មន្ត្រីអង្គការសង្គមស៊ីវិលស្នើដល់អាជ្ញាធរចុះត្រួតពិនិត្យអគារពាណិជ្ជកម្មមួយចំនួនគ្រប់គ្រងដោយជនជាតិចិន ដែលអាចមានករណីប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីធឺណិត (Internet) និងចាប់បង្ខាំងមនុស្សធ្វើទារុណកម្មជម្រិតទារប្រាក់។ ការលើកឡើងនេះ កើតឡើងក្រោយពេលដែលស្ថាប័នសារព័ត៌មានអន្តរជាតិល្បីមួយឈ្មោះ អាល់ហ្សា ហ្ស៊ីរ៉ា (Al Jazeera) ថ្មីៗនេះបានលាតត្រដាងពីក្រុមឧកញ៉ាដែលមានកេរ្តិ៍ឈ្មោះមិនល្អ និងឥស្សរជននៃរដ្ឋាភិបាលលោក ហ៊ុន សែន ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយក្នុងជំនួញរកស៊ីបែបឧក្រិដ្ឋកម្ម។ ក្នុងនោះ អាល់ហ្សាហ្ស៊ីរ៉ា រកឃើញថា ឧកញ៉ា ទ្រី ភាព សមាជិកព្រឹទ្ធសភា លោក កុក អាន និងក្រុមឈ្មួញដែលស្និទ្ធនឹងខ្សែស្រឡាយត្រកូល «ហ៊ុន» រួមទាំងមន្ត្រីនៃរដ្ឋាភិបាលឯកបក្សនេះមួយចំនួនទៀត សុទ្ធតែមានទំនាក់ទំនងវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លាជាមួយក្រុមឧក្រិដ្ឋជនចិនក្នុងការកំណត់គោលដៅចាប់ជម្រិតមនុស្សជុំវិញពិភពដើម្បីឆបោក និងជម្រិតទារប្រាក់តាមវិធីសាស្ត្របែបទំនើប។
មន្ត្រីអង្គការសង្គមស៊ីវិល ជំរុញឱ្យអាជ្ញាធររដ្ឋាភិបាលស៊ើបអង្កេតដោយអព្យាក្រឹត្យឥតលម្អៀង និងត្រូវបង្ហាញរបាយការណ៍ដោយតម្លាភាព ដើម្បីជម្រះមន្ទិលពីមហាជនចំពោះករណីជនជាតិចិន និងក្រុមឈ្មួញដែលរងការចោទប្រកាន់ថា កំពុងប្រើប្រាស់ទឹកដីខ្មែរធ្វើជាកន្លែងប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្ម នៅតាមវិស័យសហគ្រាសគ្រប់គ្រងដោយជនជាតិចិននៅកម្ពុជា។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICAHDO) លោក អំ សំអាត លើកឡើងថា របាយការណ៍ដែលលាតត្រដាងដោយស្ថាប័នព័ត៌មានអន្តរជាតិ អាល់ហ្សាហ្ស៊ីរ៉ា (Al Jazeera) និយាយអំពីអំពើពុករលួយ និងឧក្រិដ្ឋកម្មនៅកម្ពុជានេះ ធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិធ្ងន់ធ្ងរ។
លោកបន្តថា តាមរយៈឯកសាររបស់ស្ថាប័នព័ត៌មានអន្តរជាតិមួយនេះ អាជ្ញាធរកម្ពុជាអាចមានលទ្ធភាពគ្រប់គ្រាន់ បើកការស៊ើបអង្កេតដោយយុត្តិធម៌ ដើម្បីស្វែងរកការពិត ផ្តល់ទំនុកចិត្តដល់សាធារណៈជនជាតិ និងអន្តរជាតិដែលកំពុងវិនិយោគនៅកម្ពុជា។
