ពលរដ្ឋ​រិះគន់​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​កាយ​ផ្លូវ​ខូចខាត​ដោយសារ​ផែនការ​សាងសង់​មិន​ច្បាស់លាស់

ពលរដ្ឋ​រិះគន់​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ថា ជីក​កកាយ​ផ្លូវ​បេតុង​អស់​ជាច្រើន​ខ្សែ ដើម្បី​រៀបចំ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​កខ្វក់​ជាថ្មី​ទៀត ធ្វើ​ឱ្យ​ខូចខាត​ផ្លូវ​ពិបាក​ធ្វើ​ដំណើរ ដោយសារ​គ្មាន​ផែនការ​ច្បាស់លាស់។

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង បន្ត​រៀបចំ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​កខ្វក់ នៅ​តាម​ដងផ្លូវ​មួយចំនួន​ក្នុង​សង្កាត់​ស្ទឹងត្រែង ដោយ​ជីក​គាស់​កាយ​ផ្លូវ​បេតុង​ជាច្រើន​ខ្សែ ធ្វើ​ឱ្យ​ខូច​ផ្លូវ ហើយ​នៅពេល​មាន​ភ្លៀង​ធ្លាក់​កន្លែង​ដែល​ជីក​គាស់​កាយ បាន​ផុង​ដី​ចុះក្រោម បង្កើត​ជា​ជង្ហុក​ជ្រៅ បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដំណើរ។

ពលរដ្ឋ​រស់នៅ​សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង លោក ទុយ ធឿន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី៦ មិថុនា ថា មុន​ពេល​សាងសង់​ផ្លូវ​បេតុង អាជ្ញាធរ​គ្មាន​ផែនការ​ច្បាស់លាស់​ដើម្បី​រៀបចំ​ទុកជាមុន​នោះ​ទេ ពោល​នៅពេល​សាងសង់​ផ្លូវ​រួចរាល់ ទើប​រៀបចំ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​កខ្វក់​តាម​ក្រោយ ធ្វើ​ឱ្យ​ខូច​ទ្រង់ទ្រាយ​ផ្លូវ ហើយ​ផ្លូវ​ខ្លះទៀត ត្រូវ​កាត់​ផ្តាច់​ផ្លូវ​ជា​បន្តបន្ទាប់។

លោក​សោកស្តាយ ផ្លូវ​ទាំង​នោះ ទម្រាំ​ស្ថាបនា​បាន​ដោយ​ចាក់​បេតុង​មាន​គុណភាព​ខ្ពស់ រដ្ឋ​ត្រូវ​ប្រើ​ថវិកាជាតិ​អស់​ជាច្រើន ហើយ​មក​ទល់​ពេល​នេះ​អាជ្ញាធរ​នៅ​មិនទាន់​ជួសជុល​វិញ​នៅឡើយ​ទេ។

លោក ទុយ ធឿន៖ «កន្លែង​ណា​ក៏​វា​ដើរកាត់​ផ្លូវ​ដែរ កាត់​ខ្ទេចខ្ទី​ហ្មង កាត់​ហើយ​ចោល ឥលូវ​អត់​មាន​ការងារ​ធ្វើ​ផង កាត់​ខ្ទេចខ្ទី​ហ្មង​។ ឥលូវ​អត់​មានការ​ងារ​ធ្វើ​ផង ចោល​អ៊ីចឹង មិនដឹង​ឆ្នាំ​ណា បាន​ធ្វើ​ឱ្យ​យើង​វិញ គេ​រិះគន់​គ្រប់គ្នា​វា​ប្រហោង​ធំ មុខ​ដំណរ​វា កៀប​កង់​ម៉ូតូ​ដួល​ហ្នឹងហើយ»។

