មន្រ្តីសិទ្ធិការងារ​ថា​មេដឹកនាំរដ្ឋ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះកា​រ​បណ្តោយ​ឲ្យកម្មករ​​​ឆ្លងជំងឺកូវីដ-១៩

ដោយ មួង ណារ៉េត
2021-04-19
Share
មន្រ្តីសិទ្ធិការងារ​ថា​មេដឹកនាំរដ្ឋ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះកា​រ​បណ្តោយ​ឲ្យកម្មករ​​​ឆ្លងជំងឺកូវីដ-១៩ កម្មកររោងចក្រ​​នៅក្នុង​រាជធានី​ភ្នំពេញ។
រូប៖ Courtesy

មន្រ្តីសិទ្ធិការងារថា មេដឹកនាំរដ្ឋជាប់កាតព្វកិច្ច ក្នុងការធានាសុខុមាលភាព សុខភាព និង​សុវត្ថិភាព​របស់ប្រជាពលរដ្ឋគ្រប់រូប រួមទាំងកម្មកររោងចក្រកាត់ដេរ​ផង ជាពិសេសក្នុងគ្រាដែលប្រទេសជាតិកំពុងតែប្រឈមនឹង​គ្រោះថ្នាក់ខ្ពស់បំផុត នៃការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ នេះ។

នាយកប្រតិបត្តិ​នៃអង្គការ​សង់ត្រាល់ (Central) លោក មឿន តុលា ថា កាតព្វកិច្ចទទួលខុសត្រូវនេះ គឺមានចែងក្នុងច្បាប់កំពូលរបស់ជាតិ ដែល​មន្រ្តី​សាធាណរណៈ ពេលស្បថចូលកាន់ដំណែង ត្រូវ​សច្ចាថា បំពេញ​ឲ្យបានខ្ជាប់ខ្ជួនបំផុត៖ «ប្រទេសណាក៏ដោយ​ កាលណាអ្នកឯង​ទៅជាមេដឹកនាំប្រទេសហើយ អ្នកបាន​ចុះកិច្ចសន្យាសង្គមមួយជាមួយប្រជាពលរដ្ឋ គឺ​មានចែងច្បាស់​លាស់​នៅក្នុងរដ្ឋធម្មនុញ្ញ នៃប្រទេសនីមួយៗ ហ្នឹង​។ ដូច្នេះកាលណា​ប្រជាពលរដ្ឋ មាន​បញ្ហា​ជំងឺ ឬ​មួយ​វិបត្តិ​សង្គមអ្វីផ្សេងៗ អ្នកដឹកនាំហ្នឹង​ឯង​ជាអ្នកទទួលខុសត្រូវ»។

រដ្ឋធម្មនុញ្ញកម្ពុជា ត្រង់មាត្រា ៥២ និង​ ៧២ ចែងអំពីការទទួលខុសត្រូវនេះ ដោយ​សង្កត់ធ្ងន់ថា រដ្ឋ​យក​ចិត្ត​ទុកដាក់​ជា​អាទិភាព ​ចំពោះ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ និង​សុខភាព​របស់​ប្រជារាស្ត្រ​ត្រូវ​បាន​ធានា។ រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ការពារ​ជម្ងឺ​។

បើទោះជាយ៉ាងនេះក្ដី រដ្ឋាភិបាលលោក ហ៊ុន សែន រងការរិះគន់​ថា មិនបានយកចិត្តទុកដាក់ឲ្យបាន​ខ្ពស់បំផុត ក្នុងការការពារសុវត្ថិភាព និងសុខភាព​របស់កម្មកររោងចក្រនោះទេ ដោយសារ​តែ​រដ្ឋ​នៅ​តែ​បណ្តោយ​​ឲ្យកម្មករជិះរថយន្តទៅធ្វើការប្រជ្រៀតគ្នាដូចម្រាមដៃ។ ជាង​នេះ​ទៅ​ទៀត មន្រ្តីសហជីព និង​មន្រ្តីអង្គការ​សង្គមស៊ីវិលផ្នែកការងារ បានអំពាវនាវឲ្យរដ្ឋាភិបាល​រកដំណោះស្រាយ​យ៉ាងណា ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃការឆ្លងជំងឺកូវីដ-១៩ ដែលកម្មកររោងចក្រកំពុងប្រឈម ដូចជាការ​ផ្អាករោងចក្រមួយរយៈ ដើម្បីទប់ស្កាត់ការឆ្លងនេះ។

