មន្ត្រី​​សង្គម​​ស៊ីវិល​​ថា ការ​ជួញ​​ដូរ​​អាវុធ​​របស់​​ក្រុម​​ឧក្រិដ្ឋជន​ អាច​​មាន​​មន្រ្តី​​គ្រាក់ៗ​​ នៅ​​ពី​​ក្រោយ​​ខ្នង

ដោយ ឡេង ម៉ាលី
2022.06.27
Share on WhatsApp
Share on WhatsApp
មន្ត្រី​​សង្គម​​ស៊ីវិល​​ថា ការ​ជួញ​​ដូរ​​អាវុធ​​របស់​​ក្រុម​​ឧក្រិដ្ឋជន​ អាច​​មាន​​មន្រ្តី​​គ្រាក់ៗ​​ នៅ​​ពី​​ក្រោយ​​ខ្នង សមត្ថកិច្ច​ខេត្តព្រះសីហនុ​បង្ហាញ​មុខ​ក្រុម​ឧក្រិដ្ឋជន​ជួញដូ​អាវុធ​ខុស​ច្បាប់​ចំនួន​៦​នាក់​ដែល​បង្ក្រា​ប់​បាន​នៅក្នុង​ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។
រូប៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

មន្រ្តី​អង្គការ​សង្គមស៊ីវិលលើកឡើង​ថា​ ករណី​ជន​បរទេស​មក​រស់​នៅ​កម្ពុជា​ ដែល​មាន​អាវុធ​កាន់កាប់​ក្នុង​ដៃ​យ៉ាង​អនាធិបតេយ្យ​នៅតែ​ក្ដី​កង្វល់​សម្រាប់​សន្តិសុខ​ប្រជាពលរដ្ឋ និង​សណ្ដាប់​ធ្នាប់​សង្គម​ជាតិ​ទាំង​មូល។ មន្រ្តី​សង្គម​ស៊ីវិល​សង្ស័យ​ និង​ព្រួយ​បារម្ភទាក់ទង​នឹង​ក្រុមឧក្រិដ្ឋជន​មាន​បណ្ដាញ​នាំ​អាវុធ​ចូល​កម្ពុជា​កន្លង​មក​នេះ​ ថា​អាច​នឹង​មាន​ជាប់ពាក់​ព័ន្ធ​ជាមួយ​មន្រ្តីគ្រាក់ៗ​ដែល​ឃុបឃិតគ្នា​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់។ ប្រតិកម្ម​របស់​មន្រ្តី​សង្គមស៊ីវិល​នេះ​ ធ្វើ​ឡើងក្រោយ​ពី​សមត្ថកិច្ច​ខេត្តព្រះសីហនុ​បង្ក្រាប​បាន​ក្រុម​ឧក្រិដ្ឋ​ជន ៦នាក់​ និង​រឹបអូស​បាន​កាំភ្លើង​វែង​ខ្លី​ថ្មី​ស្រឡាង​សរុប ៤២ដើម ដែល​ពួកគេ​នាំ​ចូល​កម្ពុជា​សម្រាប់​ធ្វើ​អាជីវកម្ម។

