តុលាការ​សម្រេច​ឃុំខ្លួន​អតីតមន្ត្រី​អាវុធហត្ថ​ខេត្ត​កំពង់ធំ​លោក សន សំនៀង ដោយ​ចោទ​២​ករណី

អាស៊ីសេរី
2018.07.18
សន សំនៀង គ្រឿងញៀន ៦២២ អតីត​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​បារាយ​ខេត្ត​កំពង់ធំ លោក សន សំនៀង ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​២០១៨។ Photo courtesy of Eng Hee's Facebook page
Photo: RFA

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​កំពង់ធំ បានសម្រេច​ឃុំខ្លួន អតីត​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​បារាយ លោក សន សំនៀង ក្រោម​បទចោទប្រកាន់​២ ករណី គឺ​ពី​បទ​បរិហារកេរ្តិ៍ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍។ ការចោទប្រកាន់​នេះ ដោយសារតែ​លោក​បាន​បង្ហោះ​សារ​ក្នុង​ហ្វេសប៊ុក (Facebook) របស់​ខ្លួន រិះគន់ ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​ចាប់​គ្រឿងញៀន​ជិត​២០០​គីឡូក្រាម របស់​អ្នក​មាន​អំណាច​កាល​ពី​ពេល​ថ្មី​នេះ។

អ្នកប្រើប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​បាន​រិះគន់ លើ​ចំណាត់​ការ​នេះ​ថា ជា​រឿង​អយុត្តិធម៌​ទៅលើ​មន្ត្រី​ដែល​ហ៊ាន​បញ្ចេញមតិ​ពី​រឿង​រសើប​របស់​រដ្ឋអំណាច ហើយ​មិន​មាន​វិធានការ​ទៅលើ​អ្នក​ជួញដូរ​គ្រឿងញៀន។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ធ្វើ​សន្និសីទកាសែត​នៅ​ថ្ងៃ​១៨ កក្កដា ថា អតីត​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​បារាយ ខេត្ត​កំពង់ធំ លោក សន សំនៀង បំផ្លើស​ព័ត៌មាន​ធ្វើ​ឲ្យ​សាធារណជន​ភ័ន្តច្រឡំ ហើយ​ជា​ការ​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​ដែល​លោក​បាន​ផ្សព្វផ្សាយ​ផ្ទាល់​នៅ​ក្នុង​ហ្វេសប៊ុក ដែល​ច្បាប់​មិន​អនុគ្រោះ​ឲ្យ​នោះ​ទេ។ លោក អេង ហ៊ី អះអាង​ទៀត​ថា មន្ត្រី​កងរាជអាវុធហត្ថ​បាន​បញ្ជូន​លោក សន សំនៀង ប្រគល់​ទៅ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​កំពង់ធំ កាលពី​ថ្ងៃ​ទី​១៧ កក្កដា ហើយ​នៅ​ថ្ងៃ​ទី​១៨ កក្កដា ចៅក្រម​ស៊ើបសួរ បាន​ចេញ​ដីកា​ឃុំខ្លួន​បណ្ដោះអាសន្ន លើ​អតីត​មេ​អាវុធហត្ថ​រូប​នេះ ដោយ​ចោទប្រកាន់ ពី​បទ​បរិហារកេរ្តិ៍ និង​ញុះញង់ ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដែល​បាន​ចែង នៅ​ក្រមព្រហ្មទណ្ឌ​មាត្រា ៣០៥ និង ៤៩៥៖ «ខ្ញុំ​សុំ​លើកឡើង​បន្តិច​ដែរ ដើម្បី​ឲ្យ​អស់​ចម្ងល់ លោក សន សំនៀង និយាយ​អំពី​គ្រឿងញៀន តែ​ហេតុ​អី​បានជា​ប្រកាស​ព័ត៌មាន​គាត់​បង្ក​ឲ្យ​មនុស្ស​ស្លាប់ និង​ការ​បាញ់​បោះ​សេរី និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ គឺ​ដោយសារ​យើង​រក្សា​កិត្តិយស​របស់​គាត់ គឺ​ដោយសារ​គាត់​កាត់​ចេញពី​អាវុធហត្ថ​ហើយ យើង​មិន​ទៅ​លូក​រឿង​ចាស់​មក​និយាយ​ទេ យើង​និយាយ​ត្រឹមតែ​កាត់ឈ្មោះ​គាត់​តែប៉ុណ្ណោះ»

