ក្រុមអ្នកលេងហ្វេសប៊ុក បានសរសេរនៅក្នុងបណ្ដាញសង្គមពីមួយទៅមួយថា ពួកគេនឹងនាំគ្នាធ្វើបាតុកម្មទាមទារឲ្យដោះលែងលោក អះម៉ាត់ យ៉ះយ៉ា និងក្មួយរបស់លោកវិញ ដោយអះអាងថា សំណុំរឿងផ្ដន្ទាទោសលោកទាំងពីរ ជារឿងអយុត្តិធម៌។ លោក អះម៉ាត់ យ៉ះយ៉ា អះអាងថា អ្នកដែលរៀបចំគម្រោងចាប់លោកដាក់ពន្ធនាគារនេះ គឺក្មួយជីដូនមួយរបស់លោក ដោយសារតែលោក និងពលរដ្ឋជំទាស់នឹងគម្រោងចង់ធ្វើផ្លូវពុះដីវិហារបឹងកក់។
១ . ក្រុមអ្នកលេងហ្វេសប៊ុក និងអតីតនិស្សិត អំពាវនាវឲ្យធ្វើបាតុកម្មទាមទារឲ្យដោះលែង លោក អះម៉ាត់ យ៉ះយ៉ា និងក្មួយប្រុស
សំណុំរឿងផ្ដន្ទាទោស លោក អះម៉ាត់ យ៉ះយ៉ា អតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងក្មួយរបស់លោកឲ្យជាប់ពន្ធនាគារចំនួន ១៥ឆ្នាំនោះ គឺជាប្រធានបទមួយដែលក្រុមអ្នកលេងហ្វេសប៊ុកយកមកជជែក ហើយសម្ដែងការមិនពេញចិត្តចំពោះសាលក្រមនេះ និងចាត់ទុកថា ជារឿងអយុត្តិធម៌។
ក្រុមអ្នកលេងហ្វេសប៊ុកទាំងនោះ សម្ដែងការសោកស្ដាយ និងអំពាវនាវឲ្យអតីតនិស្សិតដែលលោក អះម៉ាត់ យ៉ះយ៉ា ធ្លាប់បានផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាង ១ពាន់នាក់នោះ ឲ្យរួបរួមគ្នាចេញមុខ នាំគ្នាតវ៉ាប្រឆាំងសាលក្រម នេះ និងទាមទារឲ្យដោះលែង លោក អះម៉ាត់ យ៉ះយ៉ា និងក្មួយរបស់លោក គឺលោក អ៊ីសា ពិនអ៊ីស្មាឯល វិញ។
ហ្វេសប៊ុកឈ្មោះ សឡេះ សឡះ (Sles Slas Cambodia) សេរសរថា និស្សិតជាង ១.០០០នាក់ធ្លាប់ទទួលបានអាហារូបករណ៍ ពីលោក អះម៉ាត់ យ៉ះយ៉ា ហើយពួកគេមានការងារ និងជីវភាពរស់នៅសមរម្យនាពេលបច្ចុប្បន្ន។ សូមឱ្យយុត្តិធម៌មានចំពោះគាត់ផង។ ហ្វេសហ៊ុកឈ្មោះ Nasy San សរសេរថា យើងគួរតែនាំគ្នាធ្វើបាតុកម្ម។ រីឯគណនីហ្វេសប៊ុកជាច្រើនទៀត បានសរសេរបួងសួងសុំពីព្រះឲ្យជួយថែរក្សាលោក អះម៉ាត់ យ៉ះយ៉ា វិញ ដោយពួកគេសរសេរថា លោក អះម៉ះម៉ាត់ យ៉ះយ៉ា ជាមនុស្សល្អ សង្ឃឹមថា ព្រះអល់ឡោះនឹងជួយថែរក្សាលោក។ អ្នកខ្លះទៀតសរសេរថា ត្រូវតែរកយុត្តិធម៌។ អ្នកខ្លះទៀតថា ទោះជាយ៉ាងណាក៏លោកធ្លាប់បម្រើជាតិបម្រើប្រជាជន ស្ទើរមួយជីវិតរបស់គាត់ដែរ សូមរកយុត្តិធម៌ឱ្យគាត់ផងនឹងយោគយល់ដល់គាត់ផង។ ខ្លះទៀតថា ១.