តើរៗ​ ហើយ៖ «​បើ​សិន​ជា​យើង​បណ្តែត​បណ្តោយ​ឲ្យ​ជនជាតិ​ចិន​ ​ហើយ​អនុញ្ញាតិ​គេ​មក​កម្ពុជា​បន្តិច​ម្តងៗ​ ហើយ​គេ​មាន​វត្ត​មាន​ជន​ជាតិ​គេ​មក​​ដូច​សព្វថ្ងៃ​ គឺ​គេ​មក​កាន់​កាប់​ក្រុម​ហ៊ុន​រួម​ទាំង​ក្រុម​ហ៊ុន​អ​ចលនទ្រព្យ​នោះ​ហើយ​ ​គេចូល​សញ្ជាតិ​អី​ដូច​ជាងាយៗ​ ជាង​មុន​ ដូច្នេះ​គេ​អាច​កាន់​លិខិត​ឆ្លង​ដែន​ជា​ជន​ជាតិ​ខ្មែរ​ ខ្មែរ​តែ​ខ្លួន​ ប៉ុន្តែ​ចិត្ត​ថ្លើម​ គឺ​គេ​ចិន » របាយការណ៍​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ​សព្វថ្ងៃមានជន​ជាតិ​ចិនរស់​នៅក្នុង​ប្រទេស​កម្ពុជា​​​​រយ:​ពេល​វែង​​​ចំនួន ​២៥​ម៉ឺន​នាក់​ ​ក្នុង​នោះ​មាន​ប្រមាណ ​១០​ម៉ឺន​នាក់​​នៅ​ទី​ក្រុង​​ភ្នំពេញ​ ​និង​ជាង​​ ១១​ម៉ឺន​​នាក់​​នៅ​​ខេត្ត​ព្រះសី​ហនុ។​​​​​ ក្រៅ​ពី​នេះ​ នៅ​ខេត្ត​​ស្វាយ​រៀង មាន​ជន​ជាតិ​ចិន​ចំនួន​ជាង​ ២ម៉ឺន​​នាក់​ នៅ​​ខេត្ត​​បន្ទាយ​មាន​ជ័យ​មាន​ ជិត ​២​ម៉ឺន​នាក់ ​និង​នៅ​ខេត្ត​កណ្តាល​មាន​ជាង​ ​១ម៉ឺន​នាក់។

របាយ​ការណ៍​នេះ​​ក៍បាន​​ឲ្យ​ដឹង​ផង​ដែរ​ថា​ សព្វថ្ងៃ​មានក្រុម​ហ៊ុន​ចិនជិត​​មួយ​ពាន់​បួន​រយ (១.៤០០) ក្រុម​ហ៊ុន​ ​​បាន​ដាក់​ពាក្យធ្វើការ​វិនិយោគ​​​ជា​មួយ​ក្រុម​​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ក្នុង​នោះ​មាន​ប្រមាណ ​​១.​៣០០​​ក្រុម​ហ៊ុន​ ​បាន​វិនិយោគ​ទៅ​លើ​វិស័យ​រោង​ចក្រ​ សហ​គ្រាស ​និងមាន​​​ ៧០​​​ក្រុម​ហ៊ុន​ វិនិយោគ​ទៅ​លើ​​វិស័យ​​កសិកម្ម។

លោក​បណ្ឌិត​ឡៅ​ ម៉ង់​ហៃ​ ​បញ្ជាក់ថា​ ​​ចិន​ធ្លាប់​បាន​អញ្ជើញ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក​ ស ខេង ​និង​រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ជាតិលោក​ ទៀ បាញ់ ទៅ​​​ធ្វើ​​ទស្សនកិច្ច​​នៅ​​ប្រទេស​​ចិន​​ជា​​រឿយៗ​ ប៉ុន្តែ​លោក​មិន​បាន​ឃើញ​មាន​ការ​អញ្ជើញ​មន្រ្តី​រដ្ឋាភិបាល​​ពី​​​ក្រសួង​​ស៊ី​វិល​កម្ពុជា​ ​ដើម្បី​​ទៅ​​ធ្វើ​​ទស្ស​នកិច្ច​​នៅ​​ប្រទេស​​ចិន​​ទេ៖ «អ៊ីចឹង​​គេ​អាច​សន្និដ្ឋាន​ថា​ ​ចិន​មាន​ទំ​នាក់​ទំ​នងជា​មួយ​កង​ទ័ព​ច្រើន​ជាង​​ក្រសួង​​ឯ​ទៀតៗ»។

