រដ្ឋាភិបាលបានសម្រេចផ្ដល់ប្រាក់បុរេប្រទានសម្រាប់ទូទាត់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ជូនដល់កម្មករដែលថៅកែរត់ចោលនៅក្នុងរោងចក្រចំនួន ៩។
សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា រោងចក្រ ដែលថៅកែរត់ចោលនោះ នៅរាជធានីភ្នំពេញមានចំនួន៥ នៅខេត្តកណ្ដាល ១រោងចក្រ និងនៅខេត្តកំពង់ស្ពឺ ៣រោងចក្រ។
ក្រសួងការងារក៏បានអំពាវនាវឱ្យអតីតកម្មករ ដែលធ្វើការនៅរោងចក្រកែវ ដែលមានទីតាំងស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវមកពិនិត្យបញ្ជី និងបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ នៅមន្ទីរការងារខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី០៧-១៥ ខែមិថុនា ឆ្នាំ២០១៨ នៅរៀងរាល់ម៉ោងធ្វើការ។
កម្មករដែលត្រូវបើកប្រាក់បុរេប្រទាន ត្រូវយកឯកសារពាក់ព័ន្ធទៅជាមួយ ដូចជា កាតសម្គាល់ខ្លួនកម្មករក្នុងរោងចក្រ (ច្បាប់ដើម) ឬសៀវភៅការងារ ឬប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬកិច្ចសន្យាការងារ។
ការយកចិត្តទុកដាក់ចំពោះកម្មករពីសំណាក់រដ្ឋាភិបាលនេះ ធ្វើឡើងស្របពេល ដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ខិតជិតមកដល់នាពេលខាងមុខនេះ គឺនៅថ្ងៃទី២៩ ខែកក្កដា។
សូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍រវាងលោក តាំង សារ៉ាដា និងលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាដូចតទៅ...