ទោះបីជាយ៉ាងណា លោក អំ សំអាត កត់សម្គាល់ថា ករណីចាប់ជម្រិត ឬបង្ខាំងមនុស្សក្នុងអគារនៅកម្ពុជាកន្លងមកនេះ ត្រូវបានសារព័ត៌មានអន្តរជាតិចុះផ្សព្វផ្សាយព្រោងព្រាត។ ក៏ប៉ុន្តែអាជ្ញាធរកម្ពុជាតែងតែច្រានចោល ដោយលើកហេតុផលថា ព័ត៌មានទាំងនោះបែបបំភ្លៃ បំផ្លើសខុសពីការពិត និងមានចេតនាធ្វើឱ្យកម្ពុជាស្ថិតក្នុងស្ថានភាពអាក្រក់ណាមួយ៖ «ដូចជានៅប្រទេសថៃ នៅចិនអី ដែលគេបានចុះនៅសារព័ត៌មាននៃប្រទេសគេហ្នឹង វាធ្វើឱ្យប៉ះពាល់សម្រាប់កម្ពុជាយើង។ ឥឡូវហ្នឹងគឺទូរទស្សន៍ អាល់ហ្សាហ្ស៊ីរ៉ា (Al Jazeera) បានចាក់ផ្សាយរឿងអ៊ីចឹងទៀត វាធ្វើឱ្យប៉ះពាល់សម្រាប់កម្ពុជាយើង។ ណាមួយយើងឃើញថា កន្លងមកសហរដ្ឋអាមេរិក (US) នៅតែដាក់ចំណាត់ថ្នាក់នៃការជួញដូរមនុស្សសម្រាប់កម្ពុជានៅលំដាប់លេខ ២ ស្ថិតនៅតាមដាន»។
របាយការណ៍ស៊ើបអង្កេតស្ដីពី ទាសករតាមប្រព័ន្ធអ៊ីនធឺណិត (Internet) នៅកម្ពុជារបស់ស្ថាប័នសារព័ត៌មានអន្តរជាតិ អាល់ហ្សាហ្ស៊ីរ៉ា (Al Jazeera) ដែលបានផ្សព្វផ្សាយថ្មីៗនេះ បានលាតត្រដាង និងរៀបរាប់យ៉ាងលម្អិតចំពោះក្រុមហ៊ុនចិនកំពុងប្រតិបត្តិការយ៉ាងក្ដៅគគុកក្នុងការចាប់ជម្រិតជនជាតិចិនដូចគ្នា និងបង្ខាំងបរទេសរាប់រយពាន់នាក់ ដើម្បីឱ្យពួកគេធ្វើការងារផ្នែកវិស័យបនល្បែងឆបោកមនុស្សតាមលើប្រព័ន្ធអនឡាញ (Online) នៅតំបន់អាស៊ីអាគ្នេយ៍ និងជុំវិញពិភពលោក។
អាល់ហ្សា ហ្ស៊ីរ៉ា ឱ្យដឹងថា បណ្ដាញរបស់ឧក្រិដ្ឋជនចិនទាំងនោះ កំពុងដំណើរចាប់ជម្រិតបង្ខាំងមនុស្សដោយបង្ខំឱ្យការខុសច្បាប់ដែលភាគច្រើនស្ថិតនៅតំបន់អគារគ្រប់គ្រងដោយជនជាតិចិនក្នុងខេត្តព្រះសីហនុ និងតំបន់ដាច់ស្រយាលមួយចំនួនទៀតដូចជា ខេត្តពោធិ៍សាត់ ខេត្តតាកែវ ក្រុងប៉ោយប៉ែត និងនៅរាជធានីភ្នំពេញជាដើម។
ស្ថាប័នសារព័ត៌មានអន្តរជាតិដដែល បញ្ជាក់ទៀតថា ជនរងគ្រោះដែលចាញ់បោកក្រុមឧក្រិដ្ឋជនចិនមានច្រើនទម្រង់។ ក្នុងនោះ មានជនរងគ្រោះខ្លះត្រូវបានក្រុមឧក្រិដ្ឋជនចិនចាប់ផ្តើមបង្កើតទំនាក់ទំនងលើបណ្ដាញសង្គម។ បន្ទាប់មក ជនឆបោកដែលជាអ្នកហែកឃើក (Hacker) ជនជាតិចិនព្យាយាមរកតម្រុយក្នុងការលួចលុយពីក្នុងគណនីធនាគារជនរងគ្រោះ។