ដំណើរទស្សនកិច្ចចុងក្រោយរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក​ទៀ​ បាញ់​ ទៅ​ជួប​មន្ត្រី​យោធា​ជាន់​ខ្ពស់​​ចិន ថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅ​ទីក្រុង​ប៉េកាំង។ ក្នុង​​ដំណើរ​ទស្សនកិច្ច​នេះ​ ​លោក ​ទៀ បាញ់​ បាន​​​ចុះ​​ហត្ថលេខា​​លើ​​កិច្ច​ព្រម​ព្រៀង​មួយ​​ស្តី​ពី​​កិច្ច​​សហប្រតិបត្តិការ​​រវាង​​កង​ទ័ព​​កម្ពុជា​​ ​​ចិន​ ជា​មួយ​​រដ្ឋមន្ត្រី​​ក្រសួង​ការ​ពារ​ជាតិ​ចិន​ គឺ​លោក​ ​វី​ ហ្វេង​ហ៊ី (WEI FENG HE)។ ប៉ុន្តែ​មិន​បាន​បង្ហាញ​ជា​សាធារណៈ​នូវ​សេចក្តី​លំអិត​ជាក់លាក់​នៃ​កិច្ច​ព្រមព្រៀង​ទាំង​នោះ​ទេ។

ក្នុង​ខណ:​ វិល​ត្រ​ឡប់​ពី​ការ​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន​នៅរសៀល​​ថ្ងៃពុធ​ ទី​២៣ ​ខែ​​​តុលា លោក ​ទៀ​ បាញ់​ បាន​​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​​ស្រុក​​នៅ​​ឯ​វាល​យន្តហោះ​​អន្តរជាតិ​​ភ្នំ​ពេញ​ថា​​ រដ្ឋាភិបាល​ចិន ​នឹង​​បន្ដ​​ផ្ដល់​​ជំនួយ​​ឥត​​សំណង ដែល​​​មាន​​​ទឹក​​​ប្រាក់​​ចំនួន ៦០០លានយ័ន ស្មើ​នឹង​ប្រមាណ ៨៤លាន​​ដុល្លារ​អាមេរិក​​ដល់​​ប្រទេស​​កម្ពុជា​ ​​ដើម្បី​​ពង្រឹង​វិស័យ​យោធា​។

លោក​ ទៀ​ បាញ់​បានអះអាងថា ប្រាក់ជំនួយឥត​សំណង​របស់​​មហាមិត្តចិន​នេះគឺជាការបញ្ជាក់​អំពី​ការ​ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែក​យោធា​រវាង​​កម្ពុជា​ចិន។​លោកបន្ត​ថា ​​ចិនបាន​សន្យា​បន្ត​ផ្តល់​ជំនួយឥតសំណងដល់កម្ពុជា​ ដើម្បី​ពង្រឹង​​វិស័យយោធា ហើយ​​ទឹកប្រាក់ដែល​មាន​ចំនួន ៦០០លានយ័ន ​នេះ​​នឹង​​ប្រើ​ប្រាស់​​សម្រាប់​​យក​មក​ពិភាក្សា និងចាត់ចែងដើម្បីបង្កើននូវសមត្ថភាពវិស័យយោធាកម្ពុជា ដែល​កិច្ចសហប្រតិបត្តិការនេះ​ធ្លាប់​មាន​ជា​ស្រេច​រួច​មក​ហើយ។

