ពលរដ្ឋរិះគន់អាជ្ញាធរនៅខេត្តកណ្ដាលថា មិនចាត់វិធានការលើជនជាតិវៀតណាម ដែលបានព្រួតគ្នាចំនួន ៥នាក់ វាយពលរដ្ឋខ្មែរម្នាក់ឲ្យរបួសធ្ងន់ កាលពីព្រឹកថ្ងៃទី១៨ មិថុនា។ សាច់ញាតិ និងពលរដ្ឋអ្នកឃើញហេតុការណ៍ថា ជាអំពើសាហាវរបស់ជនបរទេស ដែលមករស់នៅលើទឹកដីខ្មែរហើយ ព្រួតវាយម្ចាស់ស្រុកដោយមិនខ្លាចញញើតច្បាប់។
ជនរងគ្រោះត្រូវវៀតណាមវាយ លោក អាន សារូ ប្រាប់អាស៊ីសេរីថា លោកចាំងស្មៅ និងប្រមូលសំរាមដុតនៅមុខផ្ទះ ហុយផ្សែងទៅលើផ្ទះជនជាតិវៀតណាមឈ្មោះ លៀន ហ៊ឹង ( Lien Hung)អាយុជាង៤០ឆ្នាំ ស្រាប់តែបុរសរូបនេះ បានចេញមកឈ្លោះប្រកែកជាមួយលោក រួចក៏ព្រួតគ្នាមួយគ្រួសារមានគ្នា ៥នាក់គឺកូនប្រុសបី និងប្ដីប្រពន្ធពីរនាក់ វាយតប់រុញច្រានលោកដួលបោកក្បាលទៅថ្នល់បេតុង។ លោកបញ្ជាក់ថា នៅពេលនោះក្បាលរបស់លោកហើមជាំ និងបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលបីថ្ងៃ។ លោកថា លោកក៏បានប្ដឹងទៅអាជ្ញាធរឃុំរកាកោង១ដែរ តែអាជ្ញាធរហាក់មិនយកចិត្តទុកដាក់ដោះស្រាយបណ្ដឹងរបស់លោកនោះទេ៖ « បាទខ្ញុំប្ដឹងឃុំ ប្ដឹងប្រធានឃុំ គេមាននគរបាល មានប៉ូលិសឃុំប្រចាំឃុំដែរ ។ អ៊ីចឹងខ្ញុំ ខ្ញុំបាទទៅប្ដឹងឃុំទៅ តាមឋានានុក្រមវាអីចេះ បាទឃុំរកាកោង១ ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ខ្ញុំអត់បានទៅប្ដឹងមេភូមិទេ ខ្ញុំទៅប្ដឹងមេប៉ុស្តិ៍ មេប៉ុស្តិ៍រកាកោងហ្នឹង ប៉ុន្តែព្រឹកមិញហ្នឹង ខ្ញុំបានជួបគាត់ហ្នឹងគាត់ថា សំណុំរឿងហ្នឹងគាត់បានរុញទៅស្រុកហើយ គាត់បានរុញមកស្រុកហើយសំណុំរឿងហ្នឹងបាទ តែមិនដឹងមេស្រុកហ្នឹង គេចាត់ការម៉េចទៀតអត់ទាន់ដឹងទេណា ព្រោះគាត់បានបញ្ជូនមកស្រុកហើយ ។ មេប៉ុស្តិ៍ហ្នឹងគាត់ទើបឡើងដែរទេ»។
ពលរដ្ឋដែលស្ថិតក្នុងហេតុការណ៍លោក ចេត្រ វិចិត្រា លើកឡើងថា អាជ្ញាធរមូលដ្ឋានឃុំរកាកោង១ ស្រុកមុខកំពូល ធ្វើព្រងើយកន្តើយ ពេលដែលជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងរឿងជនជាតិវៀតណាមមួយគ្រួសារ ៥នាក់ ព្រួតវាយលោក អាន សារូ អាយុ៥២ឆ្នាំ បណ្ដាលឲ្យមានរបួសធ្ងន់នោះ។
