កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួនជនជាតិចិនចំនួន ២នាក់ ពីបទចាប់បង្ខាំងមនុស្សខុសច្បាប់ដើម្បីជំរិតទារលុយ នៅសង្កាត់លេខ១ ក្រុងព្រះសីហនុនៅថ្ងៃទី១៣ វិច្ឆិកា។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានប្រាប់អាស៊ីសេរី នៅថ្ងៃពុធ ទី១៣វិច្ឆិកា នេះថា ជនសង្ស័យទាំងពីរនាក់នេះបានបង្ខាំងជនជាតិចិនចំនួន ៤នាក់ ហើយបានធ្វើទារុណកម្មទៅលើជនរងគ្រោះ ក្នុងពេលប៉ុនប៉ងជំរិតទារប្រាក់ពីពួកគេមិនបានសម្រេច នៅថ្ងៃទី១៣ ខែវិច្ឆិកា នេះ។
សមត្ថកិច្ចបានរំដោះជនរងគ្រោះទាំង ៤នាក់ ហើយពួកគេមានស្នាមរបួសជាច្រើននៅលើខ្លួន ដោយសារអំពើទារុណកម្ម។
ដោយឡែក សមត្ថកិច្ចក៏ឃាត់ខ្លួន ជនជាតិចិនមួយផ្សេងទៀតនៅក្រុងភ្នំពេញ ខណៈជនសង្ស័យកំពុងគាស់ផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។
អធិការរងទទួលការងារព្រហ្មទណ្ឌខណ្ឌមានជ័យ អ៊ីវ ឈុនផេង បានប្រាប់សារព័ត៌មានក្នុងស្រុកថា ជនល្មើសមានអាយុ ២៦ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ពីបទលួច មានស្ថានទម្ងន់ទោសកាលពីថ្ងៃទី១២ វិច្ឆិកា។
លោកបញ្ជាក់ថា ជនល្មើសម្នាក់នេះបានប៉ុនប៉ងលើកយកទូដែកមួយ ដែលមានលុយដុល្លារ និងគ្រឿងអលង្ការសរុបជាង ៨ម៉ឺនដុល្លារ។ លោកថា ជនជាតិចិនម្នាក់នេះធ្លាប់មានប្រវត្តិជាប់ពន្ធនាគារនៅប្រទេសចិន រយៈពេល៣ឆ្នាំ ពីបទលួច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។