កន្លងទៅ អាជ្ញាធរ​កសាង​ផ្លូវ​ភាគច្រើន ឱ្យ​តែ​រួច​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ដោយ​គ្មាន​ស្តង់ដារ​ត្រឹមត្រូវ​ឡើយ ហើយ​នៅពេល​មាន​តម្រូវការ​ត​ខ្សែកាប ប្រព័ន្ធ​លូ​រំដោះ​ទឹក និង​ប្រព័ន្ធ​ទឹក ត្រូវ​កាត់​ផ្តាច់​ផ្លូវ ធ្វើ​ឱ្យ​មាន​ជង្ហុក​ឆាប់​ខូច​ផ្លូវ។

ពលរដ្ឋ​ថា គម្រោង​ស្ថាបនា​ផ្លូវ​ចុះឡើង​ច្រើនដង​របស់​អាជ្ញាធរ​ខេត្ត​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​លំបាក​វេទនា​ជាច្រើន​ឆ្នាំ​មក​ហើយ ទម្រាំ​មាន​ផ្លូវ​បៃតង​រឹងមាំ​ធ្វើដំណើរ​ដូច​សព្វថ្ងៃ​នេះ ពួកគាត់​ត្រូវ​រង់ចាំ​ពេល​ដ៏​យូរ ក៏ប៉ុន្តែ​បែរជា​ត្រូវ​កាយ​កម្ទេច​វិញ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី៦ មិថុនា ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក​។ រីឯ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ស្ទឹងត្រែង លោក សរ គឹមណាត ក៏​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

ជុំវិញ​រឿង​នេះ​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ស្ទឹងត្រែង លោក ចឹក ចិត្រា សង្កេត​ឃើញ​ថា អាជ្ញាធរ​កាត់ផ្ដាច់​ផ្លូវ​បេតុង​ជាច្រើន​ខ្សែ​ដោយ​ចាក់​បំពេញ​ដី​បន្ថែម ក្នុង​ចន្លោះ​ដែល​កាត់ផ្ដាច់​នោះ ហើយ​នៅពេល​មាន​ភ្លៀង​ធ្លាក់ ដី​ស្រុត​ចុះក្រោម​បង្ក​ហានិភ័យ​ខ្ពស់​នៅពេល​ធ្វើដំណើរ និង​ពិបាក​ធ្វើដំណើរ​ជាច្រើន​ខែ​មក​ហើយ។

លោក​យល់​ថា អាជ្ញាធរ​ត្រូវ​ជួសជុល​ផ្លូវ​ទាំងនេះ​ឱ្យ​ដូចដើម​វិញ ដើម្បី​សុវត្ថិភាព​អ្នកដំណើរ​និង​សម្រួល​ជីវភាព​ពលរដ្ឋ។

លោក ចឹក ចិត្រា៖ «ថ្នាក់​ខេត្ត​គួរតែ​យកចិត្តទុកដាក់ លើ​សុវត្ថិភាព​ពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ជីក​គាស់​កាយ​ផ្លូវ ទាំងអស់​នេះ ព្រោះ​យើង​មើលទៅ ការ​ជីក​កាយ​ផ្លូវ​មិនបាន​រៀបចំ​តាម​ស្តង់ដារ នឹង​ប៉ះពាល់​ពលរដ្ឋ និង​ប៉ះពាល់​សេដ្ឋកិច្ច​ការ​ចំណាយ​របស់​ខេត្ត​ច្រើន លើ​រឿង​ទាំងអស់​នេះ»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​គួរតែ​ធ្វើការ​រួមគ្នា ដោះស្រាយ​បញ្ហា​នេះ និង​ធ្វើ​កិច្ច​ការងារ​នេះ​ក្នុង​ពេល​តែមួយ កាលពី​ដំបូង​ឡើយ​។ ជាមួយ​គ្នា​នេះ​ដែរ ប្រសិនបើ​បញ្ហា​នេះ​មិន​ត្រូវ​បាន​ដោះស្រាយ​ទេ រដ្ឋ​នឹង​ត្រូវ​ចំណាយ​ធនធាន​ច្រើន​ដើម្បី​សាងសង់​ផ្លូវ​ដដែលៗ​ឡើងវិញ ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​សប្បាយចិត្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។