សង្គមស៊ីវិល និងអ្នកឃ្លាំមើលសង្គម យល់ថា មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន មិនស័ក្តិសមទទួលបានពានរង្វាន់ស្តីពីភាពជាអ្នកដឹកនាំនិងអភិបាលកិច្ចល្អក្នុងពេលនេះនោះទេ ព្រោះសហគមន៍អន្តរជាតិនិយមប្រជាធិបតេយ្យ កំពុងរិះគន់ថា លោកដឹកនាំប្រទេសកម្ពុជា ដើរផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សបណ្តាលឲ្យប្រឈមការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប។
សង្គមស៊ីវិល និងអ្នកឃ្លាំមើលសង្គមភ្ញាក់ផ្អើលដែលលោក ហ៊ុន សែន ទទួលបានពាន់រង្វាន់ស្តីពីភាពជាអ្នកដឹកនាំនិងអភិបាលកិច្ចល្អ។
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ថ្លែងថា ពានរង្វាន់ស្តីពីភាពជាអ្នកដឹកនាំនិងអភិបាលកិច្ចល្អ ដែលលោក ហ៊ុន សែន ទើបទទួលបាននេះ មិនឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជា នោះទេ។ លោក បន្តថា បើនិយាយអំពីបញ្ហាអភិបាលកិច្ចគឺមិនមានតម្លាភាពនោះទេ ដោយសារមានការរើសអើង មានអំពើពុករលួយ គ្មានយុត្តិធម៌ពេញលេញ គ្មានស្ថេរភាពសង្គម និងករណីរំលោភ សិទ្ធិដីធ្លីរំលោភសិទ្ធិមនុស្សកើតឡើងព្រោងព្រាតជាដើម។ ចំណែកការដឹកនាំវិញ លោកថា លោក ហ៊ុន សែន ដើរផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងគោលការណ៍សិទ្ធិមនុស្សដែលមានកំណត់ក្នុង ច្បាប់ជាតិនិង អន្តរជាតិ៖ «ផ្តល់ពានរង្វាន់នេះ មិនឆ្លុះបញ្ចាំងការពិតដែលកើតមាននៅកម្ពុជាទេ ហើយវាមិនទាន់មានអភិបាលកិច្ចល្អដូចដែលការចង់បានរបស់ប្រជាពលរដ្ឋ។ បើភាពជាអ្នកដឹកនាំវិញ យើងឃើញថា សព្វថ្ងៃនេះ វាមិនស្របតាមគោលការណ៍ប្រជាធិបតេយ្យដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ។ ប៉ុន្តែដោយឡែកយើងឃើញពីរបីឆ្នាំចុងក្រោយនេះទាំងជាតិនិងអន្តរជាតិបានរិះគន់ថារដ្ឋាភិបាលកម្ពុជា បានរំលោភសទ្ធិមនុស្ស និងបានបំផ្លាញលទ្ធិប្រជាធិបតេយ្យ»។
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ទទួលបានពានរង្វាន់ស្តីពី ''ភាពជាអ្នកដឹកនាំនិងអភិបាលកិច្ចល្អ'' ពីអង្គការមួយឈ្មោះថា សហព័ន្ធសន្តិភាពសកល(Universal Peace Federation)។ ការប្រគល់ពាន់រង្វាន់នេះ ធ្វើឡើងក្នុងឱកាសបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក លើកទី២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅវិមានសន្តិភាព។
