កម្ពុជាប្ដេជ្ញាបោសសម្អាតមីនឲ្យអស់ នៅឆ្នាំ២០២៥ ខាងមុខ និងគ្រោងចំណាយថវិកា ២០លានដុល្លារ ដោយមានជំនួយគាំទ្រពីដៃគូអភិវឌ្ឍន៍។
ការប្រកាសនេះ ធ្វើឡើងក្រោយពីមន្ត្រីជំនាញអាជ្ញាធរមីន ជាង ១០ នាក់ ជួបប្រជុំជាមួយតំណាងប្រទេសដៃគូអភិវឌ្ឍន៍អន្តរជាតិ ដូចជា អង្គការ UNDP និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិសាធារណរដ្ឋកូរ៉េ (KOICA) ព្រមទាំងម្ចាស់ជំនួយមួយចំនួនទៀត ដើម្បីជជែកពិភាក្សាពីគម្រោងការបោសសម្អាតមីនដែលនៅសេសសល់ឲ្យអស់នៅកម្ពុជា។
អនុប្រធានទី១ នៃអាជ្ញាធរមីន លោក លី ធុជ ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី៧ ខែមករា ថា សហគមន៍ម្ចាស់ជំនួយទាំងនោះ ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ក្នុងគោលដៅរួមគ្នា ឆ្ពោះទៅរកការសម្រេចឲ្យបាន ««កម្ពុជាគ្មានមីននៅឆ្នាំ ២០២៥ ខាងមុខ»»។ លោក លី ធុជ ឲ្យដឹងថា អង្គការ UNDP សហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមីន ដោយបានចូលរួមយ៉ាងសកម្ម ក្នុងការស្វែងរកការគាំទ្រដល់គម្រោងបោសសម្អាតមីននៅកម្ពុជា ទាំងផ្នែកថវិកា សម្ភារៈ និងការផ្តល់ប្រឹក្សាបច្ចេកទេស ចាប់ពីដំណើរការ កាលពីឆ្នាំ២០០៦មក។
ចាប់តាំងពីឆ្នាំ ២០០៦ មកត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជារំដោះផ្ទៃដីមីន បានប្រមាណ ២៥២ គីឡូម៉ែត្រក្រឡា ដើម្បីចែកចាយដល់ប្រជាពលរដ្ឋជាង ១ លាននាក់ ក្នុងនោះ ៥០ ភាគរយជាស្ត្រី សម្រាប់ធ្វើស្រែចម្ការ ដោយពុំមានការភ័យខ្លាចជាន់មីនទៀតឡើយ។ ចាប់ពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ២០១៩ ប្រជាពលរដ្ឋខ្មែរប្រមាណជិត ២ម៉ឺននាក់បានស្លាប់ ដោយសារគ្រាប់មីន និងរងរបួសពិការដៃជើង ជាង៤ម៉ឺន៥ពាន់នាក់ (៤៥ ០៤៩) ផ្សេងទៀត ក្នុងនោះខេត្តបន្ទាយមានជ័យ គឺមានជនរងគ្រោះស្លាប់ និងរងរបួសច្រើនជាងគេ នៅក្នុងប្រទេសកម្ពុជា។
អាជ្ញាធរមីន ទទួលបានជំនួយថវិកាពីប្រទេសដទៃទៀតដូចជា សហរដ្ឋអាមេរិក (USA) អង់គ្លេស (England) ជប៉ុន (Japan) អាល្លឺម៉ង់ (Germany) ន័រវែស (Norway) ស្វីស (Switzerland) ចិន (China) កាណាដា (Canada) អៀរឡង់ (Ireland) និងអង្គការ UNICEF ព្រមទាំងមូលនិធិ អង្គការសង្គមស៊ីវិល និងសប្បុរសជនផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
