នគរបាលខេត្តកោះកុង បានបញ្ជូនសំណុំរឿងគ្រឿងញៀន ទម្ងន់ ២០គីឡូក្រាម ដែលអណ្ដែតមកទើរនៅមាត់ឆ្នេរសមុទ្រ ទៅតុលាការខេត្តហើយ នៅថ្ងៃទី៣១ មីនា។
ស្នងការនគរបាលខេត្តកោះកុង លោក សំឃិត វៀន ប្រាប់អាស៊ីសេរីថា ក្រោយការធ្វើសន្និសីទសារព័ត៌មាន នៅថ្ងៃទី៣០ មីនា នគរបាលបានវេចខ្ចប់គ្រឿងញៀនទាំងអស់ និងឯកសារ ដើម្បីបញ្ជូនទៅតុលាការ។ ចំណែកប្រភពនៃគ្រឿងញៀន អណ្ដែតទឹកមកពីណា សមត្ថកិច្ចកំពុងស្រាវជ្រាវរកតម្រុយ និងមិនទាន់ហ៊ានសន្និដ្ឋានថា អណ្ដែតមកពីខាងកោះណាមួយ ឬ អណ្ដែតមកពីក្នុងព្រំដែនថៃទេ។
នគរបាលខេត្តកោះកុង បានរកឃើញគ្រឿងញៀនទម្ងន់ ២០គីឡូក្រាមនេះ កាលពីថ្ងៃទី២៧ មីនា ដោយសារប្រជាពលរដ្ឋបានប្រទះឃើញ អណ្ដែតទឹកមកទើរនៅឆ្នេរចម្ការដូងទី៥ ស្ថិតក្នុងចំណុចអាឡាតាន់ ភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៣០ មីនា លោកស្នងការខេត្តកោះកុង ឲ្យដឹងថា កាលពីប៉ុន្មានខែមុន អាជ្ញាធរថៃ ក៏ធ្លាប់រកឃើញគ្រឿងញៀនអណ្ដែតតាមទឹក ក្នុងសមុទ្រ នៅម្ដុំក្បែរព្រំដែនកម្ពុជាដែរ តែមិនដឹងប្រភពអណ្ដែតមកពីខាងណា ឲ្យពិតប្រាកដទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។