អ្នកប្រើប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​រិះគន់​យ៉ាង​ព្រោងព្រាត​ពី​ចំណាត់ការ​នេះ។ ហ្វេសប៊ុក ឈ្មោះ​អ្នក​ជាយដែន រិះគន់​ថា សមត្ថកិច្ច​ចាប់​បានតែ​អ្នកប្រើប្រាស់ ចុះ​អ្នក​ដឹក​ទាំង​ឡាន​មិនដែល​ចាប់​បាន​ផង​ឲ្យ​រាស្ត្រ​សង្ឃឹម​អី​លោក​ព្រះ​! ចំណែក ហ្វេសប៊ុក ភារម្យ មួង ថា​លើក​នេះ​គេ​លេង​ជឿ​លើ​ស្ថាប័ន​អាវុធហត្ថ​ហើយ។

កាលពី​ថ្ងៃ​ទី​១៥ កក្កដា កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​បដិសេធ​ថា ការ​បង្ហោះ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឈ្មោះ យមរាជ លោកីយ៍ គឺជា​រឿង​មិន​ពិត​នោះ​ទេ។ អតីតមន្ត្រី​អាវុធហត្ថ​ឈ្មោះ សន សំនៀង រូប​នោះ ត្រូវ​បាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ កងរាជអាវុធហត្ថ​កាលពី​ឆ្នាំ​២០១៧ ដោយ​ក្រុមប្រឹក្សាវិន័យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស។ សេចក្ដីប្រកាស​ព័ត៌មាន​បន្ត​ថា លោក សន សំនៀង បាន​ប្រព្រឹត្ត​ខុសឆ្គង ជា​បន្តបន្ទាប់ ម្ដង​ហើយ​ម្ដងទៀត​ដូចជា បង្ក​គ្រោះថ្នាក់​ចរាចរ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​នៅ​នឹង​កន្លែង បាញ់​បោះ​សេរី និង​បាន​ប្រើ​ហិង្សា​លើ​បងថ្លៃ​ស្រី​ម្នាក់ បណ្ដាល​ឲ្យ​សន្លប់។

ថ្មីៗ​នេះ លោក សន សំនៀង ដែល​រដ្ឋអំណាច​ឃុំខ្លួន​នេះ បាន​លាតត្រដាង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ភ្ជាប់​រថយន្ត​កាមរី (Camry) សេរី​ចាស់​មួយ​គ្រឿង​ជា​ភស្តុតាង ដែល​លោក​អះអាង​ថា ជា​រថយន្ត​ដឹកជញ្ជូន​គ្រឿងញៀន ១៧២ គីឡូក្រាម ពី​ខេត្ត​ព្រះវិហារ ទៅ​រាជធានី​ភ្នំពេញ រហូតដល់​ស្រុក​បារាយ​ខេត្ត​កំពង់ធំ ត្រូវ​លោក​ស្ទាក់​ចាប់​បាន និង​ឃាត់ខ្លួន​បុរស​ម្នាក់​ជា​អ្នកបើកបរ ឈ្មោះ សោ ប៊ុនណា កាលពី​ឆ្នាំ​២០១៣។ លោក​ថា ក្រោយពី​លោក ឃាត់​គ្រឿងញៀន​នេះ ធ្វើ​ឲ្យ​គ្រួសារ​លោក​រលាយ ខាតបង់​ប្រាក់​ជាង ៣០​ម៉ឺន​ដុល្លារ និង​ត្រូវ​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក ដែល​ខ្ចីបុល​ដើម្បី​តតាំង​រឿង​ក្តី​នៅ​តុលាការ​រយៈពេល ៣​ឆ្នាំ៖ «ឡាន​មួយ​នេះ លោក ហុង ថុល បាន​ធ្វើ​ឲ្យ​ខ្ញុំ​អស់​ច្រើន​ណាស់ គឺ​អស់​ចូល ជាង ៣០​ម៉ឺន​ដុល្លារ​ដឹង ៣​ឆ្នាំ​ហើយ​អត់​បាន​ធ្វើ​អី​កើត​សោះ។ អត់​មាន​រកស៊ី​អី​កើត ឡាន​អ៊ីចឹង គេ​អាច​ដឹក​គ្រឿងញៀន ១៧២​គីឡូក្រាម ពី​ខេត្ត​ព្រះវិហារ​មក។ រឿង​ធំ​បំផុត​រឿង​ឡាន ដែល​ខ្ញុំ​ឈឺចាប់ យកឈ្មោះ​ខ្ញុំ​ដើម្បី​បំបិទរឿង»

