ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ប្រតិកម្ម​នឹង​មតិ​រិះគន់

ដោយ វណ្ណ វិចារ
2014-03-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ថ្លែង​ក្នុង​ពិធី​សម្ពោធ​អង្គការ​ច្បាប់​នៃ​កម្ពុជា នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២៣ មីនា ឆ្នាំ​២០១៤។
ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ថ្លែង​ក្នុង​ពិធី​សម្ពោធ​អង្គការ​ច្បាប់​នៃ​កម្ពុជា នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២៣ មីនា ឆ្នាំ​២០១៤។
RFA

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ប្រតិកម្ម​នឹង​មតិ​រិះគន់​អង្គភាព​នេះ លើ​សំណុំ​រឿង​របស់​កូន​ប្រុស​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា។

ប្រតិកម្ម​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​រិះគន់​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មិន​បាន​ស៊ើប​អង្កេត​ឲ្យ​បាន​ល្អិតល្អន់​អំពី​ពាក្យ​ប្ដឹង​ប្រឆាំង​នឹង​លោក ហោ សុធន ជា​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស ដែល​ជា​កូន​ប្រុស​របស់​លោក​រដ្ឋមន្ត្រី ហោ ណាំហុង ពី​បទ​រំលោភ​អំណាច និង​ពុករលួយ។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​ជា​ទេសរដ្ឋមន្ត្រី លោក ឱម យ៉ិនទៀង មាន​ប្រសាសន៍​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​ពុករលួយ បាន​ដំណើរការ​ស៊ើប​អង្កេត​រួច​រាល់​ជុំវិញ​សំណុំ​រឿង​របស់​លោក ហោ សុធន។ តែ​ដោយ​ភស្តុតាង​មិន​ទាន់​គ្រប់គ្រាន់ អង្គភាព​ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ដើម្បី​បង្ហាញ​សាធារណជន ថា​មាន​បណ្ដឹង​ប្រឆាំង​នឹង​មន្ត្រី​ក្រសួង​នេះ។

លោក​បន្ត​ថា សេចក្ដី​ប្រកាស​របស់​អង្គភាព​ជា​ការ​បើក​ផ្លូវ​មួយ​ឲ្យ​ដើម​បណ្ដឹង​រក​ភស្តុតាង​កាន់​តែ​រឹងមាំ​បន្ថែម​ទៀត​ជុំវិញ​ករណី​នេះ។

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ដែល​រៀបរាប់​សង្ខេប​ពី​ករណី​មន្ត្រី​ក្នុង​ក្រសួង​ការបរទេស ប្ដឹង​កូន​ប្រុស​របស់​លោក ហោ ណាំហុង ដែល​កាន់​ការ​ជា​អគ្គលេខាធិការ​ក្រសួង​ការបរទេស គឺ​លោក ហោ សុធន ពី​ភាព​មិន​ប្រក្រតី​ក្នុង​រឿង​គ្រប់គ្រង​មន្ត្រី​រាជការ​ក្នុង​ក្រសួង និង​កាត់​ប្រាក់​ឧបត្ថម្ភ​មន្ត្រី​ក្រោម​បង្គាប់​ក្នុង​ពេល​ប្រជុំ​អាស៊ាន។ អង្គភាព​រក​ឃើញ​ថា លោក ហោ សុធន មិន​មាន​កំហុស​ដូច​ពាក្យ​ប្ដឹង​ចោទ​របស់​ដើម​បណ្ដឹង​ឡើយ។ បន្ទាប់​មក​សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ និង​បាន​សម្ភាសន៍​មន្ត្រី​សង្គម​ស៊ីវិល អ្នក​នយោបាយ​ជុំវិញ​សំណុំ​រឿង​នេះ កាសែត​ខ្លះ​ដាក់​ចំណង​ជើង​ថា សង្គម​ស៊ីវិល​រិះគន់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។ កាសែត​ខ្លះ​ទៀត​ដាក់​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ការពារ​កូន​ប្រុស​លោក ហោ ណាំហុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

ស្រុកធ្វើអីមួយមិនដែលវិភាគអោយគ្រប់ជ្រុងជ្រោយទេ បង្កើតអង្គភាពមួយដែលបរិសុទ្ធត្រូវយកមនុស្សអព្យាក្រិត្យ ដែលមិនពាក់ព័ន្ធនឹងរដ្ឋាភិបាលទើបប្រសើរ។ បច្ចុប្បន្នប្រធានអង្គភាព មានលុយកើបមិនអស់តើបានពីណាមក? ផ្ទះ ឡានមានគ្រប់ទិសទី ពេញក្រុង។

Mar 26, 2014 12:23 AM

អ្នក​អាន​អនាមិក

ពី បារាំង-ប៊កដូ

គួរលោកឱប យឺតទាញ ដូរឈ្មោះអង្គភាពប្រឆាំងអំពើពុករលួយរបស់លោកនេះ មកជា អង្គភាពការពារពួករបប
រលួយវិញវាប្រសើរស្ដាប់ជាង។ ខ្មែរអ្នកជាិតិនិយមសព្វថ្ងៃនេះគេឈប់ឆោតល្ងង់ដូចលោកធ្លាប់បានបោកប្រាស់កាល
ពីសម័យសម្ដេចតេជោមានពិសទៀតហើយ។ ភាសាខ្មែរមានពាក្យគ្រប់គ្រាន់ សម្រាប់ដឹកនាំជាតិដោយខ្លួនឯង
បាន ។ ដល់ពេល គួរល្មមឈប់យកពាក្យភាសាយួន មកសូត្រដដែលៗឱ្យខ្មែរស្ដាប់ទៀតទៅ ឬមួយលោកជាជន
ក្បត់ជាតិឬមួយក៏លោកជាបុគ្គលឆោតល្ងង់ខ្លៅ?ឬក៏ទាំងពីរនេះ?

Mar 24, 2014 03:39 AM

Veasna

ពី Phnom Penh

មិនពិបាករកភស្តុតាងទេ បើអង្គភាពមិនចេតនាចង់កាត់ទោស លោក ហោ សុធន នោះ មន្ត្រីការបរទេសអាចធ្វើសាក្សីបាន។ លោកក្រួសារបានបង្ករភាពក្តៅក្រហាយដល់មន្ត្រីការបរទេសជាយូរមកហើយ។

Mar 23, 2014 07:16 AM

គេហទំព័រ​ទាំងមូល