ក្រសួង​ការងារ​ថា ថៅកែ​សិប្បកម្ម​តម្បាញ ហុង ស៊ីង ព្រម​ចូល​ខ្លួន​​ដោះស្រាយ​ហើយ​ តែ​​ស្នើសុំ​ពន្យារ​ពេល ២ថ្ងៃ​ទៀត

0:00 / 0:00

​កម្មករ​រោង​​សិប្បកម្ម​តម្បាញ​ ហុង ស៊ីង (Hong Xing) នៅ​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា ក្រសួង​ការងារ ប្រាប់​កម្មករ​ថា ថៅកែ​ជនជាតិ​ចិន បាន​ចូលខ្លួន​ ទៅ​សន្យា​ជាមួយ​មន្ត្រី​ក្រសួង​ការងារ​ហើយ ថា​នឹង​ដោះស្រាយ​​​ជូន​កម្មករ នូវ​សំណង​ទាំង​ឡាយ។ កម្មការិនី​ម្នាក់ លោកស្រី ហ៊ឹម សុខរឿន ប្រាប់​អាស៊ី​សេរី​ថា មន្ត្រី​ក្រសួង​ការងារ​បាន​បន្ត​ចុះ​ជួប​កម្មករ​នៅ​ព្រឹក​ថ្ងៃ​ទី២៤ ធ្នូ នៅ​មុខ​រោង​សិប្បកម្ម​ ហើយ​ប្រាប់​កម្មករ​ថា ថៅកែ​​​ជនជាតិ​ចិន ​ស្នើសុំ​​បន្ត​​២​ថ្ងៃ​ទៀត ដើម្បី​ដោះស្រាយ​​។

ទោះ​ជា​យ៉ាង​ណា លោកស្រី ថា មន្ត្រី​ក្រសួង​ការងារ ​មិន​បាន​​បញ្ជាក់​ថា ដំណោះស្រាយ​នោះ ​របៀបណា​ទេ ដោយ​គ្រាន់​តែ​ស្នើសុំ​ឲ្យ​កម្មករ​រក្សា​ភាព​ស្ងប់ស្ងាត់​ រង់​ចាំ​២​ថ្ងៃ​ទៀត។ ​លោកស្រី ថា កម្មករ​សុខ​ចិត្ត​រង់​ចាំ​២​ថ្ងៃ​ទៀត ប៉ុន្តែ​ទាមទារ​ឲ្យ​ក្រសួង​ដោះស្រាយ​ឲ្យ​ពិត​ប្រាកដ និង​កុំ​សន្យា​ ដើម្បី​ពន្យារ​ពេល​ត​ទៅ​ទៀត​ ព្រោះ​កម្មករ​ភាគ​ច្រើន គ្មាន​លុយ​បង់​ថ្លៃ​បន្ទប់​ជួល ថ្លៃ​បង់​សាលា​ឲ្យ​កូន និង​ថ្លៃ​ម្ហូប​អាហារ​​ទេ។ លោក​ស្រី​​បញ្ជាក់​ថា កម្មករ​ខ្លះ បាន​វេច​ចាន ឆ្នាំង មុង​ ភួយ ពី​ផ្ទះ​ជួល​ យក​​ទៅ​​ដាំបាយ​ហូប និង​​ស្នាក់នៅ​​មុខ​សិប្បកម្ម បណ្ដើរៗ ហើយ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អគ្គ​លេខាធិការ​រង ​នៃ​អគ្គ​លេខាធិការដ្ឋាន​ នៃ​​គណៈ​កម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​បាតុកម្ម នៅ​តាម​គ្រប់​មុខ​សញ្ញា និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ទេស រុក្ខាផល បាន​ទេ​នៅ​ថ្ងៃ​ទី២៤ ធ្នូ ដោយ​សារ​លោក មិន​ទទួល​ទូរស័ព្ទ។

កម្មករ​សិប្បកម្ម​តម្បាញ ហុង ស៊ីង ចំនួន ១៩០នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា និង​ដេក​យាម​លើ​ចិញ្ចើម​ផ្លូវ​មុខ​រោង​សិប្បកម្ម​ទាំង​ថ្ងៃ​ទាំង​យប់ តាំង​ពី​ថ្ងៃ​ទី៩ ធ្នូ​មក ដោយសារ​ថៅកែ​ជនជាតិ​ចិន បាន​ចាក់​សោ​ទ្វារ​របង​សិប្បកម្ម​ទុក​ចោល ដោយ​មិន​ដឹង​ទៅ​ណា និង​មិន​បាន​បើកប្រាក់​ឈ្នួល​ឱ្យ​គ្រប់​ចំនួន ព្រម​ទាំង​មិន​ទាន់​បាន​ទូទាត់​ប្រាក់​សំណង​អតីតភាព ប្រាក់​បំណាច់ និង​អត្ថប្រយោជន៍​ផ្សេង​ទៀត​ជូន​កម្មករ​នៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។