សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនស្ត្រីជនជាតិថៃ ២នាក់ ក្រោយពីរកឃើញកញ្ចប់គ្រឿងញៀន ចំនួន២៧ដុំ នៅក្នុងវ៉ាលីស៍របស់ពួកគេ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប កាលពីរសៀលថ្ងៃទី២៤ តុលា។
គ្រឿងញៀនចំនួន ២៧ដុំនោះ ជាប្រភេទថ្នាំ មេតំហ្វេតាមីន (Methamphetamine) មានសណ្ឋានជាម្សៅក្រាមពណ៌សថ្លា មានទម្ងន់សរុបជាង ២៧គីឡូក្រាម ដែលជនសង្ស័យបម្រុងនាំឆ្លងកាត់តាមកម្ពុជា ទៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ស្នងការនគរបាលខេត្តសៀមរាប លោក ទិត្យ ណារ៉ុង ប្រាប់អាស៊ីសេរីដោយខ្លីថា សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ និងបន្តស្វែងរកមេខ្លោងនៅពីក្រោយខ្នង។
កាលពីថ្ងៃទី២១ តុលា សមត្ថកិច្ចខេត្តកំពង់ធំ ក៏ចាប់បានគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន សរុប ១រយគីឡូក្រាម ពីសង្ស័យ ៤នាក់ ក្នុងនោះមានជនជាតិខ្មែរ ៣នាក់ និងថៃម្នាក់ដែរ ដែលនាំគ្រឿងញៀនពីប្រទេសថៃចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិជាំ ក្នុងខេត្តឧត្តរមានជ័យ។
ទាក់ទងនឹងបញ្ហាគ្រឿងញៀននេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី២៤ តុលា បញ្ជាឲ្យអគ្គស្នងការនគរបាលជាតិសហការជាមួយប្រទេសជិតខាង ដើម្បីរួមគ្នាបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន។ របបក្រុងភ្នំពេញប្ដេជ្ញាថា នឹងបង្ក្រាបគ្រឿងញៀននៅតាមក្លឹបកម្សាន្ត ឱ្យអស់ត្រឹមដើមឆ្នាំ២០២០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
