សមាគមថៅកែរោងចក្រអះអាងថា វិធានការថ្មីរបស់រដ្ឋាភិបាលដែលសន្យាផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ ៧០ដុល្លារ ក្នុងអំឡុងពេលព្យួរការងារនោះ មិនទាន់បានអនុវត្តនៅឡើយទេ ប៉ុន្តែសម្រាប់វិធានការចាស់ដែលតម្រូវឱ្យថៅកែរោងចក្រ ផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤០ភាគរយនោះ គឺបានអនុវត្តរួចហើយ។ ក្រុមកម្មករទទួលស្គាល់ថា មកដល់ពេលនេះ ពួកគេទទួលបានតែប្រាក់ឧបត្ថម្ភពីខាងរោងចក្រខ្លះ ប៉ុន្តែមិនទាន់ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលតាមការសន្យាទាំងពីរលើកនៅឡើយទេ។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក ខេន លូ ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី១៥ ខែមេសាថា រោងចក្រ មិនទាន់ចាប់ផ្ដើមអនុវត្តវិធានការផ្តល់ប្រាក់ឧបត្ថម្ភ ៧០ដុល្លារក្នុងមួយខែដល់កម្មករដែលរងការព្យួរការងារបណ្ដោះអាសន្នដោយសារជំងឺកូវីដ-១៩នេះ ដោយសារតែក្រសួងការងារមិនទាន់ចេញសេចក្ដីប្រកាសនៅឡើយ។ លោកបន្តថា ថៅកែរោងចក្រកាត់ដេរ យល់ព្រមអនុវត្តតាមសេចក្ដីណែនាំថ្មីរបស់រដ្ឋាភិបាល៖ «អត់ទាន់អនុវត្តទេព្រោះយើងចាំប្រកាសរបស់ក្រសួងការងារ អត់ទាន់ប្រកាស។ មិនមែន ៣០ភាគរយទេ គឺ៣០ដុល្លារ។ រឿងនេះគឺជាអនុសាសន៍របស់ រដ្ឋាភិបាល យើងត្រូវតែទទួលស្គាល់ហើយត្រូវអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាល»។
កាលពីថ្ងៃទី៧ ខែមេសា រដ្ឋាភិបាល ប្រកាសថា កម្មកររោងចក្រដែលត្រូវព្យួរការងារ នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៧០ដុល្លារ ដោយក្នុងនោះ រដ្ឋាភិបាលរួមចំណែក ៤០ដុល្លារ ហើយថៅកែ រោងចក្រត្រូវចេញ ៣០ដុល្លារ។ វិធានការថ្មីនេះ មិនតម្រូវឱ្យកម្មករចុះឈ្មោះ និងចូលរៀនវគ្គបណ្ដុះបណ្ដាលនោះទេ។
លោក ខេន លូ ថ្លែងថា មកទល់ពេលនេះ លោកមិនទាន់ដឹងថា មានរោងចក្រប៉ុន្មានបានដាក់ពាក្យ សុំព្យួរការងារនោះទេ ប៉ុន្តែលោកបញ្ជាក់ថា សម្រាប់រោងចក្រដែលបានសុំព្យួរការងារនៅមុនសេចក្ដីសម្រេចថ្មីរបស់រដ្ឋាភិបាលនេះ គឺត្រូវអនុវត្តតាមសេចក្ដីណែនាំចាស់របស់រដ្ឋាភិបាល។ សេចក្ដីណែនាំចាស់នោះ គឺកម្មករដែលថៅកែព្យួរការងារ អាចទទួលបានប្រាក់ឈ្នួល ៦០ភាគរយនៃប្រាក់ខែគោលរបស់ពួកគេ ១៩០ដុលា្លរ ក្នុងនោះថៅកែចេញ ៤០ភាគរយ រដ្ឋាភិបាលចេញ ២០ភាគរយ ប៉ុន្តែដើម្បីបានប្រាក់ ២០ភាគរយរបស់រដ្ឋាភិបាល គឺ លុះត្រាតែកម្មករ ចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញដែលរៀបចំដោយក្រសួងការងារ៖ «រោងចក្រដែលព្យួរហើយៗ គេដើរតាមអនុសាសន៍ចាស់មានន័យថា បង់ ៤០ភាគរយនៅលើប្រាក់ឈ្នួលអប្បបរមា»។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជារូបនេះ ថ្លែងបន្តថា ពេលនេះ រោងចក្រកាត់ដេរនៅកម្ពុជា នៅតែបន្តជួបការលំបាករឿងខ្វះទីផ្សារនាំចេញផលិតផលដដែល