ដោយឡែក ជនរងគ្រោះដទៃទៀត គឺត្រូវបានក្រុមឆបោកជនជាតិចិន រៀបចំឃោសនាការងារលើបណ្ដាញសង្គមនានា ដោយល្បួងប្រាប់ថា មានការងារអាចរកប្រាក់ចំណូលបានខ្ទង់ ១ពាន់ ៥រយ ដុល្លា (១.៥០០) ក្នុងមួយខែ។ ក្រោយមកទៀត នៅពេលដែលជនជាតិចិន ឬជនបរទេសណាសម្រេចដាក់ពាក្យចូលធ្វើការនោះ ពួកគេត្រូវបានក្រុមឆបោកជនជាតិចិនដែលប្រតិបត្តិការក្នុងខេត្តព្រះសីហនុ ដកហូតលិខិតឆ្លងដែន ព្រមធ្វើកិច្ចសន្យាការងារ និងតម្រូវឱ្យបង់ប្រាក់ចំនួន ១ពាន់ ២រយ ដុល្លា (១.២០០) ជាមុន។
ក្នុងឃ្លីបវីដេអូរបស់ អាល់ហ្សា ហ្ស៊ីរ៉ា បានបង្ហាញថា ជនដែលត្រូវបានជនជាតិចិនឆបោកទាំងនោះ គឺត្រូវបានបង្ខាំងក្នុងអគារស្ថិតនៅខេត្តព្រះសីហនុដោយមានព័ទ្ធរបងខ្ពស់ អមដោយបន្លាលួសនៅជុំកន្លែងដែលក្រុមឧក្រិដ្ឋចិនធ្វើទារុណកម្មពួកគេ។ ជនរងគ្រោះខ្លះ ត្រូវបានក្រុមឆបោកជនជាតិចិនសម្រាតសម្លៀកបំពាក់វាយខ្នោះដៃ ឆក់ខ្សែភ្លើង វាយនឹងដំបង ដោយសារតែពួកគេមិនអាចរកអតិថិជនតាមប្រព័ន្ធអ៊ីនធឺណិតដើម្បីជម្រិតទារប្រាក់តាមតម្រូវការរបស់ពួកគេ។
ស្ថាប័នសារព័ត៌មានអន្តរជាតិ អាល់ហ្សា ហ្ស៊ីរ៉ា រកឃើញថា ក្រុមហ៊ុនឆបោករបស់ចិននៅកម្ពុជា ដំណើរការទៅបានដោយសេរី គឺដោយសារតែស្ថិតក្រោមការការពារដោយក្រុមមន្ត្រីគ្រាក់ៗ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមទាំងក្រុមឧកញ៉ាដែលមានកេរ្តិ៍ឈ្មោះមិនល្អ សុទ្ធសឹងតែមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយក្រុមហ៊ុនចិនឆបោកនៅកម្ពុជា។ លើសពីនេះទៀត ក្រុមវិនិយោគិនជនជាតិចិនមួយចំនួនទៀត ដែលជាម្ចាស់អគារសម្រាប់ឃុំឃាំងមនុស្សធ្វើទារុណកម្មក្នុងខេត្តព្រះសីហនុនោះ សុទ្ធសឹងតែមានកេរ្តិ៍ឈ្មោះអាក្រក់ និងមានប្រវត្តិជាអ្នកទោសក្នុងប្រទេសចិនដោយសារតែពាក់ព័ន្ធនឹងការលាងលុយកង្វក់ និងអំពើពុករលួយខ្នាតអន្តរជាតិ។
ស្ថាប័នសារព័ត៌មានអន្តរជាតិដដែល បានរាយការណ៍ថា បរិវេណតំបន់អគារ ក្រោន អ៊ីនដាស្ទ្រៀល ផាក (Crown Industrial Park) នៅខេត្តព្រះសីហនុ ក្នុងនោះម្ចាស់ក្រុមហ៊ុនក្រោន រីសត (Crown Resorts) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនរបស់ លោក កុក អាន ដែលជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៥ នៃរដ្ឋាភិបាលលោក ហ៊ុន សែន។
