មនុស្ស២នាក់របួសក្នុងពេលប៉ះទង្គិចរវាងសមត្ថកិច្ចនិងកម្មករតវ៉ានៅប៉ោយប៉ែត
2015.05.25
សមត្ថកិច្ចក្រុងប៉ោយប៉ែត បានប្រើកម្លាំងបំបែកការតវ៉ាពីសំណាក់ក្រុមកម្មករអូសរទេះ បណ្ដាលឲ្យកម្មករម្នាក់រងរបួសធ្ងន់ ខណៈពួកគេតវ៉ានៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៥ ខែឧសភា។ ក្រុមកម្មករអូសរទេះប្រមាណ ១៥០នាក់ ធ្វើបាតុកម្មទាមទារឲ្យមន្ត្រីគយប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បញ្ឈប់យកពន្ធលើការនាំទំនិញចេញចូលតាមរទេះខ្ពស់ហួសហេតុបន្តទៀត។
ក្រៅពីកម្មករអូសរទេះ ក៏មានមន្ត្រីសន្តិសុខទីស្នាក់ការគយម្នាក់រងរបួសដែរ ព្រមទាំងរថយន្តមន្ត្រីគយ ៣គ្រឿងរងការខូចខាត ដោយសារការប៉ះទង្គិចគ្នាដោយហិង្សាវាងក្រុមកម្មករជាមួយកងកម្លាំងសមត្ថកិច្ចនៅតំបន់ច្រកទ្វារព្រំដែនក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រុមកម្មករអូសរទេះដែលតវ៉ានោះ អះអាងថា ហេតុដែលពួកគេតវ៉ានេះដោយសារកន្លងមកមន្ត្រីគយប្រចាំច្រកទ្វារអន្តរជាតិបានប្រើអំណាចគាបសង្កាត់ទារប្រាក់ថ្លៃដឹកទំនិញពីពួកគេជាប្រចាំ ធ្វើឲ្យកម្មករពុំអាចរកប្រាក់ចំណូលពីរបរប្រចាំថ្ងៃរបស់ខ្លួនយកទៅដោះស្រាយជីវភាពគ្រួសារបាននោះទេ។
តំណាងកម្មករអូសរទេះម្នាក់ គឺលោក ចក់ ផុន ថ្លែងនៅថ្ងៃទី២៥ ឧសភា ថា កន្លងមកមន្ត្រីគយតម្រូវឲ្យពួកគេបង់ប្រាក់លើការដឹកទំនិញពីថៃ មកកម្ពុជា ដែលមានចំណុះចាប់ពី ៣០កេះឡើងទៅប្រមាណ ១លានរៀលក្នុងមួយជើង។ លោកបញ្ជាក់ថា តម្លៃបង់ពន្ធ ១លានរៀលនេះពួកគេដឹកទំនិញពុំទទួលបានប្រាក់ចំណេញយកទៅដោះស្រាយជីវភាពនោះទេ។ កម្មកររូបនេះទាមទារឲ្យមន្ត្រីគយបញ្ចុះតម្លៃយកពន្ធដឹកទំនិញរបស់ពួកគេពី ៣០កេះចុះក្រោមតម្លៃ ១ម៉ឺនរៀលក្នុងមួយជើង៖ «ពួកខ្ញុំនាំគ្នាតវ៉ាអស់ជាច្រើនមកហើយ ប៉ុន្តែខាងមេគយគាត់អត់ចេញមុខមកដោះស្រាយជាមួយកម្មករយើងខ្ញុំឡើយ»។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានគយប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺលោក ឈួន ហៃ មានប្រសាសន៍បញ្ជាក់ថា សមត្ថកិច្ចគយយកពន្ធទំនិញដែលកម្មករដឹកនោះធ្វើឡើងទៅតាមច្បាប់គ្រប់បែបយ៉ាង គឺពុំមានចេតនាធ្វើបាបដល់ក្រុមកម្មករទាំងនោះឡើយ។
លោកថា ក្រុមកម្មករជាអ្នកទទួលថ្មបាក់ជំនួសមុខឲ្យអ្នកជំនួញរកស៊ីដឹកទំនិញចេញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតទេ៖ «កន្លងមកខ្ញុំតែងតែប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីគយនេះឲ្យម្ចាស់ទំនិញចេញមុខដើម្បីចូលរួមបំពេញកាតព្វកិច្ចពន្ធ តែគាត់អត់មកចូលរួមទេ គឺគាត់តែងធ្វើការរារាំងមិនឲ្យម្ចាស់ចេញមុខប្រឈមជាមួយសមត្ថកិច្ច ដោយមានញុះញង់ពីម្ចាស់ទំនិញ»។
ក្រុមកម្មករអះអាងទៀតថា មន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រើកម្លាំងបំបែកការតវ៉ាបណ្ដាលឲ្យកម្មករអូសរទេះម្នាក់ឈ្មោះលោក ម៉ៅ សុន អាយុ ៣៣ឆ្នាំ រងរបួសធ្ងន់។
មេបញ្ជាក់ការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត លោក ជា ដា មានប្រសាសន៍បញ្ជាក់ថា កម្មករដែលរងរបួសនោះបានស្រវឹងស្រា ហើយដើរដួលដោយខ្លួនឯងទេ គឺខាងសមត្ថកិច្ចពុំបានវាយពួកគេដូចការលើករបស់កម្មករនោះឡើយ៖ «សមត្ថកិច្ចគ្រាន់តែទៅយករទេះចេញពីផ្លូវជាតិលេខ៥នោះទេ ពីពោះការតវ៉ានោះធ្វើឲ្យស្ទះចរាចរណ៍ដល់ការធ្វើដំណើរភ្ញៀវជាតិ និងអន្តរជាតិ ហើយគ្រានោះក៏មានការប្រទាញប្រទង់គ្នាបន្តិចបន្តួចទៅ»។
ក្រុមកម្មករអះអាងថា អ្នកដែលរងបួសនោះសមត្ថកិច្ចជាអ្នកវាយ ពុំមែនដោយសារស្រវឹងស្រាឡើយ។
មន្ត្រីគយបញ្ជាក់ថា ការប៉ះទង្គិចគ្នារវាងកម្មករនិងសមត្ថកិច្ចកាន់តែខ្លាំងឡើងបណ្ដាលឲ្យរថយន្តគយចំនួន ៣គ្រឿង រងការខូចខាត និងរងរបួសមន្ត្រីសន្តិសុខស្នាក់ការគយម្នាក់។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ការប៉ះទង្គិចគ្នារវាងកម្មករ និងសមត្ថកិច្ចនេះដោយសារខាងសមត្ថកិច្ចមិនបានដោះស្រាយតាមការស្នើសុំរបស់កម្មករ៖ «ទាំងអស់នេះអ្នកច្បាប់គួរតែពិនិត្យពិចារណាឲ្យបានច្បាស់លាស់ ដើម្បីរកមូលហេតុដែលបណ្ដាលឲ្យកើតអំពើហិង្សានេះ»។
រហូតមកដល់ពេលនេះស្ថានភាពការតវ៉ាបានស្ងប់ស្ងាត់ទៅវិញ ប៉ុន្តែពុំទាន់មានដោះស្រាយនៅឡើយទេ។ ចំណែកខាងសមត្ថកិច្ចក្រុងប៉ោយប៉ែត បានដាក់ពង្រាយកម្លាំងការពារនៅជុំវិញតំបន់ដែលកម្មករធ្វើការតវ៉ានោះ៕