ដោយសារតែហាងទំនិញធំៗ នៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក ត្រូវបិទទ្វារដោយសារតែការផ្ទុះរាលដាលជំងឺកូវីដ-១៩៖ «ផលវិបាកថា យើងបាត់ទីផ្សារមកពីអ្នកបញ្ជាទិញនៅអាមេរិក និងនៅអឺរ៉ុបគេអត់ទទួលស្គាល់កិច្ចសន្យាដែលដាក់កន្លងមកឱ្យយើងផលិត។ អីវ៉ាន់ដែលយើងផលិត ហើយគេអត់ទទួលយកទេ ហើយអីវ៉ាន់ដែលកំពុងផលិតអត់ឱ្យយើងផលិតតទៅទៀត។ អ៊ីចឹងមាន ន័យថា គេអត់ទទួលស្គាល់ទេ គេអត់បើកលុយឱ្យយើងទេ ហើយសួរថា បើភ្ញៀវយើងអត់បើកលុយ ឱ្យយើង តើរោងចក្រមានលុយណាបើកឱ្យកម្មករ»។
ទាក់ទងនឹងបញ្ហានេះ អាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យនាំពាក្យក្រសួងការងារ លោក ហេង សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានការងារ លោក សេង សក្តា និងអគ្គនាយកអប់រំ បណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈនៃក្រសួងការងារ លោក ឡៅ ហ៊ីម បានទេ ដោយទូរស័ព្ទចូលជាច្រើនដង តែពុំមានអ្នកទទួល។
តំណាងកម្មកររោងចក្រ គ្រីស្ដាល់ ម៉ាទីន (Crystal martin) នៅក្នុងសួនឧស្សាហកម្ម 7NG ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល លោក ទិត រ៉ុន រៀបរាប់ថា រោងចក្រដែលលោកកំពុងធ្វើការ បានចាប់ផ្តើមផ្អាកការងារជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី១ ខែមីនា មក។ លោកបន្តថា ក្រោយពេលផ្អាកការងារបណ្ដោះអាសន្នភ្លាម គឺរោងចក្របានបើកប្រាក់ឧបត្ថម្ភឱ្យកម្មករ សម្រាប់រយៈពេលពីរខែដោយ ក្នុងមួយខែចំនួន ៤០ភាគរយ ស្នើនឹង ៧៦ដុល្លារ។ ចំណែកប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលដែលសន្យាផ្ដល់បន្ថែម ២០ភាគរយនោះ គឺមិនទាន់ទទួលបាននោះទេ៖ «ជាក់ស្ដែងលុយខាងក្រុមហ៊ុន ៤០ភាគរយ ក្នុងមួយខែនឹង គឺបានរយៈពេលពីរខែទាំងអស់វា ៨០ភាគរយ តែលុយរដ្ឋាភិបាលអត់ទាន់បានទេ។ គេថា ឱ្យពួកខ្ញុំទៅរៀនវគ្គជំនាញទន់ (Soft Skill) មួយសប្ដាហ៍ តែមកដល់ពេលនេះអត់ឃើញហៅពួកខ្ញុំទៅបង្រៀនទេ»។
កម្មកររូបនេះ ស្នើសុំឱ្យរដ្ឋាភិបាលជួយពន្លឿនផ្ដល់ប្រាក់ឧបត្ថម្ភ ២០ភាគរយដែលបានសន្យានោះ ដោយមិនចាំបាច់តម្រូវឱ្យកម្មករចុះឈ្មោះចូលរៀនវគ្គខ្លះខ្លីទៀតនោះទេ៖ «ជាយោបល់របស់ខ្ញុំទោះបីកម្មករទៅរៀនវគ្គជំនាញទន់រយៈពេល ៧ថ្ងៃ ក៏មកវិញធ្វើអីអត់កើតដែរ សូម្បីតែរៀនធ្វើក្រចក ក៏មិនមែនរៀនមួយសប្ដាហ៍ចេះដែរ ដូច្នេះ រដ្ឋាភិបាល គួរតែផ្តល់ប្រាក់ ២០ភាគរយនោះ ឱ្យដល់កម្មករឱ្យដូចរោងចក្រអ៊ីចឹងទៅ ព្រោះកម្មករម្នាក់ៗ អត់ពេញចិត្តទៅរៀនហើយទេ ហើយពួកគាត់ពិបាកណាស់ ត្រូវការលុយចំណាយសម្រាប់ក្រុមគ្រួសារ ហើយកម្មករស្ទើរតែ ៩៩ភាគរយហើយដែលជំពាក់ធនាគារ»។