​អ្នកវិភាគ​នយោបាយនិងសង្គម លោក គឹម សុខ និយាយថា ​ឥទ្ធិពល​ធំ​ពីរ​របស់​ចិន​ ដែល​ពលរដ្ឋ​​ខ្មែរ​​កំពុង​​ភ័យ​​ខ្លាច​​បំផុត​​នោះ​ គឺ​​មូលដ្ឋាន​​យោធា​​របស់​​ចិន​ ​ដែល​ហាក់​នៅ​តែ​ជា​​អាថ៍​កំបាំង ​​ហើយ​មូលដ្ឋាន​​ទ័ព​​នេះ​ ​​ក៏​បាន​​ធ្វើ​​​ឱ្យ​​​មាន​​ការ​​ព្រួយ​​បារម្ភ​ខ្លាំង​ ​ទៅ​​ដល់​​បណ្តា​​ប្រទេស​​នៅ​​ក្នុង​តំបន់ និង​​ប្រទេស​​សេរី​​មួយ​​ចំនួន​ទៀត​ ​​ក្នុង​​នោះ​​ក៏​​មាន​​សហរដ្ឋ​​អាមេរិក​​ផង​​ដែរ​។

លោក​ ​គឹម ​សុខ ​ដែលហ៊ានរិះគន់លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ឥតសំចៃមាត់​​​បន្ត​ថា​ ចិន​​ប្រើ​ប្រទេស​​​កម្ពុជា ​ដើម្បី​​បង្កើន​​ឋាមពល​​គ្រប់​គ្រង​ ​វាត​ទី​និយម​របស់​​ខ្លួន​ក្នុង​​តំបន់​​ ហើយ​​រឿង​​នេះ​​នឹង​​ធ្វើ​​ឲ្យ​​ប៉ះ​ពាល់​​ដល់​​សន្តិសុខ​​ក្នុង​​​ប្រទេស​​​កម្ពុជា៖ «ខ្ញុំ​​គិត​​ថា​ មាន​​ឥទ្ធិពល​​ធំ​​ពីរ​ ដែល​​ប្រ​ឈម​​ចំពោះ​​មុខ​ ធ្វើ​​ឲ្យ​​ប្រជា​ពល​រដ្ឋ​ខ្មែរ​​មាន​​ការ​​ព្រួយ​​បារម្ភ​​យ៉ាង​​ខ្លាំង​ ចំពោះ​ការ​​លូក​​ដៃ​​របស់​​ចិន​ ​មក​​ក្នុង​​ផ្ទៃ​​ក្នុង​​ប្រទេស​​កម្ពុជា »។

របាយការណ៍មួយ​ដែល​បាន​ចេញ​ផ្សាយ​​ក្នុងកាសែត​ The Wall Street Journal កាល​ពី​ថ្ងៃ​ទី២១ ខែ​កក្កដា​កន្លង​​ទៅ​​នេះ ​បាន​​ដក​​ស្រង់​​សម្តី​​មន្ត្រី​អាមេរិក ដែល​​បាន​​និយាយ​ថា ទីក្រុង​​ភ្នំពេញ និង​​ទីក្រុង​​ប៉េកាំង​​បាន​ចុះ​​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ ដែល​បាន​អនុញ្ញាតឱ្យចិនចូលទៅបង្កើត​មូលដ្ឋាន​ទ័ព​​នៅ​កំពង់​ផែ​រាម​នៅ​ជាយ​ក្រុង​​​​​ព្រះសីហនុ​ នៅជិតអាកាសយានដ្ឋានដ៏ធំមួយដែលក្រុមហ៊ុនចិនកំពុងសាងសង់​ ប៉ុន្តែ​មន្រ្តី​រដ្ឋាភិបាល​បាន​បដិសេដ្ឋ​ចំ​ពោះ​​​ពត៌មាន​​នេះ។

