ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍អះអាងថា ក្រសួងមិនបារម្ភពីរឿងក្រុមហ៊ុនចិន ហួវ៉េ (Huawei) លួចយកទិន្នន័យរបស់កម្ពុជានោះឡើយ ព្រោះកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ ធ្វើឡើងក្នុងគោលដៅជំនួញប៉ុណ្ណោះ។ ការអះអាងបែបនេះរបស់ក្រសួងប្រៃសណីយ៍ ធ្វើឡើងស្របពេលក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំជាងគេរបស់ចិនមួយនេះ កំពុងញាំញីដោយរឿងអាស្រូវលួចធ្វើចារកម្មតាមរយៈប្រព័ន្ធបច្ចេកវិទ្យាទំនើបរបស់ខ្លួន។ អង្គការសង្គមស៊ីវិលថ្លែងថា រដ្ឋាភិបាលត្រូវមានការសិក្សា និងពិសោធន៍ឱ្យបានច្បាស់លាស់ មុននឹងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះ ព្រោះវាអាចផ្ដល់ទាំងផលវិជ្ជមាន និងអវិជ្ជមានដល់ប្រទេសជាតិ។
អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក មាស ប៉ូ អះអាងប្រាប់អាស៊ីសេរីថា ក្រសួងកំពុងសហការជាមួយក្រុមហ៊ុនចិន ហួរវ៉េ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាអ៊ីនធឺណិតជំនាន់ទី៥ ឬហៅថា 5G។ លោកបញ្ជាក់ទៀតថា ក្រសួងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងរឿងនេះ ដែលធានាថា មិនអាចមានការលួចយកព័ត៌មាន ឬធ្វើចារកម្មតាមរយៈប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះបានឡើយ។ ក៏ប៉ុន្តែ លោកមិនបានបញ្ជាក់ឱ្យច្បាស់ទេថា តើក្រសួងមានការពិសោធបែបណា ទើបអាចប្រាកដថា ប្រព័ន្ធ 5G របស់ក្រុមហ៊ុន ហួរវ៉េ នេះ ពិតជាគ្មានផ្ទុកកម្មវិធីស៊ើបការសម្ងាត់មែននោះ៖ «ជាជំនាញ គឺយើងពិតជាដឹង ពីព្រោះនៅក្នុង software ( កម្មវិធី ) នីមួយៗហ្នឹង កាលណាមានអីប្លែក យើងដឹង។ យើងរៀបចំ security ( សន្តិសុខ ) ត្រឹមត្រូវ»។
របបក្រុងភ្នំពេញបានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន ហួវ៉េ របស់ចិន ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា 5G កាលពីចុងខែមេសាកន្លងទៅ ពោលគឺនៅអំឡុងពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ប្រទេសចិន។
របបក្រុងភ្នំពេញអះអាងថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជានឹងក្លាយជាប្រទេសដំបូងគេក្នុងតំបន់អាស៊ាន ដែលមានប្រព័ន្ធ 5G ប្រើប្រាស់ ខណៈលោក ហ៊ុន សែន បានបង្ហាញពីបំណងចង់ឱ្យមានអ៊ិនធឺណិតល្បឿនលឿន គ្របដណ្ដប់ដល់ទីជនបទ។ របបនេះរំពឹងថា ប្រព័ន្ធ 5G នឹងក្លាយជាមជ្ឈមណ្ឌលដ៏ធំទូលាយនៃអនាគតទីក្រុងឆ្លាតវៃ ដែលពោរពេញដោយលំនៅឋាន និងការិយាល័យឆ្លាតវៃ ដែលត្រូវបានតភ្ជាប់ជាមួយនឹងឧបករណ៍អ៊ីនធឺណិត ហើយប្រព័ន្ធនេះក៏នឹងអាចជួយដល់ការទូទាត់ការចំណាយ និងដំណើរការទិន្នន័យតាមប្រព័ន្ធអនឡាញ ទាំងសេវារបស់រដ្ឋ និងឯកជនផងដែរ។