០០០នាក់ ចេញមកបាតុកម្មទើបទទួលបានយុត្តិធម៌ កុំអង្គុយបន់ព្រះអត់បានទេ។
អតីតនិស្សិតម្នាក់ឈ្មោះ សុខ ក្រី ដែលបានចូលរួមក្នុងសវនាការនៅថ្ងៃទី១៣ សីហា ប្រាប់អាស៊ីសេរីថា តុលាការមិនបានបង្ហាញភស្តុតាងណាមួយរឹងមាំមកដាក់បន្ទុកទៅលើជនសង្ស័យទាំងពីរនោះទេ។ លោកបានថ្លែងថា លោក អះម៉ាត់ យ៉ះយ៉ា មិនជាប់ពាក់ព័ន្ធនឹងករណីជួញដូរមនុស្សទេ៖ « លោក អះម៉ាត់ យ៉ះយ៉ា មិនមែនសម្រាប់ខ្លួនខ្ញុំទេ គឺសម្រាប់ជនជាតិចាមនៅទូទាំងប្រទេសទាំងអស់ គឺចាត់ទុកគាត់ជាមនុស្សល្អដោយសារអី ? ដោយសារគាត់ជាមនុស្សដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាដែលមានគំនិតផ្ដួចផ្ដើមដល់កូនខ្មែរអ្នកកាន់សាសនាឥស្លាមទាំងអស់បានរៀនសូត្រខាងចំណេះដឹងទូទៅ ហើយសរុបកូនសិស្សដែលគាត់ជួយហ្នឹងបានជាង ១.០០០នាក់ហើយ គឺឲ្យបណ្ដុះបណ្ដាលឱ្យចប់មានការងារធ្វើល្អ អ្នកខ្លះបានធ្វើជាឯកឧត្ដមអីច្រើនណាស់ តាមរយៈគាត់ហ្នឹង » ។
២ . សាលក្រមផ្ដន្ទាទោស លោក អះម៉ាត់ យ៉ះយ៉ា និងក្មួយប្រុសកាលពីថ្ងៃទី១៣សីហា
សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៣សីហា បានផ្ដន្ទាទោស លោក អ៊ីស្មាឯល ពិន អូស្មាន បេក្ខជនតំណាងរាស្ត្រមិនជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ និង លោក អះម៉ាត់ យ៉ះយ៉ា អតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ច ម្នាក់ ១៥ឆ្នាំ និងពិន័យជាប្រាក់រួមគ្នាចំនួន ២០០លានរៀល ប្រមាណ ៥ម៉ឺនដុល្លា ទៅឲ្យដើមបណ្ដឹងពីរនាក់ តាមមាត្រា១១នៃច្បាប់ប្រឆាំងការជូញដូរមនុស្ស។ តុលាការផ្ដន្ទាទោស លោក អះម៉ាត់ យ៉ះយ៉ា និងក្មួយ ហើយបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារនេះ នៅចំថ្ងៃទី២ ថ្ងៃបុណ្យហាជ្ជ ជាបុណ្យធំនៅក្នុងសាសនាឥស្លាម ដែលសាសនិកឥស្លាមនៅទូទាំងពិភពលោកកំពុងតែជូបជុំគ្នាសប្បាយនៅតាមភូមិឋាននីមួយរៀងៗ ខ្លួន។
