សង្គម​ស៊ីវិល​ថា ភាព​យឺតយ៉ាវ​ផ្ទេរ​មុខងារ​ទៅ​ថ្នាក់​ក្រោម​ជាតិ​ដោយសារ​បែង​ចែក​ហិរញ្ញវត្ថុ​មិន​ត្រឹមត្រូវ

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ភាព​យឺតយ៉ាវ​ក្នុង​ការ​ផ្ទេរ​មុខងារ​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ដោយ​សារ​តែ​​ការ​បែងចែក​​ធនធាន​​ហិរញ្ញវត្ថុ​មិន​ត្រឹមត្រូវ និង​ការ​ព្យាយាម​គ្រប់គ្រង​ទាំង​ឥទ្ធិពល​ផ្នែក​រដ្ឋបាល​ពី​របប​ក្រុងភ្នំពេញ ដោយ​មិន​ចង់​ធ្វើ​វិមជ្ឈការ​ពី​ថ្នាក់​ជាតិ​ទៅ​ថ្នាក់ក្រោម​ជាតិ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​លោក សន ជ័យ មាន​ប្រសាសន៍​ថា ការ​ធ្វើ​វិមជ្ឈការ ឬ​ការផ្ទេរ​ការងារ​ពី​ថ្នាក់​ជាតិ​ទៅ​ថ្នាក់​មូលដ្ឋាន អាច​ប្រព្រឹត្ត​ទៅ​បាន លុះត្រាតែ​មន្ត្រី​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ហ្នឹង​ស្របគ្នា ចាប់ពី​រដ្ឋបាល​រាជធានី​ខេត្ត​រហូតដល់​មន្ទីរ រហូតដល់​ការិយាល័យ​នៅ​តាម​ស្រុក​នាំគ្នា​ទាមទារ​សិទ្ធិ​អំណាច​របស់​ខ្លួន​ដែល​មាន​ចែង​ក្នុង​ច្បាប់ ដែល​ផ្ដល់​លទ្ធភាព​ដល់​ពួកគេ​ដែល ជា​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ក្រោម៖ «សព្វថ្ងៃ​យើង​ឃើញ​ថា នៅ​តាម​ស្ថាប័ន​និង​ក្រសួង​មួយ​ចំនួន ធ្វើឡើង​តាម​គោលការណ៍​របស់​ថ្នាក់​កណ្ដាល របស់​ថ្នាក់​ជាតិ​ជា​ការ​ធ្វើការ​តាម​មជ្ឈការ​នៅឡើយ​ទេ នេះ​ក្រៅ​តែ​ពី​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក​ខណ្ឌ​វា​មាន​ទម្រង់​បែប​ហ្នឹង»។

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា លើកឡើង​ថា រដ្ឋាភិបាល​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ផ្ទេរ​មុខងារ​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅឡើយ និង​មិន​ទាន់​បាន​សម្រេច​នូវ​សមិទ្ធផល​បាន​រំពឹង​ទុក​ឡើយ។

ការ​លើកឡើង​របស់​លោក ស ខេង បាន​ធ្វើឡើង​ក្នុងពេលដែល​លោក​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​ទី​១៧ របស់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ.ជ.អ.ប) ដែល​ធ្វើឡើង​នៅ​ក្រសួង​មហាផ្ទៃ។ លោក ស ខេង បញ្ជាក់​ថា បើ​ទោះ​បី​ជា​លេខាធិការដ្ឋាន (គ.ជ.អ.ប) បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ផ្ដល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ យ៉ាងណាក៏ដោយ​ក៏​នៅ​តែ​មាន​ភាព​យឺតយ៉ាវ ក្នុង​ការ​ផ្ទេរ​មុខងារ​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ។

របប​ក្រុងភ្នំពេញ​កាល​ពី​ថ្ងៃ​ទី២១ ខែ​សីហា ឆ្នាំ​២០១៩ បាន​ចេញ​អនុក្រឹត្យ​មួយ ស្ដីពី​ការ​ផ្ទេរ​ធនធាន​បន្ថែម​ពី​ថវិកា​រដ្ឋ​ជូន​រដ្ឋបាល​ឃុំ​-​សង្កាត់​សម្រាប់​ចំណាយ​អភិវឌ្ឍ​មូលដ្ឋាន​ចាប់ពី​ឆ្នាំ​២០២០។ អនុក្រឹត្យ​នោះ​បាន​កំណត់​ឱ្យ​រដ្ឋបាល​ឃុំ​-​សង្កាត់​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​ថវិកា​សរុប​ជា​មធ្យម​ចំនួន​ជាង ១២ម៉ឺន​ដុល្លារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។