ទោះជាយ៉ាងណា អង្គការសង្គមស៊ីវិល បង្ហាញកង្វល់ជុំវិញបញ្ហាសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិតតាមរយៈប្រព័ន្ធ 5G នេះ។ ពួកគេចង់ឱ្យរដ្ឋាភិបាលកម្ពុជា ធ្វើពិសោធន៍ឱ្យបានច្បាស់លាស់ មុននឹងដាក់ឱ្យដំណើរការប្រព័ន្ធថ្មីនេះ ពីព្រោះក្រុមហ៊ុន ហួវ៉េ របស់ចិន កំពុងមានកេរ្តិ៍ឈ្មោះមិនល្អលើឆាកអន្តរជាតិ ជុំវិញការលួចយកទិន្នន័យព័ត៌មានពីប្រទេសដទៃ។
ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា (CYN) និងជាសកម្មជនសិទ្ធិអ៊ីនធឺណិត លោក ទឹម ម៉ាឡៃ មើលឃើញថា កម្ពជាមានហានិភ័យខ្ពស់រឿងសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត ជាពិសេសការគ្រប់គ្រងប្រព័ន្ធទិន្នន័យ ដោយសារកម្ពុជានាំចូលផលិតផលបច្ចេកវិទ្យាច្រើនលើសលប់ពីបរទេស ហើយធនធានមនុស្សលើវិស័យនេះនៅមានកម្រិតនៅឡើយ។ លោកបន្តថា ប្រសិនបើទិន្នន័យប្រទេសមួយត្រូវបានគ្រប់គ្រងដោយប្រទេសមួយផ្សេងទៀត ប្រទេសនោះនឹងមានគ្រោះថ្នាក់ធ្ងន់ធ្ងរនៅថ្ងៃអនាគត៖ «ប៉ះពាល់ដល់អធិបតេយ្យជាតិ ប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពជាតិដែរ ហើយការសម្រេចចិត្តលើគោលនយោបាយមួយចំនួន ត្រូវបានលេចឮ យើងអត់អាចធ្វើការដោយឯករាជ្យបាន។ វាអាចគ្រោះថ្នាក់នៅពេលអនាគត មានន័យថា បើព័ត៌មានសន្តិសុខជាតិយើងត្រូវបាននៅក្នុងកណ្ដាប់ដៃរបស់ប្រទេសណាមួយនៅលើពិភពលោក អ៊ីចឹងវាជាក្តីបារម្ភដែលអ្នកធ្វើការលើផ្នែកប្រព័ន្ធបច្ចេកវិទ្យាត្រូវយកចិត្តទុកដាក់ ជាពិសេសគឺរដ្ឋាភិបាលរបស់ប្រទេសយើងតែម្ដង»។
មួយរយៈពេលចុងក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ លំដាប់ពិភពលោក បានសម្រេចផ្អាកការរកស៊ីជាមួយ ក្រុមហ៊ុន ហួវ៉េ (Huawei) ជាបន្តបន្ទាប់ ក្រោយពេលសហរដ្ឋអាមេរិកបានដាក់ក្រុមហ៊ុនមួយនេះទៅក្នុងបញ្ជីខ្មៅនៃការធ្វើពាណិជ្ជកម្ម។ អាមេរិកបានចោទក្រុមហ៊ុន ហួវ៉េ ថា បានធ្វើចារកម្មឱ្យប្រទេសចិន និងធ្វើឱ្យអន្តរាយដល់វិស័យសន្តិសុខជាតិរបស់អាមេរិក។ រដ្ឋាភិបាលអាមេរិកតម្រូវឱ្យក្រុមហ៊ុនអាមេរិកទាំងអស់ ត្រូវសុំការអនុញ្ញាតពីក្រសួងពាណិជ្ជកម្មជាមុនសិន មុនពេលរកស៊ីជាមួយក្រុមហ៊ុន ហួវ៉េ។
មកដល់ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដែលបានប្រកាសផ្អាកការធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុន ហួរវ៉េ មានជាអាទិ ក្រុមហ៊ុនហ្គូហ្គល (Google) របស់អាមេរិក ក្រុមហ៊ុនប៉ាណាសូនិក (Panasonic) របស់ជប៉ុន ក្រុមហ៊ុនធ្វើបន្ទះឈីប (Chip makers) ខ្វលខំ (Qualcomm) និង អ៊ិនធែល (Intel) របស់អាមេរិក និងក្រុមហ៊ុនកែច្នៃបន្ទះឈីប អាម (Arm) របស់អង់គ្លេស។ ចំណែក ក្រុមហ៊ុន ម៉ៃក្រូសូហ្វ (Microsoft) របស់អាមេរិកវិញ ក៏ទំនងជានឹងកាត់ផ្ដាច់ការធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុន ហួរវ៉េ ដែរ គ្រាន់តែមិនទាន់ចេញសេចក្ដីថ្លែងការណ៍ផ្លូវការ។
