ព្រះ​សព​សម្ដេច​ព្រះ​រៀម បុប្ផា ទេវី ត្រូវ​បាន​ថ្វាយ​ព្រះ​ភ្លើង​បូជា​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី២៥ វិច្ឆិកា

ព្រះ​សព​របស់​សម្ដេច​ព្រះ​រៀម នរោត្តម បុប្ផា​ទេវី តម្កល់​ទុក​នៅ​ព្រះមេរុ មុខ​វត្ត​​បទុមវតី​រាជវរារាម រាជធានី​ភ្នំពេញ ត្រូវ​បាន​ព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី យាង​ថ្វាយ​ព្រះ​ភ្លើង​បូជា​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី២៥ វិច្ឆកា។

ព្រះ​សព​ ត្រូវ​បាន​ធ្វើ​ពិធី​ដង្ហែ​ចេញ​ទៅ​​មុខ​វត្ត​បទុមវតី តាម​ព្រះ​រាជ​ប្រពៃណី​ ហើយ​ថ្វាយ​ព្រះ​ភ្លើង​បូជា ​នៅ​ម៉ោង​៦​ព្រឹក​ថ្ងៃ​ដដែល​នេះ។ ពិធី​ដង្ហែ​ព្រះ​សព​ មុន​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ មាន​សភាព​សមរម្យ ​ជា​ព្រះ​បច្ឆា​​ញាតិ និង​មិន​រង​ការ​រិះគន់​ដូច​ការ​ដឹក​ព្រះ​សព​តាម​ព្រះទីន័ង​រថយន្ត ពី​ព្រះលាន​យន្តហោះ មក​តម្កល់​នៅ​ក្នុង​វត្ត​បទុមវតី​ឡើយ។

​អាស៊ី​សេរី មិន​អាច​សុំ​បញ្ជាក់​ព័ត៌មាន​បន្ថែម​ និង​ទីតាំង​រក្សា​ទុក​ព្រះអដ្ឋិ​របស់​​សម្ដេច​ព្រះ​រៀម បុប្ផា ទេវី បាន​ទេ ដោយសារ​មន្ត្រី​​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ពិធី​បុណ្យ​ជាតិ និង​អន្តរ​ជាតិ​ មិន​បាន​ដឹង​ពី​រឿង​​នេះ។

សម្ដេច​​ព្រះរៀម នរោត្តម បុប្ផា​ទេវី ជា​បុត្រី​ច្បង នៃ​ព្រះ​បាទ​នរោត្តម សីហនុ ជាមួយ​អ្នក​ម្នាង​ផាត់ កាញ៉ុល។ សម្ដេច​ព្រះ​រៀម បាន​​សោយ​ទិវង្គត​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា​ ក្នុង​មន្ទីរ​ពេទ្យ​ នៅ​ប្រទេស​ថៃ ក្នុង​ព្រះជន្ម ៧៦​ព្រះ​វស្សា។ ទ្រង់​ គឺ​ជា ជា​អតីត​នាដការី ឬ​​អ្នក​​សម្ដែង​របាំ​ព្រះរាជ​ទ្រព្យ ដ៏​ប៉ិនប្រសប់ និង​មាន​ព្រះ​កិត្តិនាម​ដ៏​ល្បីល្បាញ​មួយ​អង្គ នៅ​ក្នុង​សង្គម​កម្ពុជា។ ទ្រង់​​បាន​ទទួល​ព្រះ​គោរមងារ​ថា «ទេព​នាថ​វដ្តី​ឯក» និង​ជា «មរតក​មនុស្ស​រស់​របស់​កម្ពុជា»។ ស្នា​ព្រះហស្ត​ដ៏​សំខាន់ និង​មាន​តម្លៃ​បំផុត នៃ​សម្ដេច​ព្រះ​រៀម គឺ​ការ​នាំ​យក​នូវ​របាំ​ព្រះរាជទ្រព្យ ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​មនុស្ស​ជាតិ របស់​អង្គការ យូណេស្កូ (UNESCO) នៅ​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា ឆ្នាំ២០០៣ គ្រា​ដែល​ព្រះអង្គ គង់​ជា​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ៕

​ព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ទ្រង់​យាង​ថ្វាយ​ព្រះ​ភ្លើង​បូជា​ព្រះសព​​ព្រះរៀម​របស់​ព្រះអង្គ សម្ដេច​ព្រះរៀម បុប្ផា ទេវី ថ្ងៃ​ទី២៥ ខែ​វិច្ឆកា ឆ្នាំ២០១៩។


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។