ជនរងគ្រោះដែលរួចខ្លួនចេញដែលត្រូវគេបង្ខាំងក្នុងអគារនោះ បានឱ្យដឹងថា នៅមានជនរងគ្រោះចំនួន ២ពាន់ (២.០០០) ទៅ ៣ពាន់នាក់ (៣.០០០) ត្រូវគេបង្ខាំងក្នុងបរិវេណនៃអគារដែលជាម្ចាស់កម្មសិទ្ធិរបស់ លោក កុក អាន។ ប្រភពដដែល បញ្ជាក់ថា ក្រុមឆបោកយកជនរងគ្រោះទាំងនោះទៅឃុំក្នុងអគារនេះ ត្រូវបានឆ្មាំសន្តិសុខដែលឯកសណ្ឋានមានផ្លាកសញ្ញាផ្គត់ផ្គង់ទឹកឈ្មោះ អាន កូ (Andco Water Supply Co., Ltd.) របស់លោក កុក អាន ត្រូវបានយាមកាមយ៉ាងតឹងរ៉ឹង មិនឱ្យពួកគេអាចចុះបានសូម្បីតែជាន់ផ្ទាល់ដី។
ចំណែកឯ តំបន់មួយទៀតឈ្មោះ Town Victory Paradise Resort and Casino ដែលមានចម្ងាយប្រមាណជាង ៥គីឡូម៉ែត្រចេញពីក្រុមហ៊ុនរបស់ លោក កុក អាន ក្នុងនោះជនរងគ្រោះដែលត្រូវគេបង្ខាំងធ្វើការខុសច្បាប់បានឱ្យដឹងថាក្រុមហ៊ុននោះឈ្មោះ ហេង ស៊ិន (Heng Xin)។ លោក ហេង ស៊ិន គឺជាអ្នកវិនិយោគិនជនជាតិចិនវ័យក្មេងម្នាក់តែងតែបរិច្ចាគថវិកាទៅកាន់រដ្ឋាភិបាលកម្ពុជា រហូតត្រូវបានតែងតាំងជាទីប្រឹក្សារបស់លោក ហ៊ុន សែន ផ្ទាល់។ អាល់ហ្សាហ្ស៊ីរ៉ា រាយការណ៍ថា ក្មេងស្រីជនជាតិចិនអាយុ ១៦ឆ្នាំម្នាក់ នាងត្រូវបានលក់ទៅឱ្យសណ្ឋាគារ White Sand Palace កាលពីខែសីហា ឆ្នាំ២០២១។ ក្មេងស្រីម្នាក់នោះថា នាងត្រូវបានបង្ខំឱ្យធ្វើការឆបោកផ្លូវភេទ និងបំរើសេវាកម្មដល់អតិថិជនក្នុងសណ្ឋានគារនោះ។
សារព័ត៌មានដដែល ក៏បានរកឃើញទៀតថា អ្នកជំនួញម្នាក់ដែលមានឥទ្ធិពលក្នុងរបបលោក ហ៊ុន សែន គឺឧកញ៉ា ទ្រី ភាព ក៏មានអគារសហគ្រាសសម្រាប់ឲ្យជនជាតិចិនប្រតិបត្តិការអាជីវកម្មបែបឧក្រិដ្ឋកម្ម ដោយចាប់ជម្រិតមនុស្សធ្វើទារុណកម្មក្នុងអគារដែលមានសភាពងងឹត ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុដែរ។ ពលរដ្ឋដែលត្រូវបានឧកញ៉ា ទ្រី ភាព រំលោភដីធ្លី ដើម្បីធ្វើជាតំបន់ឧក្រិដ្ឋកម្មនៅកន្លែងនោះ អះអាងថា ពួកគាត់ធ្លាប់ឃើញមានការចាប់បញ្ជូនមនុស្សចូលបរិវេណអគាររបស់ លោក ទ្រី ភាព និងមានសំឡេងស្រែកចេញពីក្នុងបរិវេណនោះ ដោយសារតែការធ្វើទារុណកម្មទៀតផង។
លោក ទ្រី ភាព គឺជាអ្នកជំនួញម្នាក់ដែលស្និទ្ធនឹង លោក ហ៊ុន សែន។ ចំណែកឯ ការធ្វើជំនួញរបស់លោករងការចោទប្រកាន់ពីសំណាក់សហគមន៍ជាតិ និងអន្តរជាតិថា ជាមេឈ្មួញជួញដូរកាប់ឈើសម្រាប់នាំចេញទៅក្រៅប្រទេសដែលប្រឡូកប្រឡាក់ទៅដោយអំពើពុករលួយ។ ក្រសួងរតនាគារអាមេរិក កាលពីឆ្នាំ២០១៩ សម្រេចចេញច្បាប់ដ៏មានឥទ្ធិពលដាក់ទណ្ឌកម្ម (Global Magnitsky Act) និងបង្កក ឬរាំងខ្ទប់ទ្រព្យសម្បត្តិ លោក ទ្រី ភាព ដោយសារតែពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។
