នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ជនជាតិចិនចំនួន ៥នាក់ ករណីជំរិតទារប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិក ពីជនជាតិចិនដូចគ្នា ២នាក់ នៅសណ្ឋាគារមួយ ក្នុងទីក្រុងភ្នំពេញ។
គេហទំព័រអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងនៅថ្ងៃអង្គារ៍នេះថា ចាប់ខ្លួនជនសង្ស័យនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា បន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីជនជាតិចិនម្នាក់ថា មានករណីបង្ខាំង និងធ្វើទារុណកម្មទៅលើជនជាតិចិន២នាក់នៅសណ្ឋាគារអ៊ីមភឺរៀល ក្នុងសង្កាត់ចតុមុខ រាជធានីភ្នំពេញ។
គេហទំព័របានឲ្យដឹងថា សមត្ថកិច្ចបានរំដោះជនរងគ្រោះទាំង ២នាក់ ឲ្យរួចផុតពីការធ្វើទារុណកម្មនិងការចាប់ជំរិត ហើយបានបញ្ជូនជនជាតិចិនទាំង៥នាក់នេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃអង្គារ៍នេះ ដើម្បីចាត់ការតាមនីតិវិធី។
កាលពីថ្ងៃទី២១ តុលាការ នគរបាលខេត្តព្រះសីហនុបានឃាត់ជនជាតិចិនចំនួន ២០នាក់ហើយបានបញ្ជូនទៅតុលាការ ពីបទជនសង្ស័យបង្ខាំងមនុស្សខុសច្បាប់ ដើម្បីជំរិតទារប្រាក់។ ជនល្មើសទាំងនេះបានបង្ខាំងជនជាតិចិនដូចគ្នាចំនួន២៧នាក់ ហើយបានទារលុយចំនួនពីរម៉ឺនដុល្លារពីជនរងគ្រោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។