មន្ត្រីជំនាញប្រឆាំងគ្រឿងញៀនឱ្យដឹងថា សមត្ថកិច្ចបានធ្វើកិច្ចសន្យា ឱ្យម្ចាស់ទីតាំងកម្សាន្តជាង ១ពាន់កន្លែងក្នុងរាជធានីភ្នំពេញ សហការទប់ស្កាត់បញ្ហាគ្រឿងញៀន។ មន្ត្រីសិទ្ធិមនុស្សជំរុញឱ្យអាជ្ញាធរអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ប្រសិនបើរកឃើញបទល្មើសគ្រឿងញៀននៅក្នុងទីតាំងកម្សាន្តទាំងនោះ។
នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក អ៊ីវ ភារិទ្ធ ថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារបន្តឆ្នាំ២០១៩ នៅថ្ងៃទី២៨ កុម្ភៈថា ក្លឹបរាត្រី បារបរទេស ហាងខារ៉ាអូខេ និងទីតាំងកម្សាន្ត គឺជាកន្លែងងាយរងគ្រោះខ្លាំងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ដូច្នេះទើបអាជ្ញាធរមានសមត្ថកិច្ចចុះទៅធ្វើកិច្ចសន្យា ឱ្យម្ចាស់ទីតាំងទាំងនោះសហការជាមួយសមត្ថកិច្ចក្នុងការទប់ស្កាត់គ្រឿងញៀន។
លោកឱ្យដឹងទៀតថា ក្នុងចំណោមទីតាំងកម្សាន្តសរុបប្រមាណ ១.៥០០កន្លែង ក្នុងរាជធានីភ្នំពេញ មន្ត្រីនគរបាល និងអាជ្ញាធរបានចុះទៅធ្វើកិច្ចសន្យាបានជិត ១.៣០០កន្លែងហើយ ហើយសមត្ថកិច្ចនឹងចុះស៊ើបអង្កេតស្រាវជ្រាវករណីគ្រឿងញៀននៅតាមទីតាំងទាំងនោះបន្ថែមទៀត។
លោកបញ្ជាក់ថា សមត្ថកិច្ចមានបញ្ហាប្រឈមមួយចំនួនក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀននេះ។ លោកថា កន្លែងកម្សាន្តមួយចំនួន នៅតែឃុបឃិតផ្ដល់ទីតាំង និងសម្រួលឱ្យមានការលក់ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ទោះបីជាពួកគេបានធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ចហើយក៏ដោយ។ ករណីហាងខារ៉ាអូខេប្រូ និងមជ្ឈមណ្ឌលកម្សាន្ត រ៉ុក ជាដើម ដែលអាជ្ញាធរចុះបង្ក្រាប និងឃាត់ខ្លួនអ្នកពាក់ព័ន្ធបានរាប់រយនាក់ ដែលជាចំនួនដ៏ច្រើនសន្ធឹកសន្ធាប់គួរឱ្យព្រួយបារម្ភ។ ក្រៅពីនេះ លោកថា សំណង់មិនរៀបរយមួយចំនួន ដូចជា នៅតំបន់បឹងឈូក និងតំបន់បឹងកក់ជាដើម មានសកម្មភាពចែកចាយគ្រឿងញៀនយ៉ាងសកម្ម ដោយជនល្មើសប្រើក្មេងមិនទាន់គ្រប់អាយុឱ្យឈរលក់ថ្នាំញៀន ឬជាអ្នកកាន់ថ្នាំញៀនយកទៅលក់ឱ្យអ្នកទិញ។ លើសពីនេះទៅទៀត ទីតាំងផ្ទះជួល ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន បានក្លាយជាកន្លែងប្រមូលផ្ដុំ និងស្នាក់នៅបណ្ដោះអាសន្នរបស់ក្រុមជនល្មើស សម្រាប់ការជួញដូរ កែច្នៃ ផលិត និងស្តុកទុកគ្រឿងញៀន។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត ទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចក្នុងការបង្ក្រាប និងទប់ស្កាត់បញ្ហាគ្រឿងញៀន។ ក៏ប៉ុន្តែលោកស្នើសុំអាជ្ញាធរឲ្យអនុវត្តច្បាប់ដោយគ្មានការយោគយល់ចំពោះម្ចាស់ទីតាំងកម្សាន្ត និងកន្លែងដទៃទៀត ដែលសម្របសម្រួលឱ្យមានបទល្មើសគ្រឿងញៀននៅទីតាំងទាំងនោះ។ លោកបន្ថែមថា គ្រឿងញៀនកំពុងបំពុល និងបំផ្លាញធនធានមនុស្សនៅកម្ពុជា ដែលនេះគឺជារឿងគួរឱ្យព្រួយបារម្ភបំផុតសម្រាប់សង្គមជាតិ៖ «»
សមត្ថកិច្ចក្រុងភ្នំពេញបង្ក្រាបបទល្មើសគ្រឿងញៀនបាន ២.០២៤ករណី និងឃាត់ខ្លួនជនសង្ស័យបាន ៣.៦៧០នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀនខុសច្បាប់លើកទី៣ នេះ។
កាលសប្ដាហ៍មុន សមត្ថកិច្ចក្រុងភ្នំពេញ បានឆ្មក់ចូលចាប់ជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត រ៉ក់ ដោយបានឃាត់ខ្លួនមនុស្សជាង ៣០០នាក់។ សមត្ថកិច្ចដកហូតបានគ្រឿងញៀន ជាង ៥០គីឡូក្រាម និងវត្ថុតាងជាច្រើនផ្សេងទៀត។ ក្រោយមកសមត្ថកិច្ចបានដោះលែងមនុស្សជាង ៣០០នាក់នោះ ឱ្យត្រឡប់ទៅវិញ លើកលែងតែមនុស្សចំនួន ១០នាក់ប៉ុណ្ណោះ ដែលត្រូវបញ្ជូនទៅតុលាការ។ ទោះជាយ៉ាងណាក្ដី មកទល់នឹងពេលនេះ សមត្ថកិច្ចក្រុងភ្នំពេញ មិនទាន់ឃាត់ខ្លួនអ្នកនៅពីក្រោយការជួញដូរថ្នាំញៀននៅមជ្ឈមណ្ឌលកម្សាន្ត រ៉ក់ និងម្ចាស់ទីតាំងកម្សាន្តមួយនេះ យកមកផ្ដន្ទាទោសតាមច្បាប់នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