សារព័ត៌មានអន្តរជាតិ អាល់ហ្សាហ្ស៊ីរ៉ា (Al Jazeera) ក៏បានរកឃើញទៀតថា សណ្ឋាគារកាស៊ីណូមួយចំនួនទៀត ដែលស្ថិតក្នុងខេត្តព្រះសីហនុសុទ្ធសឹងតែមានក្រុមអ្នកមានអំណាចនៃរបបលោក ហ៊ុន សែន ដូចជាលោក ហ៊ុន តូ ដែលត្រូវជាក្មួយបង្កើតរបស់ និងឧកញ៉ា ឫទ្ធី សំណាង មានទំនាក់ទំនងរកស៊ីជាមួយជនជាតិចិន ដែលមានប្រវត្តិរឿងរ៉ាវអាស្រូវជាអ្នកជាប់ទោស ដែលពាក់ព័ន្ធនឹងអំពើពុករលួយអន្តរជាតិ។
ចំណែក ឧកញ៉ា ឫទ្ធី សំណាង ត្រូវជាកូនប្រសារលោក កុក អាន សមាជិកព្រឹទ្ធសភា ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនចិនប្រតិបត្តិការឆបោកមួយចំនួនក្នុងខេត្តព្រះសីហនុ ដែលម្ចាស់អគារគ្រប់គ្រងដោយជនជាតិចិនទាំងនោះ សុទ្ធសឹងតែមានជាប់ពាក់ព័ន្ធនឹងអំពើលាងលុយកង្វក់នៅប្រទេសចិន។ លោក ឫទ្ធី សំណាង ស្លាប់កាលពីខែឧសភា ឆ្នាំ២០២២។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៥ លោក កុក អាន ឧកញ៉ា ទ្រី ភាព និងក្មួយបង្កើតលោក ហ៊ុន សែន គឺលោក ហ៊ុន តូ ដើម្បីសុំអត្ថាធិប្បាយជុំវិញរឿងនេះបាននៅឡើយទេ។ ចំណែកឯប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង និងអភិបាលខេត្តព្រះសីហនុលោក គួច ចំរើន ក៏មិនអាចទាក់ទងដើម្បីសាកសួរបញ្ហានេះបន្ថែមបានដែរ។
វិទ្យុអាស៊ីសេរីក៏បានព្យាយាមទាក់ទង ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ដើម្បីសុំប្រតិកម្មជុំវិញការលាតត្រដាងអំពើពុករលួយរបស់អ្នកមានអំណាចនៅកម្ពុជានេះដែរ ក៏ប៉ុន្តែមិនអាចទាក់ទងបានកាលពីថ្ងៃទី១៩ កក្កដា។
រីឯអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា វិញបដិសេធមិនធ្វើអត្ថាធិប្បាយអំពីរឿងនេះទេ ដោយលោកបានចុចផ្តាច់ប្រព័ន្ធទូរស័ព្ទភ្លាមៗ៖ «បញ្ហាអស់ហ្នឹង ទៅលើថ្នាក់ជាតិ សួរនាំទៅលើថ្នាក់ជាតិ»។
ទោះបីជាយ៉ាងណា លោក ផៃ ស៊ីផាន ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីកន្លងមកថា ករណីចាប់ជម្រិតមនុស្សជាបទល្មើសទូទៅលើសកលលោក។ លោកទទួលស្គាល់ថា ការចាប់ជម្រិតមនុស្សនៅកម្ពុជា គឺជាវប្បធម៌មួយសម្រាប់ក្រុមឧក្រិដ្ឋជន តែពួកគេចាប់ជម្រិតជនជាតិបរទេសដើម្បីជម្រិតទារប្រាក់។ លោកអះអាងថា អាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ទៅលើក្រុមឧក្រិដ្ឋជនទាំងនោះ។