អ្នកនាំពាក្យសហព័ន្ធសន្តិភាពសកល (UPF) លោក រ៉ូបឺត ឃីតតេល (Robert S. Kittel) បានប្រាប់អ្នកកាសែតយ៉ាងខ្លីពេលប្រគល់ពាន់រង្វាន់នោះថា គុណវឌ្ឍិដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានពានរង្វាន់ ព្រោះលោក ហ៊ុន សែន គឺជានាយករដ្ឋមន្ត្រីកម្ពុជា។ ដូច្នេះ វាគ្រប់គ្រាន់ ហើយជាសមិទ្ធផលធំធេងណាស់។
សហព័ន្ធសន្តិភាពសកលគឺជាអង្គការក្រៅរដ្ឋាភិបាលមួយដែលបង្កើតឡើងក្នុងឆ្នាំ២០០៥ ដោយប្តីប្រពន្ធជនជាតិកូរ៉េខាងត្បូងពីរនាក់គឺលោក ស៊ុន ម្យ៉ុង ម៉ូន (Sun Myung Moon) និងអ្នកស្រី ហាក់ ចា ហាន់ ម៉ូន (Hak Ja Han Moon)។ អង្គការមួយនេះធ្វើការផ្តោតលើវិស័យកសាងសន្តិភាពអន្តរជំនឿសាសនា ការអប់រំសន្តិភាព និងការពង្រឹងអាពាហ៍ពិពាហ៍គ្រួសារ។អង្គកការមួយនេះ មានទំនាក់ទំនងជិតស្និតជាមួយមន្ត្រីកំពូលៗរបបក្រុងភ្នំពេញ និងធ្លាប់បានស្នើសុំប្រារព្ធខួបនៃការបង្កើតអង្គការនេះក្នុងប្រទេសកម្ពុជាអំឡុងខែវិច្ឆិកានេះដែរ។
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន មានប្រសាសន៍លើកសរសើរខ្លួនឯងក្រោយទទួលពានរង្វាន់នេះថា លោកបានខិតខំប្រឹងប្រែងយ៉ាងសម្បើមក្នុងការរៀបចំកសាងប្រទេសកម្ពុជាឡើងវិញ ពីបាតដៃទទេ តាមគោលនយោបាយឈ្នះៗ ក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ លោកអះអាងថា ពេលនេះ កម្ពុជាក្រោមការដឹកនាំរបស់លោក មានសន្តិភាព មានការបង្រួបបង្រួមជាតិ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ៖ «សន្តិភាពនិងស្ថេរភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការ អភិវឌ្ឍន៍ហើយការអភិវឌ្ឍន៍សម្រាប់សមធម៌ និងបរិយាប័ន្នគឺជាលក្ខខណ្ឌសម្រាប់ការពង្រឹងនិងការធានា ឲ្យបាននូវសុខសន្តិភាព និងស្ថេរភាពសង្គម។ សន្តិភាពដែលកម្ពុជាមានបច្ចុប្បន្ន គឺជាបទពិសោធន៍មួយរបស់ប្រជាជនកម្ពុជា ដែលធ្លាប់បានញាំញីដោយសារសង្គ្រាមហើយបច្ចុប្បន្ន កម្ពុជាបានផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈ»។
ផ្ទុយពីការលើកឡើងនេះ លោក រ៉ុង ឈុន សង្កេតឃើញថា កម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន មានរឿងអាក្រក់ៗកើតឡើងជាបន្តបន្ទាប់ រាប់ចាប់តាំងពីបញ្ហាដល់ធ្លីដល់បញ្ហាពុករលួយ បញ្ហារំលោភច្បាប់ ការរឹតត្បិតសិទ្ធិសេរីជួបជុំបញ្ចេញមតិ និងសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋគ្រប់បែបយ៉ាង។ ដូច្នេះលោកថា គ្មានចំណុចណាមួយដែលត្រូវផ្តល់កិត្តិយស ឬពានរង្វាន់ដល់លោក ហ៊ុន សែន នោះទេ៖ «ដើម្បីឲ្យមានអភិបាលកិច្ចល្អឬមួយភាពជាអ្នកដឹកនាំល្អ ត្រូវតែមានការសាទរពីប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋមានសេរីភាពមានសិទ្ធិបញ្ចេញមតិ មានសិទ្ធិទទួលបានព័ត៌មាន មានសិទ្ធិចូលរួមប្រឡូកក្នុងឆាកនយោបាយ ហើយមានសិទ្ធិទទួលបានការងារធ្វើ និងមានសិទ្ធិក្នុងការប្រមូលផ្តុំជាដើម»។
ចំណែកប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ វិញ មានប្រសាសន៍ថា លោក មិនដឹងថា អង្គការសហព័ន្ធសន្តិភាពសកលមានលក្ខខណ្ឌអ្វី និងវាយតម្លៃលើលក្ខណៈសម្បត្តិបែបណា នោះទេ ទើបប្រគល់ពានរង្វាន់ស្ងាត់ៗដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកបញ្ជាក់ថា ពានរង្វាន់ខ្លះ គ្រាន់តែប្រគល់ឲ្យដើម្បីជាការលើកទឹកចិត្តប៉ុណ្ណោះមិនផ្តោតលើការអនុវត្តជាក់ស្តែងនោះទេ៖ «ការផ្តល់ព័ត៌មានអំពីលក្ខណៈសម្បត្តិនៃការទទួលបានពានរង្វាន់នេះ យើង មិនបានដឹងទេ ហើយទី២ ការអនុវត្តបច្ចុប្បន្នលើការងារអភិបាលកិច្ច វាស្ថិតនៅក្នុងគោលនយោបាយច្រើន ប៉ុន្តែការអនុវត្តវិញមិនទាន់បានគ្រ់បជ្រុងជ្រោយនោះទេ មានន័យថា មានតែនៅក្នុងសៀវភៅ មានក្នុង ក្រដាសស្នាមប៉ុន្តែមិនទាន់មានការអនុវត្តគ្រប់ជ្រុងជ្រោយឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋនូវមូលដ្ឋាននោះទេ»។
លោក សន ជ័យ ថ្លែងបន្តថា ស្ថានភាពនយោបាយកម្ពុជានៅតែមានបញ្ហា ទំនាក់ទំនងជាមួយអន្តរជាតិ នៅតែមានភាពរកាំរកូស ហើយការអនុវត្តគោលនយោបាយ និងច្បាប់នាពេលកន្លងមក មិនទាន់មាន លទ្ធផលផ្លែផ្កាដែលពលរដ្ឋពេញចិត្តនៅឡើយ៖ « ការមើលទៅលើគោលនយោបាយមួយមុខវាគ្រាន់តែដំណើការ (Process) ទេ អ្វីដែលការចង់បានរបស់ប្រជាពលរដ្ឋនោះគឺផលិតផល (product)» ។
គិតចាប់តាំងពីអំឡុងឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១៩ នេះ លោក ហ៊ុន សែន ទទួលបានគោរមងារ សញ្ញាប័ត្រកិត្តិយស មេដាយ និងពានរង្វាន់នានា ជាង ២០ហើយ ពីសកលវិទ្យាល័យ ស្ថាប័នឯកជន និង អង្គការមួយចំនួន ដែលពិភពលោកមិនសូវស្គាល់ និងឲ្យតម្លៃ។ សញ្ញាប័ត្រកិត្តិយសភាគច្រើនដែលលោក ហ៊ុន សែន ទទួលបានជាសញ្ញាប័ត្រផ្នែកវិទ្យាសាស្ត្រនយោបាយ។ ចំណែកពាន រង្វាន់វិញ ក្នុងឆ្នាំ១៩៩៦ លោក ហ៊ុន សែន ទទួលបានពានរង្វាន់សន្តិភាពពិភពលោកដែលផ្តល់ដោយបណ្ឌិតសភាសន្តិភាពពិភពលោក (World peace Academy)។ បន្ទាប់មក ក្នុងឆ្នាំ២០០១ លោក ទទួលបានពានរង្វាន់លើកស្ទួយពិភពលោកដោយបេះដូងតែមួយពីមជ្ឈមណ្ឌលមួយឈ្មោះស្រ៊ី ជីនម៉យនៃមជ្ឈមណ្ឌលសន្តិភាពអន្តរជាតិ (Sri Chin moy of the international Peace center) ហើយ ក្នុងឆ្នាំ ២០០៥ មជ្ឈ មណ្ឌលមួយនេះ បានប្រគល់ ពាន់រង្វាន់ថ្នាក់ខ្ពស់មួយទៀត ឈ្មោះថា ;យ៊ូថេនសន្តិភាព(The U Thant Pease award)។ ក្នុងឆ្នាំ២០១៦ លោក ហ៊ុន សែន ក៏ទទួលបានពានរង្វាន់មួយទៀត ឈ្មោះថា សមិទ្ធផលអាស៊ានមួយជីវិតពីវិទ្យាស្ថានយុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំអាស៊ី។ ពានរង្វាន់នេះ ប្រគល់ជូនរដ្ឋាភិបាលរូបណាដែលបានកាន់ អំណាចយូរជាងគេក្នុងតំបន់អាស៊ាន។
នាយិកានៃអង្គការក្លាហាន កញ្ញា បុណ្យ រចនា អបអរសាទរដែល លោក ហ៊ុន សែន ទទួលបានពានរង្វាន់ភាពជាអ្នកដឹកនាំនិងអភិបាលកិច្ចល្អ ប៉ុន្តែកញ្ញានៅតែអំពាវនាវឲ្យលោក ហ៊ុន សែន ប្រើប្រាប់វប្បធម៌សន្ទនាឡើងវិញ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ព្រមទាំងប្រឹងប្រែងបន្ថែមទៀត ក្នុងការបែងចែកភោគផលសេដ្ឋកិច្ចឲ្យបានដល់ប្រជាពលរដ្ឋស្មើៗគ្នា និងគ្រប់ៗគ្នា កុំឲ្យទទួលបាន តែមនុស្សមួយក្រុមដូចសព្វថ្ងៃ។ កញ្ញា ព្រួយបារម្ភថា ជម្លោះនយោបាយសព្វថ្ងៃនេះ ប៉ះពាល់ធ្ងន់ធ្ងរដូចជាធ្វើឲ្យអ្នកវិនិយោគទុនមួយចំនួនមិនហ៊ានមកវិនិយោគ នៅកម្ពុជាជាដើម៖ «រាល់ថ្ងៃនេះយើងឃើញថា សេដ្ឋកិច្ចកម្ពុជាយើង កើនឡើងក៏ពិតមែនហើយ ប៉ុន្តែបើយើងមើលទៅលើលក្ខខណ្ឌប្រជាពលរដ្ឋជាពិសេសអ្នករស់នៅតាមទីជនបទដែលគាត់អាស្រ័យផល ដោយរបកសិកម្មនិងធនធានធម្មជាតិជាដើមនោះ គឺគាត់ជួបបញ្ហាប្រឈមច្រើនដោយសារតែការអភិវឌ្ឍន៍ មិនបានរីកលូតលាស់ទៅដល់ទីជនបទ។មួយទៀត គាត់ក៏បានប្រឈមនឹងបញ្ហាអាកាសធាតុ គ្រោះរាំងស្ងួត និងទឹកជំនាន់វាប៉ះពាល់ដល់ផលិតកម្មកសិកម្មរបស់គាត់។ម្យ៉ាងទៀតទាក់ទងនឹងរឿងរំលោភដីធ្លីជាដើមនេះក៏ប៉ះពាល់ដល់កសិករមួយចំនួនធំដែរ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអតីតកម្មាភិបាលខ្មែរក្រហម ហើយត្រូវបានគេស្គាល់ថា ជាមេដឹកនាំល្បីខាងរំលោភសិទ្ធិមនុស្ស យកមាត់ជាច្បាប់ ប្រើភាសាជេរប្រមាថ គំរាមកំហែង ហិង្សានិយម និងហ៊ានធ្វើអ្វីៗ គ្រប់យ៉ាងដើម្បីតែអំណាចរបស់ខ្លួន។
ស្នាដៃលេចធ្លោ និងកក្រើកពេញពិភពលោករបស់លោក ហ៊ុន សែន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺការបើកយុទ្ធនាការកម្ទេចបក្សប្រឆាំង ដែលមានសង្ឃឹមឈ្នះឆ្នោតតែមួយគត់នៅកម្ពុជា និងបំបិទសំឡេងឯករាជ្យនៅមុនការបោះឆ្នោតមកដល់។ របបនេះបានចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដាក់ពន្ធនាគារ រំលាយបក្សសង្គ្រោះជាតិ និងបិទសិទ្ធិធ្វើនយោបាយរបស់ថ្នាក់ដឹកនាំបក្សប្រឆាំងចំនួន ១១៨នាក់។ ជាងនេះទៅទៀតនោះ របបនេះបានយកអាសនៈតំណាងរាស្ត្រ និងក្រុមប្រឹក្សាឃុំសង្កាត់ជាង ៥ពាន់អាសនៈ ដែលពលរដ្ឋខំបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិនោះ យកទៅចែកគ្នាកាន់កាប់ ប្រៀបដូចជាគេកាត់នំចែកគ្នាហូបយ៉ាងដូច្នេះដែរ។ ទន្ទឹមនឹងនេះ របបលោក ហ៊ុន សែន បានបិទស្ថាប័នព័ត៌មានឯករាជ្យ ប្ដឹងផ្ដល់ និងចាប់ខ្លួនអ្នកកាសែតមួយចំនួនដាក់ពន្ធនាគារ។ របបនេះក៏បានរឹតត្បិតសិទ្ធិសេរីភាពអង្គការសង្គមស៊ីវិល និងសហជីពឯករាជ្យផង ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ របបក្រុងភ្នំពេញកម្រអនុញ្ញាតឱ្យក្រុមពលរដ្ឋ និងសង្គមស៊ីវិល ជួបប្រជុំ ឬតវ៉ាដោយសន្តិវិធីណាស់ ដោយយកលេសថា ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម។ គណបក្សសង្គ្រោះជាតិដែលជាអ្នករងគ្រោះដោយសារស្នាដៃរបបក្រុងភ្នំពេញនោះ បានចាត់ទុកការបោះឆ្នោតថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ គឺជាថ្ងៃប្រារព្ធពិធីមរណភាពនៃលទ្ធិប្រជាធិបតេយ្យ និងជាថ្ងៃខ្មៅងងឹតនៃប្រវត្តិសាស្ត្រកម្ពុជា ដែលរបបប្រជាធិបតេយ្យត្រូវជំនួសមកវិញដោយការដឹកនាំបែបឯកបក្សខុសច្បាប់ និងអធម្មនុញ្ញភាព។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានពិនិត្យឃើញថា លោក ហ៊ុន សែន ដែលកាន់អំណាចជាង ៣០ឆ្នាំមកហើយនោះ បានប្រើល្បិចកលមិនស្របច្បាប់គ្រប់បែបយ៉ាង ដើម្បីពង្រឹងការគ្រប់គ្រងបែបផ្តាច់ការឯកបក្ស។
ការដឹកនាំប្រទេសដើរថយក្រោយផ្ទុយនឹងគោលការណ៍ប្រជាធិបតេយ្យនេះហើយ ទើបធ្វើឱ្យសហភាពអឺរ៉ុបពិចារណាដកហូតប្រព័ន្ធអនុគ្រោះពន្ធEBAពីកម្ពុជា ហើយតំណាងរាស្ត្រសហរដ្ឋអាមេរិក ក៏កំពុងស្នើច្បាប់ដាក់ទណ្ឌកម្មរបបក្រុងភ្នំពេញផងដែរ។ ក្រុមអ្នកតាមដានស្ថានការណ៍កម្ពុជាជឿជាក់ថា មានតែការស្ដារប្រជាធិបតេយ្យ និងគោរពសិទ្ធិ មនុស្សឡើងវិញទេ ទើបរបបលោក ហ៊ុន សែន និងប្រជាជាតិខ្មែរទាំងមូល អាចចៀសផុតពីវិបត្តិទណ្ឌកម្មរបស់ក្រុមប្រទេសលោកខាងលិចបាន និងអាចធ្វើឲ្យប្រទេសកម្ពុជារីកចម្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