ចំណែកកម្មការិនីរោងចក្រដេរខោខូវបយ នៅខណ្ឌដង្កោ លោកស្រី ពៅ លីនណា និយាយថា ថៅកែរោងចក្រ បានព្យួរងារកម្មករ ចាប់តាំងពីដើមខែមេសាមក ហើយបានសន្យាថា នឹងបើកប្រាក់ខែឱ្យ ៤០ភាគរយសម្រាប់កម្មករម្នាក់ៗ រយៈពីរខែដែរ។ លោកស្រីបន្តថា ចំពោះប្រាក់ ២០ភាគរយ របស់រដ្ឋាភិបាលនោះ គឺក្រុមកម្មករ មិនទាន់ដឹងថា នឹងទទួលបានពេលណានោះទេ៖ «ប្រាក់៤០ភាគរយនោះគេឱ្យតើ តែខែនេះ ខ្ញុំនៅបើកប្រាក់ខែដែល ខ្ញុំបានធ្វើការនៅថ្ងៃទី១៦ នេះសិន ហើយនៅពេលចូលដល់ខែក្រោយបន្ទាប់ទៀត នៅពេលថ្ងៃទី១០ ទើបគេបើកឱ្យយើងទៀត គឺនៅថ្ងៃទី១០ រហូត»។
កាលពីសប្ដាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា គិតត្រឹមថ្ងៃទី៦ ខែមេសា គឺមានរោងចក្រជាង ១០០ហើយ ដែលបានបិទទ្វារ ប៉ុន្តែលោកពុំបានបង្ហាញពីចំនួនកម្មករ-កម្មការិនី ដែលត្រូវព្យួរការងារនោះទេ។ លោក ហ៊ុន សែន បញ្ជាក់ថា មានមូលហេតុធំៗ ២ ដែលរោងចក្រទាំងនោះ បានបិទទ្វារ គឺទី១ ខ្វះវត្ថុដើម និងទី២ អ្នកបញ្ជាទិញ លុបចោលការទិញ។
ប្រធានសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកម្ពុជា ហៅកាត់ ស៊ីខៅឌូ លោក គង់ អាទិត្យ ឱ្យដឹងថា មកដល់ពេលនេះ នៅមានការរោងចក្រខ្លះចាប់ផ្ដើមព្យួរការងារជាបន្តបន្ទាប់ដែរ ប៉ុន្តែលោកមិនទាន់ឃើញអនុវត្តនូវវិធានការថ្មីដែលកាត់បន្ថយអត្ថប្រយោជន៍ឱ្យកម្មករក្នុងវិស័យកាត់ដេរ ពី ៦០ភាគរយ (ប្រហែលជិត ១២០ដុល្លារ) មកនៅត្រឹម ៧០ដុល្លារវិញនៅឡើយទេ។ ទោះជាយ៉ាងណា លោក និងថ្នាក់ដឹកនាំសហជីពផ្សេងទៀត នៅតែស្នើសុំឱ្យរដ្ឋាភិបាល រក្សាការផ្ដល់ប្រាក់ឈ្នួល ៦០ភាគរយ ជូនកម្មករក្នុងវិស័យកាត់ដេរដដែល និងទាមទារឱ្យរក្សាការផ្ដល់ប្រាក់ឈ្នួល ៦០ភាគរយនេះ ដល់កម្មករ ក្នុងវិស័យផ្សេងទៀត ដូចគ្នាដែរ៖ «ប្រាក់៧ដុល្លារនេះ គឺវាមានចំនួនតិចណាស់ ព្រោះកម្មករ តែប្រាក់ខែគាត់ធម្មតា មិនអាចរស់បានផង ទម្រាំតែតិចអ៊ីចឹងទៀត គឺពិបាកមែនទែន។ រដ្ឋាភិបាល គួរតែជួយកម្មករឱ្យមានលក្ខណៈសមរម្យជាងនឹងទៀត ក៏ល្អដែរតាមសំណើពួកខ្ញុំ។ ៧០ដុល្លារនេះ តិចមែនទែន យើងដឹងហើយថា គាត់ចំណាយលើធនាគារផង ថ្លៃផ្ទះជួលនៅភ្នំពេញផង ថ្លៃហូបចុក ផង។បើគិតទៅថា ពីរខែបានលុយ ១៤០ដុល្លារ គឺវាពិបាកមែនទែន»។
លោក គង់ អាទិត្យ ទទួលស្គាល់ថា មានរោងចក្រមួយចំនួនដែលបានបិទទ្វារកន្លងមក បានផ្ដល់ប្រាក់ឈ្នួល ៤០ភាគរយដល់កម្មកររួចហើយ នៅឡើយតែខាងភាគីរដ្ឋាភិបាល ដែលមិនទាន់បាន ផ្ដល់ប្រាក់ ២០ភាគរយនោះ។ មេដឹកនាំសហជីពរូបនេះ ក៏មិនទាន់ដឹងថា មានរោងចក្រប៉ុន្មានកំពុង បិទទ្វារ ហើយមានកម្មករប៉ុន្មាននាក់រងប៉ះពាល់នៅទូទាំងប្រទេសនោះទេ។
ក្រុមកម្មករលើកឡើងថា រដ្ឋាភិបាល ហាក់ដូចជាគ្មានផែនការជួយដល់ពួកគេច្បាស់លាស់នោះឡើយ គឺបានត្រឹមតែប្រកាសឱ្យល្អមើលប៉ុណ្ណោះ ពីព្រោះសូម្បីតែលិខិតប្រកាសផ្តល់ប្រាក់ឧបត្ថម្ភ ជាផ្លូវការរបស់រដ្ឋាភិបាលនោះ ក៏ពួកគេមិនទាន់ទទួលបានដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។