មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃអះអាងថា ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ មានជនជាតិចិនរាប់ពាន់នាក់ បានចាកចេញពីកម្ពុជា។ ការចាកចេញនេះ ក្រោយពេលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ពង្រឹងវិធានការមួយចំនួន រួមមានការរឹតត្បិតការងារ និងការបិទល្បែងតាមបណ្ដាញអ៊ីនធឺណិតជាដើម។
អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ លោក អាត់ បូនី បានប្រាប់អាស៊ីសេរីនៅថ្ងៃពុធទី៤ ខែកញ្ញា នេះថា មានជនជាតិចិនយ៉ាងហោចណាស់ មានជិត ១២ម៉ឺននាក់ហើយ បានចាកចេញពីកម្ពុជា ចាប់ពីពាក់កណ្ដាល ខែសីហា គិតមកទល់ថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា នេះ។ ទោះបីជាយ៉ាងណាលោកអះអាងថា ជនជាតិមានចំនួន ប្រហែល ១១ម៉ឺននាក់ បានចូលកម្ពុជាក្នុងរយៈពេលដូចគ្នានេះដែរ។
លោកថា ជាទូទៅ ពីមុនការធ្វើដំណើរចេញ និងចូលមានលក្ខណៈប្រហាក់ប្រហែលគ្នា ប៉ុន្តែឥឡូវនេះ ការធ្វើដំណើរចេញមានច្រើនជាងដែលអ្នកធ្វើដំណើរចូល។ លោកបញ្ជាក់ថា មូលហេតុនៃការចាកចេញរបស់ជនអន្តោប្រវេសន៍ចិន គឺដោយសារថ្មីៗនេះរដ្ឋាភិបាល បានប្រកាសបិទល្បែងតាមអនឡាញ ដែលជាល្បែងពេញនិយមរបស់ជនជាតិចិន៖ «យើងមិនដឹងថា មូលហេតុហ្នឹងជារឿងធំដុំទេ ប៉ុន្តែប្រហែលជាអាចថាដោយសារបិទល្បែង online ហ្នឹងណាស់ បិទល្បែង online ហ្នឹងទៅ អ្នកដែលធ្លាប់លេងល្បែងហ្នឹង គាត់អាចចាកចេញទៅប្រទេសផ្សេងៗ ឬមួយទៅប្រទេសគាត់វិញ នេះក៏អាចមកពីវិធានការ អ៊ីចឹងដែរ បាទ»។
ទោះបីយ៉ាងណាក៏ដោយ លោក អាត់ បូនី បញ្ជាក់ថា ការចាកចេញនេះមិនបានធ្វើឱ្យប៉ះពាល់ដល់ផ្នែកកាស៊ីណូ និងការធ្វើអាជីវកម្ម របស់ជនជាតិចិននៅក្នុងប្រទេសកម្ពុជានោះទេ។
លោក អាត់ បូនី និយាយថា ចំនួនជនជាតិចិន មានការកើនឡើងច្រើន លើសពី ២៥ម៉ឺននាក់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ តែលោកមិនទាន់អាចប្រាប់ពីចំនួនតួលេខជាក់លាក់ទេ ដោយសារមិនទាន់បានបូកសរុបនៅឡើយ។
លោកបន្តថា ជនជាតិចិន ធ្វើដំណើរចូលមកកម្ពុជាតាមជើងយន្តហោះ ប៉ុន្តែជនជាតិចិនភាគច្រើនឆ្លងកាត់ពីប្រទេសថៃ តាមច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកចាំយាម ខេត្តកោះកុង ព្រមទាំងធ្វើដំណើរពីប្រទេសវៀតណាមតាមច្រក បាវិត ខេត្តស្វាយរៀងផងដែរ។ ជនជាតិទាំងនោះ បានប្រើប្រាស់ច្រកអន្តរជាតិដើម្បីចាកចេញពីកម្ពុជា។