ក្រោយ​ពី លោក សន សំនៀង បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម មាន​មន្ត្រី​អាវុធហត្ថ​មួយ​ចំនួន បញ្ចេញមតិ​ក្នុង​ប្រអប់​សារ ឬ Comment ដោយ​បង្ហាញ​អារម្មណ៍​អាណិតអាសូរ​ដល់​អតីត​មន្ត្រី​អាវុធហត្ថ​រូប​នោះ​។ ម្ចាស់​គណនេយ្យ​ហ្វេសប៊ុក​ឈ្មោះ Sdeug Chenda Grk បាន​Comment ថា សូម​បង​កុំ​ខ្លាច​បងប្អូន​ទូទាំង​ប្រទេស​គាំទ្រ អាណិត​បង​ណាស់ ក្នុងនាម​ខ្ញុំ​ជា​មន្ត្រី​អាវុធហត្ថ ១​រូប​ដែរ​ខ្ញុំ​គាំទ្រ​បង និង​ផ្ដល់​កម្លាំងចិត្ត​អោយ​បង​តស៊ូ​ដល់​ទី​បញ្ចប់ ព្រោះ​នឹងមា​ន​ប្រជាជន​រាប់​លាន​នាក់​គាំទ្រ និង​ចង់​ឃើញ​បង​មាន​សិទ្ធ​សេរីភាព​ទទួល​បាន​យុត្តិធម៌​ស៊ូៗ។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត លើកឡើង​ថា ការ​ចាប់​លោក សន សំនៀង តែ​ម្ខាង​មិនទាន់​គ្រប់គ្រាន់​នោះ​ទេ ព្រោះ​បើទោះបីជា​រឿង​នេះ​គ្រាន់តែ​ជា​ព័ត៌មាន​ដែល​លោក​បាន​សារ​បង្ហោះ​នៅ​ក្នុង​ហ្វេសប៊ុក​ក៏ដោយ ក៏​សមត្ថកិច្ច​ត្រូវ​ធ្វើ​ការស៊ើបអង្កេត​ឲ្យ​បាន​ល្អិតល្អន់​ដែរ ព្រោះ​ព័ត៌មាន​នេះ​ក៏​ជា​រឿង​មួយ​ធ្ងន់ធ្ងរ​ដល់​សង្គម​ដែរ ហើយក៏​ជា​ការ​ស្រាវជ្រាវ​រក​ការពិត​ឲ្យ​ជាក់ច្បាស់ ដើម្បី​ឲ្យ​អស់​មន្ទិល​ពី​សាធារណជន ដែល​បាន​តាម​លើ​រឿង​នេះ​កន្លង​មក៖ «យ៉ាងណាក៏ដោយ​ក៏​យើង​នៅតែ​ទទូច​ថា គួរតែ​មាន​គណៈកម្មការ​ដើម្បី​ស៊ើបអង្កេត ព្រោះ​សាធារណជន​កំពុងតែ​តាមដាន​រឿង​នេះ ដូច្នេះ​ដើម្បី​បង្ហាញ​ឲ្យ​មាន​តម្លាភាព​និង​ឲ្យ​មាន​ភាព​យុត្តិធម៌​សម្រាប់​កង​ប្រដាប់​អាវុធ ត្រូវតែ​ស៊ើបអង្កេត​ជា​ចាំបាច់»

អ្នកលេង​ហ្វេសប៊ុ​ក​ជាច្រើន​នាក់ បាន​បង្ហោះ​សារ​សម្ដែង​ការ​មិន​ពេញចិត្ត​នឹង​ចំណាត់ការ​របស់​កងរាជអាវុធហត្ថ​ដែល​បាន​បកស្រាយ​ទម្លាក់កំហុស​ទៅលើ​តែ​លោក សន សំនៀង ហើយ​សមត្ថកិច្ច​មិន​បាន​ស្រាវជ្រាវ​ចាត់វិធានការ​ទៅលើ​អ្នក​ដែល​ជួញដូរ​ថ្នាំញៀន ដែល​លោក សន សំនៀង បាន​រិះគន់​នោះ​ទេ ប៉ុន្តែ​បែរជា​ចាប់​អ្នក​បង្ហោះ​ព័ត៌មាន​ទៅវិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

សុខនា
Sep 16, 2021 09:39 AM

ខ្ញុំចង់ដឹង