ប៉ុន្តែរដ្ឋនៅតែបណ្តែតបណ្តោយឲ្យកម្មកររោងចក្រ ពពាក់ពពូនទៅធ្វើការទាំងប្រថុយប្រថានរាល់ថ្ងៃ តាំងពី​ផ្ទុះរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍លើកទី៣ កាលពីថ្ងៃទី២០ ខែកុម្ភៈមកម្ល៉េះ។ រដ្ឋបានបិទសាលារៀន និង​បន្ថយចំនួនបុគ្គលិករដ្ឋ ដែលទៅធ្វើការនៅតាមស្ថាប័នរដ្ឋ​ ឲ្យនៅត្រឹម​តែ ១០ភាគ​រយ និង ៩០ភាគ​រយ​ទៀត ឲ្យធ្វើការពីផ្ទះ។ ប៉ុន្តែ រដ្ឋនៅ​តែ​ឲ្យកម្មករ​ទាំង​អស់​ទៅ​ធ្វើ​ការ​ដូច​ធម្មតា។

ជាលទ្ធផល នៅដើមខែមេសា ដោយសារ​តែរដ្ឋ​មិនផ្អាករោងចក្រនេះ ករណីចម្លងជំងឺកូវីដ-១៩ បាន​ឆ្លងដល់​កម្មកររោងចក្រ ឌីន ហាន (DIN HAN) ដែលមានកម្មករជាង ២ពាន់ ៥នាក់នាក់។ គិតត្រឹមថ្ងៃទី១៩ ខែមេសា ជំងឺនេះបានឆ្លងរាលដាល​ដល់រោងចក្រ ៨៩រោងចក្រ ដែល​ភាគ​ច្រើន​បំផុត​នៅ​ភ្នំពេញ និង​មានកម្មករ ១.០៣២នាក់ បានផ្ទុកជំងឺនេះ។ កម្មកររាប់​ពាន់​នាក់​ផ្សេង​ទៀត កំពុង​ដាក់ឲ្យធ្វើចត្តាឡីស័ក។

បើតាមមន្រ្តីសហជីព មុនថ្ងៃទី១៩ ខែមេសា នៅមានរោងចក្រជាច្រើនបើកដំណើរការដែលធ្វើឲ្យការឆ្លងនេះ​រាលដាលគ្មានទីបញ្ចប់។ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ថា​រោងចក្រធំៗ សុទ្ធតែមានកម្មករឆ្លងជំងឺនេះ ជាបន្តបន្ទាប់៖ «អ្នកខ្លះប្ដីនៅទីនោះ ប្រពន្ធនៅទីនោះដែរ ប្តីឆ្លង​ប្រពន្ធត្រូវ​ឆ្លង​តទៅទៀត។ ដូច្នេះមនុស្ស​មិនដឹង​ថាយ៉ាងម៉េចទេ ពិបាក។ ឥឡូវហ្នឹង​តំបន់ហ្នឹងរោងចក្រជាច្រើនឆ្លង។ ស្រាប់តែផ្ទុះរោងចក្រ Fortuna រោងចក្រក្បែរៗ នោះ ផ្ទុះពីរបីរយនាក់ទៀត ដែលក្បែររោងចក្រឌីនហាន និង​សាន់តិចហ្នឹង។ បែបនេះ វា​គួរឲ្យបារម្ភមែនទែន»។

លោក អាត់ ធន់ ថា ការបារម្ភ រឹតតែបារម្ភខ្លាំងទៀត នៅពេលកម្មករត្រូវចូលធ្វើការវិញ ក្រោយ​ឈប់​សម្រាក​បុណ្យចូលឆ្នាំខ្មែរ ព្រោះលោកថា ពេលឈប់សម្រាកផង នៅមានអ្នកឆ្លង​ម្លឹងៗ ចុះ​ទម្រាំ​កម្មករ​ពពាក់ពពូន​​ចូលធ្វើការវិញ តើនឹង​ឆ្លងច្រើនជាងប៉ុនណាទៀត?

ក្រោយការឆ្លងរាលដាលដល់រោងចក្រជិត ១០០រោងចក្របែបនេះ កាលពីថ្ងៃទី១៩ ខែមេសា លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ទើបចេញសេចក្តីណែនាំមួយ ដោយអះអាងថា ដើម្បីកាត់ផ្ដាច់ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាលនៃជំងឺកូវីដ-១៩ ឲ្យបានឆាប់​រហ័ស និង​ជា​អតិបរមា។ ក្នុងនោះរដ្ឋាភិបាល បាន​កំណត់តំបន់មួយចំនួនក្នុង​ខណ្ឌបី មានខណ្ឌមាន​ជ័យ ខណ្ឌពោធិ៍សែនជ័យ និង​ខណ្ឌទួលគោក ថាជាតំបន់ក្រហម។ ក្នុងតំបន់ទាំងនេះ រដ្ឋបានហាមឃាត់ការធ្វើដំណើរចេញក្រៅផ្ទះជាដាច់ខាត។ រោងចក្រទាំងអស់ក្នុងតំបន់ក្រហម​នេះ ត្រូវ​ផ្អាកដំណើរការសិន។ ប៉ុន្តែ រដ្ឋមិនបាន​បញ្ជាក់ថា ការផ្អាកនេះ នឹង​ត្រូវ​ប្រើពេលយូរប៉ុនណានោះឡើយ។