ជាងជួសជុលរថយន្ត លោក ចេត្រ វិចិត្រា អាយុ ២៣ឆ្នាំ ត្រូវជាក្មួយជនរងគ្រោះឈ្មោះ អាន សារូ រស់នៅឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល ប្រាប់វិទ្យុអាស៊ីសេរី នៅរសៀលថ្ងៃទី២០ មិថុនាថា លោកនៅក្នុងហេតុការណ៍នោះដែរ ត្បិតផ្ទះលោកនៅទល់មុខគ្នា។ មូលហេតុដែលជនជាតិវៀតណាមវាយ លោក អាន សារូ គឺនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ដំបូងពូលោកចាំងស្មៅប្រមូលសំរាមដុតនៅមុខផ្ទះ ហុយផ្សែងលើផ្ទះជនជាតិវៀតណាម ស្រាប់តែមានឮមាត់ប្រកែកគ្នា មួយសន្ទុះលោកបែរមើលម្ដងទៀត គេមានគ្នា ៥នាក់ វាយលោក អាន សារូ ម្នាក់ឯង ។ លោកបន្តថា ភ្លាមនោះលោកក៏ស្ទុះទៅចាប់លោក អាន សារូ មកផ្ទះរបស់លោក អាន សារូ វិញ។ លោកជឿជាក់ថា នៅពេលនោះ ប្រសិនបើលោកមិនឆាប់ទៅនាំលោក អាន សារូ មកផ្ទះទេនោះ អាចនឹងត្រូវជនជាតិវៀតណាមវាយស្លាប់តែម្ដង។ លោកបន្ថែមថា ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅនាយប៉ុស្តិ៍ឃុំរកាកោង១ហើយ នៅរសៀលថ្ងៃទី១៨ មិថុនា តែមកទល់ពេលនេះ មិនទាន់ឃើញអាជ្ញាធរណាមកដោះស្រាយនៅឡើយទេ៖ «គេថាឲ្យខាងស្រុកចុះមក ដល់ពេលព្រឹកអីចឹងទៅ ថ្ងៃឡើងស្រុកគេចុះមកអីចឹងទៅ ។ ឥឡូវឲ្យចុះយកអាដែងមេប៉ុស្តិ៍ហ្នឹង ចុះទៅយកកំណត់ហេតុកន្លែងកើតហេតុ អីចឹងទៅណា ហើយឲ្យជួយ ឲ្យខ្ញុំហ្នឹងអ្នកឃើញហ្នឹងជួយបំភ្លឺរឿងហ្នឹង ។ ប៉ុន្តែរហូតមកដល់ថ្ងៃហ្នឹង អត់ទាន់ អត់ទាន់ឃើញគេដោះស្រាយយ៉ាងម៉េច ។ បាទ ! ខាងស្រុកហ្នឹងពីដំបូង ពីថ្ងៃដែលយើងដាក់ពាក្យបណ្ដឹងហ្នឹង ឃើញគេចុះមក ។ ប៉ុន្តែគេថា ចុះមករួច ឥឡូវគេឲ្យយើងហ្នឹង ឲ្យមេប៉ុស្តិ៍ មេអីហ្នឹងចុះទៅយកអាដែងហា ! អាដែងហា ! កំណត់ហេតុហ្នឹង កន្លែងកើតហេតុអីចឹងណា កន្លែងកើតហេតុហ្នឹងគេថតរូប ថតអី កន្លែងណា កន្លែងណា ហើយយក សួរចម្លើយអ្នកបំភ្លឺ ហើយគេថា គេថា មានការងារពិសេសនៅពីលើទៀតអីចឹង គេឡើងទៅវិញអីចឹងទៅ»។