លោក ​គឹម​ សុខ ​ឱ្យ​ដឹង​ទៀត​ថា ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​ត្រូវ​ការ​អា​វុធ ត្រូវ​​ការ​​យោធា​​​​ព្រម​​ទាំង​​ថវិកា​​របស់​ចិន ​​ដើម្បី​​ការ​ពារ​​អំណាច​​របស់​​ខ្លួន។​ លោក​ថា​ ចិន​​បាន​​បង្ហូរ​​លុយ​​ចូល​មក​កម្ពុជា​តាម​រយ:​ការ​ផ្តល់​ប្រាក់​កម្ចី ​និង​​បញ្ជូន​​អ្នក​​វិនិ​យោគ​​ទុន​​ជា​​ច្រើន​​​​មក​​រក​​ស៊ី​​នៅ​​​កម្ពុជា ដើម្បី​​ជួយ​​រំ​លោះ​​សម្ពាធ​ ​ក្នុង​​ពេល​ប្រទេស​តូច​មួយ​​នេះ​កំពុង​​ទទួល​​ការ​គំ​រាម​កំ​ហែង​​ពី​សហគមន៍​អន្តរជាតិ​ ដូចជា​ករណី​បាត់​បង់​ EBA និង​ GSP ​ជា​ដើម៖ «លុយ​​ងងឹត​មួយ​ចំនួន​ដែល​ហូរ​ចូល​ប្រទេស​​កម្ពុជា​ ​លុយ​ងងឹត​ដែល​ហូរ​ចូល​នេះ​ហើយ​ដែល​បង្ក​នូវ​អសន្តិ​សុខ​ធំ​ណាស់​ដល់​ប្រទេស​កម្ពុជា​ ​បង្ក​ចលា​ចល​​សង្គម ហើយ​មាន​ទាំង​គ្រប់​វិស័យ​ទាំង​អស់​ ដូចជា​វិស័យ​ពត៌មាន​​វិទ្យា ទាក់​ទង​ទៅ​នឹង​រឿង​រវាង​ប្រទេស​កម្ពុជា​ និង​​ចិន​ វា​​អត់​​មាន​​តម្លាភាព​ ​ហើយ​​រឿង​​​​ទាំង​​អស់​​ហ្នឹង ​វា​​បង្ក​​ភាព​​ចលាចល​​សង្គម​ ​ការ​មិន​​ទុក​​ចិត្ត​​ពី​​ប្រជា​ពលរដ្ឋ​​ខ្មែរ»។

ចំណែកបណ្ឌិត អៀ សុផល អ្នកវិភាគ​​នយោបាយ និង​ជា​សាស្ត្រាចារ្យ​កិច្ចការ​ពិភពលោក នៃ​មហាវិទ្យាល័យ Occidental College នៃ​រដ្ឋ​កាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ​​​​ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិកថា ចិន​មិន​មែន​ជា​ប្រទេស​ប្រជាធិបតេយ្យ​ទេ។ ចិន​មាន​ឥទ្ធិពល​លើ​ប្រទេស​នានា ដែល​អាច​បង្ក​គ្រោះថ្នាក់​បាន​ ហើយ​ថា​ ប្រទេស​​នេះ​​បាន​​នាំ​​ការ​​ត្រួត​ពិនិត្យ​​របស់​​ខ្លួន​​ចូល​មក​ក្នុង​ដួង​ចិត្ត និង​ផ្ទះ​របស់​ប្រជាជន​កម្ពុជា។

លោក​ថា​សម្រាប់ឥស្សរជនខ្មែរ​ដែលកាន់អំណាចតែង​តែ​​ស្រឡាញ់លុយ និង​អំណាច​ច្រើន​ជាង​សេរីភាព និង​ប្រជាធិបតេយ្យ។​ លោក​​ថា ​ចិន​ធ្វើ​បែប​នេះ ព្រោះ​វា​ជួយ​ដល់​ការ​ព្យាករ​ថាមពល​សេដ្ឋកិច្ច​របស់​ចិន។ លោក​ថា ប្រទេស​កម្ពុជា​ឥឡូវ​ជា​ទីតាំង​របស់​ចិន​ ហើយ​​បាន​​ផ្តល់​សន្តិសុខ​ដល់​ប្រទេស​ចិន​ទៀត​ផង។ លោក​​បញ្ជាក់​ថា​ អាជ្ញា​ធរ​​ខ្មែរ​​ចេញ​លិខិត​ឆ្លង​ដែន​កម្ពុជា​ដល់​បុគ្គលិក​យោធា​ចិន ដើម្បី​ប្រគល់​សិទ្ធិ​ឱ្យ​ពួក​គេ​ចូល​ក្នុង​ប្រទេស​កម្ពុជា និង​ទទួល​បាន​ការ​ហាម​ឃាត់​ពី​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​លើ​មូលដ្ឋាន​បរទេស​នៅ​ខាង​ក្នុង​ប្រទេស​កម្ពុជា។

