នៅខេត្តព្រះសីហនុ មន្ត្រីសង្គមស៊ីវិល និងអាណាព្យាបាលមួយចំនួន បង្ហាញការព្រួយបារម្ភ ចំពោះការបញ្ហាគ្រឿងញៀន ដែលកំពុងធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ នៅតាមក្លឹបកម្សាន្តរាត្រី ឬហៅថា ក្លឹបរាំច្រៀងខារ៉ាអូខេ ដែលមានថៅកែជនជាតិចិនជាអ្នកគ្រប់គ្រង។
ក្រុមប្រជាពលរដ្ឋ ចង់ឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងសមត្ថកិច្ចគ្រប់ជំនាញនាខេត្តព្រះសីហនុ ជួយបង្កើនសកម្មភាពចុះត្រួតពិនិត្យ នៅតាមក្លឹបកម្សាន្តរាត្រី ដែលសង្ស័យថា មានការប្រើប្រាស់ និងចរាចរណ៍គ្រឿងញៀន។
អ្នកសម្របសម្រួលសមាគម អាដហុក ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជាប សុធារី ស្ថិតក្នុងចំណោមអង្គការសមាគមជាច្រើនទៀត បង្ហាញការព្រួយបារម្ភ ចំពោះបទល្មើសគ្រឿងញៀន ដែលកំពុងធ្វើចរាចរណ៍នៅតាមក្លឹបកម្សាន្ត ដែលមានថៅកែជាជាតិចិន។
ការព្រួយបារម្ភនេះបានកើតមាន បន្ទាប់ពីក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា កម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្ត ព្រះសីហនុ បានឆ្មក់ចូលបង្ក្រាបបទល្មើសសេព និងចរាចរណ៍លក់ដូរគ្រឿងញៀនបានជាច្រើនករណី កាលពីពេលថ្មីៗ នេះ។
ផ្តើមពីបញ្ហានេះ ទាំងអាណាព្យាបាល និងមន្ត្រីសង្គមស៊ីវិល រស់នៅខេត្តព្រះសីហនុ បានសំណូមពរដល់សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ មានកម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្តព្រះសីហនុជាដើម ឲ្យជួយបង្កើនសកម្មភាពចុះស្រាវជ្រាវ បង្ក្រាបបទល្មើសគ្រឿងញៀន ដែលកំពុងធ្វើចរាចរណ៍គគ្រឹកគគ្រេង នៅតាមក្លឹបកម្សាន្តខារ៉ាអូខេត្ត ឬក្លឹបឌីស្កូ ដែលមានថៅកែជនជាតិចិនគ្រប់គ្រង នាទីប្រជុំជនខេត្តព្រះសីហនុ ឲ្យបានច្រើនថែមទៀត។
នៅប៉ុន្មានខែចុងក្រោយនេះ សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឆ្មក់ចូលបង្ក្រាប និងចាប់ឃាត់ខ្លួនជនសង្ស័យ បទល្មើសគ្រឿងញៀន នៅតាមក្លឹបកម្សាន្តរាត្រីដែលគ្រប់គ្រងដោយជនជាតិចិនបានជាច្រើនករណី បញ្ជូនទៅកាន់សាលាដំបូងខេត្តនេះផ្តន្ទាទោស។ ជាក់ស្តែង កាលពីរាត្រីរំលងអាធ្រាត្រថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ១៣នាក់ ទាក់ទងបទល្មើសគ្រឿងញៀន នៅក្នុងក្លឹបកម្សាន្ត អ៊ីតៃជាយិន មានទីតាំងនៅតាមបណ្តោយផ្លូវឯករាជ្យ ស្ថិតក្នុងសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
មន្ត្រីជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំង ១៣នាក់ គឺសមត្ថកិច្ច បានរកឃើញជនសង្ស័យជនជាតិចិនចំនួន ៤នាក់ បានជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨។
ទាក់ទិនបញ្ហានេះ របាយការណ៍របស់កម្លាំងកងរាជអាវុធខេត្តព្រះសីហនុ បង្ហាញថា កាលពីយប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងអាវុធហត្ថក្រុង និងកម្លាំងអាវុធហត្ថស្នាក់ការទំនប់រលក ដឹកនាំដោយឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ទទួលផែនយុត្តិធម៌ និងមានការសម្របសម្រួលពីលោក គៀន សុន្ទរោ ព្រះរាជ្ញអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្រ្កាបករណីគ្រឿងញៀន ក្នុងក្លឹបកម្សាន្ត អ៊ីតៃជាយិន របស់ជនជាតិចិនមួយកន្លែង មានទីតាំងនៅក្រុម៤ ភូមិ៤ សង្កាត់៤ ក្រុង និងខេត្តព្រះសីហនុ។ យុទ្ធនាការនេះ កម្លាំងកងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួនជនសង្ស័យបានចំនួន ១៣នាក់ ស្រីចំនួន ៥នាក់។
នាឱកាសនោះ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដកហូតវត្ថុតាងថ្នាំញៀនប្រភេទម្សៅសថ្លា ចំនួន ៣កញ្ចប់ធំ ស្មើនឹងទម្ងន់ជិត ៣ពាន់ក្រាម (២.៨៨៤,៦៦ ក្រាម) ព្រមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។
របាយការណ៍ដដែលបង្ហាញថា ក្រោយពីកម្លាំងជំនាញបានសាកសួរជនសង្ស័យរួច គឺបានបែងចែកជនសង្ស័យជា ២ប្រភេទ រួមមាន អ្នកពាក់ពន្ធ័បទល្មើសផ្ទាល់មានចំនួន ៤នាក់ (ប្រុសទាំង៤) ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។
ចំណែកជនសង្ស័យចំនួន ៩នាក់ទៀត ក្នុងនោះមានស្រី ៥នាក់ សមត្ថកិច្ចបានអប់រំឲ្យវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