ដោយឡែក នៅប្រទេសអង់គ្លេសវិញ ក្រុមហ៊ុនផ្គត់ផ្គង់ទូរស័ព្ទធំជាងគេ គឺវ៉ូដាហ្វូន (Vodafone) និង អ៊ីអ៊ី (EE) បានផ្អាកការបញ្ជាទិញទូរស័ព្ធស៊េរីទំនើបរបស់ក្រុមហ៊ុន ហួរវ៉េដែលបំពាក់ប្រព័ន្ធ 5G។ ជាមួយគ្នានេះ ក្រុមហ៊ុនទូរស័ព្ទចល័តជាច្រើនទៀតរបស់អង់គ្លេស ក៏កំពុងត្រួតពិនិត្យលើប្រព័ន្ធ 5G របស់ក្រុមហ៊ុន ហួវ៉េ ផងដែរ ដើម្បីវាយតម្លៃផលប៉ះពាល់លើអតិថិជន ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។ ក្រុមហ៊ុនទាំងនេះ សុទ្ធសឹងតែគ្រោងដាក់ឱ្យដំណើរការប្រព័ន្ធ 5G ក្នុងពេលឆាប់ៗខាងមុខ ក៏ប៉ុន្តែបានសម្រេចចិត្តភ្លាមៗ ក្រោយពេលអាមេរិកបានហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុន ហួរវ៉េ ក្រោមហេតុផលរឿងចារកម្ម។ ក្រៅពីក្រុមហ៊ុនធំៗ ទាំងនេះ មានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនផ្សេងទៀត ក្នុងតំបន់អឺរ៉ុប អាមេរិក និងអាស៊ី ក៏កំពុងតែសើរើមើលឡើងវិញនូវទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួនជាមួយក្រុមហ៊ុន ហួវ៉េ ផងដែរ។
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក មាស ប៉ូ អះអាងថា រឿងបែបនេះនឹងមិនអាចកើតមាននៅកម្ពុជាឡើយ ព្រោះកិច្ចសហការជាមួយក្រុមហ៊ុន ហួវ៉េ ជាកិច្ចសហការរយៈពេលវែង ហើយធ្វើឡើងក្នុងទិសដៅជំនួញ មិនពាក់ព័ន្ធនឹងរឿងធ្វើចារកម្មឡើយ។ លោកថា កម្ពុជាគ្រោងនឹងដាក់ឱ្យដំណើរការប្រព័ន្ធ 5G នៅឆ្នាំ២០២០ ខាងមុខ៖ «ពាក់ព័ន្ធរឿងការងារបច្ចេកទេសទេ យើងអត់មានមកពាក់ព័ន្ធអ្វីរឿងអស់ហ្នឹងទេ។ គាត់ចេះតែលើកឡើងឱ្យតែឮម៉េច ពីព្រោះយើងដៃគូជាមួយចិន ដៃគូយូរអង្វែង ហើយនៅស្រុកយើងហ្នឹងមានស្អី។ យើងចាប់ដៃគ្នាដើម្បីធ្វើការងារជំនាញតើ។ យើងខ្ញុំសង្ឃឹមថា មិនមានពាក់ព័ន្ធអីរឿងចារកម្មរឿងអីហ្នឹងទេ។ អានេះការងារធ្វើ Business ( ជំនួញ ) ទេ យើងយកចារកម្មមកនិយាយយ៉ាងម៉េចកើត»។
សកម្មជនសិទ្ធិមនុស្ស និងសិទ្ធិអ៊ីនធឺណិត លោក ទឹម ម៉ាឡៃ ថ្លែងថា បើរដ្ឋាភិបាលពិតជាអាចគ្រប់គ្រងប្រព័ន្ធ 5G បានដូចការអះអាងមែន នោះជារឿងប្រសើរបំផុតសម្រាប់សុវត្ថិភាពជាតិ និងប្រជាពលរដ្ឋ។ ក៏ប៉ុន្តែលោកថា ការនិយាយតែមួយមុខមិនទាន់គ្រប់គ្រាន់ឡើយ ពោលគឺរដ្ឋាភិបាលត្រូវមានក្រុមការងារពិសេសមួយដើម្បីពិនិត្យឱ្យបានល្អិតល្អន់បំផុតចំពោះបច្ចេកវិទ្យាថ្មីនេះ និងត្រូវបង្ហាញឱ្យសាធារណជនបានដឹង