អ្នកនាំពាក្យ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សកម្ពុជា លោក យឹម វីរៈ បញ្ជាក់ថា គណៈកម្មាធិការរបស់លោកមិនស៊ើបអង្កេតទៅលើសំណុំរឿងនេះទេ ពីព្រោះថា សំណុំរឿងនេះ នគរបាលយុត្តិធម៌ និង តុលាការបានស៊ើបអង្កេត និងបានជំនុំជម្រះរឿងនេះ៖ « នីតិវិធី របស់តុលាការយើងមិនបានពិនិត្យអីវែងឆ្ងាយទេ គ្រាន់តែថា យើងនឹងពិនិត្យសំណុំរឿងរបស់តុលាការ ហើយភាគីណាមិនសុខចិត្ត អាចបន្តប្ដឹងទៅណានីតិវិធីបាន»។
ទោះជាយ៉ាងនេះក្ដី លោក អះម៉ាត់ យ៉ះយ៉ា បញ្ជាក់ថា ក្រុមហ៊ុនរបស់លោកមិនបានជួញដូរអ្វីឡើយ ពីព្រោះថា ក្រុមហ៊ុនរបស់លោកមានអាជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួងការងារ។ ហើយក្រោយពីក្រសួងការងារផ្អាកក្រុមហ៊ុនលោកមិនឲ្យនាំពលករទៅធ្វើការងារនៅក្រៅប្រទេសក្រុមហ៊ុន លោកក៏បញ្ឈប់ការនាំចេញពលករទៅប្រទេស អារ៉ាប៊ី សាអូឌីត ដែរ នៅក្នុងឆ្នាំ២០០៥ នោះ។
ហ្វេសប៊ុកខ្លះទៀតសរសេរហាក់បីដូចជាដឹងរឿង លោក អះម៉ាត់ យ៉ះយ៉ា ត្រូវគេប្រឌិតឡើងធ្វើបាប មិនមែនជារឿងអនុវត្តន៍ច្បាប់ ដូចជាហ្វេសប៊ុកឈ្មោះ រ៉ូហ្វាតហ្វារីស សរសេរថា ចង់បានតំណែងខ្ពស់បង្កើតរឿងអាក្រក់ចោទឱ្យអ្នកដទៃមានទុក្ខទោស ថ្ងៃណាមួយ អល់ឡោះ នឹងហ្ពឺនើរសើរ ( ផ្ដន្ទាទោស ) អ្នកឯងវិញពិតជាមិនខាន។ សូម អល់ឡោះ ជួយថែរក្សាគាត់ ( អះម៉ាត់ យ៉ះយ៉ា ) ឱ្យបានស្លាម៉ាត់ ( សេចក្ដីសុខ ) ផងចុះ។ ហ្វេសប៊ុកឈ្មោះ រ៉ប៊ែរ ស្រែវាល សរសេរថា ប្រហែលជាពួកគាត់គិតថា ការយកឈ្នះ ដោយអំពើអយុត្តិធម៌នៅទុនយ៉ា ( លោកិយ ) អល់ឡោះ នឹងបញ្ចូលពួកគាត់ទៅក្នុងសួគ៌ា ( ឋានសួគ៌ ) ហើយមើលទៅ ?
