ពលរដ្ឋ​អះអាង​ថា​ល្បែង​ជល់​មាន់​និង​ភ្នាល់​បាល់​កើត​មាន​ច្រើន​នៅ​ខេត្ត​ព្រះសីហនុ

0:00 / 0:00

អាណាព្យាបាល និង​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ បាន​រិះគន់​សមត្ថកិច្ច​ជំនាញ​ខេត្ត​ព្រះសីហនុ ដែល​គ្មាន​សមត្ថភាព​បង្ក្រាប​ល្បែង​ភ្នាល់​ជាច្រើន​ប្រភេទ​មាន​ដូចជា​ជល់​មាន់ ភ្នាល់​បាល់ និង​បន​ពេស្យាចារ ជាដើម កំពុង​ធ្វើ​សកម្មភាព​រីក​ដូច​ផ្សិត។

ពលរដ្ឋ​ចោទ​ថា បទល្មើស​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​ដែល​កំពុង​ធ្វើ​សកម្មភាព​នា​ខេត្ត​ព្រះសីហនុ គឺ​មាន​ជាប់​ពាក់ព័ន្ធ​មន្ត្រី​មាន​អំណាច ឬ​សមត្ថកិច្ច​ស្ថាប័ន​ជំនាញ​ខេត្ត​នេះ​ជា​អ្នក​កាង​ការពារ។

សង្វៀន​ជល់​មាន់ ទីតាំង​ចាក់​ភ្នាល់​បាល់ បន​ពេស្យាចារ និង​សកម្មភាព​លក់ ឬ​ប្រើប្រាស់​គ្រឿង​ញៀន​ជាដើម កំពុង​បន្ត​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​នា​មូលដ្ឋាន​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​មិន​ឃើញ​កម្លាំង​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ សមត្ថកិច្ច​នគរបាល និង​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ ចាត់​វិធានការ​បង្ក្រាប​ទេ។

អាណាព្យាបាល​មិន​បង្ហាញ​អត្តសញ្ញាណ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​អង្គារ ទី​១៧ ខែ​កុម្ភៈ ថា សព្វថ្ងៃ​នេះ​សង្វៀន​ជល់​មាន់​ដ៏​ធំ​បាន​ធ្វើ​សកម្មភាព​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​សង្កាត់​លេខ​៣ ឋិត​នៅ​ជាប់​មជ្ឈមណ្ឌល​ដាយមិនស៊ី (Diamond Sea) ត្រង់​អគារ​ឌី (D) គឺ​មាន​ទីតាំង​នៅ​ចំ​បេះដូង​ខេត្ត​ព្រះសីហនុ ដោយ​ចំហ។ ប្រជាពលរដ្ឋ​បាន​អះអាង​ថា សង្វៀន​ជល់​មាន់​ដ៏​ធំ​នៅ​ជាប់​អគារ​ដាយមិនស៊ី គឺ​មាន​លោក​ឧត្តមសេនីយ៍ឯក រស់ ទៀត មេបញ្ជាការ​រង​នៃ​បញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក​ជា​ម្ចាស់​សង្វៀន ឬ​ជា​អ្នក​កាង​ការពារ។

ម្ចាស់​ហ៊ុន​ម្នាក់​នៃ​សង្វៀន​ជល់​មាន់​នេះ​ថ្លែង​ថា សកម្មភាព​របស់​ពួក​គេ​មាន​ច្បាប់​ត្រឹមត្រូវ​ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ឬ​ក្រសួង​មហាផ្ទៃ និង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ជាដើម។