ស្រដៀងគ្នានេះដែរ អ្នករត់តាក់ស៊ីនៅខេត្តកណ្ដាល លោក វ៉ាន់ ណា អាយុជាង៤០ឆ្នាំ ជាអ្នកជិតខាងលោក អាន សារូ លើកឡើងថា ពីមុន លោក អាន សារូ ធ្លាប់មានរឿងក្ដីក្ដាំឡើងតុលាការជាមួយគ្រួសារវៀតណាមនេះម្ដងហើយ ដោយសារផ្ទះវៀតណាមមានម៉ាស៊ីនកែច្នៃអេតចាយ បង្កសំឡេងរំខានដល់ជនរងគ្រោះ រហូតជនជាតិវៀតណាមជេរប្រមាថពលរដ្ឋខ្មែរថា កុំតែបានវៀតណាម កុំអីខ្មែរស្លាប់អស់ហើយ។ លោកបន្តថា លោកពុំមានទំនុកចិត្តលើអាជ្ញាធរខ្មែរជួយរកយុត្តិធម៌ដល់ពលរដ្ឋម្ចាស់ស្រុកនោះទេ ព្រោះកន្លងមកមានពលរដ្ឋខ្លះទៅប្ដឹងជនជាតិវៀតណាមបង្ករំខានពលរដ្ឋខ្មែរ តែអាជ្ញាធរមូលដ្ឋានមិនបានចាត់វិធានការឡើយ៖ «គ្រួសារគាត់ហ្នឹងអត់មានអ្នកណានៅផ្ទះទេបង អត់មានអ្នកណានៅផ្ទះទេ គឺមានក្មួយ ក្មួយមួយ គាត់ថាបានក្មួយមួយហ្នឹង ធ្វើឡាននៅមុខផ្ទះ ខាងមុខផ្ទះហ្នឹង ក្មួយក៏កំពុងតែធ្វើឡានអីចឹងទៅ ហើយក៏បានស្រាប់តែ ក្មួយដំបូង ក្មួយហ្នឹងវាថា វាឃើញ អឺ ! គាត់ហ្នឹង ប្រមែប្រមូលសំរាមយកទៅដាក់ដុត ជម្រះស្មៅជម្រះអីចឹងណា ទៅដាក់ដុត ហើយនៅ អឺ ! និយាយទៅរូបភាពហ្នឹងខ្ញុំថតបានហើយ ។ ខ្ញុំបង្ហោះទៅខ្លះហើយ ខ្ញុំថតបង្ហោះទៅខ្លះហើយ ព្រោះខ្ញុំមើលទៅ ខ្ញុំវាឈឺចាប់ពេក យើងជាជនជាតិខ្មែរត្រូវជនបរទេសមកជាន់ឈ្លីតាមអំពើចិត្ត ។ អីចឹងខ្ញុំបង្ហោះទៅ»។
ឆ្លើយតបនឹងបញ្ហានេះ នាយប៉ុស្តិ៍ឃុំរកាកោង១ ស្រុកមុខកំពូល លោក សុខ រី ប្រាប់វិទ្យុអាស៊ីសេរីនៅព្រឹកថ្ងៃទី២១ មិថុនាថា ជនរងគ្រោះមិនសុខចិត្តទទួលយកសំណង និងការសុំសម្របសម្រួលពីជនជាតិវៀតណាមនោះទេ គឺគាត់ស្នើឲ្យមានការចាត់វិធានការស្របទៅតាមច្បាប់។ លោកបន្តថា អាជ្ញាធរនៅមិនទាន់ស៊ើបអង្កេតដឹងថា ភាគីណាខុស ឬត្រូវនៅឡើយទេ ត្បិតជនជាតិវៀតណាម និង ពលរដ្ឋខ្មែរដែលរងរបួសស្នាមបានឆ្លើយយកត្រូវរៀងខ្លួន។ តែទោះយ៉ាងណា លោកថា លោកបានកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើរួចរាល់ហើយ រង់ចាំការស៊ើបអង្កេតទៅតាមនីតិវិធីនៃច្បាប់ជាបន្តទៀត៖ «នៅកំពុងតែធ្វើឯកសារ ។ ហ្នឹងហើយក៏ហើយ មិនទាន់ដល់ មិនទាន់ដល់ទៅស្រុកទេ រឿងគ្រាន់ថា វាបានរាយការណ៍ទៅមេលើហើយ ប៉ុន្តែការងារនឹងនៅបន្តស្រាវជ្រាវសួរនាំអីតទៅទៀតអីចឹងទៅណា ។ សួររួចរាល់ហើយបងប៉ុន្តែ ហ្នឹងហើយកំពុងខ្ញុំមិនទាន់នេះទេ កំពុងតែបូកឯកសារសំណុំរឿងបញ្ជូនទៅស្រុក ចុះរឿងនៅសិនតើ រឿងវាតែរឿងបញ្ហាឈ្លោះគ្នាពីរឿងដុតសំរាមហ្នឹង ដុតសំរាមដុតភ្នក់ហ្នឹងកើតឡើង»។
ជុំវិញរឿងនេះ យុវជនក្រុមខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ លើកជាមតិថា ពលរដ្ឋវៀតណាមមករស់នៅលើដីខ្មែរ ខ្លះមិនទាន់ទាំងចេះនិយាយខ្មែរច្បាស់ផង ពួកគេហាក់មិនខ្លាចរអាច្បាប់កម្ពុជាទេ។ លោកយល់ថា រឿងនេះអាចមានអាជ្ញាធរមានអំណាចនៅពីក្រោយ ទើបបានជាអាជ្ញាធរមូលដ្ឋានមិនហ៊ានអនុវត្តច្បាប់លើជនជាតិវៀតណាម។ លោកបន្តថា ប្រសិនបើអាជ្ញាធរនៅតែមិនចាត់វិធានការទៅលើជនជាតិវៀតណាមទាំងនោះ ក្រុមលោកនឹងរួមគ្នាស្នើសុំទៅរដ្ឋាភិបាលឱ្យជួយអន្តរាគមន៍រឿងជនជាតិវៀតណាមមកនៅស្រុកខ្មែរខុសច្បាប់៖ « ប្រាកដជាប៉ះពាល់ ប៉ះពាល់ត្រង់ថា អឺ ! ដូចវាបង្កើតជា គេហៅថាអារម្មណ៍ សតិអារម្មណ៍មួយខ្លាចបាក់ស្បាត ! ហ៊ឺ ! ហើយអីចឹងយើងចង់និយាយថា ពេលដែលយើងនៅផ្ទះយើង យើងមានអារម្មណ៍កក់ក្ដៅហើយ ។ ប៉ុន្តែបើយើងនៅផ្ទះយើងហើយអ្នកដទៃ ដែលផ្ទះគេ ផ្ទះគេ នៅឯណាឯណីឯណោះ ហើយគេមកមានអំណាចនៅលើផ្ទះរបស់យើងណា ។អីចឹងចង់មិនចង់ គឺអ្នកដែលរស់នៅផ្ទះយើងហ្នឹងទាំងបងទាំងប្អូនមួយពូជ មួយពូជសន្ដានរបស់យើងហ្នឹង ទៅជាក្រុមមនុស្សដែលខ្លាច ដែលបាក់ស្បាតណា ។ អីចឹងវាអត់ខុសគ្នាពីជនបរទេសមកនៅទឹកដីប្រទេសមួយ ហើយមានអំណាចមានព្រៀបជាងប្រទេសកំណើតខ្លួនឯងហ្នឹង វាធ្វើឲ្យប្រជាពលរដ្ឋយើងហ្នឹងខ្លាចបាក់ស្បាត ហើយចុះញ៉មគេណា ។ អាហ្នឹងវា វាប្រាកដជាប៉ះពាល់»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក សឹង សែនករុណា លើកឡើងថា ទោះបីជាតិសាស្ត្រណាក៏ដោយមករស់នៅទឹកដីកម្ពុជាត្រូវគោរពតាមច្បាប់កម្ពុជា