ប្រទេស​ផ្ដល់​ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍​គាំទ្រ​កម្ពុជា​ដាក់​គោលដៅ​គ្មាន​មីន​ឆ្នាំ​២០២៥

កម្ពុជា​ប្ដេជ្ញា​បោសសម្អាត​មីន​ឲ្យ​អស់ នៅ​ឆ្នាំ​២០២៥ ខាងមុខ និង​គ្រោង​ចំណាយ​ថវិកា ២០​លាន​ដុល្លារ ដោយ​មាន​ជំនួយ​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍។

ការ​ប្រកាស​នេះ ធ្វើឡើង​ក្រោយ​ពី​មន្ត្រី​ជំនាញ​អាជ្ញាធរ​មីន ជាង ១០ នាក់ ជួប​ប្រជុំ​ជាមួយ​តំណាង​ប្រទេស​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ ដូចជា អង្គការ UNDP និង​ភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​សាធារណរដ្ឋ​កូរ៉េ (KOICA) ព្រមទាំង​ម្ចាស់​ជំនួយ​មួយ​ចំនួន​ទៀត ដើម្បី​ជជែក​ពិភាក្សា​ពី​គម្រោងការ​បោស​សម្អាត​មីន​ដែល​នៅ​សេសសល់​ឲ្យ​អស់​នៅ​កម្ពុជា។

អនុប្រធាន​ទី​១ នៃ​អាជ្ញាធរ​មីន លោក លី ធុជ ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃ​ទី​៧ ខែ​មករា ថា សហគមន៍​ម្ចាស់​ជំនួយ​ទាំងនោះ ប្ដេជ្ញា​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​បន្ថែម​ទៀត ក្នុង​គោលដៅ​រួមគ្នា ឆ្ពោះ​ទៅ​រក​ការសម្រេច​ឲ្យ​បាន ««​កម្ពុជា​គ្មាន​មីន​នៅ​ឆ្នាំ ២០២៥ ខាងមុខ​»»​។ លោក លី ធុជ ឲ្យ​ដឹង​ថា អង្គការ UNDP សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មីន ដោយ​បាន​ចូលរួម​យ៉ាងសកម្ម ក្នុង​ការ​ស្វែងរក​ការ​គាំទ្រ​ដល់​គម្រោង​បោសសម្អាត​មីន​នៅ​កម្ពុជា ទាំង​ផ្នែក​ថវិកា សម្ភារៈ និង​ការ​ផ្តល់​ប្រឹក្សា​បច្ចេកទេស ចាប់ពី​ដំណើរការ កាលពី​ឆ្នាំ​២០០៦​មក។

ចាប់​តាំង​ពី​ឆ្នាំ ២០០៦ មក​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ​២០២០ កម្ពុជា​រំដោះ​ផ្ទៃដី​មីន បាន​ប្រមាណ ២៥២ គីឡូម៉ែត្រ​ក្រឡា ដើម្បី​ចែកចាយ​ដល់​ប្រជាពលរដ្ឋ​ជាង ១ លាន​នាក់ ក្នុង​នោះ ៥០ ភាគរយ​ជា​ស្ត្រី សម្រាប់​ធ្វើ​ស្រែ​ចម្ការ ដោយ​ពុំ​មាន​ការភ័យខ្លាច​ជាន់​មីន​ទៀត​ឡើយ​។ ចាប់ពី​ឆ្នាំ​១៩៧៩ រហូតដល់​ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជិត ២​ម៉ឺន​នាក់​បាន​ស្លាប់ ដោយសារ​គ្រាប់មីន និង​រង​របួស​ពិការ​ដៃជើង ជាង​៤​ម៉ឺន​៥​ពាន់​នាក់ (៤៥ ០៤៩) ផ្សេងទៀត ក្នុង​នោះ​ខេត្ត​បន្ទាយមានជ័យ គឺ​មាន​ជនរងគ្រោះ​ស្លាប់ និង​រង​របួស​ច្រើន​ជាងគេ នៅ​ក្នុង​ប្រទេស​កម្ពុជា។

អាជ្ញាធរ​មីន ទទួល​បាន​ជំនួយ​ថវិកា​ពី​ប្រទេស​ដទៃ​ទៀត​ដូចជា សហរដ្ឋអាមេរិក (USA) អង់គ្លេស (England) ជប៉ុន (Japan) អាល្លឺម៉ង់ (Germany) ន័រវែស (Norway) ស្វីស (Switzerland) ចិន (China) កាណាដា (Canada) អៀរឡង់ (Ireland) និង​អង្គការ UNICEF ព្រមទាំង​មូលនិធិ អង្គការ​សង្គម​ស៊ីវិល និង​សប្បុរសជន​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។