គណបក្សសង្គ្រោះជាតិ សំដែងការសោកស្តាយ ចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមិនយកពលករខ្មែរ ចំនួន ១៥០នាក់ នៅជាប់ផុងនៅប្រទេសម៉ាឡេស៊ីមកស្រុកកំណើតវិញ។
សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ផ្សាយកាលពីថ្ងៃទី៧ ខែមេសា ចាត់ទុកទង្វើរបស់លោក ហ៊ុន សែន នេះ គឺជាការបង្ហាញនូវភាពទន់ខ្សោយ ការមិនទទួលខុសត្រូវ និងជាអំពើអមនុស្សធម៌ លើពលរដ្ឋរបស់ខ្លួន ដែលកំពុងរស់នៅភ័យខ្លាចក្នុងប្រទេសម៉ាឡេស៊ី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៧ ខែមេសា ម្សិលមិញថា មូលហេតុដែលបដិសេធមិនឱ្យពលរដ្ឋទាំង ១៥០នាក់នោះ វិលត្រឡប់មកកម្ពុជាវិញ ដោយសារភ័យខ្លាចឆ្លងរាលដាលជំងឺកូវិដ-១៩។ លោកសំណូមពរឱ្យពលរដ្ឋទាំងនោះ បន្តស្នាក់នៅប្រទេសម៉ាឡេស៊ីបណ្ដោះអាសន្ន ព្រោះកន្លងមក អ្នកដែលធ្វើដំណើរពីប្រទេសម៉ាឡេស៊ី ១០០នាក់ គឺមាន៨០នាក់ហើយ ដែលចម្លងមេរោគមកកម្ពុជា។
ពលករម្នាក់ក្នុងចំណោមពលករ១៥០នាក់ ដែលបម្រុងវិលត្រឡប់មកកម្ពុជាវិញ លោក សព្រី សឡេស បានប្រាប់អាស៊ីសេរី កាលថ្ងៃទី៧ មេសាថា ពួកគេសម្រេចចិត្តវិលត្រឡប់ទៅកម្ពុជាវិញ ដោយសាររោងចក្របិទទ្វារ គ្មានការងារធ្វើ គ្មានប្រាក់ចំណូល ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ បន្ថែមពីនេះ លោកថា ទិដ្ឋាការរបស់ពួកគេ ក៏ត្រូវផុតកំណត់ទៀត៖ «ប្រទេសគេបិទទាំងអស់ ទៅណាក៏អត់បានរកស៊ីក៏អត់បានទេ។ គ្មានលុយ ហើយទិដ្ឋាការ (Visa) ក៏ផុតទៀត។ ម្ល៉ោះហើយឱ្យយើងត្រឡប់ទៅវិញ ហើយកប៉ាល់ហោះម៉ាឡេស៊ី ទេតើឱ្យគេយកទៅ ? ហើយអាចឃុំពួកយើង១៤ ថ្ងៃ ដើម្បីការពារការឆ្លង ហ្នឹងវាមិនល្អជាង»។
វិធានការរបស់លោក ហ៊ុន សែន ផ្ទុយទៅនឹងប្រទេសមួយចំនួន ដែលបានប្រើប្រាស់យន្តហោះផ្ទាល់ខ្លួនទៅដឹកនាំ ពលរដ្ឋរបស់ពួកគេមកស្រុកកំណើតវិញ។ លោក ហ៊ុន សែន កាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលលោកនឹងប្រើប្រាស់ ថវិការដ្ឋដើម្បីព្យាបាលបរទេសណា ដែលមានជំងឺ Covid-19។
កន្លងមក លោក ហ៊ុន សែន ក៏ទទួលរងការរិះគន់ ដោយសារតែបានអនុញ្ញាតឱ្យកប៉ាល់ទេសចរណ៍ ដែលមានមនុស្សជាង ២ពាន់នាក់ ចូលចតនៅកំពង់ផែព្រះសីហនុ កាលពីពីរខែមុន និងបន្តឱ្យជនជាតិចិន ហូរចូលស្រុកខ្មែរ បើទោះបីជាប្រទេសចិន ជាប្រភពដើមនៃការរាលដាលមេរោគស្សារ៍ កូវី២ (SARS-CoV2) នៃជំងឺកូវីដ-១៩ (Covid-19) នេះក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។