ការពិតគឺថាចិនគឺជាវិនិយោគិនបរទេសធំជាងគេនៅ​កម្ពុជា។ ចិនបានកាន់កាប់សេដ្ឋ​កិច្ច​នៅ​ក្រុងព្រះសីហនុស្ទើរ​តែ​ទាំង​ស្រុង​​ព្រោះ​ពួក​គេ​​មានសណ្ឋាគារចំនួន ១៥០ ក្នុង​ចំណោម​១៥៦ ភោជនីយដ្ឋាន ៤១៤ ក្នុង​ចំណោម ​៤៣៥ ​កន្លែង​ កាស៊ីណូ ៤៨​ ក្នុង​ចំណោម ៦២ កន្លែង ក្លឹបខារ៉ាអូខេ ៤១ និងហាងម៉ាស្សា ៤៦។

លោក​ថា ក្រុងព្រះសីហនុសព្វ​ថ្ងៃ​បាន​ក្លាយជារបស់ចិន ដោយសារ​មានមូលដ្ឋានកងទ័ពជើងទឹករាមបើទោះ​បី​ជា​រដ្ឋាភិបាល​បដិសេធក៍​ដោយ។​ ចិន​ក៏​មាន​អាកាសយានដ្ឋាន ដែល​​សាង​​សង់​​ដោយ​​​ក្រុម​ហ៊ុន​ UDG និង​មាន​​កំពង់​ផែ​ទឹក​ជ្រៅ​ក្នុង​ខេត្ត​កោះកុង។ ទាំង​នេះ​ជា​ទ្រព្យ​សម្បត្តិ​យុទ្ធសាស្ត្រ ដែល​ចិន​ធ្វើ​​ជា​តំបន់​ទេសចរ​។

ទោះ​ជា​យ៉ាង​ណា​ក្តី​ ​អ្នក​នាំពាក្យ​គណ:បក្ស​ប្រជាជន​កម្ពុជា​​ លោក​ សុខ​ ឥសាន្ត ​​មាន​​ប្រ​សាសន៍​ថា ​ការ​​លើក​ឡើង​​របស់​​​អ្នក​​វិភាគ​​​ទាំង​​នេះ​មាន​​ភាព​​លម្អៀង​ខាង​​នយោបាយ និង​មនោ​គម​វិទ្យា​ ហើយ​​មិន​​បាន​​ផ្សា​​ភ្ជាប់​​ទៅ​​នឹង​​សភាព​ការណ៍​​ពិត​​របស់​​កម្ពុជា​​ទេ។

លោក ​សុខ ​ឥសាន្ត​​ ក៏​បាន​រិះ​គុណ​កាសែត​បរទេស ​និង​​ជន​​បរទេស​​មួយ​ចំនួន ​ដែល​​បាន​​ចោទ​​ប្រ​កាន់​​មក​​លើ​​រដ្ឋាភិបាល​​របស់​​លោក​​ថា​​​ មាន​​ដាក់​​មូលដ្ឋាន​​ទ័ព​​ចិន​​នៅ​​ឆ្នេរ​​សមុទ្រ​​​កម្ពុជា​ លោក​​បញ្ជាក់​​ជា​​ថ្មី​​ម្តង​​ទៀត​​ថា ​ពត៌មាន​​នេះ​​មិន​​ពិត​​ទេ​ ព្រោះ​​ថ្មីៗ ​នេះ​​មាន​​អ្នក​​កាសែត​​ជាតិ​ និង​​អន្តរជាតិ​​ជិត​ ១០០​នាក់ បាន​​ទៅ​ពិនិត្យ​​ជាក់​​ស្តែង​​នៅ​​តំបន់​​នោះ ប៉ុន្តែ​​មិន​​បាន​​ឃើញ​​មូល​ដ្ឋាន​​ទ័ព​​ចិន​​ដូច​​ការ​​ចោទ​​ប្រ​កាន់​​ទេ។