ក្រៅ​ពី​បទល្មើស​ជល់​មាន់ ប្រជាពលរដ្ឋ​ក៏​បាន​អះអាង​ថា ល្បែង​ភ្នាល់​បាល់​ជ្រក​ក្រោម​ស្លាក​ហាង​កាហ្វេ បន​ពេស្យាចារ​ជ្រក​ក្រោម​ស្លាក​ហាង​ម៉ាស្សា​កោស​ជប់ និង​សកម្មភាព​ប្រើប្រាស់ ឬ​ជួញ​ដូរ​គ្រឿង​ញៀន បាន​កើត​មាន​គួរ​ឲ្យ​ព្រួយ​បារម្ភ៖ «ខ្ញុំ​សង្កេត​ឃើញ​សព្វថ្ងៃ​នេះ​នា​ខេត្ត​ព្រះសីហនុ មាន​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​មាន​ដូចជា ជល់​មាន់ គ្រឿង​ញៀន បៀ​អាប៉ោង បន​ពេស្យាចារ ពិសេស​សង្វៀន​ជល់​មាន់ គឺ​នៅ​ចំ​កណ្ដាល​ក្រុង មាន​ទីតាំង​នៅ​ជាប់​អគារ​ដាយមិនស៊ី ឬ​អគារ​ជួល​សម្រាប់​ពិធី​មង្គលការ​ជាដើម។ ទីតាំង​ល្បែង​ភ្នាល់ ឬ​គ្រឿង​ញៀន​ទាំង​នោះ​មាន​នៅ​តំបន់​ទំនប់​រលក ភូមិ​ថ្មី នៅ​រោង​មហោស្រព​ចាស់ តំបន់​ភ្នំ​ខៀវ​ជាដើម»

បញ្ហា​នេះ មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ (Licadho) ខេត្ត​ព្រះសីហនុ លោក ឃុន សាវឿន ក៏​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ទីតាំង​នៃ​បន​ពេស្យាចារ សកម្មភាព​ប្រើប្រាស់ ឬ​លក់​គ្រឿង​ញៀន ល្បែង​ភ្នាល់​បាល់ ពិសេស​សង្វៀន​ជល់​មាន់ ជាដើម បាន​កើត​មាន​ច្រើន​កន្លែង​នា​មូលដ្ឋាន​នេះ ប៉ុន្តែ​មិន​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប។ លោក​បន្ត​ថា ទីតាំង​ប្រព្រឹត្ត​បទល្មើស​ទាំង​នោះ សមត្ថកិច្ច​មិន​ពិបាក​រក​ទេ បើ​មាន​ឆន្ទៈ​ចង់​បង្ក្រាប ឬ​ទប់ស្កាត់​ពិត​ប្រាកដ​មែន​នោះ៖ «ពេល​ដែល​ប្រជាពលរដ្ឋ​រិះគន់​ពី​សកម្មភាព​អសកម្ម​របស់​អាជ្ញាធរ​រដ្ឋាភិបាល​ទាក់ទង​បទល្មើស​ល្បែង​ស៊ីសង​ផ្សេងៗ ហើយ​អាជ្ញាធរ​មិន​បង្ក្រាប ឬ​ទប់ស្កាត់​ភាព​អសកម្ម​ទាំងអស់​នេះ នាំ​ឲ្យ​ប្រជាពលរដ្ឋ​អស់​ជំនឿ និង​លែង​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ទៀត​នា​ថ្ងៃ​អនាគត។ ហើយ​សកម្មភាព​អសកម្ម​របស់​អាជ្ញាធរ បាន​នាំ​សំឡេង​គាំទ្រ​របស់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ទាំង​មិន​ដឹង​ខ្លួន ដោយសារ​តែ​គិត​ថា ទង្វើ​របស់​ខ្លួន​ត្រឹមត្រូវ និង​មិន​ស្តាប់​ក្តី​បារម្ភ ឬ​កង្វល់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ជាដើម»

ទាំង​មន្ត្រី​សិទ្ធិ​មនុស្ស និង​អាណាព្យាបាល​សិស្ស បាន​ចាត់​ទុក​សកម្មភាព​របស់​មន្ត្រី​ជំនាញ​ស្ថាប័ន​កង​រាជ​អាវុធហត្ថ មន្ត្រី​នគរបាល និង​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ ហាក់​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង ៩​ចំណុច ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ។