អ្នកនាំពាក្យសមាគម អាដហុក លោក ស៊ឹង សែនករុណា បានប្រាប់អាស៊ីសេរីថា ជនជាតិចិនពិតជាមានការចាកចេញយ៉ាងច្រើនពីប្រទេសកម្ពុជាក្នុងរយ:ពេលពីរសប្ដាហ៍ចុងក្រោយនេះ ហើយភាគច្រើនពួកគេបានប្រកបមុខរបរ លេងល្បែងនៅកាស៊ីណូ ឬក្លឹបកម្សាន្តផ្សេងៗ។
លោក ស៊ឹង សែនករុណា និយាយថា សមាគមរបស់គាត់បានកត់សម្គាល់ឃើញថា ជនជាតិចិនបានចាប់ផ្ដើមចាកចេញបន្ទាប់ពីរដ្ឋាភិបាលបានប្រកាសបិទល្បែងតាមប្រព័ន្ធអ៊ីនធឺណិត៖ «យើងនឹងធ្វើការស្រាវជ្រាវអំពីមូលហេតុនៃការចាកចេញ ព្រោះថាហេតុអីពីមុនមកជនជាតិចិនទាំងអស់នោះ មិនមានការចាកចេញទេ ប៉ុន្តែនៅក្រោយដែលមានការប្រកាសរបស់ប្រមុខរដ្ឋាភិបាល បិទល្បែងតាមប្រព័ន្ធ online ភ្លាម យើងបែរជាមើលឃើញទិដ្ឋភាពជាក់ស្ដែង គឺជនជាតិចិន ចាប់ផ្តើមចាកចេញពីប្រទេសកម្ពុជា»។
លោក ស៊ឹង សែនករុណា បន្តថា រាល់ការចាត់វិធានការរបស់រដ្ឋាភិបាលដើម្បីធ្វើឱ្យស្ថានភាពល្អប្រសើរឡើងវិញនោះ នឹងមានការសាទរពីសំណាក់ពលរដ្ឋ ប៉ុន្តែបើចំណាត់ការទាំងអស់ គ្រាន់តែធ្វើឱ្យល្អមើលនោះ ពលរដ្ឋពិតជាមិនគាំទ្រឡើយ៖ «គួរតែមានវិធីសាស្ត្របែបណា ដើម្បីរកអ្នកវិនិយោគទុន មកវិនិយោគក៏ដូចជាអ្នករកស៊ី ជនបរទេស ដែលមករកស៊ីនៅប្រទេសកម្ពុជា ត្រូវតែជាអ្នកគោរពសិទ្ធិរបស់ពលរដ្ឋកម្ពុជា ហើយផ្ដល់ផលប្រយោជន៍ ទៅលើជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាហ្នឹង ឱ្យបានច្រើនជាង ជៀសជាងគ្រាន់តែជនបរទេស ដែលមកលេងល្បែង យើងមិនស្វាគមន៍ទេ យើងចង់បានតែអ្នកវិនិយោគដែលជាបរទេសណា ដែលមានគំនិត និងគុណសម្បត្តិល្អ អាហ្នឹងយើងស្វាគមន៍»។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចន្ទគា ប្រាប់អាស៊ីសេរីថា ជនជាតិចិននៅក្រុងប៉ោយប៉ែតឥឡូវនេះបានថយចុះច្រើនក្នុងរយៈពេលមួយសប្ដាហ៍ចុងក្រោយនេះ ដោយសារ ជនជាតិចិនទាំងនោះខ្លាចវិធានការរបស់រដ្ឋាភិបាលពាក់ព័ន្ធទៅនឹងការប្រកាសបិទអាជីវកម្ម ល្បែងភ្នាល់ តាមប្រព័ន្ធអ៊ីនធឺណិត។
