ក្រុមពលរដ្ឋមួយចំនួន ដែលអះអាងថា ធ្លាប់ជាជនរងគ្រោះ ដោយសារការប្រើប្រាស់គ្រឿងញៀន ត្រៀមដាក់ញត្តិ ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីទាមទារឲ្យសើរើសវនាការកាត់ទោស មេឈ្មួញគ្រឿងញៀន លោក គិត ធាង ជាម្ចាស់ក្លឹបកម្សាន្ត (Rock) ដើម្បីឲ្យតុលាការផ្ដន្ទាទោសលោកឲ្យធ្ងន់ធ្ងរជាងនេះ។
មនុស្សម្នាក់ក្នុងចំណោមមនុស្សមួយក្រុម ដែលមានឈ្មោះក្នុងញតិ្តនោះ គឺលោកស្រី គុជ ញេញ ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី២២ ខែមេសាថា ពួកគេប្រមូលស្នាមមេដៃអ្នកធ្លាប់រងគ្រោះពីគ្រឿងញៀន បានគ្នា ៧នាក់ហើយ និងត្រៀមដាក់ញត្តិ ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ។
លោកស្រី ថា ពួកគាត់មិនសុខចិត្ត លើការសម្រេចក្ដី របស់តុលាការ ដែលកាត់ទោសស្រាលពេក លើឧកញ៉ា គិត ធាង ហើយមិនសមនឹងទំហំ ការខូចខាតរបស់លោកស្រី និងជនរងគ្រោះ ផ្សេងទៀត ដែលខ្លះពិបាកចិត្តដល់ឆ្កួត បាត់បង់ផ្ទះសម្បែង ខូចអនាគត មកដល់សព្វថ្ងៃនេះ៖ « ឲ្យគាត់ ( រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ) ពិនិត្យសារជាថ្មី ព្រោះអ្វីមនុស្សម្នាក់ៗ ខូចអនាគត ទី១ ហើយទី២ អ្នកខ្លះ អស់ផ្ទះ អស់សម្បែង ហើយអ្នកខ្លះទៀត ក៏ទៅជាឆ្កួតលីលា។ និយាយរួមទៅ គឺមានសព្វទាំងអស់។ អ៊ីចឹង គឺវាអត់នឹងអ្វី ដែលធ្វើ ( សម្រេចក្ដី ) ហ្នឹង វាអត់សម។ អ៊ីចឹង គ្រាន់តែថា ទាមទារសុំឲ្យខាងនោះ ( ថ្នាក់លើរបស់តុលាការ ) គាត់ ពិនិត្យពិច័យ ហើយធ្វើសាថ្មី ឲ្យម៉ត់ចត់ ឲ្យច្បាស់លាស់បន្តិចណាអូន ដើម្បីឲ្យប្រជាជនយើង ដូចថា អស់ចិត្ត។ ធ្វើអ៊ីចឹង ដូចថា មិនអស់ចិត្ត។ បងហ្នឹង ក៏ជាជនរងគ្រោះដែរ។ ពីមុនមក បងក៏ជនរងគ្រោះ បងអស់ផ្ទះ បងអស់សម្បែង អ៊ីចឹងណា។ បងហ្នឹង គឺមិនមានផ្ទះ មានសម្បែងនៅទេ ដល់ពេលអ៊ីចឹងហើយ មានហេតុការណ៍ ( កាត់ក្ដី លោក គិត ធាង ) អ៊ីចឹងមកទៀត។ ដល់ពេលហើយ ( កាត់ក្ដី ) វាតិចពេកអ៊ីចឹង បងមិនអស់ចិត្ត ព្រោះពីមុនមក បងធ្លាក់ក្នុងអបាយមុខ ( គ្រឿងញៀន ) ខូចអនាគត»។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោស ឧកញ៉ា គិត ធាង ជាម្ចាស់មជ្ឈមណ្ឌលកម្សាន្តរ៉ក់ (Rock) និងជាបងប្រុសបង្កើតរបស់មហាសេដ្ឋី គិត ម៉េង ជាមនុស្សជំនិតរបស់លោក ហ៊ុន សែន ឲ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ពីបទចាត់ចែងសម្របសម្រួលឲ្យប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងសមគំនិត ពាក់ព័ន្ធករណីគ្រឿងញៀន ជិត៥០ (៤៩,៤៤) គីឡូក្រាម ដែលសមត្ថកិច្ចឆ្មក់ចូលចាប់បាន ក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់។
