សាច់​ញាតិ​ពលករ​ខ្មែរ​ជាប់​ឃុំ​នៅ​ថៃ​ទទូច​ដល់​អាជ្ញាធរ​ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​ភាគី​ថៃ​ដោះ​លែង​​កូនៗ របស់​ពួក​គាត់​វិញ

0:00 / 0:00

សាច់ញាតិ​ពលករ​ខ្មែរ​ដែល​ជាប់គុក​នៅ​ប្រទេស​ថៃ​ ស្នើ​យ៉ាង​ទទូច​​ឱ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

សាច់ញាតិ​ពលករ​ខ្មែរ​ប្រមាណ ១៥នាក់ ដែល​មាន​កូន​ជាប់​គុក​នៅ​ស្រុក​អារញ្ញ (Aranyaprathet) ខេត្ត​ស្រះកែវ (Srakaeo) នាំ​គ្នា​ធ្វើ​ដំណើរ​ពី​ខេត្ត​សៀមរាប​ ទៅ​ដល់​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ​ ដើម្បី​​ដាក់​ពាក្យ​ស្នើ​សុំ​​ឱ្យ​ប៉ូលិស​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ជួយ​អន្តរាគមន៍​ដោះលែង​កូនចៅ​របស់​ខ្លួន​ប្រមាណ ៨០នាក់​ចេញ​ពី​ពន្ធនាគារ​ប្រទេស​ថៃ។

ម្ដាយ​ជន​រង​គ្រោះ​មក​ពី​ស្រុក​អង្គរជុំ ខេត្ត​សៀមរាប អ្នក​ស្រី អឿង វង់ ប្រាប់​អាស៊ី​សេរី នៅ​រសៀល​ថ្ងៃ​ទី​១៩ សីហា​ថា ពួក​គាត់​នាំ​លិខិត​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ដាក់​ជូន​ទៅ​ប៉ូលិស​ច្រក​ព្រំដែន​ប៉ោយប៉ែត ដើម្បី​ទាក់ទង​ទៅ​ខាង​ភាគី​ថៃ​បន្ត។ អ្នក​ស្រី​បន្ត​ថា មូលហេតុ​ដែល​ពួកគាត់​សុំ​អន្តរាគមន៍​នេះ​ ដោយសារ​តែ​កូន​របស់​ខ្លួន​​ចាញ់​បោក​មេខ្យល់​នាំ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ខុស​ច្បាប់​ ហើយ​ត្រូវ​​ប៉ូលិស​ថៃ​ចាប់​​ដាក់​គុក​ប្រមាណ​៤ខែ​ហើយ​ មិន​ទាន់​ដោះលែង​នៅ​ឡើយ។ អ្នក​ស្រី​បញ្ជាក់​ថា ក្នុង​ចំណោម​ពលករ​ទាំង​នោះ​ មាន​កួន​របស់​ខ្លួន​ចំនួន​ ២នាក់ និង​ចៅ​ស្រី​អាយុ ២ឆ្នាំម្នាក់ដែរ៖ «បើ​កូន​ស្រី​មួយ​ខែ​គេ​ឱ្យ​និយាយ​ទូរស័ព្ទ​ម្ដង​ បើ​កូន​ប្រុស​៣ថ្ងៃ​ឱ្យ​អោយ​ទូរស័ព្ទ​ម្ដង។ពួកគេ​ប្រាប់​ខ្ញុំ​ឱ្យ​ទៅ​សុំ​អន្តរាគមន៍​អាជ្ញាធរ​នៅ​ព្រំដែន ​ជួយ​ដោះលែង​ពួកគេ។ខ្ញុំ​សុំ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ទាក់ទង​ទៅ​ខាង​ភាគី​ថៃ​ដោះលែង​កូន​របស់​ខ្ញុំ​ឱ្យ​បាន​ឆាប់​ផង ព្រោះ​អាណិត​ចៅ​នៅ​តូច​ក៏​ជាប់​គុក​ដែរ ហើយ​ប្ដី​គេ​ដាក់​ឃុំ​បន្ទប់​ផ្សេង​ពី​ប្រពន្ធ »

ការ​ដាក់​ស្នើ​សុំ​នេះ​ បន្ទាប់​ពី​ពួកគាត់​ទន្ទឹង​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​​ជួយ​អន្តរាគមន៍​កូន​របស់​ខ្លួន​ចេញ​ពី​ពន្ធនាគារ​​មិន​មាន​ដំណោះស្រាយ​នៅ​ឡើយ។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អគ្គ​កុងស៊ុល​ខ្មែរ​​ប្រចាំ​នៅ​ខេត្ត​ស្រះ​កែវ លោក​ ហ៊ុន សារឿន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៩​សីហា ដោយ​ទូរស័ព្ទ​ពុំ​មាន​អ្នក​ទទួល ។ចំណែក​អភិបាល​ក្រុង​ប៉ោយប៉ែត​ លោក គាត ហ៊ុល​ ក៏​មិន​អាច​សុំ​អត្ថាធិប្បាយ​បាន​ដែរ​ ដោយ​លោក​ប្រាប់​រវល់​ប្រជុំ។

