ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ​ ឃែនធើរេន អឹភែរឹល ខេមបូឌា នៅ​បន្ត​ដេក​យាម​សម្ភារៈ​នៅ​ខាង​មុខ​រោងចក្រ

ដោយ មាន ឫទ្ធិ
2022.05.22
Share on WhatsApp
Share on WhatsApp
ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ​ ឃែនធើរេន អឹភែរឹល ខេមបូឌា នៅ​បន្ត​ដេក​យាម​សម្ភារៈ​នៅ​ខាង​មុខ​រោងចក្រ កម្មករ-កម្មការិនី​បម្រើ​ការងារ​នៅ​រោងចក្រឃែនធើរេន អឹភែរឹល (ខេមបូឌា) ខូអិលធីឌី បាននាំ​គ្នា​ធ្វើ​យុទ្ធនាការ​ដោយ​លើក​ស្លាក​បង្ហាញ​ទៅ​កាន់​ក្រុម​ហ៊ុន​អ្នក​បញ្ជា​ទិញ ឱ្យ​ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ បន្ទាប់ពីរោងចក្រខាងលើ​ត្រូវបានបិទទ្វារ ហើយភាគីថៅកែរត់ចោលបងប្អូនកម្មករ-កម្មការិនីដោយគ្មានទំនួលខុសត្រូវ។
រូប៖ សម្ព័ន្ធសហជីពចលនាកម្មករ

កម្មករ-កម្មការិនី​រោង​ចក្រ​កាត់ដេរ​សំលៀក​បំពាក់​ ឈ្មោះ ឃែនធើរេន អឹភែរឹល ខេមបូឌា​ (Canteran Apparel Cambodia Co.,LTD) ជាង៣រយ ​នាក់ (៣០០) នៅ​រាជធានី​ភ្នំពេញ បាន​ដេក​យាម​សម្ភារៈ​នៅ​ខាងមុខ​រោងចក្រ​ជិត​មួយ​ខែ​មក​ហើយ​ ដោយសារ​តែ​ថៅកែ​រោង​ចក្រ​មួយ​នេះ​ព្យាយាម​គេចវេះ​ដោះស្រាយ​ប្រាក់​ឈ្នួល​ជូន​កម្មករ។

ក្រុមកម្មករ​ឱ្យ​ដឹង​ថា ក្រោយ​ពី​ថៅកែ និង​ភាគី​និយោជក​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ នៃ​ក្រុមហ៊ុន​ ឃែនធើរេន អឹភែរឹល ខេមបូឌា បាន​ដាក់​ពាក្យ​លា​ឈប់​ពី​ការងារ កម្មករ​ថា​ ក្រុមថៅកែ​ទាំងនេះ​បាន​ចូល​ម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​សាខា​ថ្មី​មួយ​ទៀត​ដែល​មាន​ឈ្មោះ ខ្វលីធីត្សេកស្ទីល (Quality Textiles Co.,LTD) ដែល​ស្ថិត​នៅ​សង្កាត់​ទួលពង្រ​ រាជធានី​ភ្នំពេញ។

កូដករ​ម្នាក់ លោកស្រី ណុប បូផាន​ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី២២ ខែឧសភា​ថា​ ក្រុម​កម្មករ​ជាង៣០០នាក់​ បាន​ដាក់​លិខិត​ស្នើ​ជួយអន្តរាគមន៍​ពី​ក្រសួង​ការងារ​កាល​ពីថ្ងៃ​ទី១៩ ​ឧសភា​ ប៉ុន្តែ​មក​ដល់​ពេល​នេះ​គ្មាន​ការ​ឆ្លើយ​តប​ជាវិជ្ជមាន​ណា​មួយ​នៅ​ឡើយ​ទេ។ លោកស្រី​រិះគន់​ថា បើ​អាជ្ញាធរ​បន្ត​អូសបន្លាយ​ ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​នេះ​ត​ទៀត ក្រុម​កម្មករ​នឹង​កាន់​តែ​ប្រឈម​បញ្ហា​ជីវភាព​ និង​ប៉ះពាល់​ដល់​ការ​ស្វែង​រក​ការងារ​នៅ​កន្លែង​ថ្មី៖ «ប៉ះពាល់ ​[ជីវភាព]ចឹង​បាន​ខ្ញុំ​ដាក់​តាម​ផ្លូវ​ច្បាប់​ ស្រួល​ច្បាប់​ដោះស្រាយ​ ចេញ​ម៉េចម៉ា​ ស្រួល​ឱ្យ​កម្មករ​រក​កន្លែង ការងារ​ផ្សេង​ដើម្បី​ បង់​លុយ​រដ្ឋ​ បង់លុយ​អង្គការ​។ មួយៗ​[កម្មករ]​សុទ្ធ​​តែវេទនា​ណាស់។ អ៊ីចឹង​បាន​ខ្ញុំ​ដាក់ ​[លិខិត​អន្តរាគមន៍ទៅ​ក្រសួង​ការងារ​ដើម្បី​ឱ្យ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ ដោយ​សារ​ខាង​ថៅកែ ខាង​នាយក ខាង​រដ្ឋបាល ជំនួយ​ការ​រដ្ឋបាល មេធាវី​ឈប់​ថ្ងៃ​ទី៣០​ [មេសាទាំង​អស់»

ក្រុម​កម្មករ​ឱ្យ​ដឹង​ថា​កន្លង​ទៅ កម្មករ​ នៅ​រោងចក្រ ឃែនធើរេន អឹភែរឹល ខេមបូឌា​ មាន​កម្មករ​រាប់​ពាន់​នាក់ ប៉ុន្តែ​ដោយសារ​ថៅកែ​ដែល​ជា​ជនជាតិ​ ម៉ាឡេស៊ី​ និង​ដៃ​គូរ​សហការ​ជនជាតិ​ចិន បាន​រំលោភ​សិទ្ធិ​កម្មករ ដោយ​បង្ខំ​ឱ្យ​ពួកគេ​ធ្វើ​ការ​ច្រើន​ម៉ោង​ ទាំង​គ្មាន​បើក​ប្រាក់​ឈ្មួល ទើប​កម្មករ​មួយ​ចំនួន​ធំ​អស់​ជំនឿ​ ក៏​សម្រេច​ដើរ​​ចេញ​ពី​កន្លែង​ការងារ​ដោយ​ខ្លួនឯង។ សហជីព​ និង​ក្រុមកម្មករ​ដែល​នៅ​សល់​ចំនួន​ជាង ៣០០​ នាក់​ បន្ត​ស្នើ​ដល់​ក្រសួង​ការងារ ឱ្យ​ពន្លឿន​ធ្វើ​ការ​តាម​នីតិ​វិធី​ ដោយ​ជំរុញ​ឱ្យ​ភាគីថៅ​ដោះស្រាយ​បញ្ហា​ប្រាក់​ឈ្មួល​កម្មករ​ឱ្យ​បាន​ឆាប់​ ដើម្បី​អាច​ឱ្យ​កម្មករ​ទៅ​រក​ការងារ​នៅ​កន្លែង​ថ្មី​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។