នៅក្នុងញាតិដែលគ្រោងស្នើទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា ការកាត់ទោសមានរយៈពេល ៤ឆ្នាំលើសំណុំរឿងគ្រឿងញៀនជិត ៥០គីឡូក្រាមនេះធ្វើឲ្យពួកគេមិនជ្រះស្រឡះនៅក្នុងចិត្តនោះឡើយ ពីព្រោះថាចំនួនគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះមានទោសជាប់ពន្ធនាគារតែ ៤ឆ្នាំប៉ុណ្ណោះ។
ញាតិដដែលបានបន្តថា បើអ្នកគ្មានលុយគ្មានឥទ្ធិពលក្នុងសង្គមវិញគ្រាន់តែគ្រឿងញៀនមួយកញ្ចប់តូច ក៏ជាប់ពន្ធនាគារពី២ទៅ៣ឆ្នាំដែរ ហើយម្យ៉ាងវិញទៀតលោក គិត ធាងមានសំណាងណាស់ឃើញព័ត៌មានផ្សាយថាសម្រាកតែក្នុងមន្ទីរពេទ្យប៉ុណ្ណោះ។
ឧកញ៉ា គិត ធាង ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន ក្រោយមានបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១១ ខែ មីនា ឆ្នាំ២០១៩ នៅក្នុងពិធីប្រគល់សញ្ញាប័ត្រនៅមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ ដែលខុសពីជនជាប់ចោទ គ្រឿងញៀនលក្ខណៈតូចតាច។ រាល់សវនាការ លោក គិត ធាង ម្ដងៗ តែងធ្វើឡើងជាអសាធារណៈ ហើយលោក តែងស្លៀកសំលៀកបំពាក់ធម្មតា និងមានពាក់ក្រវាត់កជាប់ជានិច្ច ហើយដៃគ្មានជាប់ខ្នោះនោះទេ។
ចំណែកស្ថានភាពការរស់នៅប្រចាំថ្ងៃវិញ លោក គិត ធាង មិនជាប់ក្នុងពន្ធនាគារ ជាមួយអ្នកទោសផ្សេងទៀតទេ គឺលោក តែងស្នាក់ប្រចាំ នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៊ី) ដោយប្រើហេតុផលថា មានជំងឺ។ លោក ស្នាក់នៅ ទីនោះ អស់រយៈពេលជាង ១ឆ្នាំហើយ ។
អាស៊ីសេរី មិនអាចសុំការបញ្ជាពីមេធាវីការពារក្ដី ឲ្យ លោក គិត ធាង គឺ លោកមេធាវី សួង ចាន់ថនលោកស្រី មេធាវី ទី គឹមស្រ៊ាន និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានដែរ កាលពីថ្ងៃទី២២ មេសា។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យសង្គម លោក សន ជ័យ យល់ថា តុលាការ គួរតែពិចារណាក្នុងការសើរើការសម្រេចក្ដីនេះ ដោយសារការមិនពេញចិត្តរបស់ពលរដ្ឋ ដែលអះអាងជាជនរងគ្រោះនៃគ្រឿងញៀន៖ «អ៊ីចឹង កន្លែងហ្នឹង តុលាការក៏អាចធ្វើការស៊ើបអង្កេត ទៅលើ អ្វីដែលប្រជាពលរដ្ឋ អះអាងដែរ។ នេះជារូបភាពថ្មីមួយ ក្រៅតែពីយើងបាន លឺអំពីការប្ដឹងទាមទារសំណង ទៅលើក្រុម ឬក៏គ្រួសារជនរងគ្រោះ ពីរបបខ្មែរក្រហម។ តុលាការខ្មែរក្រហមហ្នឹង ក៏មានក្រុមជនរងគ្រោះហ្នឹង គេប្ដឹងទារសំណងរដ្ឋប្បវេណី ដែរណា។ អ៊ីចឹង នេះវាជាមេរៀនថ្មីមួយ ដែលយើងបានដឹង បន្ទាប់ពីការប្ដឹងទាមទារ បន្ទាប់ពីរបបខ្មែរក្រហម»។
សង្គមស៊ីវិល ពិនិត្យឃើញថា ការអនុវត្តច្បាប់ លើឧកញ៉ា គិត ធាង មានលក្ខណៈស្តង់ដារពីរ តាំងពីដើមមក។ ពលរដ្ឋមានឈ្មោះក្នុងញត្តិថា ពួកគេសង្ឃឹមថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងអន្តរាគមន៍សើរើ ការសម្រេចក្ដី លើឧកញ៉ា គិត ធាង ឡើងវិញ នៅពេលបានទទួលញត្តិប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។