កម្មករ​ក្រុមហ៊ុន​ស៊ិនទ្រី​ព្រម​ចូល​ធ្វើ​ការ​វិញ បន្ទាប់​ពី​ក្រុមហ៊ុន​​ព្រម​ដោះស្រាយ​តាម​ការ​ទាមទារ

ដោយ ម៉ៅ សុធានី
2020-01-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​ប្រមូល​សំរាម​នៃ​ក្រុមហ៊ុន ស៊ិនទ្រី (CINTRI) ជាង ៥០០​នាក់ ដែល​នាំ​គ្នា​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ នៅ​ថ្ងៃទី១០ ខែ​មករា ឆ្នាំ២០២០។
កម្មករ​ប្រមូល​សំរាម​នៃ​ក្រុមហ៊ុន ស៊ិនទ្រី (CINTRI) ជាង ៥០០​នាក់ ដែល​នាំ​គ្នា​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ នៅ​ថ្ងៃទី១០ ខែ​មករា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

កម្មករ​ប្រមូល​សំរាម​នៃ​ក្រុមហ៊ុន ស៊ិន​ទ្រី (CINTRI) ជាង ៥០០​នាក់ នាក់ ចាប់ផ្ដើម​ធ្វើការ​ងា​រវិ​ញ បន្ទាប់ពី​បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​ទាមទារ​បើកប្រាក់​ឈប់សម្រាក​ប្រចាំ​ឆ្នាំ រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា ពី​ថ្ងៃ​ទី​៩ និង​ថ្ងៃ​ទី​១០ ខែ​មករា​។ អភិបាលរង​រាជធានី​ភ្នំពេញ ដែល​ចុះ​សម្របសម្រួល​ការ​ទាមទា​រ​នេះ​អះអាង​ថា ពេលនេះ​កម្មករ​យល់ព្រម​ចូល​ធ្វើ​ការងារ​វិញ​ហើយ។

ក្រុម​កម្មករ​ប្រមូល​សំរាម​នៃ​ក្រុមហ៊ុន​ស៊ិនទ្រី លើកឡើង​ថា ពួកគេ​តវ៉ា​ទាមទារ ព្រោះ​ភាគី​ក្រុមហ៊ុន​មិន​បាន​បើកប្រាក់​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​តាម​ការសន្យា ដោយ​ម្ដង​ថា ថ្ងៃនេះ ម្តង​ថា​ថ្ងៃ​នោះ​។ កម្មករ​ព្រមាន​ថា បើ​គ្មាន​ដំណោះស្រាយ​នោះ​ទេ ពួកគេ​មិន​ព្រម​ចេញ​ប្រមូល​សំរាម​ឡើយ។

ប្រធាន​សហជីព​សម្ព័ន្ធ​វិស័យ​ទេសចរណ៍​ប្រចាំ​នៅ​ក្រុមហ៊ុន ស៊ិនទ្រី លោក កៅ សាវាត ឱ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃទី​១០ ខែមករា ថា ក្រោយ​កូដកម្ម​មិន​ចេញ​ទៅ​ប្រមូល​សំរាម អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​ក្រុមហ៊ុន ស៊ិនទ្រី និង​តំណាង​កម្មករ បាន​ជួប​ជជែក​គ្នា ដើម្បី​ស្វែងរក​ដំណោះស្រាយ​។ លោក​ថា ជា​លទ្ធផល​ក្រុមហ៊ុន​យល់ព្រម​បើកប្រាក់​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ដល់​កម្មករ៖ «គាត់​សុំ​ពន្យារ​រហូត​ដល់​អ៊ីចឹង​ទៅ​ពួកគាត់​(​កម្មករ​)​លែង​មាន​ជំនឿ ដោយសារ​ក្រុមហ៊ុន​និយាយ​ម្ដង​អញ្ចេះ ម្ដង​អញ្ចោះ​គាត់​ក៏​នាំ​គ្នា​ផ្ទុះ​កូដកម្ម​តែ​ទៅ​ទៅ​បាទ»