មន្រ្តី​សង្គម​ស៊ីវិលលើក​ឡើង​ថា ករណី​​សមត្ថកិច្ច​បង្ក្រាប​ក្រុម​ឧក្រិដ្ឋ​ជន​ដែល​ជួញដូរ​ និង​នាំចូល​អាវុធ​មក​កម្ពុជា​នេះជា​លើក​ទី​មួយ​ ដែល​កន្លង​មក​សមត្ថកិច្ច​មិន​បាន​បង្ហាញ​តម្លាភាព​ក្នុងការ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់​ ដែល​បណ្តោយ​ឱ្យ​ជនបរទេស ​ជាពិសេស​ជនជាតិ​ចិន​ មាន​កាំភ្លើង​កាន់​សំញ៉ែង​ និង​បង្ក​បញ្ហា​តាម​ទីសាធារណៈ ​យ៉ាង​អនាធិបតេយ្យ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី​ ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ​ថា​ករណី​ការ​ជួញដូរ​អាវុធ​នេះ​ គឺ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ដែល​ក្រុមក្រិដ្ឋជន​មាន​បណ្ដាញ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស។ លោក ​លើក​ឡើង​ទៀត​ថា​ ករណី​ជួញដូរ​អាវុធ​នៅ​កម្ពុជា​មិនមែន​ជា​ករណី​មួយ​ដាច់​ដោយ​ឡែក​នោះ​ទេ។ លោក​បន្ត​ថា​ ការ​នាំចូល​អាវុធ​របស់​ក្រុម​ឧក្រិដ្ឋជន​​ គឺជា​ចង្កោម​មួយក្​នុងករណី​ដែល​ក្រុមឧក្រិដ្ឋជន​នាំចូល​សម្រាប់​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ចាប់​ជម្រិត​ អំពើ​លាងលុយកង្វក់​ដែល​ចេញ​ពី​ប្រភព​វិស័យ​បនល្បែង​កាស៊ីណូ​ខុសច្បាប់​ក្នុង​ខេត្ត​ព្រះសីហនុ​ និង​ករណី​ជួញដូរ​គ្រឿងញៀន​ជា​ដើម៖ «បញ្ហា​នេះ ​អាជ្ញាធរ​ ខេត្ត​ [ព្រះសីហនុ]គួរតែ​បង្កើន​នូវការ​យក​ចិត្តទុកដាក់​ខ្ពស់ ​ចំពោះការ​បង្ក្រាប​បទល្មើស ​ស៊ើបអង្កេត​ទ្រង់ទ្រាយ​ធំ​ ជាប្រព័ន្ធ​ ដើម្បី​ស្វែង​រក​ឬស​គល់​ឱ្យ​ឃើញ ដើម្បី​ដោះបញ្ហា​ហ្នឹង​ឱ្យ​ត្រូវ។ ប្រសិន​បើ​ មាន​បទឧក្រិដ្ឋ​មួយ​ ដោះមួយ​ គឺ​មិន​អាច ដោះស្រាយ​រឿងធំៗ​ជា​ប្រព័ន្ធ​បាន​ទេ។ អ៊ីចឹង​ ប្រហែល​ជា​ត្រូវការ​ពង្រឹង​បន្ថែម ​នូវការ​ស៊ើប​អង្កេត ហើយខ្ញុំគិត​ថា​ទាល់​តែ​មានការ​ បង្កើន​នូវ​ជំនាញៗ​ នៃការ​ស៊ើបអង្កេត ​ទ្រង់ទ្រាយ​ធំ​ ហើយ​ប្រហែល​ត្រូវការ​ដៃ​គូមួយ​ចំនួន​​ ដែល​អាច​មាន​សមត្ថភាព ​ដើម្បី​ជួយ​យើង​ក្នុងការ​ស៊ើប​អង្កេត»

ប្រតិកម្ម​របស់​មន្រ្តី​សង្គម​រូប​នេះ ​ក្រោយ​ពី​ក្រុម​ឧក្រិដ្ឋជន​​ជនជាតិ​ចិន​ និង​វៀតណាម​ ​​ដែល​មាន​គ្នា​ជាង ១០នាក់​ កាល​ពី​យប់​ថ្ងៃទី​១៥ ​មិថុនា​ បាន​ទាស់​ពាក្យ​សម្តី​ជាមួយ​អ្នក​រត់ម៉ូតូ​កង់​បី​ម្នាក់​ដែល​ជនជាតិ​ខ្មែរ​ និង​បាន​ដក​កាំភ្លើង​បាញ់​ភ្ជង់​អ្នក​រត់កង់​បី​រូប​នោះ​ស្ថិត​ក្នុង​ខេត្ត​ព្រះសីហនុ។ ភ្លាមៗ​ក្រោយ​កើត​ហេតុក្រុមឧក្រិដ្ឋជន​ទាំងនោះ​បាន​ដកកាំភ្លើង​បាញ់​រះ​មក​លើ​ក្រុម​សមត្ថកិច្ច​ពេល​ចុះ​បង្ក្រាប​ ដែល​បណ្តាល​ឱ្យ​សមត្ថកិច្ច​ម្នាក់​រង​របួស​ធ្ងន់។​

