ក្រសួងអប់រំបានរៀបចំ ទិវាអំណាន លើកទី៤ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ទិវាអំណានលើកនេះ រៀបចំឡើងក្រោមប្រធានបទ "ការអានបណ្ដុះវប្បធម៌សិក្សាពេញមួយជីវិត"។
ក្រសួងអប់រំថាប្រធានបទ សម្រាប់ទិវាអំណានឆ្នាំនេះ គឺឆ្លុះបញ្ចាំងថា ការអានពិតជាមានសារៈសំខាន់ក្នុងការពង្រីកចំណេះដឹងបង្កើនសមត្ថភាព។ ទិវាអំណានលើកទី៤ ត្រូវបានរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីដាក់តាំងបង្ហាញនូវសៀវភៅជាច្រើនប្រភេទសម្រាប់លក់ និងចែកជូនមិនគិតថ្លៃដល់អ្នកចូល។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំថ្លែងនៅក្នុងពិធីបើកកម្មវិធីទិវាអំណាននេះថា ដើម្បីលើកកម្ពស់ការអាននៅកម្ពុជា និងទាក់ទាញអ្នកអានជាភាសាខ្មែរឱ្យចាប់អារម្មណ៍ការអានសៀវភៅជាភាសាខ្មែរ ក្រសួងបានបង្កើតការប្រឡងប្រជែងការតែងនិពន្ធ ដើម្បីជ្រើសរើសអត្ថបទអក្សរសិល្បល្អៗ ព្រោះអត្ថបទឆ្នើមៗ ដែលជាផ្នែកមួយជួយលើកកម្ពស់ការអានបានខ្លាំង។ លោករដ្ឋមន្ត្រីក្រសួង អះអាងថា ប្រសិនបើយុវជនមិនចេះភាសាជាតិខ្លួន និងមិនមានការលើកទឹកចិត្តឱ្យមានការប្រឡងតែងនិពន្ធជាភាសាជាតិទេ វានឹងធ្វើឱ្យភាសាជាតិបាត់បង់ ហើយថែមទាំងធ្វើឱ្យយុវជនមិនស្គាល់ពីអត្តសញ្ញាណជាតិ និងប្រទេសខ្លួនច្បាស់ទៀតផង៖ «បើសិនយុវជនខ្មែរយើងអត់ចេះភាសាជាតិយើង អ៊ីចឹងយើងអាចបាត់បងមិនស្គាល់ពីអត្តសញ្ញាណជាតិ និងប្រទេសខ្លួនឯងឱ្យច្បាស់អ៊ីចឹងហើយភាសាជាតិសំខាន់ » ។
ក្រសួងអប់រំបានរៀបចំទិវាជាតិអំណានកាលពីឆ្នាំ២០១៥ ដោយកំណត់យកថ្ងៃទី១១ ខែមីនា ជាថ្ងៃប្រារព្ធទិវាជាតិអំណានជារៀងរាល់ឆ្នាំ។ ទិវាជាតិអំណានឆ្នាំនេះគេសង្កេតឃើញថា មានយុវជន ចូលរួមច្រើន។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ ដែលធ្វើការងារទាក់ទងវិស័យអប់រំដែរនោះសង្កេតឃើញថា ខណៈវិស័យបច្ចេកវិទ្យារីកចម្រើនយុវជនមួយចំនួនហាក់ចំណាយពេលអាននៅលើឧបករណ៍អេឡិចត្រូនិក ឬប្រព័ន្ធបណ្ដាញសង្គម។ ប៉ុន្តែឯកសារសំខាន់ៗ ឬសៀវភៅល្អភាគច្រើនមិនទាន់បានបញ្ចូលទៅក្នុងប្រព័ន្ធនេះនៅឡើយទេ។ មន្ត្រីសង្គមស៊ីវិលរូបនេះយល់ថា អ្នកពាក់ព័ន្ធគួរមានយន្តការផ្សព្វផ្សាយការអានបន្ថែមទៀត។លោក លើកឡើងទៀតថាក្រសួងអប់រំគួររៀបចំឱ្យមានបណ្ណាល័យតាំងពីថ្នាក់បឋមមក៖ «នៅពេលការអានក្លាយជាទម្លាប់មួយរបស់មនុស្ស ហើយជំនាន់ក្រោយតទៅទៀត បើសិនឪពុកម្ដាយជាទម្លាប់អានពេលនោះ ក្មេងជំនាន់ក្រោយ ក៏អាចនឹងរៀនពីទម្លាប់នោះដែរ»។
អនុក្រឹត្យចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ បញ្ជាក់ថា ទិវាជាតិអំណានប្រារព្ធឡើងក្នុងគោលបំណងចូលរួមកាត់បន្ថយអនក្ខរភាពដោយលើកទឹកចិត្តឱ្យសិស្សានុសិស្សនិស្សិត និងប្រជាពលរដ្ឋបណ្ដុះទម្លាប់អានជំរុញវប្បធម៌អានលើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ សំដៅរួមចំណែកការពារនិងពង្រឹងវប្បធម៌អរិយធម៌ខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។