មនុស្ស​៧​នាក់​ស្លាប់​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​នៅ​មណ្ឌលគិរី

មនុស្ស​ចំនួន ៧​នាក់ ស្លាប់ និង ៧​នាក់​ទៀត រង​របួស​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​មួយ​ខ្នង​របស់​គ្រួសារ​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ខេត្ត​មណ្ឌលគិរី។ ហេតុការណ៍​នេះ កើត​ឡើង​នៅ​វេលា​ម៉ោង​២ ទៀប​ភ្លឺ​ថ្ងៃ​ទី៦ ខែ​មីនា ឆ្នាំ​២០១៣ នៅ​ភូមិ​ពូត្រំ ជា​តំបន់​ព្រៃ​ភ្នំ ក្នុង​សង្កាត់​រមនា ចម្ងាយ​ប្រមាណ ២០​គីឡូម៉ែត្រ​ពី​ក្រុង​សែនមនោរម្យ។
ដោយ រដ្ឋា វីសាល
2013.03.07
Share on WhatsApp
Share on WhatsApp
ភ្លើង​ឆេះ​ផ្ទះ មណ្ឌលគិរី ៣០៥ ក្រុម​គ្រួសារ​អ្នក​ស្លាប់​ក្នុង​អគ្គីភ័យ កំពុង​សែន​ព្រេន​នៅ​កន្លែង​កើត​ហេតុ នៅ​ភូមិ​ពូត្រំ សង្កាត់​រមនា ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី៧ ខែ​មីនា ឆ្នាំ​២០១៣។
Adhoc Photo

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) លោក សុក រដ្ឋា មាន​ប្រសាសន៍​បញ្ជាក់​ថា សាក្សី​បាន​បំភ្លឺ​ថា នៅ​យប់​កើត​ហេតុ ក្រុម​គ្រួសារ​ម្ចាស់​ផ្ទះ និង​ញាតិ​មិត្ត​មាន​គ្នា​ជិត ២០​នាក់ បាន​ជួបជុំ​គ្នា​បរិភោគ​អាហារ និង​ផឹក​ស្រា​រហូត​ដល់​ម៉ោង​១២​យប់ ទើប​អ្នក​ខ្លះ​បាន​ចាក​ចេញ​ទៅ​ផ្ទះ​រៀង​ខ្លួន នៅ​សល់​តែ​សមាជិក​គ្រួសារ​ម្ចាស់​ផ្ទះ និង​បងប្អូន មាន​ក្មេង​ចាស់​ដេក​នៅ​ផ្ទះ​កើត​ហេតុ​នោះ។

លោក​បន្ត​ថា រហូត​ដល់​ម៉ោង​ប្រមាណ ២​ទៀប​ភ្លឺ ភ្លើង​ឆេះ​រាល​ដាល​ឡើង ខណៈ​ពេល​ដែល​អ្នក​នៅ​ផ្ទះ​នោះ​កំពុង​ដេក​លក់ ទើប​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ច្រើន ជាពិសេស​ក្មេង​ដែល​មិន​អាច​រត់​ចេញ​ពី​ផ្ទះ​បាន៖ «ពេល​គាត់​សម្រាក​ហ្នឹង ស្រវឹង​ខ្លាំង ដល់​ពេល​ស្រវឹង​ខ្លាំង អត់​ដឹង​ខ្លួន​ថា​ភ្លើង​ឆេះ​ផ្ទះ​ឆេះ​អ្វី​ទេ ហើយ​ភ័យ​ស្រវេស្រវា​តែ​ចេញ​មក​អត់​រួច​ទេ​តូចៗ​ដែល​មាន​អាយុ ១៨​ឆ្នាំ មាន​អាយុ ១២​ឆ្នាំ មាន​អាយុ ៧​ឆ្នាំ ៥​ឆ្នាំ។ អា​លោត​តាម​បង្អួច​រួច​ដោយ​សារ​អា​ហ្នឹង​ធំ​ជាង​គេ វា​លោត​ចុះ​មក​ហ្នឹង វា​ត្រូវ​របួស។ ចំពោះ​ម្តាយ គាត់​ស្រវេស្រវា​ទាញ​ជញ្ជាំង​ចេញ​អា​ឆេះៗ​ធ្លាក់​មក​រង​របួស​រលាក​ភ្លើង​រត់​រួច ហើយ​ក្រៅ​ពី​ហ្នឹង​ឆេះ អត់​រួច»

ស្នងការ​ប៉ូលិស​ខេត្ត​រតនគិរី លោក ញ៉ែម វ៉ាន្នី មាន​ប្រសាសន៍​ថា ប៉ូលិស​រក​ឃើញ​ថា មូលហេតុ​អគ្គីភ័យ​នេះ​បណ្ដាល​មក​ពី​ភ្លើង​កន្ទុយ​បារី​ដែល​អ្នក​ផឹក​ស៊ី​បាន​បោះ​ចោល​មក​ក្រោម​ផ្ទះ ក៏​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ឆ្លង​ទៅ​លើ​កាដុង​ប្រេង​សាំង និង​កាដុង​ជ័រ​ទឹក ដែល​នៅ​ក្រោម​ផ្ទះ​នោះ ធ្វើ​ឲ្យ​ភ្លើង​ឆាប​ឆេះ​កាន់​តែ​ខ្លាំ​ឡើង។

សម្ភារៈ​ខូចខាត​រួម​មាន ម៉ូតូ ២​គ្រឿង កង់ ២​គ្រឿង ម៉ាស៊ីន​ត្រង់ស៊ីន័រ​កាត់​ឈើ ១​គ្រឿង ខ្សែ​ក​ប្រាំ​ជី ១​ខ្សែ ក្រវិល ១​គូ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។