ទាក់ទងនឹងការនាំអ្នកកាសែតទៅពិនិត្យមើលតំបន់យោធារាមកន្លងទៅនេះ អ្នកកសែត​មួយ​ចំនួន ដែល​បាន​ចូល​ទៅ​មើល​ទីនោះ ឱ្យ​ដឹង​ថា ខ្លួន​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​មើល​ដោយ​សេរី និង​គ្រប់​ទី​កន្លែង​នោះ​ទេ។

ទោះជាយ៉ាងណា លោក​ សុខ ​ឥសាន្ត អះអាង​ថា កម្ពុជា​ពិត​ជា​គ្មាន និង​គ្មាន​ផែនការ​ឱ្យ​ចិន​មាន​មូនដ្ឋាន​ទ័ព​នៅ​កម្ពុជា​ទេ៖ «ច្រាន​​ចោល​​មួយ​​រយ​​ភាគ​​រយ​ហើយ​ ព្រោះ​​​វា​​អត់​​ការ​​ពិត​​ទេ​​​បាទ។​ បើ​គេ​ភ័យ​​ខ្លាច​​មូលដ្ឋាន​​ទ័ព​​របស់​​សហរដ្ឋ​អា​មេរិក​​នៅ​​ពាស​ពេញ​​ពិភព​លោក​ គ្រាន់​​តែ​​នៅ​​អាស៊ី​​អាគ្នេយ៍​​មាន​ប៉ុន្មាន​​កន្លែង​ហើយ​ យើង​​គិត​​មើល​ ហើយ​​មូលដ្ឋាន​​ទ័ព​​ចិន​​នៅ​​អាស៊ី​​អាគ្នេយ៍​​មាន​​ប៉ុន្មាន​​កន្លែង​ វា​អត់​​មាន​ ​ហើយ​​ខ្ញុំ​​មិន​​និយាយ​​វ៉ៃ​​ប្រហារ​​អាមេរិក​ទេ​ ក៏​​ប៉ុន្តែ​​សួរ​​មើល​​នៅ​ Philippine នៅ​​កូរ៉េ​​ខាង​​ត្បូង​ នៅ​​ជប៉ុន​​អី​ សួរ​​ថា ​អាមេរិក​​មាន​​មូលដ្ឋាន​​ទ័ព​​ដែរ ​ឬ​ទេ?​ មក​​ព័ទ្ធ​​ជុំ​វិញ​​ចិន​ សួរ​​ថា ​ចិន​​ដែល​​ភ័យ​​ខ្លាច​​ទេ?»។

លោក​បាន​បន្ត​​ថា​អ្នក​ដែល​ភ័យ​ខ្លាច​ចិន​​ ដោយ​សារ​ឃើញ​ចិន​ក្លាយ​ទៅ​ជា​មហា​អំ​ណាច​ ព្រោះ​ប្រជា​ជន​ចិន ​​ក៏​មាន​​ច្រើន​​លើស​លប់​គេ​​លើ​ពិភព​លោក​ ហើយ​កម្លាំង​​​សេដ្ឋ​កិច្ច​​ចិន ​​ក៏​មិន​​មែន​​ធម្មតា​​ដែរ​​។ ​​លោក​ថា ​ប្រទេស​​ដែល​​ភ័យ​​ខ្លាច​​ចិន​ តែង​តែ​​រក​​រឿង​​ចិន​​ទាក់ទង​នឹង​យោធា និង​​ពាណិជ្ជ​កម្ម​។