លោក ស៊ុំ ចន្ទគា និយាយថា កន្លងមកគេឃើញជនជាតិចិនជាច្រើននាក់ បានជួលអគារ និងបន្ទប់ក្នុងតម្លៃថ្លៃៗ ភាគច្រើនទីតាំងទាំងនេះបើកល្បែងតាមប្រព័ន្ធអនឡាញ ព្រោះឃើញមានយានយន្តចតត្រៀបត្រា តែពេលនេះហាក់ដូចស្ងប់ស្ងាត់ និងបិទទីតាំងជាបណ្តើរៗហើយ ដោយសារជនជាតិចិនទាំងនោះនាំគ្នាចាកចេញពីក្រុងប៉ោយប៉ែតត្រឡប់ទៅប្រទេសកំណើតវិញ៖ «យើងមិនបានដឹងថាមានជនជាតិចិនចំនួនប៉ុន្មានទេ ដែលចាកចេញពីប៉ោយប៉ែត ប៉ុន្តែថ្មីៗនេះយើងឃើញជនជាតិចិន ជាច្រើននាក់ ចាកចេញជាហូរហែ តាមច្រកប៉ោយប៉ែត ចូលទៅប្រទេសថៃ»។
លោក ស៊ុំ ចន្ទគា ប្រាប់ថា ការចាកចេញរបស់ជនជាតិចិននេះ ទើបតែចាប់ផ្ដើមនៅដើមខែកញ្ញានេះទេ។
លោកនិយាយថា៖ «កន្លងមក យើងឃើញអ្នកធ្វើការនៅ អនឡាញ គ្រាន់តែដាច់ភ្លើងរយៈពេល ៥ នាទី លឺចិននិយាយថា ខាតបង់រហូតដល់ ៥០ ម៉ឺនដុល្លារ ទៅ ៦០ ម៉ឺនដុល្លារ»។
មេប៉ុស្ត៍ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត លោក អ៊ីម សុភារាក់ ទទួលស្គាល់ថា ពិតជាមានជនជាតិចិនជាច្រើននាក់បានកំពុងចាកចេញពីសង្កាត់ប៉ោយប៉ែតមែន ហើយក៍មានជនជាតិចិនធ្វើដំណើរចូលផងដែរ ប៉ុន្តែលោកបដិសេធមិនផ្តល់ព័ត៌មានបន្ថែម។
ចំណែកឯខេត្តព្រះសីហនុវិញ លោកស្នងការ ជួន ណារិន្ទ ប្រាប់អាស៊ីសេរីថា ជនជាតិចិនជាច្រើននាក់ បាននឹងកំពុងចាកចេញទៅប្រទេសចិនវិញដែរ ប៉ុន្តែលោកថា ការចាកចេញនេះ គឺប្រហែលជាជិតដល់រដូវសែននំព្រះខែ ច្រើនជាងមូលហេតុនៃការបិទល្បែងអនឡាញ។
លោក ជួន ណារិន្ទ និយាយថា៖ «តាមទម្លាប់របស់ខ្ញុំ ដូចជារាល់ឆ្នាំ ពេលមុនចូលឆ្នាំចិន គាត់ទៅលេងមុនកន្លះខែ សែនព្រះខែក៍មានការចាកចេញដែរ ប៉ុន្តែខ្ញុំឃើញមានការចាកចេញក៏មានចូលវិញដែរ យន្តហោះចុះមកមានមនុស្សប៉ុន្មាន ចូលមកក៏មានមនុស្សប៉ុណ្ណោះ ចេញវិញប៉ុណ្ណឹង»។
អាស៊ីសេរីបានព្យាយាមទាក់ទង ស្ថានទូតចិន និងសមាគមចិន នៅប្រទេសកម្ពុជា ដើម្បីសុំការបំភ្លឺអំពីការចាកចេញរបស់ជនជាតិចិននេះ តែមិនទាន់បានទទួលការឆ្លើយតបនៅឡើយ។
របាយការណ៍ក្រសួងមហាផ្ទៃដែលបានចេញផ្សាយកាលពីដើមឆ្នាំ២០១៩ បង្ហាញថា មានជនអន្តោប្រវេសន៍ចិន ចំនួនជាង ២៥ ម៉ឺន នាក់កំពុងស្នាក់នៅក្នុងប្រទេសកម្ពុជារយ:ពេលវែង និងរយ:ពេលខ្លី ដើម្បីប្រកបមុខរបរផ្សេងៗ ក្នុងនោះជាង ១១ ម៉ឺននាក់ នៅខេត្តព្រះសីហនុ និង ជិត ១០ ម៉ឺននាក់ នៅទីក្រុងភ្នំពេញ ហើយភាគច្រើន ជនជាតិចិនទាំងនោះតែងតែប្រកបរបរ លេងល្បែងស៊ីសងតាមកាស៊ីណូ និងល្បែងតាមប្រព័ន្ធអ៊ីនធឺណិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