បញ្ហា​នេះ លោក ជិន សារិន អភិបាល​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា លោក​ទើប​បាន​ទទួល​ដំណឹង​នៃ​សង្វៀន​ជល់​មាន់​នៅ​ម្តុំ​មជ្ឈមណ្ឌល​ដាយមិនស៊ី បើក​ធ្វើ​សកម្មភាព​ក្នុង​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ លោក​ថា​នឹង​បញ្ជូន​មន្ត្រី​នគរបាល​ចុះ​ពិនិត្យ​ដល់​ទីតាំង​មាន​សកម្មភាព​ជល់​មាន់ និង​ទីតាំង​ល្បែង​ភ្នាល់​ដទៃ​ទៀត ដើម្បី​ឈាន​ដល់​បើក​យុទ្ធនាការ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព៖ «ខ្ញុំ​ទើប​បាន​ទទួល​ដំណឹង​នៃ​ការ​ជល់​មាន់​នៅ​ជាប់​អគារ​ដាយមិនស៊ី ទេ។ បញ្ហា​នេះ ខ្ញុំ​នឹង​ឲ្យ​នគរបាល​ចុះ​ពិនិត្យ​អំពី​សកម្មភាព​ជល់​មាន់​ទាំង​នេះ ដើម្បី​ឲ្យ​ប្រាកដ​ថា​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ​ឬ​ទេ?»

ទាក់ទិន​បញ្ហា​នេះ លោក ស៊ាង កុសល ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ថ្លែង​ថា គ្មាន​បន​ល្បែង​ភ្នាល់​ជល់​មាន់ ឬ​ទីតាំង​ភ្នាល់​បាល់ និង​បន​ពេស្យាចារ​ជាដើម ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​នេះ​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​ទេ។ លោក​ស្នងការ​រូប​នេះ​បាន​ច្រាន​ចោល​រាល់​ការ​ចោទ ដែល​ថា​កម្លាំង​នគរបាល​បាន​ជាប់​ពាក់ព័ន្ធ​បទល្មើស ឬ​នៅ​ពី​ក្រោយ​នៃ​បទល្មើស​ល្បែង​ភ្នាល់​ផ្សេងៗ ដែល​កំពុង​កើត​មាន​នៅ​ខេត្ត​ព្រះសីហនុ៖ «ខ្ញុំ​ចេះ​តែ​ឆ្ងល់​ដែរ សង្វៀន​ជល់​មាន់​នេះ គឺ​បើក​នៅ​ចំ​កណ្ដាល​ហ្វូង ឬ​ចំ​កណ្ដាល​ក្រុង​តែ​ម្តង ខ្លាច​ក្រែង​គេ​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ។ ប៉ុន្តែ​តាម​លោក​ដឹង​កន្លង​មក គឺ​មិន​ដែល​មាន​ច្បាប់​ជល់​មាន់​ទេ ប៉ុន្តែ​ខ្លាច​ក្រែងលោ​ទើប​មាន​ច្បាប់​ជល់​មាន់​កើត​ឡើង​ថ្មីៗ ខ្ញុំ​អត់​ដឹង​ដែរ ចាំ​ខ្ញុំ​ពិនិត្យ​មើល​ឡើង​វិញ»

ត្រង់​ចំណុច​នេះ លោក​នាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ថ្មីៗ​នេះ​បាន​ផ្ញើ​សារ​ក្រើន​រំឭក​ជា​ថ្មី​ទៀត​ដល់​ថ្នាក់​ដឹក​នាំ​តាម​ខេត្ត​នីមួយៗ ពិសេស​សមត្ថកិច្ច​នគរបាល​នៅ​តាម​មូលដ្ឋាន មាន​ខេត្ត​ព្រះសីហនុ ជាដើម ត្រូវ​បន្ត​ចូលរួម​អនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង ៩​ចំណុច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់​ចេញ​ឲ្យ​មាន​ប្រសិទ្ធភាព។ ជាង​នេះ​ទៀត លោក​បាន​ព្រមាន​ដល់​កង​កម្លាំង​សមត្ថកិច្ច មិន​ត្រូវ​ជាប់​ពាក់ព័ន្ធ​បទល្មើស​ផ្សេងៗ ឬ​ក៏​កាង​ការពារ​បទល្មើស​ល្បែង​ស៊ី​សង មាន​ល្បែង​ភ្នាល់​បាល់ ឬ​ល្បែង​ជល់​មាន់​ជាដើម​ទេ ព្រោះ​នឹង​ត្រូវ​ផ្ដន្ទាទោស ឬ​ទទួល​ពិន័យ​របស់​កង​កម្លាំង​ធ្ងន់ធ្ងរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។