អាជ្ញាធរ​វាយ​កម្ទេច​អគារ​សិប្បកម្ម​ពូក​កម្ពស់ ៦​ជាន់ ដែល​ត្រូវ​ភ្លើង​ឆេះ​ដើម្បី​ការពារ​គ្រោះថ្នាក់

0:00 / 0:00

អាជ្ញាធរ​សម្រេច​វាយកម្ទេច​អគារ​សិប្បកម្ម​ផលិត​ពូក​មួយ​កន្លែង ដែល​ត្រូវ​ភ្លើង​ឆេះ​ខ្ទេចខ្ទី និង​បាក់​រលំ​អគារ​ផ្នែក​ខាងលើ។ ការសម្រេច​វាយ​រំលំ​អគារ​នេះ ធ្វើឡើង​ក្រោយ​ពេល​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក គន់ គឹម បាន​ដឹកនាំ​ក្រុមការងារ និង​វិស្វករ​ទៅ​សិក្សា​ផល​ប៉ះពាល់​នានា នៃ​អគារ និង​បញ្ជា​ឱ្យ​វាយចោល។ អគារ​ឆេះ​នេះ​មាន​កម្ពស់ ៦​ជាន់ ស្ថិតនៅ​ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ ចុះផ្សាយ​ថា ភ្លើង​បាន​ឆាបឆេះ​អគារ​សិប្បកម្ម​ពូក នៅ​ម៉ោង ១​កន្លះ​រសៀល​ថ្ងៃ​ទី​២៣ ខែ​សីហា ហើយ​បន្ត​រហូត​ដល់​ម៉ោង​ជាង ៥​ព្រឹក ថ្ងៃ​ទី​២៤ សីហា ទើប​អាជ្ញាធរ​អាច​គ្រប់គ្រង​ស្ថានការណ៍​ឆាបឆេះ​នេះ​បាន។ តែ​ពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង កើតហេតុ​ប្រាប់​ថា ដ្បិត​ភ្លើង​បាន​រលត់​ខ្លះ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ សីហា តែ​មិនទាន់​រលត់​ទាំងស្រុង​ទេ។ ពលរដ្ឋ​ប្រាប់​ថា ផ្សែង​បន្ត​ហុយ​ទ្រលោម​ដដែល ហើយ​សមត្ថកិច្ច​ហាមឃាត់​ពលរដ្ឋ មិន​ឱ្យ​ធ្វើដំណើរ ឬ​ទៅ​ក្បែរ​អគារ​ឆេះ​នោះ​ទេ មុន​ពេល​សមត្ថកិច្ច​វាយ​កម្ទេច​រួចរាល់ ព្រោះ​ខ្លាច​ផ្ទាំង​ជញ្ជាំង​អគារ​រលំ​បាក់​ធ្លាក់​សង្កត់។

សមត្ថកិច្ច​សន្និដ្ឋាន​ជាបឋម​ថា ការ​ឆាបឆេះ​សិប្បកម្ម​ធ្វើ​ពូក​នេះ បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី។ ឯ​ការ​ខូចខាត គឺ​រោង​សិប្បកម្ម​ផលិត​ពូក​គេង សង់​ពី​ថ្ម​បេតុង​ប្រក់​ស័ង្កសី​ទំហំ ២០០​ម៉ែត្រ គុណ ២០០​ម៉ែត្រ កម្ពស់ ៤​ជាន់ ត្រូវ​ឆេះ​អស់ទាំង​ស្រុង​។ នៅសល់​កម្ពស់ ២​ជាន់​ផ្នែក​ខាងក្រោម តែ​អាជ្ញាធរ​ឱ្យ​វាយ​កម្ទេច​ចោល​ទាំងអស់​។ ក្រៅ​ពី​នេះ មាន​ឆេះ​ឧបករណ៍​សម្រាប់​ផលិត​ពូក ដូចជា ម៉ាស៊ីនដេរ​ចំនួន ១៨​គ្រឿង ម៉ាស៊ីន​កាត់​ពូក​ចំនួន ៧​គ្រឿង ម៉ាស៊ីន​ចាក់​ពូក​ចំនួន ១​គ្រឿង តែ​ពុំ​បាន​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ក្បែរ​ខាង​ឡើយ​។ ការ​ឆេះ​អគារ​ជាង ២០ នេះ ក៏​មិន​បណ្ដាល​ឱ្យ​មាន​មនុស្ស​រង​របួស ឬ​ស្លាប់​ដែរ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ករណី​អគ្គិភ័យ​នេះ ពី​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី និង​នាយការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​ក្រុងភ្នំពេញ លោក ព្រហ្ម យ៉ត បាន​ទេ នៅ​ថ្ងៃ​ទី​២៤ សីហា ដោយសារ​មិន​ទទួល​ទូរស័ព្ទ។ គេហទំព័រ​នគរបាល​ផ្សាយ​ថា ក្នុង​ការ​ពន្លត់​អគ្គិភ័យ​នេះ អាជ្ញាធរ​បាន​ប្រើ​រថយន្ត​បាញ់​ពន្លត់​អគ្គិភ័យ ចំនួន ៤៧​គ្រឿង និង​ប្រើ ទឹក​អស់​ជាង ៣២៧​ឡាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។