ហើយអាជ្ញាធរត្រូវតែចាត់វិធានការលើរឿងនេះតាមបណ្ដឹងរបស់ពលរដ្ឋ។ លោកស្នើឱ្យអាជ្ញាធរថ្នាក់ជាតិគួរចុះស៊ើបអង្កេត និងចាត់វិធានការទៅលើមន្ត្រីថ្នាក់ក្រោម ដែលមិនអើពើដោះស្រាយបណ្ដឹងរបស់ពលរដ្ឋ៖ « ក្នុងការពិចារណាអនុវត្តទៅតាមច្បាប់របស់ប្រទេសយើង ទោះបីថាយើង ទៅនៅប្រទេសណា ក៏គេមានការត្រួតពិនិត្យបែបហ្នឹងដែរ ។ អីចឹងគួរតែមានការអនុវត្តឲ្យបានតឹងរ៉ឹងហើយ ហើយជាពិសេសទៅលើអ្នកដែលគាត់បានមករស់នៅក្នុងប្រទេសកម្ពុជាយើងហើយ មិនប្រើឥរិយាបថឲ្យបានត្រឹមត្រូវ មិនគោរពតាមច្បាប់ប្រទេសកម្ពុជាយើង ។ អាហ្នឹង អឺ ! រឹតតែយើងគួរតែមានការពិនិត្យពិច័យ ហើយនឹងចាត់វិធានការតាមផ្លូវច្បាប់ឲ្យតឹងរ៉ឹងទៅទៀត ដើម្បីកុំឲ្យអំពើបែបហ្នឹងចេះតែកើតមានឡើងមកលើពលរដ្ឋកម្ពុជាហ្នឹងណាបាទ»។
កន្លងមកមានករណី ជនជាតិវៀតណាមវាយសម្លាប់ពលរដ្ឋខ្មែរឈ្មោះ រត្ន ធី អាយុ ៣៣ឆ្នាំ រស់នៅភូមិអ្នកលឿងក្រោម ឃុំអ្នកលឿង ជាប់នឹងភូមិ៦ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ។ ការវាយប្រហារនោះក៏វៀតណាមព្រួតគ្នា២០នាក់វាយខ្មែរម្នាក់ដែរ ប៉ុន្តែអាជ្ញាធរមិនចាប់ជនដៃដល់មកផ្ដន្ទាទោសនោះទេ។
លោក អាន សារូ អះអាងថា នៅភូមិលេខ៦ ជិតផ្សារអ្នកលឿងនោះ មានជនជាតិវៀតណាម ជាច្រើនរស់នៅយ៉ាងអនាធិបតេយ្យ ហើយអាជ្ញាធរហាក់មិនសូវហ៊ានតតាំងជាមួយជនជាតិវៀតណាម ទាំងនោះទេ។
របាយការណ៍របស់អាជ្ញាធរជាតិថា ចាប់ពីខែមេសា ឆ្នាំ២០១៤ ដល់ដំណាច់ឆ្នាំ២០១៦ កម្ពុជាបានបណ្ដេញជនបរទេសដែលរស់នៅខុសច្បាប់នៅកម្ពុជា ជិត ២ម៉ឺននាក់ (១៨.២៣០នាក់) ស្មើនឹង ៧៩សញ្ជាតិ ភាគច្រើនជាជនជាតិវៀតណាម។ តែថ្មីៗនេះ រដ្ឋាភិបាលវៀតណាម តែងតែអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យយកចិត្តទុកដាក់ដល់ជនជាតិរបស់ខ្លួន ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ដោយធានានូវសិទ្ធិស្របច្បាប់របស់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។