អតីត​បុគ្គលិក​សណ្ឋាគារ Great Duke ស្នើសុំ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ឱ្យ​ជួយ​ដោះ​ស្រាយ​ប្រាក់​សំណង​ការងារ​ដែល​មិន​ទាន់​ទទួល​បាន

0:00 / 0:00

ក្រុម​អតីត​បុគ្គលិក​សណ្ឋាគារ​ប្រមាណ ៥០នាក់​រួម​គ្នា​ដាក់​សំណើ​ទៅ​ក្រសួង​ការងារ ជួយ​អន្តរាគមន៍​ទៅ​ភាគី​ថៅកែ​សណ្ឋាគារ ​ពន្លឿន​ការ​ទូទាត់​ប្រាក់​សំណង​ការងារ​ ឲ្យ​អតីត​បុគ្គលិក​ជាង ១០០​នាក់។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ និយោជិក​វិស័យ​ទេសចរណ៍​កម្ពុជា លោក ទូច កុសល មាន​ប្រសាសន៍​ថា មូល​ហេតុ​ដែល​ក្រុម​បុគ្គលិក​ដាក់​ញត្តិ​នៅ​ថ្ងៃ​ទី៣ ខែ​មេសា គឺ​ដោយសារ​តែ​ខាង​ម្ចាស់​សណ្ឋាគារ គឺ​ឧកញ៉ា ខូវ សម្បត្តិ មិន​ព្រម​បើក​ប្រាក់​សំណង​ការងារ​ឲ្យ​បុគ្គលិក​សរុប ១៥២​នាក់ តាម​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​ ចាប់​តាំង​ពី​ថ្ងៃ​ទី២០ ខែ​កុម្ភៈ​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។

លោក​បន្ត​ថា មន្ត្រី​តំណាង​ក្រសួង​ការងារ លោក នឹង វណ្ណៈ ចេញ​មក​ទទួល​សំណើ​របស់​បុគ្គលិក ដោយ​និយាយ​ថា បញ្ជូន​ទៅ​ថ្នាក់​ពិនិត្យ និង​ដោះស្រាយ។

លោក បញ្ជាក់​ថា នេះ​ជា​លើក​ទី​៣​ហើយ ដែល​ក្រុម​អ្នក​តវ៉ា​នៃ​សណ្ឋាគារ​ ទៅ​រក​ដំណោះ ស្រាយ​ពី​ក្រសួង​ការងារ​ និង​អគ្គ​នាយកដ្ឋាន​ដោះស្រាយ​វិវាទ​ការងារ ប៉ុន្តែ​មិន​ឃើញ​មាន​ចំណាត់​ការ​ណា​មួយ​តម្រូវ​ឲ្យ​ថៅកែ​ទូទាត់​ប្រាក់​សំណង​ការងារ​ឲ្យ​បុគ្គលិក​នៅ​ឡើយ​ទេ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​រូប​នេះ​ ទទូច​ស្នើ​សុំ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ជួយ​ដាក់​ចេញ​វិធានការ​ដើម្បី​ឲ្យ​ថៅកែ​ផ្ដល់​សំណង​ឲ្យ​អតីត​បុគ្គលិក​ទាំងអស់ ដើម្បី​ឲ្យ​ពួកគេ​យក​ទៅ​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ និង​ស្វែង​រក​ការងារ​ថ្មី​ធ្វើ​ដើម្បី​ចិញ្ចឹម​ជីវិត​តទៅ​មុខ​ទៀត៖ «ខ្ញុំ​សូម​សំណូមពរ​ទៅ​ដល់​ឯក​ឧត្ដម អ៊ិត សំហេង ក៏​ដូចជា​ប្រមុខ​រដ្ឋាភិបាល ធ្វើ​យ៉ាង​ណា​ គឺ​ត្រូវ​មាន​វិធានការ​ជំរុញ​ឲ្យ​បាន​លឿន ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​ចំណាត់​ការ បាន​ទៅ​រួច។ បើ​អត់​មាន​ចំណាត់​ការ​ពី​ក្រសួង ឬ​រដ្ឋាភិបាល​ទេ ម្ចាស់​សណ្ឋាគារ​ហ្នឹង ដឹង​តែ​គេចវេះ​ទៀត​ហើយ។ គាត់​អត់​ចង់​បង់​ទេ។ ខ្ញុំ​ឮ ៦ដង ព្រោះ​ពី​ដំបូង​គាត់​ថា​បង់​រំលោះ ៣ដង គ្រាន់​តែ​រឿង​កូវីដ​គាត់​ថា​បង់​ដល់ ៦ដង។ រឿង​នេះ​កើត​ពី​មុន​កូវីដ​ហ្នឹង​ទៀត មិន​មែន​កូវីដ​ហ្នឹង​ទេ។ ខ្ញុំ​សំណូមពរ​ថា​ជួយ​ដោះស្រាយ​ឲ្យ​កម្មករ​ផង​ អាណិត​កម្មករ​ផង ព្រោះ​គាត់​ជំពាក់​លុយ​ធនាគារ​ ហើយ​ជីវភាព​ខ្វះខាត​គ្រប់​សព្វ​យ៉ាង»។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​រឿង​នេះ ពី​លោក ទេស រុក្ខាផល ដែល​ជា​អគ្គ​លេខាធិការ​រង​​​នៃ​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម និង​បាតុកម្ម គ្រប់​មុខ​សញ្ញា និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​បាន​ទេ ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ។

អាស៊ី​សេរី​ក៏មិន​អាច​សុំ​បញ្ជាក់​លើ​រឿង​នេះ ពី​លោក នូវ​ ពិសិដ្ឋ ដែល​ជា​មេធាវី​តំណាង​ឲ្យ​ថៅកែ​សណ្ឋាគារ​បាន​ទេ ដោយ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ។

ក្រុម​អ្នក​តវ៉ា​សំណូមពរ​ដល់​ក្រសួង​ការងារ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់ ដាក់​ចេញ​សេចក្ដី​សម្រេច​ បង្គាប់​ឲ្យ​ថៅកែ​សណ្ឋាគារ​បើក​ឲ្យ​ប្រាក់​ពួក​គេ​ផ្ដាច់​តែ ១លើក ដោយ​មិន​ត្រូវ​ផ្ដល់​រំលស់ ១ខែ​ម្ដង​រហូត​ដល់ ៦ខែ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។