ទាក់ទង​ពី​មូលហេតុ​នៃ​ការ​ពន្យារ​ពេល​បើកប្រាក់​ឈប់សម្រាក​ប្រចាំ​ឆ្នាំនេះ អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​តំណាង​ក្រុមហ៊ុន ស៊ិនទ្រី លោក ងួន ស៊ីផេង ដែល​ចូលរួម​ប្រជុំ​ស្វែងរក​ដំណោះស្រាយ​បានទេ នៅ​ថ្ងៃ​ទី​១០ ខែ​មករា ដោយសារ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល។

ចំណែក​អភិបាលរង​រាជធានី​ភ្នំពេញ លោក កើត ឆែ ដែល​ចូលរួម​ក្នុង​ការ​សម្របសម្រួល​នេះ​ដែរ ឱ្យ​អាស៊ីសេរី​ដឹង​ថា មូលហេតុ​ដែល​ក្រុមហ៊ុន​បើកប្រាក់​ឱ្យ​កម្មករ​មិន​បាន​តាម​ថ្ងៃ​កំណត់ ព្រោះ​ក្រុមហ៊ុន​បូកបញ្ជី​មិន​ទាន់។ លោក​បន្ត​ថា ពេលនេះ​ក្រុមហ៊ុន ស៊ិនទ្រី បាន​ដោះស្រាយ​បញ្ហា​រួចរាល់​ហើយ ដោយ​បាន​បើកប្រាក់​ឱ្យ​កម្មករ​រួចហើយ៖ «បាទ​គ្រាន់តែ​ខុស​ថ្ងៃ​គ្នា​ទេ ឥឡូវ​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​បើក​មុន​ទៅ​ដោយសារ​ក្រុមហ៊ុន​ដំបូង​បូកបញ្ជី​មិនទាន់​អ៊ីចឹង​យើង​សុំ​ឱ្យ​គាត់​បូក​តាម​ខណ្ឌ​ឱ្យ​បាន​លឿន​ទៅ គាត់​បូក​ទាំង​យប់​ទាំង​ថ្ងៃ»

កម្មករ​ផ្នែក​អូស​រទេះ​សំរាម លោក ឯក សុភណ្ឌ ឱ្យ​ដឹង​ថា ពេលនេះ​លោក​បាន​ទទួល​ប្រាក់​ឈប់សម្រាក​ប្រចាំ​ឆ្នាំ​ចំនួន ១​រយ​ដុល្លារ ពី​ក្រុមហ៊ុន​ស៊ិនទ្រី ហើយ។ កម្មករ​រូប​នេះ​បន្ត​ថា លោក​កំពុង​រៀបចំ​រទេះ​ចេញទៅ​ប្រមូល​សំរាម​ឡើងវិញ៖ «អាច​ទទួល​យក​បាន​ហើយ ប៉ុណ្ណឹង​បាទ​ឥឡូវ​កម្មករ​ចេញ​ធ្វើការ​វិញ​ហើយ បង​ឥឡូវ​ដំណើរ​ស្រួល​ហើយ»

មន្ត្រី​សង្គម​ស៊ីវិល​និង​មន្ត្រី​សហជីព​ស្នើ​ទៅ​ក្រុមហ៊ុន​ស៊ិនទ្រី ឱ្យ​ទទួលខុសត្រូវ​ខ្ពស់ ចំពោះ​ការ​បើក​ប្រាក់ខែ ឬ​ប្រាក់​ផ្សេងៗ ដល់​កម្មករ​ឱ្យ​បាន​ទៀងទាត់ ព្រោះ​ពួកគេ​សង្កេត​ឃើញ​ថា កម្មករ​ប្រភេទ​នេះ មាន​ប្រាក់ចំណូល​តិច ហើយ​ជួប​ការ​លំបាក​ច្រើន​។ ជាពិសេស ប្រឈម​នឹង​ជំងឺ​ខ្លាំង​ថែម​ទៀត​ផង៕