អ្នក​វិភាគតែង​តែ​​លើក​ឡើងជា​រឿយៗ​​ ថា​ ចិន​​បាន​​ផ្តល់​ប្រាក់​​កម្ចី​​សន្ធឹក​សន្ធាប់​​ដល់​កម្ពុជា​ ​​ដែល​​មក​​ដល់​​ពេល​​នេះ​ មាន​​ចំនួន​​ជាង​ ៤​ពាន់​ ៧រយ​លាន​ដុល្លារ​សហរដ្ឋា​​អា​មេរិក​ ហើយ​ប្រាក់​កម្ចី​នេះ​អាច​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ជំពាក់​ចិន​វ័ណ្ឌក​ ស្ទើរ​តែ​​លក់​​ប្រទេស​​សង​​លុយ​​គេ។​ ការ​​វិនិយាយ​​ទុន​របស់​​ចិន​ ក៏​ជា​​ការ​​គំរាម​កំហែង​​ដល់​​​កម្ពុជា​​ផង​​ដែរ​ ព្រោះ​​វា​​អាច​​ធ្វើ​​ឲ្យ​​ប្រទេស​​ចិន​​គ្រប់​គ្រង​​សេដ្ឋកិច្ច​​របស់​​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា​លោក​ សុខ​ ឥសាន្ត​ មាន​ប្រសាសន៍​ផ្ទុយ​​ទៅ​នឹង​​ការ​លើក​​ឡើង​នេះ​​ថា​ ​គ្មាន​​ការ​​គំរាម​​កំហែង​​​ទេ ​ពី​ព្រោះ​​រដ្ឋាភិបាល​របស់​​លោក​​មាន​​ការ​​ទទួល​ខុស​​ត្រូវ​​ខ្ពស់ ​ចំ​ពោះ​​ជោគ​​វាសនា​​របស់​​ប្រទេស​​ជាតិ និង​​អនា​គត​​របស់​​ប្រជា​ជន​​ខ្មែរ៖ «ខ្ញុំ​​ដឹង​​ថា​ សន្ទុះ​​ដែល​អាច​​ខ្ចី​​បាន ​គឺ​​មាន​​រហូត​​ដល់​ ៤១​ភាគ​​រយ​​នៃ​ GDP របស់​​ប្រទេស​​ជាតិ​។ ប៉ុន្តែ​ បំ​ណុល​​បច្ចុប្បន្ន​​ជា​​បំណុល​​អន្តរជាតិ ​ដោយ​​កម្ពុជា​ជំពាក់​​បរទេស​​បច្ចុប្បន្ន​​នេះ​ គឺ​​មាន​​តែ ​២០​ភាគ​​រយ​ ហើយ​​ទន្ទឹម​​នឹង​​នេះ ​បណ្តា​ប្រទេស ​ដែល​​មាន​​ការ​​រីក​​ចម្រើន​​ជឿន​​លឿន​​នៅ​​ Europe ខាង​​កើត ​ខ្ចី​​គេ​​រហូត​​ដល់​ ១០០​ភាគ​​រយ​​នៃ​ GDP។ ម៉េច​​ក៏​​អស់​​លោក​​មិន​​មើល​​អា​​ហ្នឹង​​ផង »

​ប៉ុន្តែ​របាយការណ៍​ដែល​​ចេញផ្សាយ​ក្នុង​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​​របស់​​ក្រសួង​​សេដ្ឋកិច្ច​កម្ពុជា គិត​​ត្រឹម​​ពាក់​​កណ្តាល​​ឆ្នាំ​២០១៩ ​នេះ កម្ពុជា​​ចុះ​កិច្ច​ព្រមព្រៀង​​ខ្ចី​បុល​​ពី​​ម្ចាស់​​ឥណទាន​​បរទេស​​សរុប ​មាន​តម្លៃ​​ដល់​​ទៅ​​ជិត ១​ម៉ឺន ២​ពាន់​​លាន​​ដុល្លារ​​អាមេរិក ឬ​​ប្រមាណ​​ជិត ១២​ប៊ី​លាន​​ដុល្លារ​​អាមេរិក​​ ​ដែល​ស្មើ​នឹង​​ប្រមាណ​​ជិត ៤០​ភាគ​រយ នៃ​​បំណុល ​ដែល​​កម្ពុជា​​ជំពាក់​​បរទេស​​សរុប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។