អគ្គិភ័យបានឆាបឆេះផ្សារឃ្លាំងរំសេវ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក កាលពីយប់ថ្ងៃទី១០ កញ្ញា ដោយបានបំផ្លាញតូបចំនួន៤០ ប៉ុន្តែមិនបានបណ្ដាលឲ្យមានមនុស្សស្លាប់ ឬរបួសឡើយ។
នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះផ្សព្វផ្សាយតាមហ្វេសប៊ុក (Facebook) ថា ភ្លើងបានឆេះផ្សារឃ្លាំងរំសេវ ដែលជាផ្សារលក់ទូរស័ព្ទដ៏ធំមួយនៅរាជធានីភ្នំពេញ នៅម៉ោង ១១កន្លះយប់ថ្ងៃទី១០ កញ្ញា។ សមត្ថកិច្ចបានប្រើទឹកបាញ់ពន្លត់អស់ ២៦គ្រឿង ហើយភ្លើងបានរលត់នៅម៉ោងប្រហែល ១២កន្លះយប់។ ប្រភពដដែលបន្តថា តូបចំនួន៤០ ត្រូវឆេះទាំងស្រុង ចំណែកសម្ភារខូចខាត សមត្ថកិច្ចនៅមិនទាន់ប៉ាន់ស្មានដឹងនៅឡើយទេ។ សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា គ្រោះអគ្គិភ័យនេះ គឺដោយសារឆ្លងចរន្តអគ្គិសនី។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ប្រាប់ក្រុមអ្នកសារព័ត៌មាននៅពេលភ្លើងកំពុងឆេះផ្សារថា គ្មានមនុស្សស្លាប់ ឬរងរបួសពីអគ្គីភ័យឆេះផ្សារឃ្លាំងរំសេវទេ តែសមត្ថកិច្ចពិបាកគ្រប់គ្រងស្ថានការណ៍ ព្រោះខ្លាចមានជនឆ្លៀតឱកាស បន្លំខ្លួនចូលលួចសម្ភារៈរបស់ម្ចាស់តូប។ អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពី លោក ឃួង ស្រេង បានទេ នៅថ្ងៃទី១១ កញ្ញា ដោយលោកមិនទទួលទូរស័ព្ទ។
រយៈពេល ៦ខែ នៃឆ្នាំ ២០១៩ មានអគ្គិភ័យបានឆាបឆេះ ចំនួន ៣១៥លើក កើនឡើង ៧៨លើក បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០១៨។ អគ្គិភ័យរយៈពេល ៦ខែនេះ បានបណ្ដាលឲ្យមានមនុស្ស ១០នាក់ស្លាប់ របួស ៤៦នាក់ ឆេះផ្ទះអស់ ៤១៨ និងឆេះទីតាំងអាជីវកម្មជាច្រើនកន្លែងទៀត។ មូលហេតុបង្កឲ្យមានអគ្គិភ័យដោយសារ ការឆ្លងចរន្តអគ្គិសនី ធ្វេសប្រហែស ជនល្មើសលួចដុតបំផ្លាញ និងកើតឡើងដោយសារអាកាសធាតុក្ដៅខ្លាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