ប៉ូលិស​ថៃ​ចាប់​ពលករ​ខ្មែរ​ជាង៨០ នាក់ ​ដាក់​គុក​ កាលពី​ថ្ងៃ​ទី​២៦​មេសា​កន្លង​ទៅ​ បន្ទាប់​ពី​ពួក​គេ​​​ចាញ់​បោក​មេខ្យល់​ឆ្លងដែន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដោយ​​ខុស​ច្បាប់​។ ឪពុក​ជន​ជាប់​ឃុំ​លោក គង់ សុផាត​ មាន​ប្រសាសន៍​ថា ពលករ​ទាំង​នោះ​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​បន្ទាយមានជ័យ​ សៀមរាប​ និង​ ខេត្ត​ឧត្ដរមានជ័យ​ ក្នុង​នោះ​មាន​ពលករ​ប្រមាណ ​៦០នាក់​ ប៉ូលិស​ថៃ​បញ្ជូន​មក​ដាក់​គុក​ក្នុង​ស្រុក​អារញ្ញ​ ក្រោយ​ពី​ពួកគេ​ជាប់​គុក​នៅ​ទីក្រុង​បាងកក​ជាង ២ខែ​ រីឯ​ពលករ​ជាង ២០នាក់​ទៀត កំពុង​ជាប់ឃុំ​នៅ​ទីក្រុង​បាងកក​​នៅ​ឡើយ​។ លោក​បន្ត​ថា​ ពលករ​ខ្លះ​​កុមារ​តូចៗ ក៏​ជាប់​គុក​ជា​មួយ​ឪពុកម្ដាយ​ដែរ​។សាច់ញាតិ​ពលករ​ទាំង​នោះ​ បញ្ជាក់​ថា​ ប្រសិន​បើ​ដាក់​ពាក្យ​គ្មាន​​ដំណោះស្រាយ​ទេ​ ពួកគេ​នឹង​ប្រមូល​គ្នា​តវ៉ា​នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត​ ដើម្បី​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ដល់​ពួកគាត់​ក្នុង​ពេល​ឆាប់ៗ។

ឪពុក​ជន​រង​គ្រោះ​នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​ លោក​ គង់ សុផាត​ ប្រាប់​អាស៊ី​សេរី​ នៅ​ថ្ងៃ​ទី​១៨​សីហា​ថា​ កូន​របស់​លោក ២នាក់​ និង​អ្នក​ជិត​ខាង​នៅ​ស្រុក​ម៉ាឡៃ៣នាក់​ទៀត ជាប់​គុក​នៅ​ស្រុក​អារញ្ញ (Aranyaprathet) ខេត្ត​ស្រះកែវ (Srakaeo) ប្រមាណ ៤ខែ​ហើយ។ លោក​បន្ត​ថា​ ពួក​គាត់​ប្រមាណ ៣០នាក់​ជា​អាណាព្យាបាល​ត្រៀម​ឆ្លង​ដែល​ទៅ​ស្រុក​អារញ្ញ​ ដើម្បី​ទៅ​សួរសុខទុក្ខ​កូន​ដល់​ទី​កន្លែង​ នៅ​ថ្ងៃ​ទី​១៨ សីហា​ ប៉ុន្តែ​បាន​អាក់ខាន​វិញ​ បន្ទាប់​ពី​កូន​ទូរស័ព្ទ​ពី​ពន្ធនាគារ​ប្រទេស​ថៃ​មក​ថា​ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​គ្រោង​ទៅ​សួរ​សុខ​ទុក្ខ​ពួកគេ​នៅ​ថ្ងៃ​ទី១៩ សីហា៖« ខ្ញុំ​សម្រេច​ចាំ​មើល​ស្អែក​ទៀត​មក​បើ​មិន​កើត​ទេ​ពួក​ខ្ញុំ​នឹង​នាំ​គ្នា​ទៅ​ព្រំដែន​ប៉ោយប៉ែត​ទៀត​ ព្រោះ​បើ​យើង​ធ្វើ​តែ​ម្នាក់​ឯង​មិន​មាន​ប្រសិទ្ធភាព​ទេ​ តែ​បើ​យើង​ដាក់​ពាក្យ​ប្ដឹង​ជុំ​គ្នា​មាន​ប្រសិទ្ធភាព​ជាង។ កន្លង​មក​ដំណឹង​អី​ក៏​ដោយ​ចេញ​មក​ពី​គុក​មក​វិញ​ មិន​ដែល​មាន​អាជ្ញាធរ​ណា​មក​ប្រាប់​សាច់ញាតិ​ទេ​ ហើយ​មន្ត្រី​ពាក់ព័ន្ធ​ក៏​គេ​មិន​ដែល​ទាក់​ទង​មក​ម៉ែឪ​ផង​ ឃើញ​តែ​អ្នក​នៅ​ក្នុង​គុក​ទូរស័ព្ទ​មក​ប្រាប់​ឪពុកម្ដាយ​វិញ »