៣ . មូលហេតុនៅពីក្រោយខ្នងនៃការចាប់ខ្លួន លោក អះម៉ាត់ យ៉ះយ៉ា និងក្មួយប្រុសដាក់ពន្ធនាគារ
អតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា បានប្រាប់អាស៊ីសេរីនៅមុនពេលគេចាប់ខ្លួនលោកថា សំណុំរឿងចាប់ខ្លួនក្មួយប្រុសលោក និងចោទលោក ពីបទជួញដូរមនុស្សនេះ គឺជាការប្រឌិតឡើង ដោយលោក ឧស្មាន ហាស្សាន់ ត្រូវជាក្មួយជីដូនមួយរបស់លោក បច្ចុប្បន្នជាទេសរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។ លោកថា លោក ឧស្មាន់ ហាសាន់ ជាអ្នកនៅពីក្រោយខ្នងចង់ចាប់ខ្លួនលោក ដោយសារតែលោក និងពលរដ្ឋជាច្រើនទៀត ធ្លាប់មានទំនាស់ជាមួយលោក អូស្មាន ហាស្សាន់ រឿងមិនគាំទ្រការពុះដីវិហារបឹងកក់ធ្វើផ្លូវ។ លោក អះម៉ាត់ យ៉ះយ៉ា អះអាងថា លោក និងពលរដ្ឋមិនជំទាស់លោក អូស្មាន ហាស្សាន់ ចង់ធ្វើផ្លូវពុះដីវិហារបឹងកក់នោះទេ ប៉ុន្តែលោក និងពលរដ្ឋចង់ឲ្យធ្វើផ្លូវវាងរបងវិហារ ដោយសារវិហារ គឺជាកន្លែងប្រតិបត្តិសាសនា ហើយចង់រក្សាភាពស្ងប់ស្ងាត់៖ «រឿងនេះតាមខ្ញុំដឹង ឧស្មាន ហាស្សាន់ ធ្វើផ្លូវអត់បាន គឺគាត់ខាតផលប្រយោជន៍ ដោយសារនៅខាងឆ្វេងដៃក្នុងបរិវេណដីវិហារនោះ គឺជាដីមូលនិធិរបស់គាត់ ដែលគាត់សុំលុយអារ៉ាប់ ដើម្បីមកសង់ខុនដូ ហើយគាត់សង់អត់បាន គាត់ប្រាប់គេថា គាត់ខាតរយលានដុល្លារ»។
នៅក្នុងឆ្នាំ២០១៦ លោក អះម៉ាត់ យ៉ះយ៉ា និងពលរដ្ឋរាប់រយនាក់ជំទាស់ដាច់ខាត ចំពោះគម្រោងពុះផ្លូវវិហារអន្តរជាតិបឹងកក់ ដែលគាំទ្រដោយលោក ឧស្មាន ហាស្សាន់ ត្រូវរ៉ូវគ្នាជាមួយក្រុមហ៊ុនស៊ូកាគួ អភិវឌ្ឍន៍តំបន់បឹងកក់ ហើយគម្រោងពុះដីវិហារនេះ មិនទទួលបានជោគជ័យទេកាលណោះ ដោយសារតែកម្លាំងមហាជនបាតុកម្មជំទាស់នៅរៀងរាល់ថ្ងៃសុក្រជាច្រើនលើក។
លោក អះម៉ាត់ យ៉ះយ៉ា ក៏សម្ដែងការហួសចិត្តដែរ ដែលលោក អូស្មាន ហាសាន់ ត្រូវជាក្មួយជូនដីមួយរបស់លោកដែរ តែបែរជាគុំកួនលោកចង់ធ្វើបាបលោកដូច្នេះ។ លោកបញ្ជាក់ថា ករណីនេះ គឺជាសាច់ញាតិកូនក្មួយខ្លួនឯង ដែលធ្វើបាបលោក។ លើសពីនេះទៀត លោកអះអាងថា លោក អ៊ីស្មាឯល ពិនអូស្មាន មិនបានធ្វើការឲ្យក្រុមហ៊ុនលោកដូចការចោទប្រកាន់របស់តុលាការទេ៖ «ខ្ញុំអត់ពេលនេះ ឧស្មាន ហាស្សាន់ ជីវិតគាត់ខ្ញុំជួយគាត់ច្រើនណាស់ រឿងអីពេលនេះ គាត់មកធ្វើបាបមាខ្លួនឯងវិញ ? ហើយម្ដាយ អ៊ីស្មាឯល ពិនអូស្មាន នោះ និងម្ដាយរបស់ ឧស្មាន ហាស្សាន់ នោះ គឺត្រូវជាបងប្អូនបង្កើត រឿងនេះក្នុងតែពូជមួយទេ»។
ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសលោក អូស្មាន់ ហាសាន់ មិនធ្វើអធិប្បាយចំពោះការចោទប្រកាន់របស់លោក អះម៉ាត់ យ៉ះយ៉ា នេះទេ នៅថ្ងៃទី១៤ សីហា។ ប៉ុន្តែលោកបានប្រាប់វិទ្យុវីអូឌី (VOD) យ៉ាងខ្លីថា សំណុំរឿងនេះមិនជាប់ទាក់ទងលោកទេ គឺជាការសម្រេចរបស់តុលាការ លោកគ្មានអីត្រូវពន្យល់ឡើយ។
៤ . ភាពមិនប្រក្រតីនៅក្នុងដំណើរការនីតិវិធីសវនាការជំនុំជម្រះកាលពីថ្ងៃទី១៣ សីហា
ភរិយា លោក អ៊ីស្មាឯល ពិនអូស្មាន គឺអ្នកស្រី នាគ កញ្ញា ឲ្យដឹងនៅថ្ងៃទី១៤សីហាថា អ្នកស្រីបានពឹងពាក់មេធាវីឲ្យដាក់ពាក្យប្ដឹងទៅសាលាឧទ្ធរណ៍ឆាប់ៗ នេះ ជំទាស់សាលាក្រមសាលាដំបូង ដែលបានផ្ដន្ទាទោសស្វាមីអ្នកស្រីធ្ងន់ធ្ងរទាំងគ្មានភស្តុតាងច្បាស់លាស់។ អ្នកស្រីបន្ថែមថា សំណុំរឿងផ្ដន្ទាទោសស្វាមីរបស់អ្នកស្រីនេះ គឺជាការរៀបចំឡើង ដើម្បីធ្វើបាបស្វាមីរបស់អ្នកស្រី ពីព្រោះថា ការសម្រេចផ្ដន្ទាទោសរបស់តុលាការ ដោយយោងលើដើមបណ្ដឹងតែម្នាក់ ហើយដើមបណ្ដឹងនេះ និយាយម្ដងស្គាល់ស្វាមីរបស់អ្នកស្រី ម្ដងថាមិនស្គាល់ និងខុសពីចម្លើយប្រាប់ពីប៉ូលិសតាំងពីដំបូងទៀតផង។ អ្នកស្រីបន្ថែមថា ដើមបណ្ដឹងទាំងអស់មានពីរនាក់ តែម្នាក់ទៀតឈ្មោះ ឡោះ ណៈ បានប្រាប់មេធាវីស្វាមីអ្នកស្រីថា គាត់បានដកពាក្យប្ដឹងវិញហើយ៖ «រឿងនេះអយុត្តិធម៌សម្រាប់ប្ដីខ្ញុំណាស់ នៅក្នុងបន្ទប់សវនាការដើមបណ្ដឹងឈ្មោះ អេង ពៅ នេះ គឺមានបុរសម្នាក់អះអាងថា ជាប្ដី គឺនិយាយប្រាប់ អេង ពៅ ឲ្យនិយាយតាមខ្លួនឆ្លើយប្រាប់តុលាការ រហូតដល់មេធាវីរបស់ស្វាមីគាត់ស្នើតុលាការម្ដងជាពីរដងឲ្យចេញពីបន្ទប់សវនាការ
នៅមុនពេលសវនាការមួយថ្ងៃ លោក អះម៉ាត់ យ៉ះយ៉ា ប្រាប់អាស៊ីសេរីថា ទាំងរូបលោក និងមេធាវីរបស់លោក មិនទទួលបានលិខិតកោះហៅពីចៅក្រមជំនុំជម្រះ ដើម្បីទៅចូលរួមសវនាការឡើយ ទោះជាយ៉ាងនេះក្ដី លោក និងមេធាវីសម្រេចទៅចូលរួមសវនាការនេះ ដើម្បីទាមទារយុត្តិធម៌។ រីឯភរិយាលោក អ៊ីស្មាឯល ពិនអូស្មាន អះអាងដែរថា អ្នកស្រី និងមេធាវីស្វាមីរបស់អ្នកស្រីក៏មិនបានទទួលលិខិតកោះហៅពីតុលាការទៅចូលរួមសវនាការដែរ តែអ្នកស្រីដឹងតាមរយៈសាក្សីម្នាក់ប្រាប់អំពីថ្ងៃនាំស្វាមីរបស់អ្នកស្រីមកបើកសវនាការនេះ។ អ្នកស្រីបន្ថែមថា សាក្សីដោះបន្ទុករបស់ស្វាមីអ្នកស្រីមានបីនាក់ តែតុលាការកោះហៅតែម្នាក់ប៉ុណ្ណោះមកចូលរួមក្នុងសវនាការនេះ។
ឆ្លើយតបការលើកឡើងនេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង ឲ្យដឹងយ៉ាងខ្លីនៅថ្ងៃទី១៤ សីហាថា បើភាគីជនជាប់ចោទមិនសុខចិត្តនេះទៅសាលាឧទ្ធរណ៍បាន៖ «ជន សង្ស័យបើមិនសុខចិត្តអាចបន្តនីតិវិធីប្ដឹងទាស់ទៀតបាន»។
ទោះជាយ៉ាងនេះក្ដី នាយរងទទួលបន្ទុកផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស លោក អំ សំអាត ឲ្យដឹងថា តាមមន្ត្រីរបស់លោកទៅឃ្លាំមើលសវនាការនៅថ្ងៃទី១៣ សីហា ឃើញថា សវនាការនេះ មានភាពមិនប្រក្រតីមួយចំនួន ដែលធ្វើឲ្យមានភាពអយុត្តិធម៌សម្រាប់ជនជាប់ចោទទាំងពីរនេះ៖ «សាលសវនាការហ្នឹង ក្នុងគម្រោងសាលទី៥ វាតូច ដោយសារជាន់រឿងគ្នា គេប្ដូរទៅសាលទី១ វិញ ហាក់បីដូចជាគេមិនប្រកាសជាសាធារណៈឲ្យដឹងជាសាធារណៈ ទី២ ការជជែកដេញដោលរកភស្ដុតាងហ្នឹងមិនមានអ្វីគ្រប់គ្រាន់ ហើយដើមបណ្ដឹងហ្នឹង គឺមានអ្នកបោះប្រ៊ីយ៉ុង កឺមានអ្នកប្រាប់ហើយចាំឆ្លើយតាម»។
លោក អ៊ីស្មាអែល ពិនឧស្ម័ន ត្រូវជាក្មួយបង្កើតលោក អះម៉ាត់ យ៉ះយ៉ា និងជាប្អូនជីដូនមួយលោក អូស្មាន ហាស្សាន់។ លោក ត្រូវកម្លាំងនគរបាល នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចាប់ខ្លួនកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ សង្ស័យថា ជាប់ពាក់ព័ន្ធករណីនាំពលករទៅធ្វើការខុសច្បាប់ នៅប្រទេស អារ៉ាប់ប៊ី សាអូឌីត របស់ក្រុមហ៊ុន លោក អះម៉ាត់ យ៉ះយ៉ា កាលពីជាង ១០ឆ្នាំមុន។ រីឯលោក អះម៉ាត់ យ៉ះយ៉ា ដែលត្រូវជាឪពុកមារបស់លោក អូស្មាន ហាស្សាន់ តុលាការចាប់ខ្លួននៅថ្ងៃទី១៣សីហា និងបញ្ជូនយកទៅឃុំខ្លួននៅពន្ធនាគារព្រៃសភ្លាមៗ ក្រោយពីប្រកាសសាលាក្រមនៅក្នុងបន្ទប់សវនាការ ខណៈលោកកំពុងអង្គុយស្ដាប់សវនាការក្នុងសំណុំរឿងចោទប្រកាន់ក្មួយប្រុសរបស់លោក និងរូបលោកទាក់ទងការនាំពលករទៅធ្វើការប្រទេសអារ៉ាប់ប៊ី សាអូឌីត ដែលលោកអះអាងថា លោក និងក្មួយប្រុសមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់របស់តុលាការនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។