ទាក់ទង​នឹង​ក្រុម​ឧក្រិដ្ឋ​ជនដក​កាំភ្លើង​បាញ់​សមត្ថកិច្ច​នេះ​ ស្នង​ការនគរ​បាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ប្រាប់​វិទ្យុអាស៊ីសេរី​ថា​ ក្រោយ​មាន​ហេតុការណ៍​នោះ​សមត្ថកិច្ច​បាន​បន្ត​ស្រាវជ្រាវ​ដោយ​ឃាត់​ខ្លួន​មេខ្លោង​ដែល​នាំចូល​អាវុធ​មក​កម្ពុជា​ចំនួន​ ៦នាក់​ និង​រឹបអូស​បាន​កាំភ្លើងវែងខ្លីថ្មី​ស្រឡាង​សរុប​ចំនួន​ ៤២ដើម​ ក្នុង​នោះ​មាន​អាវុធ​ស្វ័យ​ប្រវត្តិ​ចំនួន​ ១១​ដើម។ ក្រៅ​ពី​នេះ ​កាំភ្លើង​ចំនួន​ ៣១ដើម​ផ្សេង​ទៀត​ ជា​អាវុធ​កែច្នៃ ព្រម​ទាំង​គ្រាប់​កាំភ្លើង​ជា​ច្រើន​គ្រាប់​ និង​ឧបករណ៍​ជុសជុល​កាំភ្លើង​មួយ​ចំនួន​ធំ។ លោក​បញ្ជាក់​ថា ​អាវុធ​ទាំង​នេះ ​មាន​ឈ្មួញ​ទុច្ចរិត​ក្នុង​ស្រុក​ កម្ម៉ង់​ទិញ​ពី​ជនខិលខូល ​ឆ្លងដែន​តាម​ប្រទេស​ជិត​ខាង​កម្ពុជា។ ក្រៅ​ពី​នេះ ​លោក​ថា​ ឧក្រិដ្ឋជន​ចំនួន​ ៦នាក់​ដែល​សមត្ថកិច្ច​ក្នុង​នោះមាន​អ្នក​បញ្ជា​ទិញ ​អ្នក​រក​ស៊ី​ឈ្មួញ​កណ្ដាល​ និង​អ្នក​ដែល​នាំចូល​តាម​ច្រក​ព្រំដែន។

ទោះយ៉ាងណា​ លោក ជួន ណារិន្ទ​ អះអាង​ថា​ ក្រុម​ឧក្រិដ្ឋជន​ដែល​មាន​អាវុធប្រើប្រាស់​នាពេល​កន្លង​ទៅ​នេះ​ សមត្ថកិច្ច​នឹង​នៅតែ​បន្ត​បើកការ​ស៊ើបអង្កេត​ជា​បន្ត​បន្ទាប់​ទៀត៖ «អ្វីដែរ ​នៅ​ពាក់ព័ន្ធ​ នឹង​នីតិវិធី​ បាន​បន្ត​ជាមួយ​ឯកឧត្តម​ព្រះរាជអាជ្ញា​បន្ត​បន្ទាប់។ មិនមែន ​យើង​បោះចោល​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ទេ​ គឺករណី​វិធានការ​របស់​យើង​វា​ដាច់​ដាន។ វា​មិន​ចំឡែក​ទេ បទល្មើស​លើ​ពិភពលោក​ខ្លះ​ បទ​ឧក្រិដ្ឋដែល​កើត​ឡើង​មក​ ១០ឆ្នាំ ទាន់​បាន​ចាប់​បាន។ ដូច្នេះ​ ការ​ចន្លោះ​ប្រហោង​ខាង​ណា​ក៏​មាន​ដែល វា​មិនមែន​សម្រាប់​តែ​យើង​ទេ គឺថា​សមត្ថកិច្ច​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ។ រាល់​បទល្មើស​យូរៗកើត​ម្តង​នេះ មិន​ដែល​បង្ក្រាប​មិន​​បាន​ទេ គឺថា​សមត្ថកិច្ច​ទូទាំង​ប្រទេស​ ទប់ស្កាត់​មិនបាន បើ​កើត​គឺ​ថា​យើង​ត្រូវ​តែ​បង្ក្រាប​ឱ្យ​បាន»

ជុំវិញ​រឿង​នេះដែរ​ មន្រ្តី​សង្គមស៊ីវិល​ ជំរុញ​ដល់​រដ្ឋាភិបាល​គួរតែ​មាន​ការពង្រីក​សមត្ថភាព​មន្រ្តី​តាម​ច្រក​ព្រំដែន​បន្ថែម​ និង​ត្រូវ​វែក​មុខ​អ្នក​មាន​លុយ​មាន​អំណាច​ និង​មន្រ្តី​អាជ្ញាធរ​ឃុបឃិត​គ្នា​ជាមួយ​ក្រុមឧក្រិដ្ឋជន​នាំចូល​អាវុធ​មក​កម្ពុជា​ សម្រាប់​ធ្វើ​អាជីវកម្ម​នេះ​។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (LICADO) លោក អំ សំអាត មាន​ប្រសាសន៍​ថា​ បើ​ករណី​ជួញដូរ​អាវុធ​នៅ​តែ​បន្ត​កើតឡើង​គ្មាន​ការ​ចំណាត់​ការ​ទប់ស្កាត់​ច្បាស់​លាស់ គឺជា​បញ្ហា​គ្រោះថ្នាក់​ដល់​សុវត្ថិភាព​សន្តិសង្គម​ជាតិ​ទាំង​មូល។ លោក​បន្ត​ថា ការ​បង្ក្រាប​ករណី​ជួញដូរ​អារុធ​នេះ​ជា​រឿង​ប្រសើរ​ ប៉ុន្តែ​ការ​ទប់ស្កាត់​ ដើម្បី​កុំ​ឱ្យ​មាន​លំហូរ​ការ​ជួញ​ដូរ​អាវុធ​ មន្រ្តី​អាជ្ញាធរពាក់ព័ន្ធ​ត្រូវ​ធានា​មាន​ការ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់​លើ​អ្នក​ពាក់ព័ន្ធ​ទាំង​អស់៖ «ក្រៅពី​ការ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព ​ត្រូវតែ​ចាត់​វិធាន​ការ​ផង​ដែរ​។ប្រសិន​ជា​រក​ទៅ​ឃើញ ​មន្រ្តី​ណា​ដែល​ពាក់ព័ន្ធ​ នឹង​ការ​ជួញដូរ​អាវុធ​ ទោះបីជា​ក្នុង​ច្រកព្រំដែន​ក៏​ដោយ ក្នុង​ប្រទេស​ក៏​ដោយ ត្រូវ​តែ​កាត់​ផ្ដាច់ និង​ចាត់វិធានការ​ឱ្យ​ខាង​តែ​បាន ​ដើម្បី​ទប់ស្កាត់​នូវ​លំហូរចូលនៃ​ការ​ជួញដូរ​អាវុធ​ឱ្យ​មាន​ប្រសិទ្ធ។ ទោះបី​ជា​ នាំចូល​ពី​ក្រៅ ឬ​ក៏កែច្នៃ​ក្នុងប្រទេស​ក៏ដោយ​ ដើម្បី​រក្សា​នូវសុវត្ថិភាព​សន្តិសុខ ​ជូន​ប្រជា​ពលរដ្ឋ»

មន្រ្តី​សង្គមស៊ីវិល​ លើក​ឡើងថា​ ករណី​បទឧក្រិដ្ឋ​សាហាវៗ​បាន​កើត​ឡើងជា​ច្រើនក្នុង​រយៈប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រះសីហនុ​ និង​ភ្លៀវ​អន្តរជាតិ មាន​ក្ដី​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព។ ពួកគាត់ ​ស្នើ​យ៉ាង​ទទូច​ ដល់​អាជ្ញាធរ​ និង​រដ្ឋាភិបាល ​ត្រូវតែ​មាន​ចំណាត់​ការ​ឱ្យ​បាន​ម៉ឺងម៉ាត់ ចំពោះ​ក្រុម​ឧក្រិដ្ឋជន​ ជា​ពិសេស​ជនជាតិ​ចិន ដែល​តែង​មាន​អាវុធ​ប្រើប្រាស់​ ក្នុង​ការ​ចាប់​ជម្រិត​ និង​ធ្វើ​ការ​គំរាមកំហែង​ដល់​ពលរដ្ឋ​នៅ​ក្រុង​ខេត្ត​ព្រះសីហនុនា​ពេល​កន្លង​មក​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។