បន្ថែមពីនេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ក៏ធ្លាប់អះអាងប្រាប់វិទ្យុអាស៊ីសេរីដែរថា ករណីបង្ខាំងមនុស្ស ជាពិសេសជនជាតិថៃក្នុងខេត្តព្រះសីហនុ ដែលបានផ្សព្វផ្សាយកន្លងមកនេះ គឺជារឿងមិនពិត។ លោកអះអាងថា ជនជាតិថៃទាំងនោះតែងចូលកម្ពុជាធ្វើការដោយខុសច្បាប់ និងមានទំនាស់លើកិច្ចសន្យាការងារជាមួយក្រុមហ៊ុនចិននានាក្នុងខេត្តព្រះសីហនុតែប៉ុណ្ណោះ។
លោកថា រាល់ករណីដែលត្រូវបានផ្សព្វផ្សាយ ថា មានករណីចាប់បង្ខាំងជនជាតិថៃនៅខេត្តព្រះសីហនុនារយៈពេលចុងក្រោយនេះ សមត្ថកិច្ចតែងចុះស៊ើបអង្កេតដោយមិនមានរកឃើញដូចជាការចោទប្រកាន់ពីសំណាក់សារព័ត៌មានថៃឡើយ៖ «ហើយនៅការណ៍យើងទៅសហការជាមួយកន្លងគាត់ [ ជនជាតិថៃ ] ធ្វើការហ្នឹងគាត់ធ្វើការធម្មតា ហើយក៏មានជនជាតិថៃមួយចំនួននៅជាមួយគាត់ដែរ។ ចូលទៅថា មានបង្ខាំងមានអី ដល់ចូលទៅនេះគឺមានជនជាតិថៃកំពុងតែធ្វើការងារ។ មិនមានបង្ខាំងទេ គាត់ [ ជនជាតិថៃ ] ចេះតែច្នៃប្រឌិតការបង្ខាំងការធ្វើទារុណកម្មដល់ធាតុពិតគាត់ចង់ចាកចេញពីកន្លងធ្វើការងារ»។
ទោះបីជាយ៉ាងណា ជនជាតិថៃត្រូវបានគេជួយសង្គ្រោះកន្លងមកនេះ សារព័ត៌មានថៃរាយការណ៍ថា ពួកគាត់ត្រូវបានជនជាតិចិនបង្ខំឱ្យធ្វើការខុសច្បាប់នៅកម្ពុជា ព្រមទាំងមានស្លាកស្នាមជាំលើដងខ្លួនដោយសារតែរងការធ្វើទារុណកម្មពីសំណាក់ក្រុមឧក្រិដ្ឋជនចិន។
អ្នកវិភាគសង្គម និងនយោបាយ លោក គឹម សុខ សម្គាល់ថា ឯកសារស៊ើបអង្កេតរបស់ស្ថាប័នព័ត៌មានអន្តរជាតិ អាល់ហ្សាហ្ស៊ីរ៉ា ធ្វើឡើងមានការស្រាវជ្រាវបង្ហាញអត្តសញ្ញាណជនឧក្រិដ្ឋ និងមានមូលដ្ឋានច្បាស់លាស់គួរឱ្យទុកចិត្ត។
លោកបន្តថា ការលាតត្រដាងក្រុមបក្សពួកលោក ហ៊ុន សែន ដែលធ្វើជំនួញអាជីវកម្មបែបឧក្រិដ្ឋកម្មបែបនេះ កាន់តែរងភាពអាម៉ាស់៖ «ហើយប្រព័ន្ធរដ្ឋបាលឆបោកបែបនេះគួរហៅថា ជាប្រព័ន្ធចោរឧក្រិដ្ឋ ហើយប្រព័ន្ធចោរឧក្រិដ្ឋបើយើងប្រើពាក្យថា ជារដ្ឋាភិបាលដែលអាម៉ាស់មុខបំផុតតែប៉ុណ្ណឹងខ្ញុំគិតថាដូចជានៅស្ទើរណាស់»។