អាស៊ីសេរី​មិនអាចសុំការបំភ្លឺជុំវិញរឿងនេះពីអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ និង​អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) លោក ខេន លូ (Ken Loo) បានទេ កាលពីថ្ងៃទី១៩ ខែមេសា ដោយសារ​ពួកគាត់​មិនលើកទូរស័ព្ទ។

ប៉ុន្តែ ក្រសួង​ការងារកាលពីថ្ងៃទី១៩ ខែមេសា​នោះដែរ បានចេញសេចក្តីណែនាំភ្លាមៗ ឲ្យ​ម្ចាស់រោងចក្រ ដែលត្រូវ​ផ្អាកសកម្មភាពអាជីវកម្ម ក្នុងអំឡុងពេលបិទខ្ទប់ទាំងអស់ ត្រូវរក្សាប៉ុស្តិ៍ការងារ និងអតីតភាពជូនកម្មករ និង​ត្រូ​វបើកប្រាក់ឈ្នួលដើមខែមេសា និង​ផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់កម្មករ ទៅតាមលទ្ធភាព និង​តាមស្មារតីមនុស្សធម៌។ ប៉ុន្តែ ទាំងប្រាក់ខែ និង​ប្រាក់ឧបត្ថម្ភនេះ ក្រសួង​ស្នើ​ឲ្យផ្តល់ទាល់តែក្រោយចប់ការបិទខ្ទប់នេះសិន។

ក្នុងពេលជាមួយគ្នានេះ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ត្អូញត្អែរអំពីការលំបាកនៃការផ្អាករោងចក្រនេះ ព្រោះបណ្តាលឲ្យកកស្ទះពស្តុភារ និង​មិនអាចដឹកជញ្ជូនវត្ថុធាតុដើម និង​ផលិតផលសម្រេចបានដោយសេរី។

លោក មឿន តុលា ថា ចំណាត់ការរបស់រដ្ឋាភិបាល ដែលទើបតែផ្អាករោងចក្រក្នុងតំបន់ក្រហម នៅពេលនេះ ហើយមិនផ្អាករោងចក្រដទៃទៀតមួយរយៈដែរនោះ វារាងយឺតពេលបន្តិចទៅហើយ ព្រោះស្ថានភាពនេះបានទុំជោរ គ្រប់គ្រងលែងបានទៅហើយ។

ទោះជាយ៉ាងនេះក្ដី លោកថា ​បើមិនចាត់វិធានការសោះ នោះ​បញ្ហាវារឹតតែធ្ងន់ជាងនេះទៅទៀត។ លោក មឿន តុលា ថាការខិតខំប្រឹងប្រែង ដើម្បីឲ្យរោងចក្របើកដំណើរការបន្តឡើងវិញ នៅក្រៅតំបន់ក្រហម ហាក់មិនមែនជាវិធានការល្អ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នោះឡើយ៖ «ហាក់ដូចជាមាននិន្នាការមួយ បញ្ជូនសម្ភារៈទាំងអស់ហ្នឹង ទៅឲ្យរោងចក្រនៅតាមខេត្ត​ដេរ​ ដូចទៅកំពង់សោមជាដើម។ បើនៅតែធ្វើដូចរបៀបជិះម៉ូតូ​ ឬជិះឡានគេភ្លើងស្តុប​ក្រហមបែបហ្នឹង​ ខ្ញុំគិតថា​ អត់ដោះស្រាយ​បញ្ហាបានទេ អាចមានវិបត្តិកាន់តែធំ។ បើយើង​មិនទប់ទេ គឺវាអាចរាលដល់ខេត្ត​ឯទៀត ដែលអត់ទាន់មានពណ៌ក្រហមហ្នឹង»។

មន្រ្តីសង្គមស៊ីវិលផ្នែកសិទ្ធិការងារដដែលថា ម្ចាស់រោងចក្រសហគ្រាសនៅកម្ពុជា មិនគួរណាបន្ត​អាជីវកម្មរបស់ខ្លួន ទាំងក្នុងស្ថានភាពគ្រោះថ្នាក់នេះនោះឡើយ។ លោកថាបើទោះបីរោងចក្រផ្អាកដំណើរការមួយរយៈ ក៏រោងចក្រទាំងនេះ មិនខាតធ្ងន់ឯណានោះដែរ បើប្រៀបធៀបទៅនឹង​ផលរកស៊ីចំណេញរាប់ឆ្នាំ​របស់ពួកគាត់​ តាំងពីថៅកែខ្លះ បើករោងចក្រមួយ រហូតដល់ពង្រីកសាខារោងចក្រធំៗ ពីរបីទៀតផង។

លោកថា ទាំងរដ្ឋាភិបាល និងម្ចាស់រោងចក្រសហគ្រាស មិនគួរណា​យកអាយុជីវិតកម្មករ ដើម្បីប្រថុយដូរនឹងការស្តារសេដ្ឋកិច្ចជាតិនោះទេ ព្រោះសុខភាពសាធារណៈមានសារសំខាន់ជាអាទិភាពខ្លាំងជាង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល