សង្គម​ស៊ីវិល​ព្រួយបារម្ភ​អំពី​បញ្ហា​អសន្តិសុខ​បង្ក​ដោយ​ជនជាតិ​ចិន

0:00 / 0:00

សង្គម​ស៊ីវិល​អះអាង​ថា ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ទីក្រុង​ភ្នំពេញ កំពុង​ភ័យខ្លាច​អំពី​បញ្ហា​អសន្តិសុខ បង្កឡើង​ដោយ​ជនជាតិ​ចិន​ដែល​កំពុង​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ និង​ការ​ចាប់​ជំរិត​នៅ​កម្ពុជា​។ សង្គម​ស៊ីវិល​យល់​ថា បញ្ហា​អសន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម​នេះ ក៏​បណ្ដាល​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ថយ​ចុះ​ផង​ដែរ។

ក្តី​កង្វល់​របស់​សង្គម​ស៊ីវិល កើតឡើង​ដោយសារតែ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ សមត្ថកិច្ច​កម្ពុជា បាន​បង្ក្រាប​បទល្មើស​ដែល​ប្រព្រឹត្ត​ដោយ​ជនជាតិ​ចិន មានការ​កើន​ឡើង​ច្រើន​។

​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឱ្យ​ដឹង​ថា កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ ចុះ​បង្ក្រាប​និង​ចាប់ខ្លួន​ជនជាតិ​ចិន​ចំនួន ​១១​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ចាប់​បង្ខាំង​ជនជាតិ​ចិន​ដូចគ្នា ដើម្បី​ជំរិត​ទារ​ប្រាក់​នៅ​រសៀល​ថ្ងៃ​ទី​៨ វិច្ឆិកា នៅ​សង្កាត់​កាកាប២ ក្រុងភ្នំពេញ។

ការ​ឃាត់ខ្លួន​នេះ​ត្រូវ​បាន​ធ្វើឡើង បន្ទាប់ពី​សាច់ញាតិ​ជនរងគ្រោះ​បាន​ប្ដឹង​សមត្ថកិច្ច ទើប​អាច​បង្ក្រាប​បាន បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​សាកសួរ​ជនល្មើស​ទាំងនេះ។

ដោយឡែក​ករណី​មួយ​ផ្សេងទៀត​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី៧ វិច្ឆិកា នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ ២​នាក់ បន្ទាប់ពី​ពួកគេ​បាន​ប្លន់​ម្ចាស់​ហាង​វេរ​លុយ។ សមត្ថកិច្ច​កំពុង​តាម​រក​ចាប់ខ្លួន​ជនជាតិ​ចិន ៣​នាក់​ទៀត ​ដែល​បាន​គេច​ខ្លួន។

ចំណែក​នៅ​ខេត្ត​ព្រះសីហនុ​វិញ កាលពី​ខែ​តុលា​កន្លង​ទៅ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​ ២៣​នាក់ បន្ទាប់ពី​ជនសង្ស័យ​ទាំងនេះ បាន​បាញ់សម្លាប់​ជន​ជាតិ​ចិន​ដូចគ្នា បង្ខាំង​មនុស្ស​​ខុស​ច្បាប់​ដើម្បី​ជំរិត​ទារ​លុយ ព្រមទាំង​ប្រព្រឹត្ត​អំពើ​ប្លន់ និង​ចោរកម្ម។

អតីត​អភិបាលខេត្ត​ព្រះសីហនុ លោក យន់ មីន ធ្លាប់​បាន​និយាយ​ថា ជន​ជាតិ​ចិន​មួយ​ចំនួន បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ ហើយ​បាន​ចាប់ជំរិត​ទារ​ប្រាក់ ពី​វិនិយោគិន ហើយ​ថា​ពលករ​ដែល​ភាគច្រើន​ជា​ជនជាតិ​ចិន កំពុង​បង្កជម្លោះ​ជាមួយ​អ្នកស្រុក។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) នៅ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី បាន​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​សុក្រ ទី៨ វិច្ឆិកា ថា បើ​ទោះ​បី​ជនជាតិ​ចិន​មួយ​ចំនួន​បាន​វិលត្រឡប់​ទៅវិញ​ក៏​ដោយ ប៉ុន្តែ​នៅតែ​សង្កេតឃើញ​មានការ​នាំ​ខ្លួន​ជនជាតិ​ចិន​ទៅ​តុលាការ​ស្ទើរ​រាល់ថ្ងៃ។

អ្នកស្រី​ថា ភ្ញៀវ​ទេសចរ​ទាំង​ខ្មែរ​និង​បរទេស ឥឡូវ​ក៏​មាន​ការ​ថយ​ចុះ​ដែរ ចាប់​តាំង​ពី​មាន​ជនជាតិ​ចិន​រាប់​ម៉ឺន​នាក់​ចូល​មក​ស្នាក់នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ហើយ​ថា អំពើ​ឃាតកម្ម ការ​ចាប់​ជំរិត និង​បទ​ល្មើស​ផ្សេងៗ​កើតមាន​ច្រើន​នៅ​ក្នុង​ខេត្ត​នេះ៖ «យើង​នៅតែ​មាន​ការ​ព្រួយ​បារម្ភ​អ៊ីចឹង អ៊ីចឹង​បានជា​ខាង​ពួក​ខ្ញុំ​ទាំងអស់​គ្នា ក៏​ដូចជា​ប្រជាពលរដ្ឋ នៅតែ​សំណូមពរ​ឱ្យ​សមត្ថកិច្ច​ហ្នឹង​បន្ត​ការ​យក​ចិត្តទុកដាក់ ក្នុង​ការ​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ហ្នឹង ឱ្យ​ពួកគាត់​មាន​ភាព​កក់ក្ដៅ ហើយ​ក៏​ដូចជា​ភ្ញៀវ​ទេសចរ​បាន​វិលត្រឡប់​មកលេង​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​​ដូច​មុន​វិញ»។

របាយការណ៍​ក្រសួងមហាផ្ទៃ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ដើម​ឆ្នាំ ២០១៩ បង្ហាញ​ថា មាន​ជនអន្តោប្រវេសន៍​ចិន​ចំនួន​ជាង ២៥ម៉ឺន​នាក់ ​កំពុង​ស្នាក់​នៅ​ប្រទេស​កម្ពុជា ក្នុង​នោះ​ជាង ១១ម៉ឺន​នាក់ នៅ​ខេត្ត​ព្រះសីហនុ និង​ជិត ១០ម៉ឺន​នាក់ នៅ​ទីក្រុង​ភ្នំពេញ ហើយ​ភាគច្រើន ជនជាតិ​ចិន​ទាំងនោះ​តែងតែ​ប្រកប​របរ​លេងល្បែង​ស៊ីសង​តាម​កាស៊ីណូ និង​ល្បែង​តាម​ប្រព័ន្ធ​អ៊ីនធឹណិត​ខុសច្បាប់។

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា បាន​បញ្ជូន​ជនជាតិ​ចិន​ចំនួន ៩០៦​នាក់ ទៅ​ប្រទេស​ចិន​វិញ ក្នុង​រយ​:​ពេល ១០​ខែ​ដើម​ឆ្នាំនេះ ក្នុង​នោះ​មាន​ស្រី ១៧២​នាក់។

មន្ត្រី​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា ជនជាតិ​ចិន​ដែល​បាន​បញ្ជូន​ត្រឡប់​ទៅវិញ​នោះ មួយ​ចំនួន​មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​សេដ្ឋកិច្ច​នៅ​ប្រទេស​ចិន ហើយ​បាន​មក​លាក់ខ្លួន​នៅ​ប្រទេស​កម្ពុជា និង​មួយ​​ចំនួន​ទៀត​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អ៊ីនធឹណិត​ខុសច្បាប់ និង​មួយ​ចំនួន​ទៀត​ពាក់ព័ន្ធ​នឹង​បទ​ក្លែងបន្លំ​ឆបោក​តាម​រយ​:​ទូរគមនាគមន៍​នៅ​កម្ពុជា (VOIP)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។