ជុំវិញរឿងនេះដែរ អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ប្រាប់វិទ្យុអាស៊ីសេរីថា អ្នកស្រីតែងទទួលបានព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់អគារក្រុមហ៊ុនចិនក្នុងខេត្តព្រះសីហនុ។ ពួកគាត់លើកឡើងថា តែងតែឮសំឡេងស្រែកចេញពីក្នុងអគារ។ អ្នកស្រីឱ្យដឹងទៀតថា កាលពីអំឡុងឆ្នាំ២០១៩ កន្លងទៅពិតជាមានករណីការធ្វើទារុណកម្មមនុស្សក្នុងអគារ ដោយត្រូវបានសារព័ត៌មានផ្សព្វផ្សាយជាច្រើនដែរ។ អ្នកស្រីបញ្ជាក់ថា ពលរដ្ឋក្នុងខេត្តព្រះសីហនុដែលរស់នៅក្បែរអគារក្រុមហ៊ុនចិន ទូទៅមិនហ៊ាននិយាយពីករណីចាប់បង្ខាំងមនុស្សធ្វើទារុណកម្មនេះប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ចឡើយ។ អ្នកស្រីថា មូលហេតុដែលពលរដ្ឋមិនហ៊ានផ្តល់ព័ត៌មានទាំងនេះជូនសមត្ថកិច្ច ដោយសារតែការនាំពាក្យពីពលរដ្ឋលើករណីបង្ខាំងមនុស្សនេះគ្មានការគាំទ្រពីសមត្ថកិច្ច និងព្រួយបារម្ភពីបញ្ហាសុវត្ថិភាពរបស់ពួកគាត់៖ « ហើយជាការទទូចយើងនៅតែសុំឱ្យរដ្ឋាភិបាលលោកមេត្តាពង្រឹងការអនុវត្តច្បាប់ និងចុះធ្វើការស្រាវជ្រាវ ហើយគួរតែមានការបោសសំអាតដែរ បើសិនជាមានការឃុបឃិតគ្នា។ ព្រោះនិយាយទៅថាវាទាក់ទងទៅនឹងមុខមាត់ប្រទេសរបស់យើងដែរ ព្រោះប្រទេសរបស់យើងនិយាយទៅថា ជាប្រទេសមួយមានធនធានធម្មជាតិ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបើកឱកាសឱ្យអ្នកវិនិយោគសុចរិតចុះមកដាក់ទុកដើម្បីរកស៊ី»។
ទាក់ទងនឹងរឿងនេះដែរ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លើកឡើងថ្មីៗនេះថា ការជួញដូរមនុស្ស គឺជាបញ្ហារំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ ដែលវាកើតឡើងនៅទូទាំងពិភពលោកក្នុងនោះរួមមានទាំងកម្ពុជាផងដែរ។ អង្គការសហប្រជាជាតិបញ្ជាក់ថា ការជួញដូរមនុស្សអាចធ្វើឡើងតាមទម្រង់ផ្សេងៗ គ្នា ប៉ុន្តែវាអាចរំលោភទៅលើសិទ្ធិមានសេរីភាព និងសុវត្ថិភាព សិទ្ធិមិនទទួលរងការធ្វើទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ ឬការបន្ទាបបន្ថោក ឬសិទ្ធិផ្សេងៗ ជាច្រើនទៀត ដែលអង្គការសហប្រជាជាតិទទួលស្គាល់ដើម្បីទប់ស្កាត់បង្ក្រាប និងដាក់ទណ្ឌកម្មលើការជួញដូរមនុស្ស។
ទោះបីជាយ៉ាងណា សារព័ត៌មានអន្តរជាតិ អាល់ហ្សាហ្ស៊ីរ៉ា (Al Jazeera) បានរាយការណ៍ឱ្យដឹងទៀតថា មានមនុស្សរាប់ពាន់នាក់ផ្សេងទៀតនៅតែរង់ចាំការដោះលែងចេញពីកន្លែងឃុំឃាំងនៅកម្ពុជា ខណៈដែលក្រុមហ៊ុនឆបោករបស់ចិនធ្វើសកម្មភាពឆបោក ស្របពេលកម្ពុជានៅមានអំពើនិទ្ទណ្ឌភាព និងមានអំពើពុករលួយគ្មានដែនកំណត់ផងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។