លោក​បន្ត​ថា​ ពួក​លោក​ជា​ឪពុក​ម្ដាយ​មាន​ការ​អាណិត​អាសូរ​ដល់​កូនៗ ជា​ខ្លាំង ដែល​ត្រូវ​ជាប់​គុក​នៅ​ស្រុក​គេ​​ដោយសារ​តែ​ជីវភាព​ក្រីក្រ​​ប៉ូលិស​​ថៃបាន​​​ចាប់​ពលករ​ខ្មែរ​ជាង ៨០នាក់ ​ដាក់​គុក​ កាល​ពី​ថ្ងៃ​ទី២៦ មេសា​កន្លង​ទៅ​ បន្ទាប់​ពី​ពួក​គេបាន​​ចាញ់​បោក​មេខ្យល់​​​ឆ្លងដែន​​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃដោយ​​ខុស​ច្បាប់។ លោក គង់ សុផាត​ អះអាង​ថា​ ក្នុង​ចំណោម​ពលករ ៨០នាក់​នោះ​ មាន​ប្រមាណ ៦០នាក់ ប៉ូលិស​ថៃ​បញ្ជូន​មក​ដាក់​គុក​ក្នុង​ស្រុក​អារញ្ញ​ ក្រោយ​ពី​ពួកគេ​ជាប់​គុក​នៅ​ទីក្រុង​​បាងកក​ជាង​២ខែ​ ស្រប​ពេល​ពលករ​​​ជាង ២០នាក់ ទៀត កំពុង​ជាប់ឃុំ​នៅ​ទីក្រុង​បាងកក​នៅ​ឡើយ។ លោក​បន្ត​ថា​ អ្នក​ជាប់​ឃុំ​ទាំង​នោះ​ មាន​កុមារ​តូចៗ​ជា​ច្រើន​នាក់​​ជាប់​គុក​ជា​មួយ​ឪពុកម្ដាយ។ លោក​ឱ្យ​ដឹង​ទៀតថា ក្រុម​ពលករដែល​កំពុងជាប់​ឃុំ​តែង​តែ​ទូរស័ព្ទ​ទៅ​ក្រុម​គ្រួសារ​ទាំង​ទឹក​ភ្នែក​ជា​រៀងរាល់​ថ្ងៃ​ និង​​មាន​ពលករ​ខ្លះ​បាន​ដួល​សន្លប់​ក្នុង​ពន្ធនាគារ ដោយសារ​ហូប​អាហារ​មិន​គ្រប់គ្រាន់​ធ្វើ​ឱ្យ​ពួកគេ​ធ្លាក់​ខ្លួន​ឈឺ​ជា​ច្រើន​នាក់។

កាល​ពី​ថ្ងៃ​ទី​១៥​សីហា កន្លងទៅ​ គ្រួសារ​ពលករដែល​កំពុង​ជាប់​ឃុំនៅស្រុក​អារញ្ញ បាន​លើក​គ្នា​ទៅសុំ​អន្តរាគមន៍​ពី​សមត្ថកិច្ច​នៅ​ព្រំដែន​អន្តជាតិ​ប៉ោយប៉ែត​ម្ដង​រួច​មកហើយ ដើម្បី​ឱ្យ​ជួយនិយាយ​ជាមួយ​ភាគី​ថៃ ឱ្យ​ដោះលែង​កូន​ៗរបស់​ពួក​គាត់​ឱ្យ​បាន​​ឆាប់។ ក៏​ប៉ុន្តែ ​ប៉ូលិស​ព្រំដែន​បាន​ប្រាប់​ពួកគាត់​ឱ្យ​ត្រឡប់ទៅ​ផ្ទះ​វិញ​ ដើម្បី​ធ្វើ​លិខិត​​ពី​អាជ្ញាធរ​មូលដ្ឋាន​បញ្ជាក់ទីលំនៅ​របស់​ពលករ​ទាំង​នោះ​ ដើម្បី​បញ្ជូន​ទៅ​ស្ថាន​កុងស៊ុល​ខ្មែរ​នៅ​ស្រុក​អារញ្ញ ឱ្យ​ជួយ​អន្តរាគមន៍​​ដោះលែង​ពួក​គេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។