និងមានទំនុកចិត្តខ្ពស់ មុននឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៖ «ត្រូវមានក្រុមអ្នកត្រួតពិនិត្យ និងអ្នកជជែកគ្នាជាយុទ្ធសាស្ត្រជាមួយនឹងរដ្ឋាភិបាលប្រទេសមួយទៀត ឬក៏អ្នកវិនិយោគនៅក្នុងប្រទេសមួយទៀតនៃក្រុមហ៊ុនដែលនាំចូលហ្នឹង។ យើងត្រូវប្រាកដប្រជាថា វិនិយោគនេះត្រូវមានសុចរិតភាព ហើយត្រូវទទួលបាននូវការបង្ហាញជាសាធារណៈដល់ពលរដ្ឋថា វាមានទំនុកចិត្តដល់ការប្រើប្រាស់ ព្រោះដើម្បីកេរ្តិ៍ឈ្មោះនៃការវិនិយោគផង ដើម្បីកេរ្តិ៍ឈ្មោះរដ្ឋាភិបាលផង»។
ចំណែក នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ទទួលស្គាល់ថា ការអភិវឌ្ឍជាតិនាពេលបច្ចុប្បន្ន ត្រូវពឹងផ្អែកមួយផ្នែកធំលើប្រព័ន្ធបច្ចេកវិទ្យាទំនើប ក៏ប៉ុន្តែលោកថា រដ្ឋាភិបាលត្រូវធានាថា រាល់ក្រុមហ៊ុនដែលមកវិនិយោគលើវិស័យបច្ចេកវិទ្យានេះ ត្រូវតែមានសុចរិតភាពក្នុងការវិនិយោគ។ លោកបន្តថា ពេលនេះក្រុមហ៊ុនបច្ចេកវិទ្យាធំៗ បានផ្លាស់ប្ដូរឥរិយាបថក្នុងការធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុន ហួវ៉េ ដោយសារតែរឿងអាស្រូវលួចធ្វើចារកម្ម ដូច្នេះលោកថា កម្ពុជាក៏គួរតែពិនិត្យមើលបញ្ហានេះដែរ។
អ្នកការពារសិទ្ធិមនុស្សរូបនេះ មិនទាន់ជឿជាក់លើការអះអាងរបស់ក្រសួងប្រៃសណីយ៍ជុំវិញរឿងសមត្ថភាពគ្រប់គ្រងលើប្រព័ន្ធ 5G របស់ក្រុមហ៊ុន ហួវ៉េ នោះឡើយ ព្រោះលោកមើលឃើញថា កម្ពុជាហាក់នៅមានភាពទន់ខ្សោយនៅឡើយលើផ្នែកបច្ចេកវិទ្យាព័ត៌មាន បើប្រៀបធៀបនឹងប្រទេសដទៃទៀតក្នុងតំបន់ និងពិភពលោក៖ «យើងនៅតែមានការព្រួយបារម្ភខ្លាចប្រព័ន្ធបច្ចេកវិទ្យាទំនើបហ្នឹងបង្កប់នូវ Software ( កម្មវិធី ) ដើម្បីទទួលនូវព័ត៌មានសម្ងាត់ពីរដ្ឋាភិបាល ឬក៏ពីប្រជាពលរដ្ឋ អាហ្នឹង គឺជាភាពគ្រោះថ្នាក់សម្រាប់ប្រទេសជាតិមួយទៅថ្ងៃក្រោយ។ អ៊ីចឹង គឺសូមឱ្យមានការសិក្សាឱ្យបានច្បាស់លាស់ដោយអ្នកបច្ចេកវិទ្យា និងអ្នកជំនាញឱ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងភាពគ្រោះថ្នាក់ទៅថ្ងៃក្រោយ»។
កម្ពុជាបានក្លាយខ្លួនទៅជាប្រទេសទីមួយក្នុងតំបន់អាស៊ាន ដែលយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិវឌ្ឍបច្ចេកវិទ្យា 5G នេះ ជាមួយក្រុមហ៊ុន ហួវ៉េ (Huawei) របស់ចិន។ រឿងនេះទំនងជាដោយសាររបបក្រុងភ្នំពេញ មានទំនងទំនងជិតស្និទ្ធខ្លាំងជាមួយរបបក្រុងប៉េកាំង ទើបធ្វើឱ្យរបបនេះផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនចិនអភិវឌ្ឍបច្ចេកវិទ្យាថ្មីនេះ ទោះបីជាដឹងថា ក្រុមហ៊ុនចិនមានកេរ្តិ៍ឈ្មោះមិនសូវល្អលើឆាកអន្តរជាតិក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។